មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​ស្ទង់​មតិ​គ្រូបង្រៀន​នៅ​ខែត្រ​តាកែវ

ដោយ ជាតិ ចំណាន
2018-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦ (Photo: RFA)
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦ (Photo: RFA)


ក្រុម​គ្រូបង្រៀន​នៅ​ខែត្រ​តាកែវ អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា មាន​មនុស្ស​មួយ​ក្រុម​បាន​ពាក់​ឯកសណ្ឋាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​យក​សំណួរ​ចំនួន ៤​ទំព័រ ទាក់ទង​នឹង​លទ្ធភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​កែទម្រង់​រដ្ឋាភិបាល និង​ការ​ផ្ដន្ទាទោស​មេ​បក្ស​ប្រឆាំង​ទាំង ២​នាក់ ទៅ​ស្ទង់​មតិ​ពួកគេ។

​គ្រូបង្រៀន​ដែល​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី អះអាង​ថា ដំបូង​ក្រុម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រាប់​ពួកគាត់​ថា ការ​ចុះ​មក​ដល់​សាលា គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពិនិត្យ​មើល​សំណួរ​ទាំង​អស់​នោះ ពួកគាត់​យល់​ថា មិន​មែន​ជា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ទេ តែ​ជា​ប្រភេទ​សំណួរ​ដើម្បី​ស្ទង់​មតិ​អំពី​សកម្មភាព​ដឹកនាំ​រដ្ឋាភិបាល និង​អារម្មណ៍​របស់​ពលរដ្ឋ​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «»។

​នៅ​ក្នុង​កម្រង​សំណួរ​កម្រាស់ ៤​ទំព័រ​នោះ ចាប់​ផ្ដើម​ដំបូង​ដោយ​សួរ​ថា តើ​ការ​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​សព្វថ្ងៃ​មាន​សារសំខាន់​ដែរ ឬ​ទេ? តើ​គណបក្ស ឬ​ឥស្សរជន​នយោបាយ​ណា​មួយ​ដែល​អ្នក​គាំទ្រ? ក្នុង​ចម្លើយ​មាន លោក សម រង្ស៊ី លោក កឹម សុខា លោក ញឹក ប៊ុនឆៃ ទ្រង់ នរោត្តម រណឫទ្ធិ លោក ម៉ម សូណង់ដូ លោក ខឹម វាសនា លោក ហ៊ុន សែន លោក ហេង សំរិន លោក ស ខេង ឬ​លោក ហ៊ុន ម៉ាណែត។

នៅ​ក្នុង​កម្រង​សំណួរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​តាក់តែង​សម្រាប់​ផ្សព្វផ្សាយ​នោះ​ក៏​មាន​សំណួរ​សួរ​ថា តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​កាត់​ទោស​លោក សម រង្ស៊ី លោក កឹម សុខា? តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ទោស​ក្បត់​ជាតិ​របស់​លោក កឹម សុខា? ចំណែក​ក្នុង​ប្រភេទ​ចម្លើយ​វិញ ACU មាន​ប្រភេទ​ចម្លើយ​៣ ឲ្យ​ជ្រើសរើស គឺ​លោក ហ៊ុន សែន ចង់​ធ្វើ​បាប​បក្ស​ប្រឆាំង ឬ​បក្ស​ប្រឆាំង​ធ្វើ​ខុស​សម​នឹង​ទោស ឬ​គ្មាន​ចម្លើយ។

​សំណួរ​បាន​បន្ត​សួរ​អំពី​បញ្ហា​ព្រំដែន ដោយ​សួរ​ថា តើ​អ្នក​យល់​ថា សម្ដេច ហ៊ុន សែន ជា​អ្នក​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី ឬ​យ៉ាង​ណា? តើ​អ្នក​បាន​ស្ដាប់​ការ​អត្ថាធិប្បាយ ៤​ម៉ោង របស់​សម្ដេច ហ៊ុន សែន និយាយ​ពី​បញ្ហា​ព្រំដែន ឬ​ទេ? តើ​ហេតុអ្វី​បាន​ជា​គេ​បន្ត​បោះឆ្នោត​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន? ហេតុ​អ្វី​គេ​ឈប់​បោះ​ឲ្យ? និង​សំណួរ​មួយ​ចំនួន​ទៀត​ដែល​អាច​ឲ្យ​គ្រូបង្រៀន​អាច​គូស​ជ្រើស​រើស​ចម្លើយ​មួយ ឬ​ច្រើន​បាន។ ក្នុង​កម្រង​សំណួរ​មាន​សំណួរ​មួយ​ប្រហែល​ជា​ចង់​ដឹង​ថា ការ​សម្រេចចិត្ត​របស់​លោក ហ៊ុន សែន លើកលែងទោស​ម្ដង​ឲ្យ​លោក កឹម សុខា មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាច​ជា​ការ​គិត​ខុស ឬ​ដើម្បី​បរិយាកាស​ល្អ​ឲ្យ​ការ​បោះ​ឆ្នោត​ស្មើ​ភាព? ចំណែក​ចុង​ក្រោយ​គឺ​សួរ​ថា តើ​អ្នក​ជឿ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​កែទម្រង់​បាន​ជោគជ័យ ឬ​ទេ?

ការ​ស្ទង់​មតិ​គ្រូបង្រៀន​នៅ​ខែត្រ​តាកែវ មិន​បាន​តម្រូវ​សម្រាប់​គ្រូបង្រៀន​ជា​ទូទៅ​ទេ គឺ​ជ្រើស​រើស​យក​តំណាង​គំរូ ក្នុង​នោះ​មាន​នាយក​សាលា នាយក​រង ប្រធាន​ការិយាល័យ និង​ក្រុម​គ្រូបង្រៀន​ដែល​ជា​ប្រធាន​ក្រុម​បច្ចេកទេស​តែប៉ុណ្ណោះ។ នៅ​ក្នុង​កម្រង​សំណួរ​ស្ទង់​មតិ​ទាំង ៤​ទំព័រ​នោះ ក៏​មិន​តម្រូវ​ឲ្យ​ដាក់​ឈ្មោះ​ដែរ និង​គ្មាន​ការ​បង្ខិតបង្ខំ​ឲ្យ​គ្រូបង្រៀន​គូស​យក​ចំណុច​ល្អៗ​របស់​រដ្ឋាភិបាល​ទេ។ ប៉ុន្តែ​គ្រូបង្រៀន​ប្រាប់​ថា ពួកគេ​បាន​ឆ្លើយ​ពី​ការ​ស្ទង់​មតិ​នោះ​​ដោយ​មិន​បាន​ចេញ​ពី​អារម្មណ៍​ពិត​ទេ ព្រោះ​គ្រូបង្រៀន​មិន​ហ៊ាន​គូស​ចំណុច​មិន​ល្អ​របស់​រដ្ឋាភិបាល និង​មិន​ហ៊ាន​ជំទាស់​ថា លោក សម រង្ស៊ី លោក កឹម សុខា គ្មាន​ទោស​ដែរ។

​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា អតីត​ជំនួយ​ការ​របស់​លោក កឹម សុខា លោក ហ៊ីង សុខសាន្ដ ក៏​បាន​បង្ហោះ​ទំព័រ​ទី​១ នៃ​កម្រង​សំណួរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ដែរ។ អម​ដោយ​កម្រង​សំណួរ លោក ហ៊ីង សុខសាន្ដ សរសេរ​ថា មិន​ដឹង​ថា​កូនចៅ​​សម្ដេច ឬ​មួយ​សម្ដេច​ផ្ទាល់​ទេ ដែល​ធ្វើ​ការ​ស្ទង់​មតិ​នេះ?

​បន្ថែម​ពី​ការ​សរសេរ​នេះ លោក ហ៊ីង សុខសាន្ដ ប្រាប់​អាស៊ីសេរី​ថា ការ​ស្ទង់​មតិ​បែប​នេះ អាច​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ដាក់​បន្ទុក​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ការ​ស្ទង់​មតិ​ដែល​ប្រើប្រាស់​អង្គភាព​រដ្ឋ ប៉ុន្តែ​សំណួរ​ទាំង​នេះ​ហាក់​ធ្វើ​ឡើង​ក្នុង​គោលបំណង​បម្រើ​ឲ្យ​គណបក្ស​កាន់​អំណាច៖ «»។

​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​សាកសួរ​ពី​ការ​ស្ទង់​មតិ​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​ស្ទង់​មតិ​គ្រូបង្រៀន​នៅ​ខែត្រ​តាកែវ"

  1. people says:

    What kind of this ACU?? what kind of job this department doing?? I never believe this department working for people or for nation?? this department just to make international believe this country have ACU ‘and cheated cambodian people ‘ this department not independent and working only for veitcong mafia dictator and his groups. This department call ACU”” no should call Corruption department ‘. GOD bless all cambodian people’