អំណោយ​ក្ដារមឈូស​ដល់​ចាស់ជរា​របស់​ក្រុមហ៊ុន​កូនស្រី​លោក ហ៊ុន សែន រង​ការ​រិះគន់

ដោយ យន់ សាមៀន
2018-01-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​នៃ​ការ​ចែក​អំណោយ​ក្ដារមឈូស​ជូន​ជន​ចាស់ជរា​នៅ​ក្នុង​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ ហើយ​ត្រូវ​បាន​ពលរដ្ឋ​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា។ Photo from Facebook
រូបភាព​នៃ​ការ​ចែក​អំណោយ​ក្ដារមឈូស​ជូន​ជន​ចាស់ជរា​នៅ​ក្នុង​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ ហើយ​ត្រូវ​បាន​ពលរដ្ឋ​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា។ Photo from Facebook


អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​សង្គម​ហ្វេសប៊ុក (Facebook) បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ របស់​កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្ដល់​ក្ដារមឈូស​ជា​ច្រើន​ជា​អំណោយ​ជូន​ជន​ចាស់ជរា។

​រូបភាព​ក្រុម​ការងារ​ទឹកបរិសុទ្ធ​វីតាល់ កំពុង​ចែក​អំណោយ រួម​មាន​ក្ដារមឈូស​ជា​ច្រើន​ដល់​មនុស្ស​ចាស់ និង​រូបភាព​មនុស្ស​ចាស់​អង្គុយ​នៅ​មុខ​ក្ដារមឈូស​ប្រកប​ដោយ​ទឹកមុខ​យ៉ាង​ស្រងូតស្រងាត់ ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​បន្ត​គ្នា​ព្រោងព្រាត និង​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​ដល់​ម្ចាស់​អំណោយ។

​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ថា ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ហ៊ុន ម៉ាណា នាយិកា​ទូរទស្សន៍​បាយ័ន (BTV News ETV) កាសែត​កម្ពុជាថ្មី និង​វិទ្យុ​បាយ័ន​នោះ បាន​រៀបចំ​កម្មវិធី​ចែក​អំណោយ​ក្តារមឈូស​ជូន​ជន​ចាស់ជរា​នៅ​ក្នុង​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ។ ក្រៅ​ពី​ក្ដារមឈូស ក៏​មាន ទៀន ធូប ភួយ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដែរ។ ព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ការ​ចែក​អំណោយ​នោះ ក៏​មាន​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​លោក ហ៊ុន ម៉ានី ជា​ប្រធាន ក៏​បាន​ចូលរួម​ចែក​អំណោយ​ដែរ។ ពួកគេ​ថា ក្ដារ​មឈូស​ទាំង​អស់​នោះ​គឺ​ជា​ការ​ស្នើ​សុំ​ពី​លោកតា លោកយាយ​ទាំង​នោះ ដូច្នេះ​ទើប​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វីតាល់ សម្រេច​តាម​បំណង​ជូន​ដោយ​ពុំ​មាន​ចេតនា​អាក្រក់​ណា​មួយ​នោះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​ក្រុមហ៊ុន​ទឹក​សុទ្ធ​វីតាល់ បាន​ទេ ដោយ​បុគ្គលិក​ម្នាក់​ដែល​លើក​ទូរស័ព្ទ​ប្រាប់​ថា មិន​បាន​ដឹង​ករណី​នេះ​ទេ ហើយ​ប្រាប់​ឲ្យ​ទូរស័ព្ទ​នៅ​ពេល​ក្រោយ​ទៀត ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​មិន​លើក​ទូរស័ព្ទ​តាម​ការសន្យា​ឡើយ។

ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា​ថា ការ​ចែក​ទាន​ក្ដារមឈូស​នេះ មិន​មែន​ជា​ទាន​ដែល​គួរ​អោយ​រីករាយ និង​ជ្រះថ្លា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​ទាន​ដែល​គួរ​អោយ​ភ័យ​ខ្លាច។ ព្រះតេជព្រះគុណ​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​គ្រួសារ​កូនស្រី​លោក ហ៊ុន សែន ចែក​ទាន​ជា​ក្ដារមឈូស​បែប​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ឲ្យ​ត្រៀម​ក្ដារមឈូស បើ​ហ៊ាន​ទាមទារ​យក​កម្ពុជា​ក្រោម និង​ក្រោក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​បដិវត្តន៍​ពណ៌។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​បន្ថែម​ទៀត​ថា គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​លោក​នេះ​ចង់​បាន​ក្ដារមឈូស​នោះ​ទេ ទោះ​បី​អ្នក​មាន​ក្ដី អ្នក​ក្រ​ក្ដី និង​អ្នក​ជិត​ស្លាប់​ទៅ​ហើយ​ក្ដី។ ព្រះអង្គ​យល់​ថា យាយ​តា​ទាំង​នោះ​ប្រហែលជា​ចង់​បាន​ថ្នាំសង្កូវ ចំណី​អាហារ លុយកាក់ និង​សម្លៀក​បំពាក់​សម្រាប់​ទ្រទ្រង់​ជីវិត និង​សន្សំ​កុសលផល​បុណ្យ​ត​ទៅ​ទៀត ពោល​គឺ​មិន​មែន​ចង់​បាន​ក្ដារមឈូស​ទុក​ក្នុង​ផ្ទះ​ឲ្យ​កូនចៅ​ខ្លាចរអា​ទាំង​ខ្លួន​មិន​ទាន់​ស្លាប់​នោះ​ទេ៖ «អ្វី​ដែល​សំខាន់​គឺ​អាយុ​ជីវិត​មនុស្ស​ដែល​គ្នា​ត្រូវ​ការ​រស់​ដូច្នេះ​មនុស្សត្រូវការរស់ មិនត្រូវការក្តារមឈូសទេ មនុស្សត្រូវការរស់នៅ គឺត្រូវការជីវិតមានសេចក្តីថ្លៃថ្នូរ មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិទទួលបានម្ហូបអាហារ មានសិទ្ធិមានផ្ទះ លំនៅឋាន ដីធ្លី ស្រែចំការ មានសិទ្ធិធ្វើការងារ មានសិទ្ធិទទួលបានការព្យាបាល ថ្នាំសង្កូវអីផ្សេងៗ។ ដូច្នេះ​ត្រូវគិតមនុស្សអោយរស់ ឬជួយមនុស្សអោយរស់ មិនមែនទៅធ្វើបុណ្យ​ធ្វើទាន​ដែល​ជួយ​គិត​មនុស្ស​អោយ​ស្លាប់»

​រី​ឯ​ក្រុម​អ្នកលេង​ហ្វេសប៊ុក​ភាគ​ច្រើន​យល់​ថា រូបភាព​នៃ​ការ​ចែក​អំណោយ​ជា​ក្ដារមឈូស ដល់​ចាស់ៗ​បែប​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ មើល​ទៅ​ហាក់​ដូចជា​ការ​ប្រមាថ​ជីវិត​ពួកគាត់។ អ្នក​ខ្លះ​យល់​ថា កូនស្រី​លោក ហ៊ុន សែន អតីត​ទាហាន​ខ្មែរក្រហម គួរ​តែ​ផ្ដល់​ជា​ថ្នាំសង្កូវ ឬ​​មណ្ឌល​ថែទាំ​ចាស់​ជរា​សម្រាប់​ពួកគាត់​ទើប​សមរម្យ​ជាង។ អ្នក​ខ្លះ​ទៀត​ថា គួរ​តែ​ប្រគល់​អោយ​មេ​ឃុំ ឬ​ចៅអធិការ​វត្ត​គ្រប់គ្រង និង​ចែក​ជូន​នៅ​ពេល​ដែល​មាន​ជន​ចាស់​ជរា​ណា​ឈឺ​ស្លាប់ វា​ប្រសើរ​ជាង​ប្រគល់​អោយ​ទៅ​ពួក​គាត់ ទាំង​ពួកគាត់​នៅ​រស់​នៅ​ឡើយ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អំណោយ​ក្ដារមឈូស​ដល់​ចាស់ជរា​របស់​ក្រុមហ៊ុន​កូនស្រី​លោក ហ៊ុន សែន រង​ការ​រិះគន់"

  1. Phan Phan says:

    គួរតែឈប់ទិញទឹកបរិសុទ្ធ វីតាល់ហើយ។ អីក៏អាក្រក់ម៉្លេះ ដល់ថ្នាក់ដាក់ទំនាយបង្ខំឲ្យលោកតា លោកយាយឆាប់ស្លាប់ តាមរយៈចែកក្តាមឈូស

  2. ខ្មែរសុវណ្ណភូមិ says:

    បនពានរចេញសុទ្ធតែស្ទីលថ្មី ។ នឹកស្មានមិនដល់ ។

  3. ពូជខ្មែរអង្គរ says:

    បនពានរចេញសុទ្ធតែស្ទីលថ្មី ។ នឹកស្មានមិនដល់ ។ នឹងហើយមានតែគ្រួសារសំដាច់ទេដែលមានអ្នកចេះដឹងខ្ពង់ខ្ពស់ អ្នកផេ្សងសុទ្ធអាល្ងង់ទូ​។

  4. Mitra says:

    ​ជា​រឿង​មិន​ត្រឹមត្រូវ មើល​ទៅ​ហាក់​ដូចជា​ការ​ប្រមាថ​ជីវិត​ពួកគាត់។