ក្រសួង​ព័ត៌មាន​ហាម​វិទ្យុ​១០២​កុំ​ឲ្យ​ជួល​ម៉ោង​ផ្សាយ​បន្ត​ទៅ​ស្ថាប័ន​ដទៃ​នៅ​តាម​ខេត្ត

ដោយ អាស៊ីសេរី
2018-01-18

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA


ក្រសួង​ព័ត៌មាន​ដាក់​កំហិត​ឲ្យ​វិទ្យុ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា FM102 MHz បញ្ឈប់​ជួល​ម៉ោង​ផ្សាយ​បន្ត​ទៅ​ឱ្យ​អ្នក​ស្ថាប័ន​ដទៃ នៅ​តាម​បណ្ដា​ខេត្ត​នានា។

លិខិត​របស់​ក្រសួង​ព័ត៌មាន ដែល​ចុះហត្ថលេខា ដោយ លោក ខៀវ កាញារីទ្ធ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ផ្ញើ​ជូន អ្នកស្រី ជា ស៊ុនដាណែត ជា​នាយិកា​ស្ថានីយ​វិទ្យុ​ស្ត្រី FM102 MHz ឲ្យ​បញ្ឈប់​ការ​ជួល​ហ្វ្រេកង់​របស់​ខ្លួន​ឲ្យ​ទៅ​អ្នក​ដទៃ ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត។

នៅ​ក្នុង​លិខិត​ដដែល​នោះ បាន​បញ្ជាក់​ទៀត​ថា ក្រសួង​ព័ត៌មាន បាន​ផ្តល់​ហ្វ្រេកង់​ឲ្យ​វិទ្យុ FM102 MHz ទៅ​ឲ្យ អ្នកស្រី ជា ស៊ុនដាណែត ដើម្បី​ប្រើប្រាស់​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ប៉ុន្តែ​អ្នកស្រី​បាន​យក​ហ្វ្រេកង់​វិទ្យុ FM102 MHz និង​ហ្វ្រេកង់​ផ្សាយ​បន្ត​តាម​ខេត្ត ទៅ​ជួល​បន្ត​ដោយ​បំពាន​លើ​ប្រកាស​របស់​ក្រសួង។

ក្រសួង​ថា ដើម្បី​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ហើយ​ប្រសិនបើ​លោកស្រី ជា ស៊ុនដាណែត ចង់​ជួល​អាជ្ញាប័ណ្ណ​ហ្វ្រេកង់​ឲ្យ​វិទ្យុ​ដទៃ បន្ត​ទៀត​នោះ គឺ​ត្រូវ​បំពេញ សំណុំ​បែប​បទ ស្នើសុំ​ការ​អនុញ្ញាត​ជា​មុន​សិន។

នៅ​ចុង​បញ្ចប់​នៃ​លិខិត ក្រសួង​ព័ត៌មាន​ព្រមាន​ថា បើ​ក្នុង​ករណី​នៅ​តែ​បំពាន​លើ​សេចក្តី​ជូនដំណឹង​នេះ ក្រសួង​នឹង​ដកហូត​ប្រកាស ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​វិទ្យុ​នេះ​មកវិញ​ជា​ស្ថាពរ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​តែម្ដង។

អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង អ្នកស្រី ជា ស៊ុនដាណែត ឬ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត នៃ​វិទ្យុ​ស្ត្រី FM102 MHz ដើម្បី​បញ្ជាក់​ជុំវិញ​រឿងរ៉ាវ​នេះ​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ពុធ ទី​១៧ មករា។

កាល ពី​ខែ​សីហា ឆ្នាំ ២០១៧ វិទ្យុ​ស្ត្រី FM102 MHz បាន​បញ្ឈប់​កម្មវិធី​ផ្សាយ របស់ វីអូអេ (VOA) និង​អាស៊ីសេរី (RFA) ដោយ​មាន​បញ្ជា​ពី​ក្រសួង​ព័ត៌មាន។

កាលនោះ អ្នកស្រី ជា ស៊ុនដាណែត ឲ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន​ចោទ​ថា វិទ្យុ​ស្ត្រី​បាន​បំពាន​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង ដោយ​បាន​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ទាំងពីរ​នេះ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ វីអូអេ ចំនួន ១​ម៉ោង​កន្លះ និង​អាស៊ីសេរី ចំនួន២​ម៉ោង។

វិទ្យុ​ស្ត្រី FM102 MHz ផ្សាយ​គ្រប​ដណ្តប់ ៧៥​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប​ប្រមាណ ១៥​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles