លោក ហ៊ុន សែន ថា​ការ​បោះឆ្នោត​មិន​ត្រូវ​ការ​ អ.ស.ប​ និង​មេដឹកនាំ​ប្រទេស​ណា​ទទួល​ស្គាល់​ឡើយ

ដោយ យន់ សាមៀន
2018-01-18
RFA

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្លែង​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ Photo courtesy of UN.ORG
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្លែង​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ Photo courtesy of UN.ORG


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ប្រទេស​កម្ពុជា​នៅតែ​រៀបចំ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ដដែល ទោះបីជា​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ និង​បណ្ដា​មេដឹកនាំ​ធំៗ​លើ​លោក​ក៏ដោយ។

ការ​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ​២០១៧២០៣០ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា។ អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា នេះ​ហាក់ជា​ការ​ប្រកាស​ពី​គម្រោង​ក្ដោបក្ដាប់​អំណាច​របស់​លោក​បន្ត​ទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ម្ដង​ទៀត​ថា ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី២៩ កក្កដា ២០១៨ ដោយ​គ្មាន​ការប្រែប្រួល​ឡើយ។ ការ​លើកឡើង​បែប​ឌឺដង​ផង វាយប្រហារ​ផង​ទៅកាន់​អ្នកវិភាគ និង​ដើម្បី​ឆ្លើយ​ចំពោះ​ការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មករា ដោយ​ដាក់​ចំណងជើង​ថា« លោកនាយក​រដ្ឋមន្ត្រី​ថា ការ​បោះឆ្នោត​អាច​ធ្វើ​មិន​បាន​បើ​មាន​ការ​ច្របូកច្របល់»

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ​២០១៧២០៣០ នៅ​វិមាន​សន្តិភាព ថ្លែង​នៅមុខ​មន្ត្រីរាជការ​ដោយ​ទឹក​មុខមាំ ប្រកប​ដោយ​ការ​ខឹង​សម្បារ​ផង លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ទោះ​បី​ក្នុង​តម្លៃ​ណា​ក៏​ដោយ ដំណើរការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅតែ​រៀបចំឡើង​ដដែល។

លោក​អះអាង​ថា ក្រោយ​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ ហើយ​បើ​មាន​ពាក្យ​បណ្ដឹង​នឹង​ដោះស្រាយ ឬ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ដោះស្រាយ ហើយ​នីតិវិធី​រៀបចំ​រដ្ឋាភិបាល​ថ្មី គឺ​គ្មាន​អ្វី​ប្រែប្រួល​ទេ ទោះបីជា​គ្មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ក៏ដោយ ក៏​លោក​មិន​ខ្វល់​ដែរ៖ «បើ​ទោះ​បី​ជា​មាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ ការបោះឆ្នោត​នេះ ត្រូវតែ​ធ្វើ​ឱ្យ​ខាង​តែ​បាន។ ការបោះឆ្នោត​មួយ​តម្រូវ​ឱ្យ​ប្រជាជន​កម្ពុជា​ជា​អ្នក​ចូលរួម​បោះឆ្នោត ហើយ​មិន​មាន​តម្រូវ​ការ​ឱ្យ​ប្រធានាធិបតី​នៃ​ប្រទេស​ណាមួយ​ឬ ក៏​អគ្គ​លេខា​អង្គការសហប្រជាជាតិ ឬ​ក៏​ក្នុង​ក្របខ័ណ្ឌ​យន្តការ​ពហុភាគី​ទទួល​ស្គាល់​ការបោះឆ្នោត​នេះ​ទេ»

លោកនាយក​រដ្ឋមន្ត្រី​ថា នីតិវិធី​នេះ ជា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ជឿជាក់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គ្មាន​ការចាំបាច់​ណាមួយ​ដើម្បី​ពន្យារ​ពេល​ការ​បោះឆ្នោត​នោះ​ទេ ពីព្រោះ​ជា​សភាពការណ៍​ដែល​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។

ថ្មីៗ​នេះ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផ្អាក​ការ​ផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..)។ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ បញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រេច​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​នេះ គឺ​ដោយសារតែ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា ក្នុង​ដំណើរការ​បោះឆ្នោត​មួយ​ដែល​គណបក្សប្រឆាំង ត្រូវ​បាន​ផាត់​ចេញ​តាម​ទំនើងចិត្ត​យ៉ាង​ដូច្នេះ លទ្ធផល​នៃ​ការបោះឆ្នោត​នឹង​មិន​មាន​ភាព​ស្របច្បាប់​នោះ​ទេ។

យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល មិន​ខ្វល់​នឹង​ការ​ផ្ដាច់​ជំនួយ​ទាំង​នេះ​ឡើយ ពីព្រោះ​មាន​មហាមិត្ត​ចិន​បាន​ប្រកាស​ចាំ​គាំទ្រ​គ្រប់​កាលៈទេសៈ និង​ផ្ដល់​កញ្ចប់​ថវិកា​សម្រាប់​រៀបចំ​ការបោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​ទៀត​ផង។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មាន​គម្រោង​ដើម្បី​យកឈ្នះ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ និង​មាន​គម្រោង​ក្ដោប​ក្ដាប់​អំណាច​បន្ត​ទៀត៖ «ដូច្នេះ​ប្រហែលជា​គាត់​រៀប​ចំ​ការ​បោះឆ្នោត​ឱ្យ​មាន​តែ​ទម្រង់ការ​បោះឆ្នោត​ទៅ ហើយ​ប្រកាស​ទៅ​តែម្ដង​ថា គាត់​ជាប់ឆ្នោត​ទៅ។ ម្លោះ​ហើយ​គាត់​មិន​ខ្វល់ខ្វាយ ពី​នរណា​ទេ គឺ​គាត់​នៅ​កាន់អំណាច ហើយ​គាត់​កាន់អំណាច​ក៏ដោយ​សារ​មាន​កងទ័ព​អាច​ជួយ​គាំទ្រ»

អ្នកវិភាគ​ចាស់​វស្សា​រូប​នេះ យល់ថា ប្រសិនបើ​ដំណើរការ​បោះឆ្នោត​ដូច​លោក ហ៊ុន សែន លើកឡើង​កើត​មាន​មែន គឺ​មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​បានទេ ប៉ុន្តែ​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។ លើស​ពី​នេះ លទ្ធផល​ឆ្នោត មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ពិតប្រាកដ មិន​មាន​សេរីភាព និង​គ្មាន​យុត្តិធម៌។ បន្ថែម​ពី​នេះ របប​គ្រប់គ្រង​នៅ​កម្ពុជា​លែង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ទៀត​ហើយ ប៉ុន្តែ​ឈាន​ទៅ​រក​របប​ផ្ដាច់ការ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថា​ការ​បោះឆ្នោត​មិន​ត្រូវ​ការ​ អ.ស.ប​ និង​មេដឹកនាំ​ប្រទេស​ណា​ទទួល​ស្គាល់​ឡើយ"

  1. ខ្មែរសុវណ្ណភូមិ says:

    ស្វាលេងច្បាប់ព្រៃ អាណាធ្វើស្អីអញ ស្រុកស្មែរនេះមានតែអញលេខមួយ អញនឹងធ្វើនាយករដ្ឋមន្រ្តីដល់អាយុ១០០។អញលេងតែនឹងប្រពន្ធអញ។ ហេតុនេះមិនចាំបាច់អាណាទទួលស្គាល់អីទេនាំអោយស្មុកស្មាញ។ អាណាមិនបៅះក៏អញជាប់ដែរ ។ បើមិនជឿរងចាំមើលណា!!!

  2. Anonymous says:

    Cambodian is a unfortunate nation on art by having this mental person as the leader of their nation. I really felling sick and tied to hear this dumb evil speaking without knowing nothing . OH…..GOD take this guy away I do not want to see him again. peace to all Cambodian and GOD bless them all