សំណុំរឿង​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​មាន​ការ​ទាមទារ​លទ្ធផល​ស៊ើប​អង្កេត

ដោយ តាំង សារ៉ាដា
2018-01-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


អស់​រយៈពេល ១៨​ខែ​ហើយ ដែល​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់​ទោស​នោះ គឺ​បុគ្គល ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង។ បើ​ទោះ​បី​ជា​តុលាការ​បាន​ប្រកាស​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់ទោស​ក្តី តែ​រហូត​មក​ទល់​នឹង​ពេល​នេះ តុលាការ​មិន​បាន​បង្ហាញ​លទ្ធផល​អ្វី​បន្តិច​សោះ​ឡើយ ដែល​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​អ្នក កែម ឡី​ និយម គិត​ថា យុត្តិធម៌​នឹង​មិន​មាន​ឡើយ​សម្រាប់​ជនរងគ្រោះ។

​មក​ទល់​នឹង​ខែ​មករា ឆ្នាំ​២០១៨ នេះ បណ្ឌិត កែម ឡី បាន​បែក​កាយ​រំលាងខន្ធ​ពី​ពលរដ្ឋ​ខ្មែរ​អ្នក​និយម​តាមដាន​ស្តាប់​ការ​វិភាគ​របស់​លោក​អំពី​បញ្ហា​សង្គម និង​នយោបាយ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​កន្លង​ផុត​ទៅ​ហើយ ក៏ប៉ុន្តែ​អ្វី​ដែល​លោក​មិន​ទាន់​លេចចេញ​ជា​រូបរាង​នៅ​ឡើយ​នោះ គឺ​យុត្តិធម៌​សម្រាប់​រូប​លោក។

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក កែម ឡី និយម យល់​ឃើញ​ថា យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី ក៏​ដូចជា​សម្រាប់​សកម្មជន​សង្គម​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែរ ហាក់​ស្ថិត​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ ដោយសារ​តែ​អាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ​ខ្វះ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំង​នោះ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ ដែល​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត​នោះ បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​ជំនឿ​ថា តុលាការ​នឹង​អាច​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី នោះ​ឡើយ ព្រោះ​លោក​សន្និដ្ឋាន​ថា តុលាការ​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ដំណើរ​ការ​ក្តី​ដោយសារ​រង​ឥទ្ធិពល​ពី​អ្នក​មាន​អំណាច​ដែល​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។

លោក ហង្ស ពិទូ៖ «ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​កង្វះ​សមត្ថភាព​ទេ ពីព្រោះ​តុលាការ​មិន​ខ្វះ​ទេ​សមត្ថភាព ហើយ​និង​លទ្ធភាព​ក្នុង​ការ​ធ្វើ​រឿង​នេះ ប៉ុន្តែ​តុលាការ​ហាក់​បី​ដូច​ជា​ទទួល​គំនាប​ពី​អ្នក​ណា​ម្នាក់ ហើយ​គាត់​ព្យាយាម​បំភ្លេច​រឿង​នេះ​​ចោល​តែម្ដង ដោយសារ​យើង​ឃើញ​កន្លង​មក មិន​ដែល​ឃើញ (តុលាការ) រំលឹក​ថា រឿង​ក្ដី​នេះ​ដល់​ណា​ដល់​ណី​ហើយ។ ខ្ញុំ​បាន​ស៊ើបសួរ​អ្នក​ពាក់ព័ន្ធ​ទៀតសោត គាត់​បាន​និយាយ​ថា តុលាការ​ប្រហែល​ជា​អាច​ចង់​បំភ្លេច​រឿង​នេះ​ចោល ហើយ​ធ្វើ​រឿង​នេះ​ឱ្យ​ស្ងប់ស្ងាត់ យូរៗ​ទៅ ប្រជាពលរដ្ឋ​នឹង​បន្ថយ​កំហឹង បាត់​កំហឹង រឿង​នេះ​ក៏​វា​ចាត់​ទុក​ជា​មោឃៈ​អ៊ីចឹង​ទៅ។ និយាយ​ឱ្យ​ចំ​​គឺ​ជា​ចេតនា​តែម្ដង​ដែល (តុលាការ) មិន​សើរើ​រឿង​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​បំភ្លេច»

លោក​យល់​ឃើញ​ថា សំណុំរឿង​បណ្ឌិត កែម ឡី ហាក់​ស្ងប់ស្ងាត់​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​ហេតុផល ៣​យ៉ាង គឺ​ទី​មួយ​សម្ពាធ​របស់​បក្ស​កាន់​អំណាច​ទៅ​លើ​បក្ស​ប្រឆាំង ទី​ពីរ​ការ​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល និង​ទី​បី គឺ​ការ​ថយ​ចុះ​នៃ​សកម្មភាព​របស់​ក្រុម​យុវជន កែម ឡី និយម ដែល​ខ្វះ​ធនធាន​ថវិកា និង​ការ​លើក​ទឹក​ចិត្ត។

​ក៏ប៉ុន្តែ​លោក​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្រឡាញ់ និង​គោរព​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី នឹង​មិន​បំភ្លេច​រឿង​នេះ​ជា​ដាច់​ខាត ហើយ​និង​បន្ត​តាមដាន​ករណី​នេះ​ត​ទៅ​ទៀត៖ «កន្លង​មក​យើង​មិន​ទទួល​ស្គាល់​ទេ​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ឬ​ការ​ធ្វើ​កោសល្យវិច័យ ហើយ​និង​ការ​ចេញ​សាលក្រម និយាយ​ឱ្យ​ចំ គឺ​អំពី​នីតិវិធី​របស់​តុលាការ​នេះ យើង​មិន​ទទួល​ស្គាល់​ទេ។ យើង​តែងតែ​ទាមទារ​ឱ្យ​តុលាការ​ស្វែង​រក​ជន​ដៃដល់​ដែល​នៅ​ពី​ក្រោយ អឿត អាង ហៅ ជួប សម្លាប់។ ប្រជាពលរដ្ឋ​គាត់​កំពុងតែ​ទន្ទឹង​រង់ចាំ​មើល ថា​តើ​ស្ថាប័ន​តុលាការ​នឹង​ចាត់​វិធានការ​យ៉ាង​ម៉េច? មិន​មែន​ថា ពួក​យើង​ភ្លេច​ទេ ពួក​យើង​មាន​ការ​ឈឺចាប់ ដូច្នេះ​ពួក​យើង​នៅ​តែ​ទទូច និង​នៅ​តែ​ចាំ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មែន​ទែន»

កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​កាត់ទោស​ជន​ជាប់ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា ២០០ និង ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។

​តុលាការ​ក៏​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​ជិត​មួយ​ឆ្នាំ​មក​នេះ តុលាការ​មិន​ទាន់​បើក​ការ​ជំនុំជម្រះ ឬ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿង​ដែល​ត្រូវ​បាន​បំបែក​នោះ​ឡើយ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ដើម្បី​សាកសួរ​អំពី​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​តប​អ្វី​ឡើយ។

​ប្រធាន​គ្រប់គ្រង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ​លោក អំ សំអាត សង្កេត​ឃើញ​ថា គ្រប់​ឃាតកម្ម​ទៅ​លើ​សកម្មជន​សង្គម​ សកម្មជន​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល កាល​ពី​ពេល​កន្លង​ទៅ មិន​ដែល​ឃើញ​អាជ្ញាធរ និង​តុលាការ​វែក​មុខ​ចាប់​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​មក​យក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ សមត្ថកិច្ច​តែងតែ​អះអាង​ថា ករណី​ទាំង​នោះ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

​លោក​យល់​ថា ការ​អះអាង​បែប​នេះ មិន​បាន​ធ្វើ​ឱ្យ​សាធារណជន​ស្ងប់ចិត្ត​នោះ​ទេ ជា​ពិសេស​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​អាជ្ញាធរ​បាន​អូស​បន្លាយ និង​ទុក​ឱ្យ​ស្ងប់ស្ងាត់​បែប​នេះ គឺ​ជា​ការ​បង្កើត​ឱ្យ​មាន​នូវ​វប្បធម៌​និទណ្ឌភាព ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៖ «ប្រសិនបើ​មាន​ការ​កើន​ឡើង​នៃ​ឃាតកម្ម​ធំៗ​អ៊ីចឹង វា​មាន​អ្នក​គាំទ្រ ឬ​អ្នក​ដែល​និយម​ទៅ​លើ​ជនរងគ្រោះ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ហ្នឹង គាត់​មាន​ការ​ទាមទារ​ទទូច​ដើម្បី​ស្វែង​រក​យុត្តិធម៌។ ដូច្នេះ​ប្រសិនបើ​បញ្ហា​ទាំង​អស់​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ និង​ស្វែង​រក​យុត្តិធម៌​ទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​អ្នក​គាំទ្រ អ៊ីចឹង​គឺ​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​បោះឆ្នោត​ដែរ។ បើ​យើង​គិត​លើ​បញ្ហា​សិទ្ធិមនុស្ស ប្រសិនបើ​មាន​ករណី​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់ នោះ​វា​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​មាន​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ដែល​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ដើម្បី​ការពារ​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប»

ការ​កាត់​ទោស​ទណ្ឌិត អឿត អាង ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​តុលាការ​ក្រុងភ្នំពេញ ជុំវិញ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ មិន​បាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ស្ងប់ចិត្ត​នោះ​ទេ ត្បិត​សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មន្ទិល និង​ភាព​មិន​ស៊ីចង្វាក់​គ្នា​ជា​ច្រើន​ចំណុច ជាពិសេស​ជុំវិញ​រឿង​លុយ ៣​ពាន់​ដុល្លារ ដែល ជួប សម្លាប់ អះអាង​ថា បាន​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ។

អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ បាន​សារភាព​ប្រាប់​តុលាការ​ថា ដើមហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ គឺ​ដោយសារ​ខ្លួន​ខឹង​នឹង​បណ្ឌិត កែម ឡី ដែល​ឆបោក​លុយ ៣​ពាន់​ដុល្លារ និង​មិន​គោរព​តាម​ពាក្យ​សន្យា​សង់ផ្ទះ​ឱ្យ​ខ្លួន​នៅ​តំបន់​បឹងត្រកួន ជាប់​ព្រំដែន​ថៃ។ លុយ ៣​ពាន់​ដុល្លារ​នោះ អឿត អាង អះអាង​ថា បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ​​ក៏ប៉ុន្តែ​ចម្លើយ​សារភាព​នេះ​ត្រូវ​បាន​រក​ឃើញ​ថា មិន​មែន​ជា​ការពិត​ឡើយ។

ក្រុម​ការងារ​អាស៊ីសេរី ដែល​បាន​ចុះ​ទៅ​សាកសួរ និង​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ភូមិ​ចំការគ អ្នក​ធ្លាប់​ស្គាល់ ជួប សម្លាប់ និង​ជាពិសេស​ក្រុម​គ្រួសារ​របស់ ជួប សម្លាប់ ផ្ទាល់ បាន​រក​ឃើញ​ថា ជន​នេះ​មិន​មាន​ប្រវត្តិ​រស់​នៅ និង​មាន​ដីធ្លី​ទ្រព្យសម្បត្តិ ឬ​កេរអាករ​អ្វី​នៅ​តំបន់​ចំការគ ជាប់​ព្រំដែន​ថៃ ឡើយ ហើយ​កាន់តែ​ជាក់ស្ដែង​ជាង​នេះ គឺ​ប្រពន្ធ​របស់ អឿត អាង ផ្ទាល់ បាន​អះអាង​ថា ប្តី​របស់​គាត់​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន និង​មិន​ដែល​មាន​លុយ​ជាប់​នឹង​ខ្លួន​ផង ដូច្នេះ​ជន​នេះ​មិន​អាច​មាន​លុយ​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ​ទេ។

​ដូច្នេះ​មានន័យ​ថា អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ អាច​មាន​មូលហេតុ​ផ្សេង​នៅ​ពី​ក្រោយ​ដែល​មិន​មែន​ជា​រឿង​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ ដូច្នេះ​អ្វី​ដែល​សាធារណជន​ទន្ទឹង​រង់ចាំ​នោះ គឺ​ថា​តើ​ការ​ស៊ើប​អង្កេត​បន្ត​របស់​តុលាការ នឹង​អាច​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូចជា អ្នក​លក់​កាំភ្លើង​ឱ្យ ជួប សម្លាប់ អ្នក​ទទួល​ឱ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ យក​មក​ផ្ដន្ទាទោស​បាន​ដែរ ឬ​យ៉ាង​ណា?

​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី គឺ​ជា​សកម្មជន​សង្គម​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជាង ១០០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​ចាប់​ពី​ឆ្នាំ​១៩៩៣ មក​ទល់​នឹង​សព្វថ្ងៃ។ សំណុំរឿង​ទាំង​ជាង ១០០​ករណី​នេះ គ្មាន​សំណុំរឿង​ណា​ដែល​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​ឡើយ ព្រោះ​ឃាតក​ពិត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស ហេតុ​នេះ​ហើយ​ទើប​មន្ត្រី​សិទ្ធិមនុស្ស​យល់​ឃើញ​ថា សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ក៏​ទំនង​ជា​គ្មាន​យុត្តិធម៌​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សំណុំរឿង​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​មាន​ការ​ទាមទារ​លទ្ធផល​ស៊ើប​អង្កេត"

  1. ?? says:

    I love the country and the people but I did not like the leaders. the reason why????? the people life in Cambodia is so cheap it is cheaper then animal life in western nation. in POL POT regime we can say it was the communist regime they murder a lot of our people . start from 1979 Cambodian though a GOD cam to save them in 1993 Cambodian though they have a good Democracy’s leader lead the country in peaceful mean but so sad one evil leader after the other they did not keep their people as their blood nation instate they keep the as some thing that is their belonging . from 1975 up until now the murder still doing their act again our poor Cambodian . the lost of Cambodian life can not even find out who was their murder after all we can say the murder is at large they are living among Cambodian every day. if justice in Cambodia not working right now I hop justice in haven will serve our people in the dark side . GOD bless Cambodian and their nation

Leave a Reply

Submit Comment