ពលរដ្ឋ​និង​អ្នក​ឃ្លាំមើល​បរិស្ថាន​បារម្ភ​ចិន​មាន​បំណង​អភិវឌ្ឍ​ថាមពល​​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ

ដោយ មាន ឫទ្ធិ
2018-01-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ឋិត​នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
ពលរដ្ឋ​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ឋិត​នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ និង​អ្នក​ឃ្លាំមើល​ផ្នែក​បរិស្ថាន ចាត់​ទុក​សេចក្ដី​សម្រេច​ជា​ឯកច្ឆាន​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ-​ឡានឆាង លើក​ទី​២ រវាង​ប្រទេស​ទាំង​៦ ដែល​មាន​ចិន ជា​សហប្រធាន ទំនង​ជា​ចង់​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទាញ​ថាមពល​អគ្គិសនី​ជា​កត្តា​ចម្បង។ ពួកគេ​បារម្ភ​ថា ផែនការ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​ក្នុង​អាង​ទន្លេ​មេគង្គ​របស់​ចិន គឺ​ផ្តោត​សំខាន់​តែ​រឿង​គោលនយោបាយ​ប្រទេស និង​ប្រទេស ច្រើន​ជាង​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាន សង្គម និង​ជីវភាព​ប្រជាជន​រាប់​លាន​នាក់។

អ្នកឃ្លាំមើល​បរិស្ថាន​មើល​ឃើញ​ថា ឥទ្ធិពល​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន គឺ​សហគមន៍​មូលដ្ឋាន​ច្រើន​ទទួល​រង​គ្រោះ និង​មាន​ចំណុច​អវិជ្ជមាន​ច្រើន ព្រោះ​ប្រទេស​ចិន តែងតែ​មើល​ឃើញ​ផល​ប្រយោជន៍​របស់​ប្រទេស​ខ្លួន ច្រើន​ជាង​ផលប្រយោជន៍​ពលរដ្ឋ​មូលដ្ឋាន។ លើស​ពី​នេះ ប្រទេស​ចិន មាន​ការ​សិក្សា​ផល​ប៉ះពាល់​លឿន ហើយ​បាន​ចាប់​យក​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ជា​កត្តា​សំខាន់ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​របស់​សហគមន៍​មូលដ្ឋាន បើ​ទោះ​បី​ជា​គោលនយោបាយ​របស់​ម្ចាស់​ប្រទេស​នោះ បាន​គាបសង្កត់​ផ្នែក​នយោបាយ​យ៉ាង​ណា​ក្តី។ រី​ឯ​ភារកិច្ច​ដោះស្រាយ​បញ្ហា​សំណង និង​ផល​ប៉ះពាល់ គឺ​ចិន ទុក​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ។

​កន្លង​ទៅ ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ទំនប់​ដនសាងហុង (Don Sahong) និង​ទំនប់​សាយ៉ាបូរី (Xayaburi) របស់​ឡាវ បើ​ទោះ​បី​ជា​ទំហំ​ផល​ប៉ះពាល់​មាន​លក្ខណៈ​ធំធេង​យ៉ាង​ណា​ក្តី ក៏​ចិន នៅ​តែ​បន្ត​ការ​អភិវឌ្ឍន៍​របស់​ខ្លួន។

​សកម្មជន​បរិស្ថាន​ដែល​តែង​ចុះ​តាម​ដាន​ពី​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង លោក ជុំ ហួត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ថា រដ្ឋាភិបាល ៦​ប្រទេស ដែល​ជា​សមាជិក​កិច្ចប្រជុំ​មេគង្គ-​ឡានឆាង មិន​បាន​ជជែក​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជីវភាព សន្តិសុខ​ស្បៀង សង្គម និង​បំណិត​ជីវិត​នោះ​ទេ គឺ​ផ្ដោត​សំខាន់​តែ​ទាញ​យក​ប្រយោជន៍​ពី​ទន្លេ​មក​អភិវឌ្ឍ។ លោក​ថា បច្ចុប្បន្ន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​មិន​ទាន់​ដោះស្រាយ​ចប់ និង​ហាក់​មិន​ទទួល​ខុសត្រូវ រួម​មាន ការ​ផ្ដល់​សំណង​មិន​សមរម្យ ប៉ះពាល់​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​សហគមន៍ និង​ធនធាន​ត្រី​ធ្លាក់​ចុះ​ជាដើម។

លោក​កត់សម្គាល់​ថា ការ​សំណូមពរ​របស់​ប្រជាជន​តាម​ដង​ទន្លេ​មេគង្គ ដែល​ចង់​ឲ្យ​មាន​ការ​អភិរក្ស​ច្រើន​ជាង​ការ​អភិវឌ្ឍ តែ​ពុំ​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​នោះ​ទេ។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល ៦​ប្រទេស​ទាំង​នោះ ជជែក​គ្នា​ស្វែង​រក​ដំណោះស្រាយ​រួម និង​ទទួល​ខុស​ត្រូវ​ពី​អនាគត​ទន្លេ​មេគង្គ ព្រមទាំង​បើក​ឱកាស​ទូលាយ ពិភាក្សា​ជាមួយ​សហគមន៍៖ «ខ្លឹមសារ​ប្រជុំ​ទាំង​មូល​ហ្នឹង មាន​គោលដៅ​ចម្បង​ចាំបាច់​យ៉ាង​ដូច​ម្តេច ដែល​ប្រជាជន​គាត់​ត្រូវការ​ក្នុង​ការ​រស់នៅ​ជីវភាព​ប្រចាំថ្ងៃ ក៏​ដូចជា​កែប្រែ ឬ​កាត់​បន្ថយ​ភាព​ក្រីក្រ គឺ​អត់​មាន​សោះ​ក្នុង​កិច្ចប្រជុំ។ ឥឡូវ ប្រជាជន​គាត់​កំពុង​ប៉ះពាល់​ទំនប់ ដូច​ការ​ការ​ប្រែប្រួល​ទឹក ការ​ថយ​ចុះ​ត្រី និង​ការ​បាត់បង់​ព្រៃ​លិច​ទឹក​តាម​ដង​ទន្លេ​មេគង្គ តើ​រដ្ឋាភិបាល​គាត់​ដោះស្រាយ​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ឡើង​វិញ»

ពលរដ្ឋ​រស់នៅ​ទន្លេ​មេគង្គ ខែត្រ​ស្ទឹងត្រែង លោក សុខ វាសនា បារម្ភ​ថា បទពិសោធន៍​ផល​ប៉ះពាល់​ជាក់ស្ដែង​របស់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ លើ​ពលរដ្ឋ​ប្រមាណ​ជាង ១​ពាន់​គ្រួសារ រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​ដោះស្រាយ​រួច​រាល់​នៅ​ឡើយ ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក រួម​មាន​ការ​ជម្លៀស​ពី​លំនៅឋាន​ដោយ​បង្ខំ កុមារ​ជា​ច្រើន​បោះបង់​ការ​សិក្សា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ក្រោម​លេស​សំអាត​ផ្ទៃ​អាង​ដើម្បី​សាងសង់​ទំនប់ គឺ​ជា​ហេតុផល​ចម្បង​នាំ​ឲ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន៖ «យើង​ព្រួយ​បារម្ភ​អភិវឌ្ឍន៍​តាម​ដង​ទន្លេ​មេគង្គ ដោយ​អត់​តម្លាភាព ធ្វើ​ទៅ​មិនបាន​សិក្សា​ស្រាវជ្រាវ​ស៊ី​មជ្រៅ។ កន្លង​ទៅ​ទំនប់​ដៃ​ទន្លេ​សេសាន មាន​ផល​ប៉ះពាល់​ច្រើន ទម្រាំ​អភិវឌ្ឍន៍​តួ​ទន្លេ​មេគង្គ​ផង នឹង​ប៉ះពាល់​ច្រើន បើ​ការ​អភិវឌ្ឍ​មិន​បាន​សិក្សា និង​វិភាគ​ឲ្យ​បាន​ដិតដល់»

​កាល​ពី​ដើម​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ចុះ​ធ្វើការ​សិក្សា​ពី​លទ្ធភាព​នៃ​គម្រោង​វារីអគ្គិសនី និង​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ដង​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង នៃ​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ឥទ្ធិពល​នៃ​ការ​អភិវឌ្ឍ​ថាមពល​អគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​របស់​ចិន នឹង​ចាប់​យក​តួ​ទន្លេ​មេគង្គ ដែល​ជា​ទន្លេ​ពុះ​ច្រៀក​ប្រទេស​កម្ពុជា ជា​ទិសដៅ​អភិវឌ្ឍន៍​ចិរភាព ក៏ប៉ុន្តែ​ដំណើរការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ជាក់ស្ដែង នឹង​ធ្វើ​ឲ្យ​មច្ឆជាតិ និង​ជីវចម្រុះ​ត្រូវ​ធ្លាក់​ចុះ និង​ខូចខាត​ចរន្តទឹក​ប្រែប្រួល​ខុស​ប្រក្រតី ជាពិសេស​បង្ក​ការ​លំបាក​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ក្នុង​ការ​ជម្លៀស​ចេញពី​ភូមិ​កំណើត។

​តំបន់​ដែល​រដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប វិនិយោគ​មាន ៣​ទីតាំង​ផ្សេង​គ្នា រួម​មាន ទី​១ ឋិត​នៅ​ស្រុក​សំបូរ ខែត្រ​ក្រចេះ ទី​២ ឋិត​នៅ​តំបន់​រ៉ាំសា នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង និង​ទី​៣ ឋិត​នៅ​ដង​ទន្លេ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខែត្រ​ស្ទឹងត្រែង។

​អតីតមន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​បរិស្ថាន លោក មៀច មាន មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​ជា​អ្នក​សម្រេច​ចិត្ត​ថា គួរ​សាងសង់​ទំនប់​វារីអគ្គិសនី ឬ​មិន​គួរ​សាងសង់៖ «បើ​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា យើង​គួរ​តែ​រៀបចំ​ផែនការ​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់ ល្អ និង​ចាត់​អាទិភាព​របស់​វា​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស ព្រោះ​អី​តំបន់​សក្ដានុពល​ស្រុក​ខ្មែរ​យើង​មិន​ពិបាក​ទេ។ ឥឡូវ​រដ្ឋាភិបាល​កំពុង​មើល​ឃើញ​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ពី​ប៉ារ៉ាម៉ាណូ​ទៀត វា​កាត់​តែ​ប្រសើរ​ហើយ មិន​ចាំបាច់​ទៅ​ដល់​ថ្នាក់​ទប់​ទន្លេ​មេគង្គ​ទាំង​មូល​ធ្វើ​វារីអគ្គិសនី​រាំង​ខ្ទប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្លួន​ឯង មិន​ចាំបាច់​ទេ!»

​មន្ត្រី​សង្គម​ស៊ីវិល​វាយ​តម្លៃ​ថា តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា ច្រើន​បំផុត ១​ម៉ឺន ៥​ពាន់​មេហ្កាវ៉ាត់ (១៥.០០០)។ ថាមពល​ទាំង​នេះ​អាច​ទាញ​ពី​ថាមពល​ខ្យល់ ថាមពល​កម្ដៅ​ព្រះអាទិត្យ និង​ថាមពល​ធ្យូងថ្ម ជាដើម ដោយ​មិន​ចាំបាច់​បិទ​ទន្លេ​មេគង្គ​ផលិត​ថាមពល​អគ្គិសនី​តែមួយ​មុខ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment