មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​បង្កើត​ “​ចលនា​​សង្គ្រោះ​​ជាតិ​”​ តែ​​អ្នក​នាំពា​ក្យ​​បក្ស​​កាន់​អំណាច​​ហៅ​ថា​​ជា​​ទង្វើ​​ក្រៅ​ច្បាប់

ដោយ វណ្ណ សុគន្ធា
13/01/2018
RFI

media
មន្ត្រីអតីតបក្សប្រឆាំងបង្កើត “ចលនាសង្គ្រោះជាតិ” ដើម្បីធ្វើសកម្មភាពទាមទារឲ្យមានការដោះលែងលោក កឹម សុខា។ @Sam Rainsy Facebook Page


មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បានប្រកាស​បង្កើត “ចលនា​សង្គ្រោះ​ជាតិ” នៅក្រៅ​ប្រទេស ដើម្បី​ធ្វើ​សកម្មភាព​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក ​កឹម សុខា។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី១២ មករា ហើយ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​សៅរ៍​នេះ។ ចលនា​ថ្មី​នេះ ត្រូវបាន​លោក​ សុខ ឥសាន អ្នកនាំពាក្យ​កាន់អំណាច ចាត់ទុកថា ជា​អង្គការ​ចាត់តាំង​ឧទ្ទាម​និយម​ក្រៅច្បាប់។

“ចលនា​សង្គ្រោះ​ជាតិ” នេះ ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប រួមមាន​លោក ​សម រង្ស៊ី លោកស្រី​ ជូ​ឡុង សូ​មូរ៉ា លោក ​អេង ឆៃអ៊ាង លោកស្រី​ មូរ សុខ​ហួរ លោក ​តុ វ៉ាន់​ចាន់ លោក​ទួន យក់​ដា លោក ​ជា គឹម​លី លោក ​អ៊ុង រិទ្ធី និង​លោក​ គា រី។ ក្នុងនោះ លោកស្រី ​ជូ​ឡុង សូ​មូរ៉ា លោក​ អេង ឆៃអ៊ាង លោកស្រី​ មូរ សុខ​ហួរ លោក ​តុ វ៉ាន់​ចាន់ និង​លោក ​ទួន យក់​ដា សុទ្ធតែ​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​កា​ត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ។ រីឯ​លោក​ សម រង្ស៊ី ដែល​ធ្លាប់​ធ្វើជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ គឺ​កំពុងតែ​ហ៊ុមព័ទ្ធ​ដោយ​សាលក្រម​កាត់ទោស​ដា​ក់​ពន្ធនាគារ​ជាច្រើន​រាប់​សឹង​មិន​អស់ពី​សំណាក់​តុលាការ​ខ្មែរ។

តាម​សេចក្តីថ្លែងការណ៍ អតីតមន្ត្រី​បក្សប្រឆាំង​អះអាងថា ខ្លួន​បង្កើត​ចលនា​នេះ គឺ​ដោយសារតែ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន មិនអាច​ទទួលយកបាន ហើយ​ចលនា​នេះ​នឹង​ធានា​ឲ្យ​មានការ​ឯកភាព​នៃ​គ្រប់​អ្នកប្រជាធិបតេយ្យ​ទាំងអស់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​ កឹម សុខា និង អ្នកទោស​ផ្សេងទៀត​ព្រមទាំង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​និង​មានការ​ចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ហៅ​ចលនា​ថ្មី​របស់​មន្ត្រី​អតីត​បក្សប្រឆាំង​នេះ​ថា ជា​អង្គការ​ចាត់តាំង​ឧទ្ទាម​និយម​ក្រៅច្បាប់។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដោយ​សំដៅ​ទៅលើ​ក្រុម​អ្នកបង្កើត​ចលនា​នេះ​ថា ជន​ក្រៅច្បាប់​និង​ក្រុម​ជន​ក្រៅច្បាប់​បង្កើត​អង្គការ​ចាត់តាំង​មក ក៏​ជា​អង្គការ​ចាត់តាំង​ក្រៅច្បាប់​ដែរ ។ ដូច្នេះ​សម្រាប់​លោក​សុខ ឥសាន គឺ​ចលនា​នេះ នឹង​គ្មាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​និង​មជ្ឈដ្ឋាន​ខាងក្រៅ​នោះឡើយ។

យ៉ាងណាក៏ដោយ អតីតមន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​មក​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌។ ប៉ុន្តែ​ចំពោះ​លោក​ សុខ ឥសាន ដោយ​សំដៅ​ទៅលើ​លោក ​សម រង្ស៊ី លោក​ថា ការបង្កើត​ចលនា​នេះ គឺ​គ្រាន់តែ​ជាការ​បំភាន់​មតិ​មហាជន​ឲ្យ​យល់ថា​ខ្លួន​នៅ​ខ្លាំង​ហើយ​មាន​ថាមពល​ដើម្បី​វិល​ត្រឡប់មក​ក្នុងប្រទេស​កម្ពុជា​វិញ​តែប៉ុណ្ណោះ។ បើតាម​លោក​ សុខ ឥសាន ទង្វើ​នេះ គឺ​កាន់តែ​បន្ថែម​ទម្ងន់ទោស​ដាក់ខ្លួន​ថែមទៀត។ ជាមួយគ្នានេះ លោក​ក៏បាន​ព្រមាន​ថា រាជរដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​និង​ពេញសិទ្ធិ​ក្នុងការ​ចាត់វិធានការ​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ​នេះ​ដែល​លោក​ហៅថា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះ៕

What Next?

Related Articles

3 Responses to "មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​បង្កើត​ “​ចលនា​​សង្គ្រោះ​​ជាតិ​”​ តែ​​អ្នក​នាំពា​ក្យ​​បក្ស​​កាន់​អំណាច​​ហៅ​ថា​​ជា​​ទង្វើ​​ក្រៅ​ច្បាប់"

  1. thean says:

    Dangerous idea ! People in this world wish live
    in peace than support demonstration and war.

  2. ?? says:

    all Cambodian wishing the cancer that have been threatening their life can be health by international community. but it is so sad a group of nation destroyer and a uneducated dictator wanted to own our people and this country. Cambodian will not give up they will rising up again this dictator the reason why???? they are seeing HUN SEN the power’s addiction dictator will sell them and his country to communist VEITNAME and CHINA.

  3. ?? says:

    all Cambodian wishing the cancer that have been threatening their life can be health by international community. but it is so sad a group of nation destroyer and a uneducated dictator wanted to own our people and this country. Cambodian will not give up they will rising up again this dictator the reason why???? they are seeing HUN SEN the power’s addiction dictator will sell them and his country to communist VEITNAME and CHINA. Cambodian knew all improvement in Cambodia right up to this day was came from the helped of international community and the lost of their nation territory, forest, mining , was over warming that made all Cambodian can not standing and watching any more. I knew this dictator HUN SEN will not give up this ugly ,dumb , stubborn , evil man will doing all he can to hold his power but I do not think he can stop all Cambodian from rising up to be survive in this century. in this JANUARY and FEBERUARY this group of nation traitor will know what going to happen to their top man (o_0) the PHD from hell . so sad there are so many request from our old generation and many nation’s nationalist to HUN SEN to leaded this nation in peaceful mean but this evil can not do it . I do not want to see this kind of situation please give up this is your last chance Mr………… GOD bless Cambodian and their nation