ក្មួយប្រុស​នាយក​រដ្ឋមន្ត្រី​ម្នាក់ ​ឡើង​ឧត្តមសេនីយ៍ឯក

លោក​ ហ៊ុន ជា ដែល​ទើប​ឡើង​ឧត្តមសេនីយ៍ឯក​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្មួយប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ ហ៊ុន ជា ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ទៅ​ជា​ឧត្តមសេនីយ៍ឯក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ខណៈ​អ្នក​ផ្សេង​ដែល​ធ្វើ​ការងារ​យូរ​ជាង​គាត់​មាន​ការ​លំបាក​នឹង​ទទួល​បាន​ឋានៈ​បែប​នេះ​ជា​អ្វី​ដែល​អ្នក​​រិះគន់​ថា ជា​រឿង​ធម្មតា​សម្រាប់​គ្រួសារ​អ្នក​មាន​អំណាច​នៅ​ប្រទេស​កម្ពុជា​។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្ដលេខា​ដោយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​ ៣០ ​ខែ​ធ្នូ​ហើយ​ដែល​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ថា​លោក ហ៊ុន ជា ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ទៅ​ថ្នាក់​ឧត្តមសេនីយ៍ឯក​។

ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​បញ្ហា​នេះ​ត្រូវ​បាន​លោក សន ជ័យ ​ប្រធាន​អង្គការ​គណនេយ្យភាព​សង្គម​បាន​រិះគន់​ដោយ​លោក​បាន​លើក​ឡើង​ថា​វា​ជា​រឿង​ធម្មតា​សម្រាប់​កូនចៅ​របស់​អ្នក​មាន​អំណាច​ដែល​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​យ៉ាង​ឆាប់​រហ័ស ខណៈ​អ្នក​ដែល​គ្មាន​ទំនាក់​ទំនង​ពិបាក​នឹង​ទទួល​បាន​បុណ្យ​ស័ក្ដិ​លឿន​ដូចនេះ​បើ​ទោះ​ណា​ជា​ពួកគាត់​បាន​​ខិតខំ​បម្រើ​ការងារ​អស់​ពេល​យូរ​ក៏ដោយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​សព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ​ដំឡើង​ឋានន្តរស័ក្តិ​គឺ​ធ្វើ​ឡើង​តាមរយៈ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មនុស្ស​ដូចជា សាច់ញាតិ​របស់​អ្នក​មាន​អំណាច​… ហើយ​ប្រសិន​បើ​គ្មាន​ទំនាក់​ទំនង​ល្អ​ទេ​នោះ​ពួកគេ​ពិតជា​ពិបាក​ក្នុង​ការ​ស្វែងរក​ឲ្យ​មាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ​ណាស់​»​។

ដោយ​ទំនង​ជា​សំដៅ​ដល់​អ្នក​រិះគន់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ​បាន​ឆ្លើយតប​កាលពី​ម្សិលមិញ​ថា​៖ «​គាត់​គឺជា​មនុស្ស​ឆ្កួត​ដែល​​តែងតែ​និយាយ​ខុស​…​យើង​ដំឡើង​ឋានន្តរស័ក្តិ និង​ផ្តល់​ផ្កាយ​ឲ្យ​អ្នក​ណា​ដែល​មាន​ស្នាដៃ​»​។

ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​លោក​ សន ជ័យ ដែរ​មន្ត្រី​នគរបាល​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​បាន​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការ​គ្មាន​ប្រាក់​ និង​គ្មាន​ទំនាក់​ទំនង​ជាមួយ​ប្រធាន​ស្ថាប័ន​គឺ​ពិបាក​នឹង​ទទួល​​បាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ណាស់​បើ​ទោះ​មាន​គុណសម្បត្តិ​​ និង​បម្រើការ​យូរ​យ៉ាង​ណា​ក្ដី​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ធ្វើការ​តាំង​ពី​ឆ្នាំ​ ១៩៨៥ ​មក ប៉ុន្តែ​ខ្ញុំ​នៅ​ត្រឹម​ថ្នាក់​វរសេនីយ៍ទោ​ប៉ុណ្ណោះ​ទាំង​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​មិន​មាន​ទំនាក់​ទំនង​គ្រួសារ ឬ​ជា​អ្នក​មាន ដូច្នេះ​ហើយ​មេ​របស់​ខ្ញុំ​ពិបាក​ដំឡើង​ឲ្យ​ខ្ញុំ​ណាស់​…​ប៉ូលិស​ស្ទើរ​គ្រប់​រូប​ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​ណាស់​លុះត្រាតែ​ពួកគេ​មាន​ទំនាក់​ទំនង​ ឬ​ក៏​មាន​លុយ​កាក់​ឲ្យ​មេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​មិន​មាន​ជម្រើស​ទេ​ហើយ​យើង​ក៏​មិន​អាច​តវ៉ា​អំពី​បញ្ហា​នេះ​បាន​ដែរ​យើង​គ្រាន់​តែ​ធ្វើ​តាម​បញ្ជា​របស់​ពួកគេ​ប៉ុណ្ណោះ​ហើយ​​នេះ​គឺជា​បក្ខពួក​និយម​ដែល​មាន​នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​របស់​យើង​…​ពេល​ខ្លះ​យើង​ត្រូវ​បាន​គេ​ស្នើសុំ​ឱ្យ​ចូល​​រួម​វិភាគទាន​ដល់​គណបក្ស​ថែម​ទៀត​ផង​»​។

កាលពី​ខែ​ធ្នូ​ឆ្នាំ​ ២០១០ ​លោក​​នាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​លោក​ ហ៊ុន ជា ​វិល​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់ពី​បាន​ចោទប្រកាន់​គាត់​ថា​បាន​បោកប្រាស់​ភរិយា​គាត់ និង​ប្រើប្រាស់​គ្រឿងញៀន ខណៈ​ដែល​ក្នុង​ឆ្នាំ​ ២០០២ លោក ហ៊ុន ជា ​និង​លោក ហ៊ុន តូ ដែល​ជា​ក្មួយប្រុស​របស់​លោក​ ហ៊ុន សែន ​ម្នាក់​ទៀត​ត្រូវ​បាន​ទម្លាក់​ចោល​បទចោទ​បន្ទាប់ពី​មិន​មាន​ភ័ស្តុតាង​​គ្រប់គ្រាន់​ទាក់ទង​នឹង​ការ​បាញ់​បណ្តាល​ឱ្យ​មាន​មនុស្ស​ ២ ​នាក់​រងរបួស​៕ NS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "ក្មួយប្រុស​នាយក​រដ្ឋមន្ត្រី​ម្នាក់ ​ឡើង​ឧត្តមសេនីយ៍ឯក"

  1. LastWally says:

    I have noticed you don’t monetize your website, don’t waste your traffic,
    you can earn additional cash every month because you’ve got high quality content.
    If you want to know how to make extra bucks, search for:
    Mertiso’s tips best adsense alternative