លោក ហ៊ុន សែន តែងតាំង​កូនប្រសា​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ

ដោយ ជាតិ ចំណាន
2018-01-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Global Witness Photo
គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Global Witness Photo


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ឱ្យ​ធ្វើ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។ ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​តាម​រយៈ​អនុក្រឹត្យ​មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា កន្លង​ទៅ។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​តែង​តាំង​នេះ គឺ​ជា​ការ​ពង្រឹង​អំណាច​ក្រុម​គ្រួសារ​ត្រកូល “ហ៊ុន” ឱ្យ​កាន់តែ​រាំង​មាំ​ថែម​ទៀត។

កូនប្រសា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដែល​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ អត្តលេខ ០១២៧៨ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​តែងតាំង​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

​អ្នក​វិភាគ និង​អ្នក​តាមដាន​បញ្ហា​សង្គម​អះអាង​ថា ការ​តែងតាំង​កូនចៅ និង​សែស្រឡាយ​គ្រួសារ​របស់​ខ្លួន​ឱ្យ​កាន់​តំណែង​ធំៗ​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​បែប​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ប្រទេស​កម្ពុជា​ ឈាន​ទៅ​រក​របប​យោធា និង​គ្រួសារ​និយម។

​អ្នកវិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់​ថា ការ​តែងតាំង​មុខ​តំណែង​ជាន់ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​សន្តិសុខ​ជាតិ និង​ការពារ​ជាតិ​នៅ​កម្ពុជា បច្ចុប្បន្ន ធ្វើ​ឡើង​តាម​រយៈ​សាច់សាលោហិត និង​បក្ខពួក​និយម ច្រើន​ជាង​ការ​គុណបំណាច់ និង​សមត្ថភាព​ជាក់ស្ដែង។ លោក​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​បង្ហាញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​គ្រួសារ​និយម៖ «ក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​ក្នុង​ការ​តែង​តាំង​នេះ​ គឺ​តែង​តាំង​តែ​តែ​អ្នក​ដែល​ទុក​ចិត្ត​ ហើយ​ជា​ពិសេស​ក្រុម​ញាតិ​របស់​ថ្នាក់​​​ដឹក​នាំ។ យើង​ឃើញ​ជា​បណ្តើរៗ​មក​ហើយ ហើយ​គឺ​អាច​ជា​សញ្ញា​សម្គាល់​មួយ​ដែរ​ថា របប​​នេះ​ទៅ​ជា​របប​យោធា និង​ត​វង្ស​ត្រកូល​តទៅ​ទៀត»

ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ វិញ កត់សម្គាល់​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ មាន​ការ​ដំឡើង​ឋានៈ និង​តួនាទី​ជា​បន្តបន្ទាប់​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ជិតស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ខ្លះ​ទៀត​ជា​សាច់សាលោហិត​របស់​លោក​តែម្ដង។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន និង​មាន​ការ​ចោទ​ប្រកាន់​ពី​បញ្ហា​គ្រួសារ​និយម​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ។ លោក​យល់​ឃើញ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​គួរ​តែ​មាន​ច្បាប់​ស្ដីពី​ទំនាស់​ផលប្រយោជន៍ ដែល​មាន​ចែង​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការ​តែង​តាំង​មុខ​តំណែង និង​តួនាទី​របស់​កូនចៅ និង​សាច់សាលោហិត​របស់​មេដឹកនាំ​ទាំង​នោះ៖ «ប្រសិន​បើ​មាន​មន្ត្រី​ផ្សេងៗ​ដែល​បាន​បំពេញ​ការងារ​យូរ​មក​ហើយ ជា​ពិសេស​មន្ត្រី​ដែល​មាន​វ័យ​ចំណាស់​ដែល​ពួក​គាត់​មិន​បាន​ឡើង​បុណ្យ​សក្ដិ តែ​អ្នក​ផ្សេង​ដែល​មាន​ជាប់​សែស្រឡាយ​របស់​ថ្នាក់​ដឹក​នាំ​បែរ​ជា​បាន​ឡើង​បុណ្យ​សក្ដិ​ នោះ​ហើយ​គឺ​ជា​ការ​ឈាន​ទៅ​រក​គ្រួសារ​និយម​ហើយ។ ក៏​ប៉ុន្តែ​ពេល​វេលា​នៃ​ការ​ឡើង​បុណ្យ​សក្ដិ​នេះ មិន​មែន​កើត​ឡើង​ចំពោះ​តែ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង​តែមួយ​នោះ​ទេ វា​ក៏​មាន​ការ​ដំឡើង​ឋានៈ​ដល់​មន្ត្រី​ផ្សេងៗ​ទៀត នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​ដែរ។ បើ​យើង​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ទំនាស់​ផល​ប្រយោជន៍​ និង​មាន​ការ​ចែង​ឱ្យ​ច្បាស់​ពី​ទំនាស់​ផល​ប្រយោជន៍​នេះ​ទេ ខ្ញុំ​គិត​ថា សង្គម​កម្ពុជា យើង​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​របៀប​នេះ​តទៅ​ទៀត»

លោក ឌី វិជ្ជា ត្រូវ​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ឈ្មោះ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ថា​ជា​អ្នក​ក្ដោបក្ដាប់​មុខ​ជំនួញ​ជា​ច្រើន​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា។

​លោក ឌី វិជ្ជា គឺ​ជា​កូន​បង្កើត​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ កាល​ពី​ឆ្នាំ​២០០៨ ដែល​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​ហាក់​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។

​លោក ឌី វិជ្ជា ត្រូវ​បាន​ដំឡើង​តំណែង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ពី​អនុ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ បន្ទាប់​មក​ជា​ប្រធាន​អង្គភាព​ដដែល​នេះ និង​ពេល​នេះ​ក្លាយ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។

​អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ពង្រឹង​អំណាច​របស់​ខ្លួន​តាម​រយៈ​ការ​តែងតាំង​កូន​ចៅ សាច់សាលោហិត និង​មន្ត្រី​ជំនិត​របស់​លោក​ឱ្យ​កាន់​តំណែង​កំពូលៗ​នៅ​ក្នុង​ជួរ​កងទ័ព និង​ប៉ូលិស​ជាតិ។ ឧទាហរណ៍​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត គឺ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

ចំណែក​កូនប្រុស​ទី​ពីរ​របស់​លោក​វិញ គឺ​លោក ហ៊ុន ម៉ានិត គឺ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ និង​ជា​នាយ​រង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ ចំណែក​ឯ​ក្មួយ​ប្រសា​របស់​លោក គឺ​លោក នេត សាវឿន វិញ គឺ​ជា​អគ្គស្នងការ​នគរបាល​ជាតិ។ លោក ហ៊ុន សែន ក៏​ទើបតែ​បាន​តែង​តាំង​ក្មួយ​ប្រុស​របស់​លោក​ម្នាក់​ដែល​ល្បី​ថា​ជា​ក្រុម​បង​ធំ​លេខ​១ នៅ​ស្រុក​ខ្មែរ គឺ​លោក ហ៊ុន ជា ឱ្យ​ឡើង​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ នៅ​ក្រសួង​ការពារ​ជាតិ កាល​ពី​ដើម​ខែ​មករា នេះ។

​មន្ត្រី​រដ្ឋាភិបាល​តែងតែ​អះអាង​ថា ការ​ដំឡើង​តំណែង​ឱ្យ​កូនចៅ និង​សាច់សាលោហិត​មេដឹកនាំ​បែប​នេះ ពីព្រោះ​ពួកគេ​មាន​សមត្ថភាព បទពិសោធន៍ និង​ជា​ការ​ឡើង​តាម​ឋានានុក្រម ក៏ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​សង្គម​វិញ ថា​​គឺ​ជា​ការ​រក្សា​អំណាច និង​ពង្រឹង​បណ្ដាញ​គ្រួសារ​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន តែងតាំង​កូនប្រសា​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ"

  1. Anonymous says:

    They all are in the international black list. Too bad for HUN’ s family, Hun Sen is taking his families to hell. Good luck with international Laws!!!!!!!!!!!