មន្ត្រី​បក្ស​កាន់​អំណាច​ថា​ទោះ​សេះ​ដុះ​ស្នែង​ក៏​បក្ស​ប្រឆាំង​មិន​អាច​ចូលរួម​បោះឆ្នោត​បាន​ដែរ

ដោយ តាំង សារ៉ាដា
2018-01-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រតិកម្ម​តប​ទៅ​នឹង​កិច្ច​ខិតខំ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ស្វះ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ក្រៅ​ប្រទេស ថា ជា​ក្រុម​ឧទ្ទាម​និយម​ក្រៅ​​ប្រទេស។ លោក សុខ ឥសាន ឌឺដង​ថា ទោះ​សេះ​ដុះ​ស្នែង​ក៏​បក្ស​ប្រឆាំង​មិន​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខ​បាន​នោះ​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ព្រមាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ថា ការ​បន្ត​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម កាន់តែ​នាំ​ឲ្យ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់។ អ្នកនាំពាក្យ​រូប​នេះ សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ហៅ កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោ​វិទ្យា ជា​កូន​ឧទ្ទាម។ លោក​ឌឺដង​ផ្លែផ្កា​ទៀត​ថា កញ្ញា កឹម មនោវិទ្យា ពេលនេះ​បាន​តាំង​ខ្លួន​ដូចជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី​ជប៉ុន។

លោក សុខ ឥសាន លើកឡើង​ទៀត​ថា ដើម្បី​ដោះ​បន្ទុក​ឪពុក​របស់​ខ្លួន កញ្ញា កឹម មនោវិទ្យា បាន​ដើរ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក ដូចជា ទៅ​ប្រជុំ​ជាមួយ​តំណាង​អចិន្ត្រៃយ៍​អាមេរិក និង​សហភាព​អឺរ៉ុប ប្រចាំ​អង្គការសហប្រជាជាតិ​សុំ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ សុំ​ឲ្យ​បិទ​ទីផ្សារ​ទំនិញ​កម្ពុជា សុំ​ឲ្យ​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ជាន់​ទឹកដី​អាមេរិក​ជាដើម។ លោក​បន្ត​ថា ឥឡូវនេះ កូនស្រី លោក កឹម សុខា បាន​បន្ត​ជួប​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស សហរដ្ឋអាមេរិក ដោយ​សុំ​គេ​ឲ្យ​បន្ថែម​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ដាក់ឈ្មោះ​ចំៗ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ និង​ប្រាក់​ផ្ញើ​នៅ​បរទេស និង​សុំ​ឲ្យ​ជប៉ុន​កាត់​ជំនួយ​ដល់​គ..ប​ទៀត។ លោក​អះអាង​ថា កូន​ឧទ្ទាម​នេះ​នឹង​មិន​បាន​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ទេ។

ប៉ុន្តែ​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា មិន​យល់​ដូច្នេះ​ទេ។ ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែ​មករា កញ្ញា កឹម មនោវិទ្យា និយាយ​ថា ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល កម្ពុជា​គឺ​កំពុង​តែ​មាន​ជា​បន្តបន្ទាប់​ហើយ។

កញ្ញា​ជឿជាក់​ថា សហរដ្ឋអាមេរិក​នឹង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន។ ជាង​នេះ​ទៅ​ទៀត កញ្ញា កឹម មនោវិទ្យា សង្ឃឹមថា សម្ព័ន្ធ​មិត្ត​អាមេរិក ក៏​នឹង​មាន​វិធានការ​បន្ត​ទៀត​ដែល​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ «»

ចំពោះ​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កញ្ញា កឹម មនោវិទ្យា ជា​កូន​ឧទ្ទាម កូន​ជន​ក្បត់ជាតិ ក្បត់​ជាតិ​ទាំង​ឪ​នឹង​កូន កូនស្រី​ច្បង​របស់​លោក កឹម សុខា រូប​នេះ ឆ្លើយតប​វិញ​ថា កញ្ញា​គ្មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការចោទប្រកាន់​ទាំង​នោះ​ទេ។ កញ្ញា ថា ការចោទប្រកាន់​ទាំង​នេះ​គឺ​កាន់តែ​បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​ទង្វើ និង​ឥរិយាបថ​របស់​គណបក្ស​កាន់អំណាច​ទៅវិញ​ទេ។

ទាក់ទង​ការ​ឆ្លង​ឆ្លើយ​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បន្ត​វាយប្រហារ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហាញ​ការ​ងឿងឆ្ងល់​ថា​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​លោក ហ៊ុន សែន បាន​ហាម​មន្ត្រី​របស់​ខ្លួន​មិន​ឲ្យ​ឆ្លងឆ្លើយ​ជាមួយ​បក្ស​ប្រឆាំង​ដែល​លោក​ចោទ​ប្រកាន់​ថា ជា​ក្រុម​ក្រៅច្បាប់ តើ​ហើយ​អ្វី​បានជា​ពេលនេះ មន្ត្រី​របស់​លោក​នៅតែ ឆ្លើយឆ្លង​ជាមួយ​គណបក្ស​ប្រឆាំង​ទៅវិញ? «»

ខណៈ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នឹង​ប្រព្រឹត្តទៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​ចោទ​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ក្បត់ជាតិ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា និង​ហាម​មិន​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ធ្វើ​នយោបាយ​រយៈ​៥​ឆ្នាំ។ នៅ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដាក់​ទោស​ក្រុម​បក្ស​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត។

ជាង​នេះ​ទៅ​ទៀត ក្រសួងមហាផ្ទៃ​ក៏​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស។ យ៉ាងណា​ក៏​ចុះ កញ្ញា កឹម មនោវិទ្យា អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​ចំពោះ​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ហើយ​ថា ការ​រឹតត្បិត​របស់​គណបក្ស​កាន់អំណាច កាន់​តែ​ខ្លាំង​គឺ​កាន់តែ​បាត់បង់​ប្រជាប្រិយភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "មន្ត្រី​បក្ស​កាន់​អំណាច​ថា​ទោះ​សេះ​ដុះ​ស្នែង​ក៏​បក្ស​ប្រឆាំង​មិន​អាច​ចូលរួម​បោះឆ្នោត​បាន​ដែរ"

  1. Anonymous says:

    វាមានន័យថា​ មានតែបក្ស អត់ចេះប្រឆាំងទេទើបអាចចូលរួមបោះឆ្នោតបានមែន????

  2. សិលា says:

    មិនដឹងពេលណាទើបជាតិខ្មែរមួយនេះ អាចរួបរួមគ្នាបានទេ? បើអស់លោកពូកែតែខាងដុតភ្លើង និងថែមប្រេងយ៉ាងនេះ????

  3. ?? says:

    OH ….GOD at first I though this guy is blind by looking to his tiny eyes I do not think he can see clearly as normal human being. GOD come one to one MR we are same wait same size same ages come on to any ring in western OK. SOK ESAN I love you so much just about swallow you and keep you in my stomach . every time you speak make me so proud of you that I can not imagine you can find the way to lease your evil boss. GOD bless Cambodia

  4. ?? says:

    OH ….GOD at first I though this guy is blind by looking to his tiny eyes I do not think he can see clearly as normal human being. GOD come one to one MR we are same wait same size same ages come on to any ring in western OK. SOK ESAN I love you so much just about swallow you and keep you in my stomach . every time you speak make me so proud of you that I can not imagine you can find the way to please your evil boss. GOD bless Cambodia

Leave a Reply

Submit Comment