អតីត​អ្នក​បុរីកីឡា​ដែល​ត្រូវ​បាន​បណ្ដេញ​ទៅ​រស់​នៅ​ភ្នំបាត​បន្ត​ដង្ហោយ​រក​ជំនួយ​មនុស្សធម៌

ដោយ ជាតិ ចំណាន
2018-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​សហគមន៍​ភ្នំបាត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដាក់​ញត្តិ​ទាមទារ​រក​សំណង​បន្ថែម​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA
ពលរដ្ឋ​សហគមន៍​ភ្នំបាត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដាក់​ញត្តិ​ទាមទារ​រក​សំណង​បន្ថែម​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA


អតីត​ប្រជាពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) ប្រើ​កម្លាំង​សមត្ថកិច្ច​ទៅ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​យក​ដីធ្លី​មក​អភិវឌ្ឍ និង​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំ​បាត ស្ថិត​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បន្ត​អំពាវនាវ​ស្វែង​រក​ជំនួយ​សប្បុរសធម៌ ខណៈ​ដែល​ជីវភាព​របស់​ពួកគេ​កាន់តែ​ធ្លាក់​ដុនដាប​ខ្លាំង។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ត្រូវតែ​គិតគូរ​ទុក្ខ​លំបាក​របស់​ពួកគាត់​ត​ទៅ​ទៀត គឺ​មិន​មែន​យក​ពួកគាត់​ទៅ​បោះបង់​ចោល​បែប​នេះ​ទេ។

​អតីត​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​បុរីកីឡា ទាំង ១៤០​គ្រួសារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ផានអ៊ីម៉ិច ដឹក​ទៅ​ចាក់ចោល​នៅ​តំបន់​ភ្នំ​បាត ស្ថិត​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ដើម​ឆ្នាំ​២០១២ កន្លង​ទៅ គឺ​បច្ចុប្បន្ន​កំពុង​ធ្លាក់​ខ្លួន​ជា​អ្នក​សុំទាន សុំ​បាយ​វត្ត​បរិភោគ និង​ខ្លះ​ទៀត​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ស្រប​ពេល​កន្លែង​រស់​នៅ​សព្វថ្ងៃ​របស់​ពួកគាត់​ស្ថិត​នៅ​ទីតាំង​ដាច់ស្រយាល គ្មាន​មុខ​របរ​ត្រឹមត្រូវ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន និង​គ្មាន​ផ្សារ​ជាដើម។

​តំណាង​សហគមន៍​ភ្នំ​បាត គឺ​អ្នកស្រី ខៀវ ឡៃ រៀបរាប់​ថា វា​មាន​រយៈពេល ៦​ឆ្នាំ​ហើយ ស្ថានភាព​រស់​នៅ​របស់​ពួកគាត់​ហាក់​មិន​ប្រសើរ​ជាង​មុន​នោះ​ទេ ពោល​គឺ​កាន់​តែ​លំបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បើ​ទោះ​បី​ជា​ពួកគាត់​ខំប្រឹង​រើ បម្រះ​ចេញពី​ទុក្ខសោក និង​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ណា​ក្តី៖ «»។

អ្នក​រស់​នៅ​ភ្នំ​បាត សព្វថ្ងៃ​រស់​នៅ​ពឹង​ទាំង​ស្រុង​លើ​ជំនួយ​សប្បុរសធម៌ ព្រោះ​រដ្ឋាភិបាល​មិន​ដែល​អើពើ​ចំពោះ​ពួកគាត់​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ស្ត្រី​ម្នាក់​ទៀត​ដែល​ទើប​បាត់បង់​ម្ដាយ​ដោយសារ​គ្មាន​លុយ​ព្យាបាល​នោះ លើក​ឡើង​ថា ពួកគាត់​រស់​នៅ​វេទនា​ខ្លាំង ដោយ​ម្នាក់ៗ​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​សុំទាន និង​សុំ​បាយ​វត្ត​បរិភោគ។ មាន​វ័យ ៣៧​ឆ្នាំ អ្នកស្រី គង់ សំណាង រៀបរាប់​ទាំង​ភ្នែក​ថា បច្ចុប្បន្ន​នេះ​គ្រួសារ​អ្នកស្រី​កំពុង​រស់​នៅ​ក្រោម​ផ្ទះ​អ្នក​ជិត​ខាង បន្ទាប់ពី​ផ្ទះ​របស់​ខ្លួន​ដួល​រលំ​បាត់​ទៅ។ អ្នកស្រី​ថា គ្មាន​អ្នក​ណា​ម្នាក់​ចង់​ទៅ​សុំទាន​នោះ​ទេ ប៉ុន្តែ​ដោយសារ​ជីវភាព​ទាល់ក្រ​ខ្លាំង​ពេក ទើប​កាត់​កេរ្តិ៍​កាត់ខ្មាស​បែប​នេះ៖ «»។

អតីត​អ្នក​បុរីកីឡា នៅ​ភ្នំបាត ៨៥៥ ២០១៧
អតីត​អ្នក​បុរីកីឡា រស់​នៅ​តំបន់​ភ្នំបាត លោកស្រី សាន សារ៉ុម ដើរ​ស៊ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​អ្នក​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA

ក្មេងៗ​នៅ​ទី​នោះ​មិន​បាន​ទៅ​រៀន​ជាប់​លាប់​ទេ ដោយសារ​ពួកគេ​អាណិត​ម្ដាយ​ក៏​ទៅ​សុំ​ទាន​ដែរ ដើម្បី​បាន​លុយ​សម្រាប់​អោយ​ម្ដាយ​ទិញ​អង្ករ និង​ម្ហូប។ អាហារ​ថ្ងៃ​ត្រង់​របស់​ពួកគាត់ គឺ​បាន​ដោយសារ​កូនៗ​ទៅ​យក​ពី​វត្ត​នៅ​ក្បែរ​នោះ ដែល​នៅ​សេសសល់​ក្រោយ​ពី​ព្រះសង្ឃ​ឆាន់​រួចរាល់។

​នៅ​ក្នុង​សហគមន៍​ភ្នំ​បាត​នោះ ផ្ទះ​របស់​ពលរដ្ឋ​គឺ​បិទបាំង​ដោយ​ស្លឹក​ត្នោត​ធ្លុះធ្លាយ និង​ប្រក់​ដំបូល​ដោយ​ស័ង្កសី​ផុត​ពី​ដី​ប្រហែល​ពីរ​ម៉ែត្រ ទ្រ​ដោយ​សសរ​ទំហំ​ប៉ុន​ភ្លៅ។ តែ​ឥឡូវ​ទ្វារ​ផ្ទះ​ជាច្រើន​ត្រូវ​បាន​ចាក់សោ​ទុក​ចោល ដោយសារ​ពួកគាត់​ឡើង​មក​ធ្វើការ​នៅ​ភ្នំពេញ។ នៅ​ទីនោះ​មិន​ទាន់​មាន​ទឹក​ភ្លើង​របស់​រដ្ឋ​នៅ​ឡើយ។

​មាន​វ័យ ៧៧​ឆ្នាំ លោក​យាយ នុត ជូន រៀប​រាប់​ទាំង​ក្ដុកក្ដួល​ថា សព្វថ្ងៃ​គាត់​ចិញ្ចឹម​ចៅ​កំព្រា​ពីរ​នាក់ ដែល​ឪពុក​ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍។ លោក​យាយ​តែងតែ​ដើរ​ទៅ​សុំទាន​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ភ្នំ​ព្រះរាជទ្រព្យ ដើម្បី​បាន​លុយ​ខ្លះ​ចិញ្ចឹម​ជីវិត និង​ឲ្យ​ចៅ​បាន​រៀន​សូត្រ​ដូច​ក្មេង​គេ​ដទៃ៖ «»។

ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា កណ្ដាល​ទីក្រុង​ភ្នំពេញ ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច មាន​រយៈពេល ៦​ឆ្នាំ​គត់ គិត​មក​ដល់​ពេល​នេះ។ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ចំនួន ៣៨៤​គ្រួសារ។ អាជ្ញាធរ​បាន​ដឹក​អ្នក​បុរីកីឡា​ខ្លះ ទៅ​ទម្លាក់​ចោល​នៅ​ឯ​ទួលសំបួរ ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​ដឹក​ទៅ​ដាក់​នៅ​តំបន់​ភ្នំបាត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដោយ​អ្នក​ខ្លះ​បាន​ទទួល​សំណង​ដី ៤​ម៉ែត្រ គុណ ៥​ម៉ែត្រ។

អ្នក​សហគមន៍​ភ្នំ​បាត តែងតែ​ទាមទារ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចំនួន​ពីរ​ចំណុច គឺ​ទី​មួយ ចង់​បាន​ផ្ទះ​រស់​នៅ​នៅ​ភូមិ​អណ្ដូង ១​បន្ទប់ និង​ប្រាក់ ៥​ពាន់​ដុល្លារ។ ទី​ពីរ ប្រសិនបើ​ឲ្យ​គាត់​រស់​នៅ​ក្នុង​សហគមន៍​ភ្នំ​បាត​ដដែល ពួកគាត់​ទាមទារ​សំណង ១​ម៉ឺន​ដុល្លារ។ ក្រៅ​ពី​នោះ ពួកគេ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ផ្សារ​នៅ​សហគមន៍​ភ្នំបាត​ដែរ។

​ទោះ​យ៉ាង​ណា​ក្តី ក្រុមហ៊ុន និង​សាលាក្រុង​ភ្នំពេញ តែងតែ​ច្រានចោល​ការ​ទទួល​ខុស​ត្រូវ​នេះ នៅ​ពេល​ដែល​អាស៊ីសេរី សុំ​ការ​ឆ្លើយ​តប​គ្រប់​ពេល។

​មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល និង​ក្រុមហ៊ុន​ត្រូវតែ​គិតគូរ​ទុក្ខ​លំបាក​របស់​ពួកគាត់​ត​ទៅ​ទៀត គឺ​មិន​មែន​យក​ពួកគាត់​ទៅ​បោះបង់​ចោល​បែប​នេះ​ឡើយ។ លោក​បន្ត​ថា ក្នុង​ពេល​អាជ្ញាធរ​ដឹក​ពួក​គាត់​ទៅ​ទុក​នៅ​ភ្នំ​បាត់​នោះ គឺ​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ​តែ​តង់ និង​ម្ហូប​អាហារ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាន​សន្យា​ថា នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឲ្យ​ពលរដ្ឋ​រស់​នៅ​សមរម្យ ប៉ុន្តែ​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពុំ​បាន​គោរព​តាម​ការ​សន្យា​ឡើយ៖ «»។

​ក្រុម​អតីត​អ្នក​បុរីកីឡា ទាំង​នោះ ថា​ទុក្ខលំបាក​របស់​ពួកគាត់​រាល់​ថ្ងៃ​គឺ​ផ្ដើម​ចេញ​ពី​ការ​អភិវឌ្ឍ ដែល​គ្មាន​យុត្តិធម៌ មិន​មាន​តម្លាភាព និង​ការ​អភិវឌ្ឍ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋាភិបាល ដោយ​ធ្វើ​អោយ​ពួកគាត់​បាត់បង់​ផ្ទះសម្បែង គ្រួសារ និង​មុខ​របរ។

ការ​បន្ត​លើកដៃ​ដង្ហោយ​រក​ជំនួយ​សង្គ្រោះ​ជីវិត​ពី​សប្បុរស​ជននេះ គឺ​ព្រោះតែ​ពួកគាត់​គ្មាន​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​យកចិត្តទុកដាក់​ចំពោះ​ពួកគាត់ ដោយសារ​តែ​កន្លង​មក​ទោះបី​ពួកគាត់​ស្នើ​សុំ និង​ធ្វើ​បាតុកម្ម​យ៉ាង​ណា​ក្តី គឺ​គ្មាន​ឡើយ​ដំណោះស្រាយ មាន​តែ​ត្រូវ​បាន​អាជ្ញាធរ ជាពិសេស​ក្រុម​សន្តិសុខ​ក្រុង​ភ្នំពេញ ចាប់​វាយ​ទាត់​ធាក់ និង​គំរាម​កំហែង​ចាប់​ដាក់​ពន្ធនាគារ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles