ម្ដាយ​របស់​សកម្មជន​មាតា​ធម្មជាតិ​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​កូនប្រុស

ដោយ វ៉ែន សុមេធ
2018-01-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided
(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided


ម្ដាយ​របស់​សកម្មជន​មាតា​ធម្មជាតិ ២​រូប ដែល​កំពុង​ជាប់ឃុំ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ជំនាញ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ថ្ងៃ​ទី១៨ មករា នេះ ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ទាំងនោះ​ជួយ​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​កូន​របស់​ពួកគាត់​មកវិញ។ ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​ខេត្ត​កោះកុង គ្រោង​បើកសវនាការ​ជំនុំជម្រះ​រឿង​ក្តី​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ក្រោយ។

ម្ដាយ​របស់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​សមាគម​អាដហុក (ADHOC) ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ទាំងនេះ ជួយ​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​កូនប្រុស​របស់​ពួកគាត់​មកវិញ។

ម្ដាយ​របស់​លោក ហ៊ុន វណ្ណៈ គឺ​លោកស្រី ទី ម៉ារី បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា កូន​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង​នោះ​ទេ គឺ​រូបគេ​គ្រាន់តែ​ចុះទៅ​ថតរូប​កប៉ាល់​ចត​នៅ​ក្នុង​លំហ​សមុទ្រ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​បែរជា​ត្រូវ​បុគ្គលិក​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន ចាប់ខ្លួន​រូបគេ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ទៅវិញ។ លោកស្រី​បន្ត​ថា នេះ​ជា​រឿង​អយុត្តិធម៌ ដែល​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង​ធ្វើ​មក​លើ​កូនប្រុស​លោកស្រី ដែល​ជា​សកម្មជន​បរិស្ថាន។ លោកស្រី​អាណិតអាសូរ និង​នឹករលឹក​ដល់​កូន​ដែល​កំពុង​ជាប់ឃុំ ហេតុ​ដូចនេះ​ហើយ​ទើប​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​អន្តរាគមន៍ ដោះលែង​កូន​របស់​លោកស្រី​ឱ្យ​មាន​សេរីភាព​វិញ៖ «ខ្ញុំ​សំណូមពរ​ដល់​តុលាការ​ត្រូវ​មាន​ភាព​យុត្តិធម៌ កុំ​លម្អៀង ព្រោះ​កូន​ខ្ញុំ​អត់​មាន​ធើ្វ​អ្វី​ខុស​ទេ អត់​មាន​ភស្តុតាង​អ្វី​បង្ហា​ញ​ថា ខុស​នោះ​ទេ។ អ្នក​ដែល​ខុស​នោះ​ គឺ​បុគ្គល​ដែល​ធ្វើ​រំលោភ​ច្បាប់​ រំលោភ​ថវិកា​ប្រទេស​ជាតិ នោះ​ទើប​តុលាការ​ត្រូវ​គិតគូរ។ កុំ​តាម​តែ​ក្រុមហ៊ុន​ថា​ម៉េច​ធ្វើ​អ៊ីចឹង​នោះ​ គឺ​ត្រូវ​មាន​ចិត្ត​ស្នេហា​ជាតិ​ផង ទើប​ប្រទេស​ជាតិ​យើង​បាន​រុងរឿង។ បើ​យើង​ធ្វើ​តាម​តែ​ក្រុមហ៊ុន​ នោះ​ប្រទេស​ជាតិ​យើង​មិន​អាច​រុង​រឿង​បាន​ទេ វា​នឹង​ទៅ​ជា​រឿង​ពុករលួយ​ពេញ​ទី​ហើយ»

ចំណែក ម្ដាយ​របស់​លោក ឌឹម គុណឌី គឺ​លោកស្រី ដួង សាកធារី វិញ ក៏​បាន​អះអាង​ដែរ​ថា សកម្មភាព​កូន​របស់​គាត់​នេះ គឺជា​ការ​ចូល​រួមការ​ពារ​ធនធាន​ធម្មជាតិ ស្រប​ទៅ​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ដែល​អំពាវនាវ​ឱ្យ​យុវជន​ចូលរួម​ឃ្លាំមើល និង​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ប៉ុន្តែ​ពេល​កូន​គាត់​ចូលរួម បែរជា​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​បែបនេះ​ទៅវិញ។ លោកស្រី​អះអាង​ថា លោកស្រី​ពិតជា​មានការ​ឈឺចាប់​ខ្លាំង​ណាស់ ដែល​ឃើញ​កូនប្រុស​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារតែ​សកម្មភាព​ជួយ​សង្គម​បែបនេះ។ លោកស្រី​សង្ឃឹមថា អាជ្ញាធរ​ខេត្ត​កោះកុង​នឹង​ជំនុំជម្រះ​រឿង​ក្តី​នេះ​ដោយ​យុត្តិធម៌៖ «កូន​ខ្ញុំ​ខំ​តស៊ូ​តាំង​ពី​យូរ​មក​ហើយ ដោយ​មិន​មាន​ខុស​អ្វី​សោះ ទៅ​ចាប់​គ្នា​ដាក់​គុក​ជាង ៤​ខែ។ ខ្ញុំ​ឃើញ​ថា​ វា​មាន​ភាព​អយុត្តិធម៌​ច្រើន ហើយ​ខ្ញុំ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច ហ៊ុន សែន ផង​ ឱ្យ​ជួយ​មើល​ខាង​ណា​ខុស​ខាង​ណា​ត្រូវ ព្រោះ​គាត់​ធ្លាប់​ប្រកាស​ថា ឱ្យ​យុវជន​ទៅ​ការពារ​បរិស្ថាន តែ​ពេល​គ្នា​ទៅ​ការពារ​បរិស្ថាន​ហើយ ទៅ​ចាប់​គ្នា​ដាក់​គុក​វិញ។ នេះ​ហើយ​ជា​រឿង​អយុត្តិធម៌ ហើយ​ខ្ញុំ​សុំ​ឱ្យ​គាត់​ដោះលែង​កូន​ខ្ញុំ​ឆាប់ៗ​នេះ​ផង»

សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ចាប់តាំង​ពី​ថ្ងៃទី១២ កញ្ញា ឆ្នាំ ២០១៧ រហូត​មក​ទល់នឹង​ពេល​បច្ចុប្បន្ន ក្រោយ​ពេល​អ្នក​ទាំងពីរ​បាន​ជិះ​ទូក​ថតរូប​ភាព និង​វីដេអូ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿងក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស​.​អ៊ី​.​ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​រកស៊ី​នាំចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង ជាច្រើន​ឆ្នាំ​មក​ហើយ។

សកម្មជន​បរិស្ថាន​ទាំងពីរ​ត្រូវ​បាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ឆ្នាំ។

ទោះបីជា​យ៉ាងណា អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) រក​មិន​ឃើញ​ថា សកម្មភាព​របស់ លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី នេះ គឺជា​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ហៅ​សកម្មជន​ទាំងពីរ​រូប​នេះ ថា​ជា​អ្នកទោស​មនសិការ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​ដោះលែង​អ្នក​ទាំងពីរ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

អតីត​អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ឃុំខ្លួន​អតីត​សហការី​របស់​អ្នកនាង គឺជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​សកម្មជន​បរិស្ថាន​ដែល​ហ៊ាន​ចេញមុខ​តស៊ូ​មតិ​រឿង​ការពារ​ធនធានធម្មជាតិ។ អ្នកនាង​ក៏​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​តុលាការ​ខេត្ត​កោះកុង​ដែរ ដែល​បន្ត​ឃុំខ្លួន​ពួកគេ​ជាង ៤ ខែ ដោយ​មិន​ជំនុំជម្រះ ដែល​ជា​ការអនុវត្ត​ខុស​នីតិវិធី៖ «ខ្ញុំ​មាន​តែ​ជំរុញ​ឱ្យ​តុលាការ​ហ្នឹង​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ចំពោះ​សំណុំ​រឿង​របស់​ពួក​គាត់ ហើយ​ស្នើ​សុំ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ឱ្យ​មើល​ទៅ​លើ​រឿង​នេះ​ផង ហើយ​កុំ​ភ្លេច​ប្រសាសន៍​របស់​សម្តេច​ដែល​គាត់​តែ​ងតែ​លើក​ដដែលៗ ថា​ឱ្យ​យុវជន​ចូល​រួម​កិច្ច​ការ​ងារ​សង្គម​ និង​បរិស្ថាន ជួយ​ឃ្លាំមើល​អំពើ​ពុករលួយ​ ហើយ​មិន​ត្រឹម​តែ​សម្តេច​ទេ សូម្បី​តែក្រសួង​ពាក់​ព័ន្ធ​ក៏​តែង​លើក​ឡើង​ដូច​នេះ​ដែរ។ ប្រសិន​បើ​យើង​ធ្វើ​ការងារ​ហ្នឹង​ហើយ គាត់​ចាប់​យើង​ដាក់​គុក​ ហើយ​គាត់​មិន​ដោះស្រាយ​ ស្តាប់​តែ​បញ្ជា​របស់​ក្រុមហ៊ុន​ដដែល សួរ​ថា​តើ​មាន​យុវជន​ណា​ដែល​ហ៊ាន​ចេញ​មុខ​ការពារ (បរិស្ថាន) បន្ត​ទៀត?»

ម្ដាយ​របស់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ពួកគេ​នឹង​តាមដាន​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​នេះ នៅ​ថ្ងៃ​ទី២៥ មករា សប្ដាហ៍​ក្រោយ ដោយ​យកចិត្តទុកដាក់ និង​បន្ត​ការ​ទាមទារ​រហូត​ទាល់តែ​រឿង​ក្តី​នេះ​មាន​ភាព​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles