មេធាវី​ការពារ​ក្ដី​អតីត​បុគ្គលិក​អាស៊ីសេរី​បន្ត​ប្ដឹង​សុំ​ឱ្យ​តុលាការ​ប្រគល់​វត្ថុ​ដែល​បាន​ដកហូត

ដោយ ហេង សកល
2018-01-18
RFA

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA


មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប បាន​បន្ត​ដាក់ពាក្យ​ប្ដឹង​សុំ​ឱ្យ​តុលាការ​ប្រគល់​វត្ថុ​ដែល​បាន​ដកហូត កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ សម្ភារៈ​ទាំងនោះ រួម​មាន ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង កុំព្យូទ័រ​មួយ​ចំនួន កាមេរ៉ា និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ នេះ​ជា​បណ្ដឹង​លើក​ទី​២​ហើយ ដែល​មេធាវី​រូប​នេះ បាន​ស្នើសុំ​នៅ​ក្នុង​សំណុំរឿង​ក្ដី​នេះ ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​លើក​ទី​១ កាលពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៧។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ គឺ​លោក កែវ វ៉ាន្នី បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មករា​ថា មូលហេតុ​ដែល​លោក​បន្ត​ដាក់ពាក្យ​ស្នើសុំ ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ មិន​ព្រម​ប្រគល់​សម្ភារៈ​ដែល​បាន​ចាប់​យក​ឱ្យ​កូន​ក្តី​ទាំងពីរ​របស់​លោក​វិញ។ លោក​មេធាវី​ឱ្យ​ដឹង​បន្ត​ថា គ្មាន​ហេតុផល​ណាមួយ​ដែល​តុលាការ​ត្រូវ​ទុក​សម្ភារៈ​របស់​កូន​ក្ដី​លោក​ឡើយ ដោយហេតុថា របស់​របរ​ទាំងនោះ​មិនមែន​ជា​វត្ថុ​ជាប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ទៀត​ឡើយ។

អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​លួច​ផលិត ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ​។ អ្នក​ទាំងពីរ​ត្រូវ​បាន​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក កែវ វ៉ាន្នី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មករា ក៏​បាន​ទៅ​ជួប​កូន​ក្តី​ទាំងពីរ​របស់​លោក​នៅ​ពន្ធនាគារ ដើម្បី​ជម្រាប​ជូន​ព័ត៌មាន​ទាំងនេះ ព្រមទាំង​សួរសុខទុក្ខ​កូន​ក្តី​លោក​ផង​ដែរ។ លោក​ឱ្យ​ដឹង​បន្ត​ថា លោក អ៊ួន ឈិន នៅតែ​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយ​លោក​ឈឺ​ភ្នែក និង​កើត​ជំងឺ​រមាស​ពេញ​ខ្លួន។ បើ​ទោះ​បី​ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឱ្យ​ថ្នាំ​ប្រើប្រាស់​ក៏ដោយ ក៏​ស្ថានភាព​ជំងឺ​នេះ​មិន​ធូរស្បើយ​ឡើយ។

អ្នកច្បាប់​ជាតិ និង​អង្គការ​អន្តរជាតិ​អះអាង​ថា ការ​ចោទ​ប្រកាន់ ការ​ឃុំ​ខ្លួន លើ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​អយុត្តិធម៌។ មក​ទល់​ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា​នេះ ចូល​ថ្ងៃ​ទី​៦៧​ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំខ្លួន​អ្នក​ទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles