អ្នក​សេដ្ឋកិច្ច​ថា ពលរដ្ឋ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​អត់ឃ្លាន

ដោយ ទីន ហ្សាការីយ៉ា
2018-01-17
RFA

(ពី​ឆ្វេង) បណ្ឌិត សាម អ៊ីន ​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) បណ្ឌិត យ៉ង សាំងកុមារ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA
(ពី​ឆ្វេង) បណ្ឌិត សាម អ៊ីន ​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) បណ្ឌិត យ៉ង សាំងកុមារ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា កម្ពុជា​គ្មាន​ប្រជាពលរដ្ឋ​ភ័យខ្លាច និង​អត់ឃ្លាន​នោះ​ទេ ហើយ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេរីភាព មិន​ដូចដែល​គណបក្សប្រឆាំង​ចោទប្រកាន់ និង​ធ្លាប់​បាន​ប្រើប្រាស់​ពាក្យស្លោក​ថា ខ្លៅ ខ្លាច និង​ឃ្លាន​ឡើយ។

ប៉ុន្តែ​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​លើក​ឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាច្រើន​កើតឡើង ហើយ​ពលរដ្ឋ​ជាច្រើន​គ្មាន​ការងារ​ធ្វើ និង​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់។

មន្ត្រី​ជំនាញ​ខាង​កសិកម្ម និង​សេដ្ឋកិច្ច​លើក​ឡើង​ថា ប្រទេស​កម្ពុជា មាន​រដ្ឋាភិបាល ដូចជា​គ្មាន​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តែលតោល​រស់​នៅ​ក្នុង​សភាព​ភ័យ​ខ្លាច។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក បណ្ឌិត យ៉ង សាំងកុមារ និង​ជា​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​កសិកម្ម មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៦ មករា​ថា ថ្វី​ត្បិត​រដ្ឋាភិបាល លោក ហ៊ុន សែន ខិតខំ​ប្រែង​ចុះ​ជួប​កម្មករ អ្នក​ធាក់​ស៊ីក្លូ និង​បាន​សន្យា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជា​រៀងរាល់​ខែ​ក្ដី ប៉ុន្តែ​មិនមែន​ជា​គោលនយោបាយ​ជាក់លាក់​របស់​រដ្ឋាភិបាល និង​ដោយ​ស្មើភាព​ឡើយ។ លោក យ៉ង សាំងកុមារ អះអាង​ថា លោក ហ៊ុន សែន ត្រូវ​ធ្វើ​គោលនយោបាយ​ជាតិ​ឲ្យ​បាន​ច្បាស់លាស់ ដូចជា​គោលនយោបាយ បង្កើត​ឲ្យ​មាន​រោងចក្រ​សហគ្រាស និង​ទីផ្សារ​របស់​កសិផល​របស់​កសិករ បង្កើត​ការងារ​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាដើម៖ «សេដ្ឋកិច្ច​មួយ​រីកចម្រើន​លុះ​ត្រា​ណា រដ្ឋាភិបាល​លើកស្ទួយ​វិស័យ​កសិកម្ម សិប្បកម្ម ឧស្សាហកម្ម បង្កើត​ឲ្យ​មាន​សង្វាក់​ផលិតកម្ម​កាន់​តែ​ច្រើន ប៉ុន្តែ​រដ្ឋាភិបាល​មាន​គោលនយោបាយ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ដូចជា ថៃ ម៉ាឡេស៊ី ហុងកុង និង​កូរ៉េ​ជាដើម ចំពោះ​ខ្ញុំ​វិញ​ត្រូវ​មាន​គោលនយោបាយ​លើកស្ទួយ​កម្មករ កសិករ​ឲ្យ​មាន​ទុន មាន​ទឹក មាន​ភ្លើង ទើប​ជា​ការ​អភិវឌ្ឍ​ដោយមាន​ស្ថិរភាព។

ប្រតិកម្ម​របស់​មន្ត្រី​ជំនាញ ដោយសារតែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​សង្គម​តេឡេក្រាម (Telegram) កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា គណបក្សប្រឆាំង​បាន​បរាជ័យ​លើ​ការប្រើប្រាស់​ទ្រឹស្ដី ខ្លៅ ខ្លាច ឃ្លាន ក្នុង​ពេល​ឃោសនា​របស់​ខ្លួន។ លោក​បាន​សរសេរ​បញ្ជាក់​ថា ទី​១ រដ្ឋាភិបាល​បាន​បង្កើត​សាលារៀន មាន​តាំងពី​មត្តេយ្យសាលា​ឡើង​ទៅ។ ទី​២ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្រោយពី​របប​ខ្មែរក្រហម​ដួល​រលំ និង​ទី​៣ កម្ពុជា​គ្មាន​ការ​អត់ឃ្លាន​ទេ ព្រោះថា​ដំណាំ​កសិកម្ម​ផលិត​បាន​ច្រើន​រួមមាន​កម្ពុជា​ផលិត​ស្រូវ​សម្រាប់​នាំ​ចេញេ​ប្រមាណ​៥​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ជាដើម។

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នក​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​បាន​បង្កើត​តំបន់​ទីប្រជុំជន និង​ជនបទ​មួយ​ចំនួន ប៉ុន្តែ​តំបន់​ខ្លះ​មានតែ​សាលា​សិស្ស​មាន​តិច​តូច​ក៏​មាន ដោយសារ​ថា សិស្សានុសិស្ស​ទាំងនោះ បោះបង់​ការសិក្សា តាំង​ថ្នាក់​បឋមសិក្សា​ធ្វើ​ចំណាកស្រុក​តាម​ឪពុកម្ដាយ​របស់​ពួកគេ​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ខែត្រ​ផ្សេង ខ្លះ​ទៀត​បោះបង់​ការសិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ គ្មាន​លុយ​បន្ត​ការសិក្សា ដូច​កូន​មន្ត្រី​មួយ​ចំនួន​កំពុង​តែ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស ដែល​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយៗ​ឆ្នាំៗ។

ចំពោះ​ការផលិត​ស្រូវ​ដែល​មាន​បរិមាណ​រាប់​ម៉ឺន​តោន​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្ដី ប៉ុន្តែ​ទិន្នផល​ស្រូវ​ទាំងនោះ បាន​មក​ពី​ឧកញ៉ា​មួយ​ចំនួន​ដែល​គេ​ទិញ​ដី​ធ្វើស្រែ​ដោយ​ខ្លួនឯង រីឯ​ប្រជា​កសិករ​ខ្ចីបុល​គេ ដើម្បី​ធ្វើ​ស្រែ ខ្លះ​ស្រូវ​គ្មាន​តម្លៃ​លក់ ដូចជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខែត្រ​កំពង់ធំ លក់​ផ្ទះសម្បែង ដើម្បី​សងបំណុល​ធនាគារ ហើយ​បាន​ធ្វើ​ចំណាកស្រុក​ជាដើម។ ក្រៅ​ពី​នេះ​ទៀត ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ អ្នកខ្លះ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ហើយ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ថៃ​វិញ ក៏​ទៅ​ធ្វើ​ការ​វិល​ល្ងាច​នៅ​ក្នុង​ប្រទេស​ថៃ​ជាដើម។ ពលរដ្ឋ​មួយ​ចំនួន​នៅ​ខែត្រ​បន្ទាយមានជ័យ បាន​នាំ​គ្នា​ទៅ​ស៊ីឈ្នួល​ថៃ​កាប់​អំពៅ​នៅ​ទឹកដី​ថៃ​តាម​ព្រំដែន ដើម្បី​បាន​កម្រៃ​ប្រចាំថ្ងៃ។ ពួកគាត់​អះអាង​ថា បើសិនជា​ពួកគាត់​មិន​ខកខាន​មិន​ទៅ​ស៊ីឈ្នួល​ថៃ​វិល​ល្ងាច​ទេ នឹង​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​លុយ​ទិញ អង្ករ​ច្រក​ឆ្នាំង​ឡើយ៖ «ពិបាក​ណាស់​សព្វថ្ងៃ​នេះ មាន​តែ​នាំគ្នា​ទៅ​ធ្វើការ​ស៊ីឈ្នួល​ថៃ​វិល​ល្ងាច​ទេ គ្មាន​បាន​អី​ទេ បានតែ​ហូប​ប្រចាំថ្ងៃ​ហ្នឹងឯង ហ៊ាន​តែ​អត់​បាន​ទៅ​ធ្វើ​ការ​មួយថ្ងៃ​គឺ​អត់​បាន​អី​ហូប​ទេ បើ​មិន​ទៅ​គ្មាន​ការងារ​អ្វី​ធ្វើ​ទេ ខ្លះ​ទៀត​ទៅ​ធ្វើ​ការ​រោងចក្រ ខ្លះ​ទៀត​ស៊ីឈ្នួល​គេ​កាត់​ដើម​អំពៅ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ថា វិស័យ​ធំៗ​៣ កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ រួមមាន ចំណូល​ពី​វិស័យ​កសិកម្ម​ចំនួន ២៥%​ក្នុង​មួយ​ឆ្នាំ ឧស្សាហកម្ម​ជាង​៣០% និង​សេវាកម្ម រាប់ទាំង​សេវាកម្ម​ទេសចរណ៍​រួមចំណែក​ជាង ៤៥%។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​ថា ចំណូល​ពី​វិស័យ​កម្ម​នេះ កាន់តែ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តែ​ពុំ​មាន​ន័យថា កម្ពុជា​អត់បាយ​នោះ​ទេ។

ទោះបីជា​លោក ហ៊ុន សែន លើកឡើង​ពី​វិស័យ​ទាំង​បី​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្ដី ប៉ុន្តែ ធនាគារ​ពិភពលោក (World Bank) បាន​ចេញ​របាយការណ៍​ព្យាករណ៍​សេដ្ឋកិច្ច​ឆ្នាំ​២០១៧ បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ដោយសារតែ​បញ្ហា​អស្ថិរភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន និង​កត្តា​ផ្សេងៗ​ទៀត។

ទាក់ទងនឹង​សិទ្ធិ​សេរីភាព​វិញ លោក យ៉ង សាំងកុមារ អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កាន់តែ​រឹត​ត្បិត​សិទ្ធិ​សេរីភាព ក្នុង​នោះ​មាន​ទាំង​សិទ្ធិ​នយោបាយ​ដោយ​ស្មើភាព សិទ្ធិ​ជួប​ប្រជុំ និង​សិទ្ធិ​ធ្វើ​បាតុកម្ម ពិសេស​រដ្ឋាភិបាល​បាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ​ជាដើម៖ «នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព មិនមែន​ទុក​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ មាន​បក្ស​តែមួយ​ផ្ដាច់មុខ​គ្មាន​ការប្រកួតប្រជែង​ដោយ​ស្មើភាព​នោះ​ទេ។ ហើយ​យើង​ចង់​ឃើញ​គណបក្ស​សង្គ្រោះជាតិ មានការ​ចូលរួម​មាន​ការ​ប្រកួត​ដែរ យើង​ចង់​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ ហើយ​ប្រជាពលរដ្ឋ​ផ្ដល់​សិទ្ធិ​អំណាច​បក្ស​ណា​ចំនួន ៥​ឆ្នាំ​ម្ដង ជា​សិទ្ធិ​របស់​ពលរដ្ឋ»

របាយការណ៍​សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨ មាន​ចំណងជើង​ថា «ប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្នុង​វិបត្តិ» របស់​អង្គការ Freedom House បាន​ដាក់​ប្រទេស​កម្ពុជា កម្ពុជា​ជា​ប្រទេស​សេរីភាព​តិចតួច​បំផុត ប្រទេស​កម្ពុជា ឈរ​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មិន​មាន​សេរីភាព ដូចគ្នា​ទៅ​នឹង​ប្រទេស​ហ្ស៊ីមបាវ៉េ និង​ម៉ូរីតានី ដែល​សុទ្ធ​តែ​ជា​ប្រទេស​ផ្ដាច់ការ ព្រមទាំង​បណ្ដា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត​ដទៃ​ទៀត រួមមាន ប្រទេស​ចិន រុស្សី និង​ប្រទេស​កូរ៉េខាងជើង​ជាដើម»

លោក យ៉ង សាំងកុមារ ថែមទាំង​ព្រមាន​ទៀត​ថា បើសិនជា​រដ្ឋាភិបាល​មិន​បើក​ឲ្យ​ពលរដ្ឋ​និង​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ឆ្នាំ​២០១៨ ឲ្យ​បាន​ទូលំទូលាយ​ទេ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក នឹង​មិន​ចូលរួម​ការបោះឆ្នោត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles