សង្គម​ស៊ីវិល​ថា​វិធានការ​បិទ​សិប្បកម្ម​ស្ករ​ត្នោត​ក្លែងក្លាយ​យឺតយ៉ាវ

ដោយ មួង ណារ៉េត
2017-12-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite) នៅ​ផ្សារ​ឃ្លាំង​លើ និង​ផ្សារ​លើ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA
មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite) នៅ​ផ្សារ​ឃ្លាំង​លើ និង​ផ្សារ​លើ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA


សង្គម​ស៊ីវិល​មើល​ឃើញ​ថា វិធានការ​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប និង​លុបបំបាត់​សិប្បកម្ម​ផលិត​ស្ករ​ត្នោត និង​ទំនិញ​ក្លែងក្លាយ ហាក់​ដូចជា​យឺតយ៉ាវ និង​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ណែនាំ​ឲ្យ​មន្ទីរ​ទាំង​អស់​ចុះ​ស្រាវ​ជ្រា​បិទ​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

​សុវត្ថិភាព​ចំណី​អាហារ និង​របស់​ប្រើប្រាស់​ផ្សេងៗ សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កំពុងតែ​ញាំញី​ដោយ​របស់​ក្លែងក្លាយ និង​លាយ​សារធាតុ​គីមី ដែល​ប្រឈម​នឹង​ផល​ប៉ះពាល់​សុខភាព​ប្រជាជន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​ដែល​អាច​ទទួល​យក​បាន​ពាក់ព័ន្ធ​នឹង​ផលិតផល​ក្លែងក្លាយ​ទាំង​អស់​នេះ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៖ «»។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ បាន​ចេញ​លិខិត​បញ្ជា​ឲ្យ​មន្ទីរ លុបបំបាត់​ទីតាំង​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រក​ឃើញ​ថា មាន​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ ២៥​កន្លែង​នៅ​ខេត្ត​តាកែវ កាល​ពី​ពេល​ថ្មីៗ​នេះ។ លិខិត​នោះ​ឲ្យ​ដឹង​ថា ស្ករ​ត្នោត​ក្លែងក្លាយ​នេះ គឺ​ផលិត​ចេញពី​ស្ករ​ស ឬ​សារធាតុ​ផ្សេង​ទៀត ហើយ​បាន​កែច្នៃ​ទៅជា​ស្ករ​ដែល​មាន​ពណ៌ និង​ក្លិន​ដូច​គ្នា​នឹង​ស្ករ​ត្នោត ហើយ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​បន្លំ​ជា​ស្ករ​ត្នោត​ខ្មែរ​មែន​ទែន។ ក្រសួង​ដដែល​ចាត់​ទុក​ថា ការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ គឺ​ជា​វិច្ឆេទកម្ម​សេដ្ឋកិច្ច​ដើម្បី​បំផ្លាញ​កិត្តិនាម​ស្ករ​ត្នោត​ខ្មែរ ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ ដែល​កំពុង​ទទួល​ស្គាល់​ជា​សាធារណៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

​ប្រធាន​សមាគម​ផលិត​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ លោក សុំ សារឿន សម្ដែង​ការ​សាទរ​ដែល​ក្រសួង​ជំនាញ​បិទ​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ទាំង​នេះ។ លោក​ថា ការ​បិទ​សិប្បកម្ម​ស្ករ​ត្នោត​ក្លែងក្លាយ​នេះ នឹង​នាំ​ឲ្យ​ផលិតផល​ស្ករ​ត្នោត​ពិត​ប្រាកដ​អាច​មាន​ទីផ្សារ​ច្រើន​ឡើង​វិញ៖ «»។

​គិត​ត្រឹម​ខែ​ធ្នូ​នេះ អាជ្ញាធរ​បាន​បិទ​សិប្បកម្ម​ផលិត និង​ការ​ចរាចរ​ផលិតផល​ក្លែង​ក្លាយ​ជា​បន្ត​បន្ទាប់។ ក្រៅ​ពី​បិទ​ផលិតផល​ស្ករ​ត្នោត​ក្លែងក្លាយ​ដែល​បាន​ចែកចាយ​រាប់​ឆ្នាំ​មក​ហើយ​នោះ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ បាន​បិទ​សិប្បកម្ម​ផលិត​សម្បក​សាច់​ក្រក​ខុស​ច្បាប់​ដ៏​ធំ​មួយ​នៅ​ភូមិ​ថ្មីពីងពង់ ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដែល​បាន​ផលិត​ចេញ​ពី​ពោះវៀន​ជ្រូក ពោះវៀន​ចៀម ដែល​ខូចគុណភាព និង​ប្រើ​ថ្នាំ​គីមី​គ្មាន​ច្បាប់​អនុញ្ញាត។ ចំណែក​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ អាជ្ញាធរ​ក៏​បាន​បិទ​សិប្បកម្ម​ភ្នំ​មាស នៅ​សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ផលិត​គ្រឿង​បរិភោគ​ច្រើន​មុខ មាន​ទាង​ពី​ទឹកត្រី ទឹក​ស៊ីអ៊ីវ ទឹក​ម្ទេស ទឹក​សៀង ទឹក​ខ្មេះ និង​ទឹក​ក្បុង​ជាដើម ក្នុង​មួយ​ថ្ងៃៗ​ចន្លោះ​ពី ១​ម៉ឺន ៥​ពាន់ ដប ទៅ ២​ម៉ឺន​ដប ដែល​ប្រើប្រាស់​សារធាតុ​គីមី និង​គ្មាន​ស្តង់ដារ រួច​ហើយ​លក់​ចែកចាយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប។

​ស្រប​ពេល​ដែល​មាន​ផលិតផល​ក្នុង​ស្រុក​ក្លែងក្លាយ លក់​ដូរ​អនាធិបតេយ្យ​នេះ ប្រទេស​កម្ពុជា ក៏​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ពី​ប្រទេស​ជិត​ខាង​ដែរ ជាពិសេស​ប្រទេស​វៀតណាម ដូចជា​បន្លែ ផ្លែឈើ ត្រី​សាច់​រាប់​ពាន់​តោន​ក្នុង​១​ថ្ងៃៗ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ដល់​ការ​នាំ​ចូល​ថ្នាំពេទ្យ គ្រឿង​សម្អាង ឡេ ម្សៅ​ក្លែងក្លាយ​ជា​ច្រើន​តោន​ទៀត​នោះ​ផង។

លោក សន ជ័យ យល់​ថា ការ​ផលិត និង​ការ​ចរាចរ​ទំនិញ​ក្លែងក្លាយ​ទាំង​នេះ ដោយសារ​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ​មាន​ភាព​យឺតយ៉ាវ ឬ​មិន​សូវ​តឹងរ៉ឹង​ដូច​វែក​ចក។ លោក​ថា ករណី​ខ្លះ​ដុះ​ស្លែ ឬ​អង្ករ​ក្លាយ​ទៅ​ជា​បាយ ទើប​ឃើញ​មាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​ស្នើ​ក្រសួង​ជំនាញ​ដែល​គ្រប់​គ្រប់​ការ​ផលិត និង​ទំនិញ គួរ​តែ​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​មួយ សម្រាប់​កម្ចាត់​ទំនិញ​ក្លែងក្លាយ​នៅ​កម្ពុជា៖ «»។

​ទោះ​យ៉ាង​ណា​ក្តី កន្លង​មក​មិន​ត្រឹមតែ​មិន​យក​ចិត្ត​ទុក​ក្នុង​ការ​ទប់ស្កាត់​ការ​ផលិត និង​ចរាចរ​ទំនិញ​ក្លែងក្លាយ​នោះ​ទេ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ម៉ែ​ជា​ឪ​ក្នុង​ការ​មើល​ខុសត្រូវ​សុខុមាលភាព​ពលរដ្ឋ​ទូទៅ ថែម​ទាំង​ទម្លាក់​កំហុស​នេះ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ដែល​មិន​ចេះ​មើល។ លោក ហ៊ុន សែន ស្ដីបន្ទោស​ថា ពលរដ្ឋ​មិន​ចេះ​ប្រយ័ត្ន​ខ្លួន​ឯង​បែរ​ជា​មក​ចោទ​រដ្ឋាភិបាល​ឯ​ណា​ឯ​ណោះ​ទៅ​វិញ៖ «»។

​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៤៦ ចែង​ថា រដ្ឋ​ត្រូវ​ហាមឃាត់ និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំ​ចូល​ផលិត​លក់ដូរ​គ្រឿងញៀន​ទំនិញ​ក្លែងក្លាយ ហួស​រយៈពេល​ប្រើ​ដែល​ប៉ះពាល់​សុខភាព និង​អាយុ​ជីវិត​អ្នក​ប្រើ។ ចំណែក​មាត្រា ៧២ ចែង​ថា សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា រដ្ឋ​យក​ចិត្ត​ទុកដាក់​ដល់​ការ​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ធានា​សុខភាព​ពលរដ្ឋ​កម្ពុជា នោះ​ទេ ដែល​បណ្ដោយ​ឲ្យ​ទំនិញ​គេច​ពន្ធ​ផុត​សុពលភាព និង​មាន​សារធាតុ​គីមី​លក់​នៅ​ស្រុក​ខ្មែរ​ដោយ​សេរី​ច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ខាតបង់​ប្រយោជន៍​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles