សារ​ហិង្សា​ក្រោម​លេស «សន្តិភាព» និង «បដិវត្ត​ពណ៌» របស់​លោក ហ៊ុន សែន ឆ្នាំ​២០១៧

ដោយ មាន ឫទ្ធិ
2018-01-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev


ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ គឺជា​ឆ្នាំ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​នូវ​សារ​នយោបាយ បែប​ហិង្សា កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​គ្នាឯង ដែល​អាច​ធ្វើ​ឲ្យ​លោក​ជាប់​បន្ទុក​ក្នុង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត។ អ្នក​ជំនាញ​លើក​ឡើង​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ មេដឹកនាំ​ខ្មែរ គប្បី​ដឹកនាំ​ប្រទេស​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​ត្រូវ​មាន​ព្រហ្ម​វិហារធម៌​ក្នុង​ការ​ផ្សះផ្សា​ជាតិ ចៀសវាង​នូវ​ការ​យក​ខ្មែរ​គ្នា​ឯង​ជាស​ត្រូវ ព្រោះ​នាំ​ឲ្យ​បែកបាក់​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ។

សម្ដី​លោក ហ៊ុន សែន «អា​គុក កុំ​ព្រហើន​» «​កុំ​ថា​រង្ស៊ី​មួយ ១០០​រង្ស៊ី ហើយ​ហៅ​ទាំង​ខ្មោច សម សារី ដែល​ជា​ឳ​លោក​ឯង​ក្បត់ជាតិ ក៏ ហ៊ុន សែន មិន​ខ្លាច​ដែរ​» «​ចុះ​នរក​ក៏​ចុះទៅ មិន​មក​ទេ មុខ​ដូច​ម៉ែ​អញ​?» «​ស្ដាយ​មិនបាន​សម្លាប់​ខ្មែរ​»

ពាក្យចាស់​បុរាណ​ខ្មែរ តែងតែ​ពោល​តៗ​គ្នា​ថា​៖ «​សម្ដី​សរជាតិ មាយាទ​សរ​ពូជ​» ដែល​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា មនុស្ស​គ្រប់រូប អាច​នឹង​ត្រូវ​សង្គម​វាយតម្លៃ​តាមរយៈ​ពាក្យពេចន៍​សម្ដី​គ្រប់​ម៉ាត់​របស់​ខ្លួន។ សម្រាប់​អ្នក​ដែល​មិន​ស្គាល់​ពី​កម្ពុជា​ច្បាស់ បើ​គេ​គ្រាន់តែ​ស្ដាប់​តែមួយ​ភ្លែត គេ​អាច​ច្រឡំ​ថា នេះ​ជា​សម្ដី​មនុស្ស​អសីលធម៌ មិន​បាន​រៀន​សូត្រ អប់រំ​ត្រឹមត្រូវ ដែល​ជនានុជន​ទូទៅ ឬ​សង្គម​ទាំងមូល មិន​ចង់​រាប់រក។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​ស្គាល់ និង​យល់ដឹង​ច្បាស់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា គេ​ប្រាកដជា​ដឹង​យ៉ាង​ច្បាស់​ថា សម្ដី​ទាំងនោះ គឺជា​សម្ដី របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ឋានៈ​ជា​មេដឹកនាំ​កំពូល​ផ្កាយ​មាស​ប្រាំ​ផុត​លេខ ហើយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន ប្រហែលជា​គិត​ថា ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ដែល​លោក​សម្រេច​បាន​នូវ​ជោគជ័យ និង​សមិទ្ធផល​យ៉ាង​ច្រើន​អនេក ក្រោម​ការដឹកនាំ​របស់​លោក ដែល​លោក និង​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក តែង​ហៅ​ដោយ​ឥត​លាក់លៀម​ថា ជា​ការ​ដឹកនាំ «​ប្រកបដោយ​គតិបណ្ឌិត»។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត ជោគជ័យ​សំខាន់​បំផុត​សម្រាប់​អនាគត​នយោបាយ​របស់​លោក​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ការណ៍​ដែល​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បញ្ជា​ឲ្យ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​តែម្ដង ដែល​លោក​ចាត់ទុកថា​ជាស​ត្រូវ​សួរ​ពូជ​របស់​លោក។ លោក ហ៊ុន សែន ក៏​ទំនងជា​គិត​ដែរ​ថា ករណី​ដែល​លោក​បានសម្រេច​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ទាំងនេះ ក៏​ផ្ដល់​ឱកាស​ឲ្យ​លោក អាច​មាន​ពេលវេលា​គ្រប់គ្រាន់ សម​ល្មម​នឹង​អាច​ដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៀត យ៉ាងហោចណាស់​បាន​១​ទសវត្សរ៍​ទៀត ដែល​ពេលវេលា​នេះ គឺជា​ឱកាស​មាស ឱកាស​ពេជ្រ​របស់​លោក ដើម្បី​អនុញ្ញាត​ឲ្យ​លោក អាច​ទិញ​ពេលវេលា ធានា​ផ្ចុងផ្ដើម​ឲ្យ​កូនៗ​របស់​លោក អាច​ឡើង​បន្ត​អំណាច ក្ដោបក្ដាប់​ប្រទេស​កម្ពុជា ក្រោយពេល​លោក​ចូល​និវត្ត​នា​ពេល​អនាគត។

ក៏ប៉ុន្តែ លោក ហ៊ុន សែន ប្រហែលជា​ភ្លេច​ថា សម្រាប់​ឆ្នាំ​២០១៧​ដែល​ទើបនឹង​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ សារ​នយោបាយ​របស់​លោក​ផ្ទាល់​ខ្លួនឯង​ដែល​បង្កប់​ដោយ​អំពើ​ហិង្សា អួតអាង​គំរាម​កាប់សម្លាប់​គ្នាឯង ដូចជា​សារ​អំពី​សង្គ្រាម សារ​ចាប់ចង​ដាក់គុក​ច្រវាក់ សារ​ឲ្យ​ត្រៀម​ក្ដារមឈូស សារ​ប្រឆាំងនឹ​ង​សកម្មភាព​ដែល​លោកប្រសិទ្ធ​នាម​ឲ្យ​ថា ជា​អំពើ «បដិវត្ត​ពណ៌» សារ​ចោទប្រកាន់​ក្រុម​ខ្មែរ​ម្ខាង​ទៀត​ថា​ជា «​ជន​ក្បត់ជាតិ​» ឬ​ដែល​លោក​ហៅថា «​កូន​អា​ក្បត់ជាតិ​ត​ជំនាន់​» ជាដើម អាច​នឹង​តាម​លង​បន្លាច​លោក​នា​ពេល​អនាគត​បាន​គ្រប់ពេលវេលា ហើយ​ថា លោក​អាច​ជាប់​ផុង​ជ្រៅ​ទៅ​ក្នុង​រណ្ដៅ​នៃ​មហន្តរាយ ដែល​ធ្វើ​ឲ្យ​លោក ក្រុម​គ្រួសារ និង​មន្ត្រី​របស់​លោក​ខ្លួនឯង ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កត់ត្រា​ទុក ដែល​អាច​ចាត់ទុកថា​ជា​ករណី ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ព្រោះតែ​ដោយសារតែ​សារ​ដែល​បង្កប់​នូវ​ចេតនា សម្លាប់​មនុស្ស និង​ប្រជាពលរដ្ឋ​ពូជសាសន៍​ខ្លួនឯង​ដ៏​ស្លូតត្រង់​ទាំងនេះ។ សារ​ទាំងនេះ គឺ​សុទ្ធ​តែ​ជា​សារ​នយោបាយ​ដ៏​លេចធ្លោ និង​ជា «​កម្មសិទ្ធិបញ្ញា» ផ្ដាច់មុខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ខ្លួនឯង​អួត​ថា​ជា បិតា​បណ្ឌិត ហើយ​កាន់​សញ្ញាប័ត្រ​បណ្ឌិត កិត្តិយស (Ph.D.) រហូតដល់​ទៅ​រាប់​ភ្លេច​នោះ។

ជាក់ស្ដែង​នៅមុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​សារ​គំរាម​ជាច្រើនលើក​ច្រើន​សា​អំពី​សង្គ្រាម អំពី​រឿង​ក្ដារមឈូស និង​ថា​លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់​លាន​នាក់៖ «ទង្វើ​ណា​ក៏​ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ផ្ដួល​រំលំ គឺជា​ទង្វើ​ដែល​ត្រូវតែ​បង្ក្រាប​ដាច់ខាត​តែម្ដង​។ គ្មាន​ការ​អត់អោន​ឲ្យ​ទេ​! ដើម្បី​ធានា​ជីវិត​មនុស្ស​រាប់​លាន​នាក់ យើង​សុខចិត្ត​កម្ចាត់​ចោល ១០០ ទៅ​២០០ នាក់​។ ខ្ញុំ​ឲ្យ​ឡាយត៍​ផ្ទាល់​សម្ដី​នេះ​!»

ក្រោយ​មក​ទៀត ដោយ​មិន​អស់ចិត្ត​មិន​អស់​ថ្លើម​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​គ្នាឯង​នេះ ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ដែល​ជា​ទិវា​រំលឹក​ខួប​លើក​ទី​២៦​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ៊ុន សែន អួតអាង​ថា លោក​អាច​កំដរ​គណបក្សប្រឆាំង​បាន​គ្រប់​ពេល​វេលា ក្នុង​ការ​ធ្វើ​សង្គ្រាម​ជាមួយគ្នា ក៏ប៉ុន្តែ​លោក​ថា ក្រុម​ប្រឆាំង​មាន​ផ្លូវ​ដើរ​តែ​ពីរ​ទេ គឺ​ត្រូវ​ត្រៀម​ក្ដារមឈូស ឬ​ត្រូវ​ដេក​គុក៖ «អ្នក​មិនទាន់​មានលទ្ធភាព​ផ្ដួល​រំលំ ហ៊ុន សែន តាម​កំលាំង​យោធា​ទេ។ បើ​អ្នក​ហ៊ាន​លោត ក៏​ហ៊ាន​ស្លាប់​! ធ្វើ​ក្ដារមឈូស​ទុក​ឲ្យ​ហើយ បើ​អ្នក​ចង់​លេង។ ប៉ុន្តែ​បើ​អ្នកលេង​មិន​ឈ្នះ ហ៊ុន សែន គឺ​អ្នក​មានតែ​កន្លែង​មួយ​គត់ គឺ​គុក ព្រោះ​គុក គេ​សម្រាប់​ដាក់ អា​មនុស្ស​ធ្វើ​ខុស ហើយ​កាន់តែ​ដាក់​ធ្ងន់ធ្ងរ​ទៀត​សម្រាប់​អា​អ្នក​ក្បត់ជាតិ»

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី​រោងចក្រ រាប់ពាន់​នាក់ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ភ្ញាក់ផ្អើល ដោយ​សម្ដី​ដែល​លោក​ថ្លែង ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ថា លោក​មានការ​សោកស្ដាយ​ជា​ពន់ពេក ដោយសារតែ​លោក មិនបាន​សម្លាប់​ក្រុម​អ្នកប្រឆាំង​រាប់​ម៉ឺន​នាក់ ដែល​បាន​នាំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ហើយ​ដែល​លោក​ចោទ​ថា ប៉ុនប៉ង​ធ្វើ «​បដិវត្ត​ពណ៌»«បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង តាំងពី​ហ្នឹង ប្រហែលជា ដើម​…​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ គឺ​ពួក​នេះ ងាប់​អស់ហើយ។ ងាប់​អស់ហើយ​! គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​រំលំ​យើង​។ បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នឹង​នុះ​ណា អ្នក​ទាំងនេះ​ងាប់​តាំងពី​ហ្នឹង​! ពេលនេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នឹង​ទេ​! ម៉ែ​! ស្ដាយ​ណាស់​អាហ៍!»

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​សារ​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ហាក់​ដូច​ជា​មាន​ការ​រៀប​ចំ​ថត​ទុកជាមុន លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក បាញ់សម្លាប់​ក្មួយ​ប្រសា​លោក បើ​ហ៊ាន​ដៃ​ជាមួយ​សមត្ថកិច្ច​ក្នុង​ករណី​បង្ក្រាប​ល្បែង​ជល់​មាន់ ដែល​ករណី​នេះ​គឺជា​ការ​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ពុំ​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​ប្រហារជីវិត​នោះ។ ក្នុង​សារ​ដដែល​នេះ លោក ហ៊ុន សែន ទំនងជា​ចង់​អួតអាង​ប្រាប់​សាធារណជន​ថា សូម្បីតែ​សាច់ញាតិ​របស់​លោក ក៏​លោក​មិន​អត់ឱន​ឲ្យ​ដែរ៖ «អភិបាលខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់ តាម​ចាប់​អា អា​ដេញ កូន​ប្រសា ហ៊ុន សាន នេះ តាម​ចាប់​ឲ្យ​បាន។ បើ​វា​តដៃ គឺ​អនុញ្ញាត​ឲ្យ​បាញ់​ចោល​តែម្ដង គឺ​បាញ់​ចោល​នៅ​ហ្នឹង​កន្លែង​តែម្ដង​!»

ក្នុង​ឆ្នាំ​២០១៧​នេះ សារ​របស់​លោក ហ៊ុន សែន មិនទាន់​បិទ​បញ្ចប់​ត្រឹម​ការ​បញ្ជា​ឲ្យ​សម្លាប់​ក្មួយ​ប្រសា​របស់​លោក ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នេះ​ទេ នៅ​មាន​សារ​មួយ​ដែល​ហាក់ជា​ការព្រមាន​ដោយ​ផ្ទាល់​ទៅ​ក្រុម​មន្ត្រី​បក្ស​កាន់អំណាច​របស់​លោក​ខ្លួនឯង ដែល​នេះ ទំនង​មកពី​ការណ៍​ដែល​លោក​មានការ​ព្រួយ​បារម្ភ​ខ្លាំង និង​កើត​ជំងឺ​បាក់ស្បាត​អំពី​ករណី​បែកបាក់​ផ្ទៃក្នុង ឬ​ដណ្ដើម​អំណាច​ពី​លោក ពី​សំណាក់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គ្រាក់ៗ​ដទៃ​ទៀត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​ក្រុម​របស់​លោក ស ខេង និង​ក្រុម​មេបញ្ជាការ​កំពូលៗ​ទាហាន​ដទៃ​ទៀត ដោយសារតែ​ការអំពាវនាវ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្សី។

នៅ​គ្រានោះ លោក ហ៊ុន សែន បាន​ភ្លាត់មាត់ ធ្លោយ​សម្ដី លើក​យក​សេនារីយោ ដែល​ថា លោក​អាច​នឹង​ធ្វើ​ពុត​ជា​ស្លាប់ នៅ​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត ដើម្បី​ឲ្យ​ក្រុម​របស់​លោក សម្លាប់​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង ដែល​ក្បត់​នឹង​លោក ទាំងអស់​ចោល​តែម្ដង៖ «អស់លោក​ត្រូវ​គិត​ថា នៅ​ក្នុង​រយៈពេល​នោះ គឺ​រយៈ​ពេល​ដែល​អស់លោក ត្រូវ​ងាប់​ហើយ​! មុខសញ្ញា​ទាំងឡាយ​ដែល​គេ​គូស​ទុក​រួច​ហើយ​នោះ ត្រូវ​ងាប់​តែម្ដង​! អាហ្នឹង ត្រូវ​ប្រយ័ត្ន​អា​កន្លែង​ហ្នឹង​! ប្រយ័ត្ន​តែ​ខ្ញុំ​ធ្វើ​ងាប់​មែនទែន​! មិនមែន​មែនទែន​ទេ អា​ធ្វើ​ងាប់​តាម​លោក​ឯង​ថា ប៉ុន្តែ​ធ្វើ​តែ​ពីរ​ម៉ោង ទុក​ឲ្យ​អាហ្នឹង​វា​ចេញ រួចហើយ​ខ្មោច វា​រស់​ឡើងវិញ ភ្លាម​ប៉ុណ្ណឹង​ហើយ អា​នាក់​រស់​បន្ត​ការងារ អា​នាក់​ងាប់​យក​ទៅ​កប់​។ តា​ប៉ុណ្ណឹង វា​ចប់​បាត់​ទៅ​ហើយ​! ត្រូវ​លោក​ឯង​ប្រយ័ត្ន​ណា!»

ឆ្នាំ​២០១៧​នេះ មិនមែន​ជា​ឆ្នាំ​ចម្លែក ឬ​ជា​ឆ្នាំ​ដំបូង​ឡើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ភាសា​អ​សុរស គ្រោតគ្រាត បង្កប់​ដោយ​អំពើ​ហិង្សា រាប់​មិន​ភ្លេច​នោះ​ទេ។ កាលពី​ឆ្នាំ​កន្លងៗ​ទៅ អតីត​កម្មាភិបាល និង​ជា​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​រូប​នេះ ដែល​ល្បីឈ្មោះ​បោះ​សំឡេង​ថា​ជា​នាយករដ្ឋមន្ត្រី​ជំនាញ​ខាង​ប្រើប្រាស់​ភាសា​អសុរស គ្រោតគ្រាត គំរាម​សម្លាប់ និង​ចាប់ចង​ក្រុម​អ្នកប្រឆាំង​ដាក់​ពន្ធនាគារ​ដោយ​មិន​រើសមុខ សូម្បីតែ​មេដឹកនាំ​គណបក្សប្រឆាំង​គឺ​លោក កឹម សុខា ឬ​ជនបរទេស​ក៏ដោយ​នោះ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រើប្រាស់​ភាសា​អា​-​ម៉ឹង ដែល​សូម្បីតែ​ស្ត្រី​ខ្មែរ ក៏​លោក​មិន​ទុក​មុខ​ឲ្យ​ដែរ។

រៀងរាល់​ពេល​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​ភាសា​ទាំងនេះ សម្ដី​របស់​លោក ត្រូវ​បាន​កាសែត​បរទេស យក​ទៅ​ចុះផ្សាយ​ព្រោងព្រាត ដែល​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ កិត្តិយស​ជនជាតិ​ខ្មែរ ដែល​លោក​តែងតែ​អួត​ក្អេងក្អាង​នៅ​លើ​ឆាក​អន្តរជាតិ​ថា​ជា «​ព្រះរាជាណាចក្រ​អច្ឆរិយ» ទទួល​រង​នូវ​ការ​អាម៉ាស់ ស្ទើរតែ​ងើបមុខ​មិន​រួច។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​ចរិត​របស់លោក ហ៊ុន សែន ថា ជា​មេដឹកនាំ «​កោងកាច​» ដោយសារតែ​អាង​អំណាច។ លោក​ថា ក្នុងនាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​មិន​សប្បាយចិត្ត​ទាល់តែសោះ និង​ខ្មាស​ជនបរទេស​ដោយ​សារ​តែ​មាន​មេដឹកនាំ​ប្រើប្រាស់​ភាសា​អសុរស និង​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​គ្នាឯង ស្ទើរតែ​រៀងរាល់​ពេល​យ៉ាង​ដូច្នេះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា លោក ហ៊ុន សែន មាន​ការ​ខ្វះខាត​នូវ​ការ​ប៉ិនប្រសព្វ​ក្នុង​ការ​ពន្យល់​សាធារណជន​ឲ្យ​យល់ ជឿ​តាម និង​ធ្វើតាម​គំនិត​របស់​លោក ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ពាក្យពេចន៍​គំរាមកំហែង ឬ​គំរាម​ប្រើ​អំពើ​ហិង្សា​នោះ៖ «ចរិត​របស់​អ្នកដឹកនាំ កាន់តែ​មាន​អំណាច​យូរ​ទៅ គេ​ហៅថា កាន់តែ​មាន​ភាព​កោងកាច​ខ្លាំង​ទៅ! តាម​ក្បួនខ្នាត​បុរាណ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ តែ​កាលណា​ចរិយា​មាយាទ​របស់​មេដឹកនាំ​យ៉ាងម៉េច​ហើយ វា​ត្រូវ​មាន​ឥទ្ធិពល​ទៅលើ​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ ក៏​នឹង​ប្រកាន់យក​ឥរិយាបថ​បែបយ៉ាង​ដូច្នេះ​ដែរ គឺថា​ប្រសិនបើ​មេដឹកនាំ​អសីលធម៌ នឹង​នាំ​ឲ្យ​រាស្ត្រ មិន​យូរ​មិន​ឆាប់ គឺ​អសីលធម៌​ដូច​អ៊ីចឹង​ដែរ។ ឃើញ​ទេ​គឺ ចេញ​មក​សម្តី​សម្តៅ​អី របៀបៗ​គ្នា​ហ្នឹង គឺ​អ្នក​ដែល​ជំនិតៗ​របស់​គាត់​ហ្នឹង បាទ​! អាហ្នឹង ប៉ះពាល់​ដល់​កិត្តិយស​ខ្មែរ​ហើយ​បាទ​តា​ខ្ញុំ​អី​ក៏​ប៉ះពាល់​ដែរ ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ហើយ​មាន​មេដឹកនាំ គេ​ដាក់ទណ្ឌកម្ម​អ៊ីចឹង គឺ​ខ្ញុំ​អត់​សប្បាយចិត្ត​ទេ បាទ​! គឺ​ខ្មាស​គេ ដោយសារ​ខ្លួនឯង​មាន​មេដឹកនាំ​អ៊ីចឹង»

អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត គឺ​លោក​បណ្ឌិត មាស នី ថ្លែង​បន្ទរ​ថា ក្នុង​នាម​ជា​មេដឹកនាំ ការ​និយាយ​ស្តី គឺ​ត្រូវ​ប្រុងប្រយ័ត្ន ពីព្រោះ​ពាក្យ​សម្ដី​របស់​មេដឹកនាំ​គ្រប់​ម៉ាត់ ត្រូវ​ពលរដ្ឋ​ទូទៅ​នៅ​ទូទាំង​ប្រទេស និង​នៅ​ពិភពលោក រង់ចាំ​ត្រងត្រាប់​ស្ដាប់ និង​ធ្វើជា​គំរូ។ លោក​បណ្ឌិត មាស នី ពន្យល់​ថា មេដឹកនាំ ត្រូវ​ចេះ​រៀបចំ​នូវ​ពាក្យពេចន៍ ពាក្យ​សម្ដី​របស់​ខ្លួន ដោយសារ​សម្ដី​ទាំងនេះ​តំណាង​ទាំង​កិត្តិយស​ខ្លួនឯង​ផង និង​កិត្តិយស​របស់​ជាតិ​ផង​ដែរ៖ «វា​ជា​សិទ្ធិ​របស់​សម្ដេច​នាយក​ទេ គាត់​អាច​និយាយ​ថា​ម៉េច​ក៏បាន​ដែរ ប៉ុន្តែ​សម្រាប់​ជា​ទស្សនៈ​របស់ខ្ញុំ សីលធម៌​របស់​អ្នកដឹកនាំ គឺ​មាន​សារសំខាន់​ណាស់ ហើយ​ពេល​ដែល​យើង​កាន់​ក្បាល​មេក្រូ និយាយ​ម្តងៗ គឺ​មាន​មនុស្ស​រាប់​លាន​នាក់​គេ​ចាំ​ស្ដាប់​។ អ៊ីចឹង​បើ​កាលណា​បើ​យើង​និយាយ​ពាក្យពេចន៍​អី ដែល​មិន​សម យើង​ក៏​ត្រូវ​បាន​ទទួល​រង​នូវ​ការរិះគន់​ពី​មនុស្ស​រាប់​លាន​នាក់​ដែរ​បាទ​។ តែ​បើ​យើង​និយាយ​ទៅ​ល្អ ក៏​មាន​មនុស្ស​រាប់​លាន​នាក់​គេ​ស្ដាប់ ហើយ​គេ​យក​តម្រាប់​តាម​ដែរ​។ គឺ​សារសំខាន់​នៅត្រង់​ហ្នឹង​!»

អ្នក​ជំនាញ​ខាង​ព្រះពុទ្ធសាសនា និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​សង្ឃ​ដីកា​ពន្យល់​ថា មេដឹកនាំ​ប្រទេស ត្រូវ​មាន​ព្រហ្មវិហារ​ធម៌​ក្នុង​ការ​ផ្សះផ្សា​ជាតិ ដែល​ក្នុង​នោះ​រួមមាន​៖ «​មេត្តាធម៌​» ដែល​ជា​ការ​រាប់អាន​ប្រជារាស្ត្រ​ទូទៅ មិន​ប្រកាន់​ឋានៈ​, «​ករុណា​» ដែល​ជា​ការ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ​ក្រីក្រ វេទនា​ខ្វះខាត ក្នុង​ជីវភាព​, «​មុទិតា​» គឺ​សេចក្ដី​ត្រេកអរ​ពេល​ដែល​ប្រជារាស្ត្រ​បាន​សុខ​សប្បាយ មាន​សុខភាព​ល្អ មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹមជីវិត​បាន ព្រមទាំង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញ​បរិបូរណ៍​, និង​ចុងក្រោយ​គឺ «ឧបេក្ខា» ដែល​មានន័យថា​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​ដែល​ពួកគេ​រស់នៅ។

ព្រះអង្គ​មាន​ថេរដីកា បន្ត​ថា អ្នកដឹកនាំ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ទាំង​សម្ដី ទាំង​អំពើ ទាំង​ចិត្តគំនិត ពោល​គឺ​គិត​កុំ​ឲ្យ​ខុស យក​ប្រយោជន៍​ជាតិ​ជាធំ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ជាតិ​មាន​ឯកភាព ជាតិ​មាន​លំនឹង ដែល​បរទេស​មិន​អាច​ឈ្លានពាន​បាន៖ «អ្នកដឹកនាំ​ណា ដែល​ចេះ​បង្រួប​បង្រួម​ជាតិ ដោយ​មិន​ប្រើ​ហិង្សា ហើយ​គេ​ខ្លាច​គេ​គោរព អ្នកដឹកនាំ​ហ្នឹង ល្អ​ណាស់ ខ្ពង់ខ្ពស់​ណាស់​! គឺថា​គេ​គោរព ដោយ​មិន​ចាំបាច់​ប្រើ​កាំភ្លើង គំរាមកំហែង​។ អាហ្នឹង​គឺជា​អ្នកដឹកនាំ មានគុណ​ធម៌។ ហើយ​បើ​ដឹកនាំ​ដោយ​គ្រាន់តែ​គំរាមកំហែង អាហ្នឹង​ជា​អ្នកដឹកនាំ​ថោក ដែល​ទន់ខ្សោយ​ទេ​។ សម្ដី​គំរាមកំហែង​មិន​ត្រឹមត្រូវ​ទៅតាម​អ្នកដឹកនាំ​ទេ។ អ្នកដឹកនាំ​ដែល​ធ្វើ​ឲ្យ​បែកបាក់​គ្នា ហើយ​ចងកំហឹង​ជាមួយ​ប្រជារាស្ត្រ​របស់​ខ្លួន​។ យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច កុំ​ឲ្យ​រាស្ត្រ​បែកបាក់​គ្នា រាស្ត្រ​មាន​កំហឹង រាស្ត្រ​ក្តៅ​ក្រហាយ អាហ្នឹង​មិនមែន​ជា​អ្នកដឹកនាំ​ទេ។ ម្ល៉ោះហើយ​គុណធម៌​ខ្ពស់​ណាស់​គុណធម៌​ដែល​ចេះ​អត់ធ្មត់ ចេះ​បង្រួបបង្រួម​ជាតិ​ហ្នឹង​សំខាន់​ណាស់​! បើ​អ្នកដឹកនាំ​មិន​ចេះ​បង្រួបបង្រួម​ជាតិ​ទេ ហើយ​ទៅជា​បំបែកបំបាក់ ប្រើ​សម្ដី​អ​សុរស​គំរាមកំហែង នោះ​មិនមែន​ជា​អ្នកដឹកនាំ​ល្អ​ទេ អាហ្នឹង​ធ្វើ​ឲ្យ​ជាតិ​លិចលង់ ធ្វើ​ឲ្យ​ជាតិ​បែកបាក់​សាមគ្គី​គ្នា អត់​មាន​លូតលាស់​ទៅមុខ​ទេ»

ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ បាន​លើក​យក​ឧទាហរណ៍​មួយ​ចំនួន​ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​មេដឹកនាំ​ប្រកបដោយ​គុណធម៌​នៅ​កម្ពុជា តួយ៉ាង​ដូចជា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គ កម្ពុជា​ជា​អាណាចក្រ​ថ្កុំថ្កើង និង​មាន​អរិយធម៌​ខ្ពស់​។ បន្ថែម​ពីលើ​នេះ​ទៀត គំរូ​វីរភាព​របស់​សម្ដេច ជួន ណាត និង​ព្រះ​សមណគោតម​ជាដើម ដែល​ព្រះអង្គ​មិន​មាន​ប្រើ​កាំភ្លើង ឬ​អង្គរក្ស​ណា​ម្នាក់​នោះ​ឡើយ ក៏ប៉ុន្តែ​បែរជា​ទទួល​បាន​ការ​គោរព​កោតក្រែង​ពី​សំណាក់​មនុស្សម្នា​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​គុណធម៌ និង​សច្ចធម៌​ខ្ពង់ខ្ពស់​នេះឯង។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៨​នេះ ព្រះ​តេជគុណ​បណ្ឌិត ហុក សុវណ្ណ អំពាវនាវ​ឲ្យ​មេដឹកនាំ​ខ្មែរ​គ្រប់រូប គប្បី​ដឹកនាំ​ប្រទេស​ដោយ​ប្រើប្រាស់​នូវ​ឥរិយាបថ​យ៉ាងណា​តម្កល់​ផលប្រយោជន៍​ជាតិ ប្រយោជន៍​ប្រទេស​កម្ពុជា​ជាធំ ចៀសវាង​ការ​យក​ខ្មែរ និង​ខ្មែរ​ជាស​ត្រូវ ព្រោះ​នាំ​ឲ្យ​បែកបាក់​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បរទេស​មើលងាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សារ​ហិង្សា​ក្រោម​លេស «សន្តិភាព» និង «បដិវត្ត​ពណ៌» របស់​លោក ហ៊ុន សែន ឆ្នាំ​២០១៧"

  1. people says:

    This guy have a bloody ugly face’ ugly heart ‘ugly brain ‘ugly speak ‘all everything so ugly because this criminal man will face in the future evevn in the hell too.This ugly criminal are the worse animal in cambodia’ he killed a lot of people’ and he gave Tral island to Youn(khmer enemy).People must stand up to fight with this ugly animal. GOD bless all cambodian people’

Leave a Reply

Submit Comment