ផ្តន្ទាទោស​អ្នក​ជេរលោក ហ៊ុន សែន ថាសម្លាប់​លោក កែម ឡី ដាក់​គុក១ឆ្នាំ

ស្ត្រីជាប់ចោទ នៅពេល​ចាប់ខ្លួនបញ្ជូន​មក​តុលាការ​ភ្នំពេញ​ កាលពីខែកក្កដា ឆ្នាំ២០១៧។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្ត្រី​ដែល​ចោទ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​តុលាការ​កាត់ ទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ និង​ពិន័យ​ប្រាក់​ ១​ លាន​រៀល។

លោក អ៊ី ឋាវរៈ ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ធ្វើ​ការ​ប្រកាស​សាល​ក្រម​ចំពោះ​មុខ​ជន​ជាប់​ចោទ និង​ផ្តន្ទាទោស​ស្រ្តី​ឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ អាយុ៣ ៧​ ឆ្នាំ ដោយ​ដាក់​ពន្ធនាគារ​ ១​ ឆ្នាំ និង​ពិន័យ​ប្រាក់​ ១​ លាន​រៀល​ចូល​ថវិការដ្ឋ។

ជនជាប់ចោទ​ ហ៊ីន វ៉ាន់ស្រីពៅ បាន​ប្រើ​ឈ្មោះក្នុង​ហ្វេសប៊ុកថា ហេង លក្ខិណា។

លោក អ៊ី ឋាវរៈ ថ្លែង​ថា៖ «ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ ហ៊ិន វ៉ាន់​ស្រី​ពៅ អាយុ​ ៣៧ ​ឆ្នាំ​ ដាក់​ពន្ធនាគារ​១​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ ១​ លាន​រៀល​ចូល​ថវិការដ្ឋ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​តាម​មាត្រា​» តាម​មាត្រា ៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​ ៩ ខែ​កក្កដា ឆ្នាំ​២០១៨ បើក​ផ្លូវ​ប្តឹង​ទាស​និង​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់»។

ហ៊ិន វ៉ាន់ស្រីពៅ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​របស់​ក្រសួង​មហា​ផ្ទៃ​​កាល​​ពី​​ថ្ងៃ​ទី ​១២​ ខែ​​កក្កដា ឆ្នាំ​​២០១៧ បន្ទាប់​​ពី​​បានចោទ​ប្រកាន់​ តាម​បណ្តាញ​ហ្វេស​ប៊ុក​ថា លោក សែន និង​សមាជិក​គ្រួសារ​ បាន​សម្លាប់​លោក​បណ្ឌិត កែម ឡី៕


Contact author: នៀម ឆេង

What Next?

Recent Articles