លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​បាញ់​សម្លាប់​ពលរដ្ឋ​តាម​បញ្ជា​ជន​ផ្ដាច់ការ

ដោយ មួង ណារ៉េត
2018-01-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy’s Facebook Page


លោក សម រង្ស៊ី អំពាវនាវ​យោធា​កុំ​ឱ្យ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់​ការ​


លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​កងកម្លាំង​ប្រដាប់​អាវុធ កុំ​ឲ្យ​ស្ដាប់​តាម​បញ្ជា​របស់​ជន​ផ្ដាច់ការ ប្រសិនបើ​ជន​នោះ​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​ក្រោក​ទាមទារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ ការ​អំពាវនាវ​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ពី​បទ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្ដាប់​បញ្ជា​មេ។

ឆ្លើយ​តប​នឹង​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង​ក្រុង​ភ្នំពេញ គឺ​លោក សៀង សុខ លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​នៅ​តែ​យល់​ឃើញ​ថា កងកម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ មាន​តួនាទី និង​ភារកិច្ច​គ្រាន់​តែ​ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​ករណី​មាន​បរទេស​ឈ្លានពាន​តែប៉ុណ្ណោះ។ បើ​ទោះ​ជា​លោក សម រង្ស៊ី មិន​បាន​បង្ហាញ​ជំហរ​ទៅ​ឆ្លើយ​បំភ្លឺ​នឹង​បទ​ចោទ​ប្រកាន់​របស់​មេធាវី​តំណាង​ឲ្យ​មេទ័ព​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ ក៏​លោក​អំពាវនាវ​ជា​ថ្មី​កុំ​ឲ្យ​កងទ័ព​ស្ដាប់​តាម​ជន​ផ្ដាច់ការ ប្រសិនបើ​ជន​នោះ​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​ក្រោក​តវ៉ា​ដោយ​អហិង្សា​ដើម្បី​ទាមទារ​សេរីភាព និង​ប្រជាធិបតេយ្យ។

បើ​ទោះ​ជា​មិន​បញ្ជាក់​ថា ជន​ផ្ដាច់ការ​ជា​នរណា ក៏​លោក សម រង្ស៊ី ទំនង​ជា​សំដៅ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​ប្រាំ ដែល​ធ្លាប់​អះអាង​ទាំង​មិន​ញញើត​មាត់​ជា​ញឹកញាប់​ថា លោក​មិន​ខ្លាច​បញ្ជា​ឲ្យ​សម្លាប់​ពលរដ្ឋ​អ្នក​តវ៉ា កុំ​ថា​ឡើយ ១០០ ទៅ ២០០​នាក់ សូម្បី​តែ​រាប់​ម៉ឺន​នាក់​ក៏​លោក​ហ៊ាន​ធ្វើ​ដែរ អោយ​តែ​លោក​អាច​បន្ត​ក្រាញ​អំណាច​ត​ទៅ​ទៀត​បាន។ លោក ហ៊ុន សែន តែង​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​ការ​ថ្លែង​ជា​សាធារណៈ​រាល់​ពេល​ដែល​គាត់​គំរាម​សម្លាប់​មនុស្ស។ សូម្បីតែ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ផ្ទាល់ ក៏​លោក ហ៊ុន សែន ព្រមាន​សម្លាប់​ដែរ ឲ្យ​តែ​ហ៊ាន​ប្រឆាំង​លោក ដោយ​លោក​ព្រលយ​ពាក្យ​ថា ថ្ងៃ​ណា​មួយ​លោក​អាច​ធ្វើ​ពុត​ជា​ស្លាប់ ដើម្បី​យក​លេស​សម្លាប់​មនុស្ស។

សារ​គំរាម​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ដែល​លោក ហ៊ុន សែន ថ្លែង​ចុង​ក្រោយ​គេ គឺ​ធ្វើ​ឡើង​នៅ​ជិត​ដាច់​ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ​ឯង ដោយ​លោក​ថ្លែង​តាម​ទូរស័ព្ទ​ដែល​ទំនង​ជា​ការ​រៀបចំ​ថត​ទុក​ជា​មុន និង​ធ្វើ​ឲ្យ​ដូចជា​សារ​បែក​ធ្លាយ។ ពេល​នោះ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ចាត់​ការ​បាញ់​សម្លាប់​ក្មួយ​ប្រសា​របស់​គាត់​ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ដែល​ត្រូវជា​កូន​ប្រសា​លោក ហ៊ុន សាន ជា​បង​ប្រុស​បង្កើត​របស់​លោក។ លោក ហ៊ុន សែន បញ្ជា​ឲ្យ​គេ​បាញ់​លោក ថៃ ផានី ចោល​នៅ​នឹង​កន្លែង​តែម្ដង ពាក់ព័ន្ធ​នឹង​រឿង​បើក​កន្លែង​ជល់​មាន់។

​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ចេញ​ដីកាកោះ​អញ្ជើញ​លោក សម រង្ស៊ី ក្នុង​ឋានៈ​ជា​ជនសង្ស័យ​ឲ្យ​ចូល​បំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​តាម​បណ្ដឹង​របស់​មេធាវី​ឈ្មោះ វង្ស ភក្ដី ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ដែល​ប្ដឹង​ពី​បទ​ញុះញង់​កុំ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ស្ដាប់​បង្គាប់​មេ​កើយ​ដែល​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព និង​ប្រមាថ​កងទ័ព​ដែល​លោក សម រង្ស៊ី ថ្លែង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។

​បណ្ដឹង​លោក សម រង្ស៊ី លើ​ករណី​ញុះញង់​កងទ័ព​នេះ គឺ​ក្រោយ​ពេល​ដែល​ក្រុម​មេទ័ព​ជំនិតៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​លិខិត​ថ្កោលទោស និង​តិះដៀល​ដល់​ពូជ​សន្ដាន​លោក សម រង្ស៊ី ជា​បន្តបន្ទាប់​ថា​ជា​សន្ដាន​ក្បត់​ជាតិ​ជាដើម។

​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ដែល​ចិញ្ចឹម​ចិត្ត​នៅ​តែ​ចង់​ដឹកនាំ​មហា​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី មិន​ខុស​ច្បាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​មើល​ឃើញ​ថា ការ​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​ឯករាជ្យ កុំ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់ការ គឺ​ជា​ការ​លើក​ស្ទួយ​មុខ​មាត់ កិត្តិយស​កងទ័ព​ជាតិ​ទៅ​វិញ​ទេ។ លោក​បង្ហាញ​ភាព​ជឿជាក់​ថា សម្រាប់​កងទ័ព​ដែល​មាន​ប្រពន្ធ​កូន ម្ដាយ​ឪពុក ជា​ពលរដ្ឋ​សាមញ្ញ នឹង​មិន​លើក​ដៃ​កេះ​កៃ​កាំភ្លើង​បាញ់​ប្រហារ​ទៅ​លើ​គ្រួសារ​ឯង​នោះ​ទេ គឺ​មានតែ​មេទ័ព​ធំៗ ដែល​ទទួល​ផល​ប្រយោជន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ ដែល​ហ៊ាន​បាញ់​ប្រហារ​ពលរដ្ឋ​ស្លូតត្រង់​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​កើត​នោះ។

លោក ឡេង សេងហុង៖ «កងកម្លាំង​ប្រដាប់អាវុធ​ប្រហែលជា​មិន​ធ្វើ​ទៅ​តាម​មនុស្ស​មួយ​ចំនួន​តូច ឬ​ក៏​ឧត្ដមសេនីយ៍​មួយ​ចំនួន​តូច​ដែល​បាន​ផលប្រយោជន៍​ពី​ប្រទេស​ជាតិ​នោះ​ទេ គាត់​នឹង​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​សំខាន់ គាត់​គិត​ថា ប្រទេស​ជាតិ​មួយ​គឺ​ត្រូវ​តែ​មាន​ប្រជាពលរដ្ឋ ហើយ​គាត់​ត្រូវ​តែ​ការពារ​ពលរដ្ឋ ការពារ​ប្រទេស​ជាតិ ខ្ញុំ​មិន​ជឿ​ថា មាន​ជន​ណា​ម្នាក់​ធ្វើ​តាម​ជន​ផ្ដាច់ការ​នោះ​ទេ»

​អតីត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ និង​ជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក សម រង្ស៊ី បាន​រង​ពាក្យបណ្ដឹង​យ៉ាង​ហោច​ណាស់​ចំនួន ៨​បណ្ដឹង គឺ​បណ្ដឹង​ទី​១ បទ​បរិហារកេរ្តិ៍ លោក ហោ ណាំហុង។ បណ្ដឹង​ទី​២ ពី​បទ​បរិហារកេរ្តិ៍​លោក ហេង សំរិន ដោយ​ចោទ​លោក ហេង សំរិន ថា ជា​អ្នក​កាត់​ទោស​សម្ដេច សីហនុ ថា​ក្បត់​ជាតិ កាល​ពី​ជំនាន់​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ។ សំណុំ​រឿង​ទី​៣ គឺ​ទាក់ទង​បណ្ដឹង​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុកពី​​បរទេស។ បណ្ដឹង​ទី​៤ ពី​បទ​បរិហារកេរ្តិ៍​ដែរ ថា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ រី​ឯ​បណ្ដឹង​ទី​៥ ពាក់ព័ន្ធ​លោក ហុង សុខហួរ រឿង​បង្ហោះ​ផែនទី​ក្លែងក្លាយ និង​បណ្ដឹង​ចំនួន ២​ករណី​ទៀត ប្ដឹង​ដោយ​មនុស្ស ២​នាក់ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាង ធី សុវណ្ណថា ដែល​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ដែល​ថា លោក ហ៊ុន សែន សូក​ប៉ាន់​នាង ធី សុវណ្ណថា ចំនួន​ទឹក​ប្រាក់ ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង។ ចំណែក​ចុង​ក្រោយ គឺ​ជា​បណ្ដឹង​របស់​មេទ័ព​អំពី​បទ​ថា លោក សម រង្ស៊ី ញុះញង់​កងទ័ព​មិន​ឲ្យ​ស្ដាប់​បញ្ជា​មេ​កើយ​នេះ​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment