ចៅក្រម​ស៊ើបសួរ​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ធ្វើ​សាក្សី​ក្នុង​បទ​ចោទ​លោក កឹម សុខា

ដោយ ហេង សកល
2018-01-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែង​ក្នុង​វេទិកា​យុវជន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែង​ក្នុង​វេទិកា​យុវជន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo: RFA


ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ម្នាក់ គឺ​លោក ឈឹម ផលរវុណ ដើម្បី​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំរឿង​បទ​ចោទ​លោក កឹម សុខា។ ការ​ចេញ​ដីកា​កោះ​នេះ ក្រោយ​ពេល​ដែល​សាក្សី​ទី​១ គឺ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​បដិសេធ​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កំណត់​របស់​តុលាការ។

​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បាន​បង្គាប់​ឲ្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ឈឹម ផលវរុណ ចូល​ឆ្លើយ​បំភ្លឺ​ជា​សាក្សី នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ វេលា​ម៉ោង ៨​កន្លះ​ព្រឹក អំពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​តុលាការ​ចោទ​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។

​ដីកា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក គី ឬទ្ធី បាន​បរាជ័យ ៣​ដង ក្នុង​ការ​កោះ​ហៅ​លោក ម៉ម សូណង់ដូ ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ទាក់ទង​បទ​ចោទ​លោក កឹម សុខា ដូច​គ្នា។ លោក ម៉ម សូណង់ដូ ដែល​កំពុង​ស្នាក់នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ជាមួយ​ចៅក្រម​ស៊ើបសួរ​ជា​បន្តបន្ទាប់​ថា លោក​មិន​អាច​ចូល​បំភ្លឺ​តាម​កាលកំណត់​បាន​ទេ ដោយសារ​លោក​កំពុង​សម្រាក​ព្យាបាល​សុខភាព​នៅ​ប្រទេស​បារាំង។

​លោក ម៉ម សូណង់ដូ ធ្លាប់​អះអាង​តាម​រយៈ​បទសម្ភាសន៍​ក្នុង​វិទ្យុ​អាស៊ីសេរី ថា ដីកា​កោះ​ហៅ​លោក​ជា​អន្ទាក់​ដើម្បី​ចាប់​រូប​លោក ហើយ​លោក​នឹង​មិន​ត្រឡប់​ទៅ​ចូល​អន្ទាក់​របស់​តុលាការ​នោះ​ទេ។

​ចំណែក​ឯ​សាក្សី​ទី​២ គឺ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាន​បដិសេធ​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី។

​ព្រះសង្ឃ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ជំនឿ​ថា លោក ឈឹម ផលវរុណ នឹង​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី។ ប៉ុន្ដែ​ព្រះអង្គ​មើល​ឃើញ​ថា លោក ឈឹម ផលវរុណ មិន​មែន​ចូលខ្លួន​ធ្វើ​ជា​សាក្សី​ដោះ​បន្ទុក​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក ឈឹម ផលវរុណ នឹង​ដាក់​បន្ទុក​បន្ថែម​ទៅ​លោក កឹម សុខា។ ព្រះអង្គ​សំអាង​ថា ទី​១ លោក ឈឹម ផលវរុណ គឺ​ជា​មនុស្ស​បម្រើ​ឲ្យ​គណបក្ស​កាន់​អំណាច និង​ទី​២ លោក ឈឹម ផលវរុណ ធ្លាប់​មាន​គំនុំ​ឯកជន​ជាមួយ​លោក កឹម សុខា ដោយ​លោក​មាន​ប្រវត្តិ​ប្ដឹង​លោក កឹម សុខា ម្ដង​រួច​ហើយ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ក្រោយ​ពេល​លោក កឹម សុខា លា​ឈប់​ពី​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មក​បង្កើត​គណបក្ស​នយោបាយ៖ «នរណា​ក៏​ដឹង​ដែរ​ថា គាត់ (ឈឹម ផលវរុណ) មិន​មែន​ជា​មនុស្ស​ឯករាជ្យ​ឯ​ណា គាត់​ជា​មនុស្ស​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន ដែល​កាន់​អំណាច ចង់​មិន​ចង់ យើង​អាច​ដឹង​សាច់រឿង​មុន​តុលាការ​ទៅ​ទៀត គឺ​មិនមែន​ជា​ការ​ដោះ​បន្ទុក​ទៅ​ដល់​លោក កឹម សុខា ទេ ផ្ទុយទៅវិញ ជា​ការ​ដាក់​បន្ទុក​ទៅ​វិញ​ទេ»

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ឃើញ​ដីកា​កោះ​លោក ឈឹម ផលវរុណ ធ្វើជា​សាក្សី​រួច​ហើយ។ លោក​មេធាវី សំ សុគង់ ប្រាប់​ថា ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​ក្នុង​ការ​កោះហៅ​សាក្សី ប៉ុន្តែ​ចំពោះ​លោក ឈឹម ផលវរុណ ក្រុម​មេធាវី​នឹង​សិក្សា​អំពី​ចម្លើយ​ថា​មាន​ភាព​ត្រឹមត្រូវ​ដល់​កម្រិត​ណា ព្រោះ​ក្រុម​មេធាវី​យល់​ថា លោក ឈឹម ផលវរុណ ជា​សាក្សី​សម្រាប់​ដាក់​បន្ទុក​កូន​ក្ដី។

​លោក សំ សុគង់៖ «យើង​មិន​បារម្ភ​រឿង​ធ្ងន់ ឬ​ស្រាល​ទេ សំខាន់​យើង​ចង់​ដឹង​ថា តើ​សាក្សី ដូច​ភស្តុតាង​ដែល​តុលាការ​រក​ហ្នឹង វា​ជា​ភស្តុតាង​មួយ​ដែល​ជា​ភស្តុតាង​ដែល​ប្រើប្រាស់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ឬ​មួយ​ក៏​ភស្តុតាង​ដែល​យក​មក​មាន​ភាព​ជឿជាក់ និង​ជា​ភស្តុតាង​មួយ​ត្រឹមត្រូវ​ដែរ ឬ​ទេ? ទាក់ទង​នឹង​តួនាទី​ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ព្រហ្មទណ្ឌ គឺ​គាត់​ត្រូវតែ​ស៊ើបសួរ​ទាំង​ដាក់​បន្ទុក និង​ដោះ​បន្ទុក អ៊ីចឹង​កាតព្វកិច្ច និង​ភារកិច្ច​របស់​គាត់​ត្រូវ​តែ​មាន​ការ​ស៊ើបសួរ​មួយ​ដែល​គ្មាន​ភាព​លំអៀង»

​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​រលង​អធ្រាត្រ​ថ្ងៃ​ទី​២ កញ្ញា ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ។ បើ​ទោះ​ជា​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្តរជាតិ​យល់​ថា នេះ​គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ ក៏​ចៅក្រម​ស៊ើបសួរ​បាន​ព្យាយាម​រក​សាក្សី​ដើម្បី​ដាក់​បន្ទុក ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ខិតខំ​ប្រឹងប្រែង​ពន្យល់​ពលរដ្ឋ​ឲ្យ​ជឿ​ថា លោក កឹម សុខា គឺ​ជា​ជន​ក្បត់ជាតិ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស ថា​ជា​រឿង​នយោបាយ ពីព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ​ទើប​រក​លេស​ចាប់​​មេ​បក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយ​ដាក់គុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ចៅក្រម​ស៊ើបសួរ​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ធ្វើ​សាក្សី​ក្នុង​បទ​ចោទ​លោក កឹម សុខា"

  1. people says:

    So funny in this king dom of veitcong slave’ Why mr ugly face van run go to court about mr kim so kha?? This court dig the story about ten or fifteen years ago to accuse mr so kha’ so funny’ this court is the criminal court who accuse anybody without independent ‘ What a wampire??

  2. Anonymous says:

    A Chhim needs wine to warm up. I’m not so sure why you are so dumb. May be you really need 💰💵💰 for your advice. Your advice is good for Srok Rumdoul.

  3. ភក្ភី says:

    អ្នកត្រូវដឹងថាក្រុមគ្រួសារឪពុកម្ដាយបងប្អូននឹងប្រពន្ធរបស់អ្នករស់ដោយលំបាកយ៉ាងណាទេ?
    តើអ្នករាល់ថ្ងៃដឹងថាអ្នកកំពុងការពារឲ្យយួនមកធ្វើអាណានិគមនៅក្នុងផ្ទះរបស់អ្នកទេឬ?
    តើអ្នកដឹងក្រុមគ្រួសាររបស់អ្នកនឹងប្រជាពលរដ្ឋរបស់អ្នកចំណាកចោលផ្ទះទៅបំរើស្រុកគេព្រោះការអត់ឃ្លានទេ?