កម្មករ​២​រោងចក្រ​ត្រៀម​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

ដោយ ម៉ៅ សុធានី
2018-01-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


កម្មករ​រោងចក្រ​ចំនួន​២ ដែល​មាន​ថៅកែ ជា​ជនជាតិ​កូរ៉េ ត្រៀម​ដាក់​ញត្តិ​ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ក្រោយ​ពេល​ពួកគេ​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​ជាង ១​ខែ​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ។

​កម្មករ​រោងចក្រ​ចំនួន​២ ដែល​ត្រៀម​ដាក់​ញត្តិ​ស្នើ​សុំ​ការ​អន្តរាគមន៍ គឺ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​រោងចក្រ ហ្វើស ហ្គាវ័ន អាប់ភែរឹល (First Gawon Apparel) នៅ​តាម​បណ្ដា​យ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្រុម​កម្មករ​ទាំង ២​រោងចក្រ អះអាង​ថា រោងចក្រ​ទាំង​២​នេះ គ្រប់គ្រង​ដោយ​ថៅកែ​តែ​មួយ​គឺ​ជា​ជនជាតិ​កូរ៉េ។

សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ហ្គាវ័ន លោក រ៉ាន់ បូរ៉ា អោយ​ដឹង​ថា កម្មករ​បាន​ត្រៀម​ញត្តិ​រួច​រាល់​ហើយ និង​ត្រៀម​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​មករា។ លោក​ថា សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កម្មករ​រោងចក្រ​ហ្គាវ័ន បាន​មក​ដេក​នៅ​មុខ​រោងចក្រ​កាន់​តែ​ច្រើន​ឡើងៗ និង​ក្រោយ​ពី​បាន​សុំ​យោបល់​ពី​ប្រធាន​សហភាព​ការងារ​កម្ពុជា៖ «»។

​រយៈពេល​១​ខែ​កន្លះ​មក​ហើយ ដែល​កម្មករ​បាន​មក​ដេក​យាម​នៅ​មុខ​រោងចក្រ​ហ្គាវ័ន ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ការពារ​មិន​ឲ្យ​ថៅកែ​ដឹក​សម្ភារៈ​ចេញ​ក្រៅ។ ចំណែក​រោងចក្រ ហ្វើស ហ្គាវ័ន នៅ​សង្កាត់​ចាក់អង្រែក្រោម រាជធានី​ភ្នំពេញ បាន​ផ្ទុះ​កូដកម្ម​កាល​ពី​ថ្ងៃ​ទី​១០ មករា និង​បាន​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​ដោយ​អង្គុយ​ក្រៅ​រោងចក្រ​មិន​ព្រម​ចូល​ធ្វើ​ការងារ ដើម្បី​ទាមទារ​អោយ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់។

កម្មការិនី​រោងចក្រ​ហ្វើស ហ្គាវ័ន អាប់ភែរឹល អ្នកស្រី សុខ សំណាង បាន​ឲ្យ​អាស៊ីសេរី ដឹង​ថា រោងចក្រ​ហ្វើស ហ្គាវ័ន នឹង​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ដើម្បី​ស្នើ​សុំ​ដោយ​ផ្ទាល់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់។ អ្នកស្រី​ថា នៅ​ពេល​នេះ ក្ដី​រំពឹង​របស់​កម្មករ​គឺ​មាន​តែ​លោក​នាយករដ្ឋមន្ត្រី​តែ​មួយ​គត់ ព្រោះ​អ្នកស្រី​ឧស្សាហ៍​ឃើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប និង​ជួយ​កម្មករ។

ចំណែក​កម្មការិនី​រោងចក្រ ហ្គា វ័ន អាប់ភែរឹល នៅ​ក្រុង​តាខ្មៅ ម្នាក់ អ្នកស្រី សាន សុខន ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​កម្មករ​ជា​ច្រើន​អស់​លទ្ធភាព​ក្នុង​ការ​បង់ថ្លៃ​ផ្ទះ​ជួល ហើយ​នាំ​គ្នា​យក​ចាន ឆ្នាំង មក​បោះ​តង់​ដេក​នៅ​មុខ​រោងចក្រ ក្រោយ​ពេល​ថៅកែ​មិន​បើក​ប្រាក់​ខែ​ជា​ច្រើន​ខែ​ឲ្យ​ពួកគាត់៖ «»។

កម្មករ​ទាំង ២​រោងចក្រ បាន​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ និង​ផ្លាស់​វេន​គ្នា​ដេក​នៅ​មុខ​រោងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ កម្មករ​រោងចក្រ​ហ្គា វ័ន នៅ​ក្រុង​តាខ្មៅ បាន​ចាប់​ផ្ដើម​ការ​តវ៉ា​នេះ​មុន ដោយសារ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​មិន​គ្រប់​ចំនួន និង​មិន​ទៀងទាត់។ ប៉ុន្តែ​កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ កន្លង​ទៅ តុលាការ​ខេត្ត​កណ្ដាល ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​ហ្គា វ័ន ចូល​ធ្វើ​ការ​វិញ។

​នៅ​ពេល​មាន​ដីកា​ពី​តុលាការ​ដូច​នេះ កម្មករ​ខ្លះ​ព្រម​ចូល​ធ្វើ​ការ ប៉ុន្តែ​កម្មករ​ខ្លះ​ទៀត​ក៏​មិន​ព្រម​ចូល​ធ្វើ​ការ​ដែរ។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ភាគី​ថៅកែ​រោងចក្រ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លង​ទៅ ថៅកែ​រោងចក្រ​អ្នកស្រី ឆា ក្យុងហ៊ី បាន​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ថា ការ​ដឹក​ម៉ាស៊ីន​ចេញ​ពី​រោងចក្រ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ថ្មី​តម្រូវ​តាម​ការ​បញ្ជាទិញ​របស់​ភ្ញៀវ​ថ្មី។ ថៅកែ​រោងចក្រ​បាន​ហៅ​ការ​តវ៉ា​របស់​កម្មករ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​នោះ ជា​ការ​​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កម្មករ​ជិត ៦០០​នាក់ នៅ​រោងចក្រ ហ្គា វ័ន អាប់ភែរឹល នៅ​ក្រុង​តាខ្មៅ ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ ក្រោយ​ពេល​ពួកគេ​តវ៉ា​នៅ​មុខ​រោងចក្រ​ជាង ១​ខែ ដោយ​មិន​ព្រម​ចូល​ធ្វើការ​តាម​ការ​កំណត់​របស់​ថៅកែ។ ក្រុម​កម្មករ​បាន​ចោទ​ថា ថៅកែ​រោងចក្រ ហ្គា វ័ន បាន​រំលោភ​ច្បាប់​ការងារ និង​រំលោភ​សិទ្ធ​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles