លោក ហ៊ុន សែន បន្ត​រក​សំឡេង​ឆ្នោត​ពី​ក្រុម​កម្មករ​ខណៈ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ

ដោយ វ៉ែន សុមេធ
2018-01-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook's page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook’s page


លោក ហ៊ុន សែន ​បន្ត​ឃោសនា​រក​សំឡេង​ឆ្នោត មុន​រដូវ​កាល


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ធ្វើ​យុទ្ធនា​ការ​រក​សំឡេងឆ្នោត​ពី​ក្រុម​កម្មករ​នៅ​តាម​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា យុទ្ធនាការ​នេះ​គឺ​ជា​ការ​ផ្គាប់​ចិត្ត​កម្មករ​ច្រើន​ជាង ដើម្បី​កុំ​ឲ្យ​ពួកគេ​ងើប​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ពេល​ដែល​អន្តរជាតិ​ដាច់​ទំនាក់ទំនង​ជាមួយ​កម្ពុជា។

លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​រោងចក្រ​ជាង ១​ម៉ឺន ៦​ពាន់​នាក់ (១៦.០០០) ខណៈ​ចុះ​ជួប​កម្មករ​នៅ​តំបន់​ព្រៃ​ទ្រា ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ថា ​សប្ដាហ៍​នេះ​គឺ​ជា​សប្ដាហ៍​ដែល​ពោរពេញ​ទៅ​ដោយ​ការងារ ក្នុង​នោះ​នៅ​ថ្ងៃ​ទី​១៨ មករា នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើ​អំពី​ការ​គាំពារ​សង្គម​ទាក់ទង​នឹង​កិច្ច​ការពារ​មនុស្ស​ចាស់ បន្ទាប់​មក​ទៀត ត្រូវ​ប្រើ​ពេល​ចំនួន ៣​ថ្ងៃ​ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​នៃ​រដ្ឋសភា​នីតិកាល​ថ្មី សម្រាប់​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១២៣។

លោក ហ៊ុន សែន ទទូច​ឲ្យ​ក្រម​កម្មករ​ទាំង​អស់​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​លោក​បាន​កាន់​តំណែង​បន្ត​ទៅ​ទៀត៖ «ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ គឺ​ជា​ថ្ងៃ​មន្ត្រី​រាជការ​ឈប់​សម្រាក តែ​ពូ​មិន​បាន​សម្រាក​ទេ ថ្ងៃ​អាទិត្យ ខាង​មុខ​នោះ​ពូ​កាន់​តែ​ធ្ងន់​ទៅ​ទៀត នៅ​ពេល​ថ្ងៃ​ត្រូវ​ដឹក​នាំ​សន្និបាត​បក្ស ហើយ​នៅ​ពេល​ល្ងាច​ត្រូវ​ជួប​អ្នក​កាសែត​រាប់​ពាន់​នាក់​ថែម​ទៀត អំពី​សេរីភាព​សារព័ត៌មាន​ទាក់ទិន​ជាមួយ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​តម្រូវការ​នៃ​បញ្ហា​ទាំង​ឡាយ​ដែល​ទាក់ទង​សារព័ត៌មាន​នៅ​កម្ពុជា»។

​ការ​រក​សំឡេង​ឆ្នោត​ដោយ​គ្មាន​ដៃគូ​ប្រឆាំង​ចូលរួម​ប្រកួត​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន លើក​ឡើង​ថា យុទ្ធនាការ​នេះ​នឹង​គ្មាន​ន័យ​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​លោក​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នោះ។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ទៀត​ថា លោក ហ៊ុន សែន នៅ​តែ​ត្រូវ​ការ​គាំទ្រ​ពី​ក្រុម​កម្មករ បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ហើយ​ក្ដី ពីព្រោះ​កន្លងមក​គណបក្ស​កាន់​អំណាច​បាន​បាត់បង់​ប្រជាប្រិយ​ខ្លាំង ក៏ប៉ុន្តែ​លោក​ថា យុទ្ធនាការ​នេះ​មិន​អាច​ទិញ​ទឹកចិត្ត​កម្មករ​បាន​នោះ​ទេ៖ «ខ្ញុំ​យល់​ថា ប្រហែលជា​គាត់​មាន​ការ​ភ័យខ្លាច​ទៅ​វិញ​ទេ គឺ​ខ្លាច​ដល់​ថ្ងៃ​ណា​មួយ​កម្មករ​នឹង​ងើប​បះបោរ ឬ​ក៏​មាន​បញ្ហា​វិបត្តិ​នយោបាយ​ណា​មួយ ព្រោះ​លោក​យល់​ហើយ​អាច​នឹង​មាន​សម្ពាធ​ពី​អន្តរជាតិ​ខ្លាំងៗ វា​ប៉ះពាល់ ដូច្នេះ​អាច​មាន​វិបត្តិ​សេដ្ឋកិច្ច មាន​បញ្ហា​ជីវភាព កម្មករ​បាត់​ការងារ អាច​នឹង​មាន​វិបត្តិ​នយោបាយ»។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​ចុះ​ឃោសនា​រក​សំឡេងឆ្នោត​របស់​លោក ហ៊ុន សែន ហាក់​ដូច​ជា​លឿន​បន្តិច បើ​ទោះ​បី​ជា​ច្បាប់​មិន​បាន​កំណត់​ពី​ការ​ហាមឃាត់​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​ក៏ដោយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ទៀត​ថា ការ​បោះឆ្នោត​ដែល​ចាត់​ទុក​ថា មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​អន្តរជាតិ​ទទួល​ស្គាល់ លុះ​ណា​ការ​បោះឆ្នោត​មាន​គ្រប់​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព គ្មាន​ការ​គំរាមកំហែង និង​ត្រឹមត្រូវ​ដោយ​ស្មើភាព​គ្នា​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

លោក កន សាវាង្ស៖ «ដូច្នេះ​បើសិនជា​ស្ថាប័ន​ទាំង​អស់​នេះ​មាន​ការ​រៀប​ចំ​ឲ្យ​ចូល​រួម ជជែក​មាន​ស្មើ​ភាព​គ្នា ដូច្នេះ​យើង​មើល​ឃើញ​ភាព​ត្រឹមត្រូវ​ហើយ ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ឃើញ​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ដែល​ត្រូវ​ហាម​ឃាត់​នេះ នៅ​ក្នុង​ស្ថានភាព​ចូល​នយោបាយ​ឡើង​វិញ​ទេ។ ដូច្នេះ​យើង​នឹង​ធ្វើ​ការ​តាម​ដាន​បន្ត​ទៀត​ថា តើ​វា​នឹង​ត្រូវ​យុត្តិធម៌​ប៉ុណ្ណា?»។

​ការ​ចុះ​ជួប​ក្រុម​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ដដែល​នេះ លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ដើរ​ចែក​ថវិកា​ដល់​កម្មករ​ម្នាក់ ២​ម៉ឺន​រៀល​ដោយ​ខ្លួន​ឯង​ទៀត​ផង។

​ចាប់​តាំង​ពី​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មក គឺ​លោក ហ៊ុន សែន ហាក់​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ ដោយ​បាន​ចុះ​ជួប​ក្រុម​កម្មករ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​រាជធានី​ភ្នំពេញ គឺ​យ៉ាង​ហោច​ក៏​២ ទៅ ៣​ដង​ក្នុង​មួយ​សប្ដាហ៍​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន បន្ត​រក​សំឡេង​ឆ្នោត​ពី​ក្រុម​កម្មករ​ខណៈ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ"

  1. Anonymous says:

    គាត់អត់ការងារធ្វើបានជាមានពេលដើរចែកលុយកម្មករបែបនេះ
    ពួកគាត់ចង់រស់នៅបែបហ៊ឺហារដូចប្រទេសសេរី តែចង់បាន និងចង់កាន់អំណាចដូចប្រទេសកុំមុយនីស
    មនុស្សយើងខ្លួនមួយមិនអាចជិះទូកពីរបានទេ តែទូកពីរអាចសន្ដោងគ្នាបាន មើលទៅគាត់ប្រហែលជាជិះទូកដែលគេសន្ដោងហើយ តើគាត់អាចជិះទូកដែលគេសន្ដោងនោះដល់ពេលទៀតទៅ បើជិះ៣០ -៤០ ឆ្នាំទៅហើយនោះ?

  2. ?? says:

    this pitcher is showing the true evident that Cambodian leader used to do to their people. I want to tell all Cambodian in western nation no one leader did that during election. I knew this guy is worry too much about his powers he did not worry about his nation and his own people. HUN SEN spending a lot of monies to buy some people to vote for him in order to continuous his dictatorship just like North Korea . My question to all those young is>> where HUN SEN get all those money from and five $ AMERICKANG money will make you better for the rest of your life. that was what I used to say HUN SEN walked naked in front of you and he did not knew you can saw his ass. did you see what I see or you can see it and you pretending you can not see any thing. that is every dangerous for yourself and your nation if no one in this young generation waking up and think about themselves and their own nation. I’M felling so sorry to all of you and my unfortunate nation at this moment I’m still be the one that you can call Cambodian but>>> after my generation my family become part of another citizen I will tell them where is your family background come from but it all up to them if they think they want to be apart of you??? they are in the mid forty they have high education I want them to help this poor nation in some part just to direct my unfortunate nation in a better way . I knew they can help unless all of you guy can help yourself first . if it is the same situation every day no one can help you . please think about what you can do for yourself and your nation by choosing the right leader who can do the job for you and your own nation. GOD bless Cambodia and it’s people