សាលា​ឧទ្ធរណ៍​​កំពុង​រ​ង់​ចាំ​​សំណុំ​រឿង​​អតីត​​អ្នក​កាសែត​​អាស៊ី​សេរី​​ពី​​សាលា​ដំបូង ​ដើម្បី​​ជម្រះ​​រឿង​​នៅ​ក្រៅ​​ឃុំ

ដោយ វណ្ណ សុគន្ធា
16/12/2017
RFI

media
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី (@សហការី)


មេធាវី​ការពារ​ក្តី​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​បានដាក់​បណ្តឹង​ប្រឆាំងនឹង​ការសម្រេច​បន្ត​ឃុំខ្លួន​កូនក្ដី​ពួកគេ​ទៅកាន់​សាលាឧទ្ធរណ៍​រួចហើយ​តាំងពី​ថ្ងៃទី៧ ធ្នូ​សប្តាហ៍​មុន។ ប៉ុន្តែ​មកដល់ពេលនេះ សាលាឧទ្ធរណ៍​មិនទាន់បាន​បើក​ការជំនុំជម្រះ​នៅឡើយ​ទេ។ បើតាម​សាលាឧទ្ធរណ៍ នេះ​ដោយសារតែ​ខ្លួន​មិន​ទទួលបាន​សំណុំរឿង​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ។

គិត​មកដល់ពេលនេះ គឺ​ជិត១០ថ្ងៃ​ហើយ​ដែល​បណ្តឹង​ប្រឆាំងនឹង​ការសម្រេច​បន្ត​ឃុំខ្លួន​អតីត​អ្នកកាសែត​អាស៊ីសេរី​ពីរ​នាក់​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជាប់គាំង​នៅ​សាលាឧទ្ធរណ៍។ ការជាប់គាំង​នេះ ដោយសារតែ​សាលាឧទ្ធរណ៍​កំពុង​រង់​ចាំ​សំណុំរឿង​ពួកគេ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ។ បើតាម​លោក​ទូច ថា​វរិ​ទ្ធ ដែលជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ គឺ​ទាល់តែ​ទទួលបាន​សំណុំរឿង​ទាំងមូល​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​សិន ទើប​សាលាឧទ្ធរណ៍​អាច​ជំនុំជម្រះ​លើ​បណ្តឹង​ប្រឆាំងនឹង​ការឃុំខ្លួន​បន្ត​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​បាន។

ជុំវិញ​រឿងនេះ លោក លី សុ​ផា​ណា អ្នក​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​នៅ​ថ្ងៃ​សៅរ៍​នេះ។ សូមបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទាត់ចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ម្តង​រួចមកហើយ​កាលពី​កន្លងមក។ បើតាម​លោក​កែវ វ​ន្នី ដែលជា​មេធាវី​ការពារ​ក្តី គឺ​ចៅក្រម​ស៊ើបសួរ​សំអាងថា ដោយសារតែ​អតីត​អ្នកកាសែត​ទាំងពីរ​នេះ ជាប់ចោទ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ទើប​មិនអាច​ឲ្យ​នៅក្រៅ​ឃុំ​បាន។ ម្យ៉ាងវិញទៀត ប្រសិនបើ​អនុញ្ញាត​ឲ្យ​ពួកគេ​នៅក្រៅ​ឃុំ គឺ​បារម្ភ​ខ្លាច​ពួកគេ​ទៅ​បំផ្លាញ​នូវ​ភស្តុតាង​នានា និង​មិន​មក​បង្ហាញមុខ​នៅ​តុលាការ​នៅពេល​ត្រូវការ​ដំណើរការ​នីតិវិធី។ សម្រាប់​មេធាវី​ការពារ​ក្តី ការសម្រេច​នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កូនក្តី​របស់លោក។ លោក​មេធាវី​អះអាងថា កូនក្តី​របស់លោក​មិន​ទៅ​ប្រព្រឹត្ត​រឿង​បែប​នោះទេ ហើយ​ពួកគេ​ក៏​មិនអាច​រត់​ទៅណា​បាន​នោះដែរ។

សូម​រំលឹក​ឡើងវិញ​ថា អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ​លោក​អ៊ួ​ន ឈិន និង​លោក​យាង សុជា​មេត្តា​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ក្រោម​ការប្រកាន់​ពីបទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ តាម​ក្រមព្រហ្មទណ្ឌ​រប​ស់​កម្ពុជា។ ជា​បទ​ចោទ​ដែល​អាច​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី៧ឆ្នាំ ទៅ ១៥ឆ្នាំ។ សម្រាប់​ក្រុមអ្នកកាសែត​កម្ពុ​ជាមួយ​ចំនួន​ដែល​តាមដាន​សំណុំ​រឿងនេះ ការចោទប្រកាន់​នេះ​គឺ​ធ្ងន់ធ្ងរ​ពេកហើយៗពួកគេ​បាន​សុំ​ឲ្យ​តុលាការ​ទម្លាក់ចោល​វិញ។ ចំណែក​មេធាវី​ការពារ​ក្តី​យល់ថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​អតីត​អ្នកកាសែត​ទាំងពីរ ព្រោះថា​ពួកគេ​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះឡើយ៕

What Next?

Recent Articles