ពលរដ្ឋ​ខែ្មរ​ជិត​១​ពាន់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​បរទេស សង្គម​ស៊ីវិល​បន្ទោស​លើ​កង្វះ​ប្រព័ន្ធ​ការពារ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅនេះ អាជ្ញាធរបានជួយសង្គ្រោះពលរដ្ឋខ្មែរនៅក្រៅប្រទេសជិត១ពាន់នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេជួបការរំលោភសិទ្ធិ និងការលំបាកនៅកន្លែងធ្វើការ។

យោងតាមរបាយការណ៍​ចេញផ្សាយកាលពីថ្ងៃម្សិលមិញ​នេះ ក្រសួងការបរទេសអះអាងថា​ រយៈពេល១ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះពលករ-ពលការិនីខ្មែរចំនួន ៩៨៦នាក់ ពី​បណ្ដា​ប្រទេសចំនួន ៩។

បើតាមរបាយការណ៍ដដែល​នោះ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ត្រូវ​បាន​ជួយ​សង្គ្រោះពី​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ដល់​ទៅ ៣៨២​នាក់ និង​ថៃ ១៧១​នាក់ ព្រម​ទាំង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់។

ក្រសួងការបរទេស ឲ្យដឹងទៀតថា អាជ្ញាធរ​ក៏កំពុងជួយសម្រួលឲ្យពលរដ្ឋខ្មែរ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួនពីបទស្នាក់នៅខុសច្បាប់ ឲ្យវិលត្រឡប់ប្រទេសកម្ពុជាវិញ តាមច្រកអន្ដរជាតិប៉ោយប៉ែត ដោយថា ជាមធ្យមចន្លោះពី ១០០០ ទៅ ១២០០នាក់ ក្នុងមួយសប្ដាហ៍។

ក្រសួងការបរទេសពន្យល់ថា មូលហេតុចំបង គឺដោយសារពួកគេចាញ់បោកមេខ្យល់ ក្រុមហ៊ុនបំពានកិច្ចសន្យា អំពើជួញដូរមនុស្ស ការចូលទៅស្នាក់នៅខុសច្បាប់ ជួបការលំបាកនៅកន្លែងធ្វើការ និងការរំលោភបំពានពីសំណាក់និយោជក មកលើពលករខ្មែរជាដើម។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា រិះគន់ថា ការរំលោភសិទ្ធិជាបន្ដបន្ទាប់មកលើពលករខ្មែរនៅក្រៅប្រទេស គឺមួយផ្នែក ដោយសារកម្ពុជា​គ្មានប្រព័ន្ធតាមដានការរំលោភសិទ្ធិ និងការពារពលករ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ លោកថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា ត្រូវចុះតាមដានស្ថានភាពពលករខ្មែរនៅក្រៅប្រទេសជាប្រចាំ និងផ្ដល់ការសិក្សាផ្នែកជំនាញ និងភាសាបរទេស ដើម្បីឲ្យពួកគេយល់ដឹង និងចេះការពារខ្លួនឯង។

មួយវិញទៀត លោកថា កម្រឃើញអាជ្ញាធរកម្ពុជា ប្ដឹងជនល្មើសនៃការរំលោភសិទ្ធិ មកផ្ដន្ទាទោស និងថា ពលករខ្មែរចំណាកស្រុកភាគច្រើន ហាក់មិនទទួលបានការគាំពារដិតដល់ពីរដ្ឋាភិបាល បន្ទាប់ពីពួកគេត្រឡប់មកប្រទេសវិញ។

លោកថា៖ «បើយើងប្រៀបធៀបការនាំចេញពលករទៅធ្វើការនៅស្រុកគេ យើងមើលប្រព័ន្ធយើងនៅខ្សោយ បើប្រៀបធៀបជាមួយថៃ ហ្វីលីពីន ក៏ប៉ុន្ដែ វាអាស្រ័យលើប្រព័ន្ធនៃការការពារ ជាក់ស្ដែងនៅប្រទេសម៉ាឡេស៊ី គឺស្ថានកុងស៊ុលគេ គេបើកជំនាញជីវិត គេបង្រៀនពលរដ្ឋគេថ្ងៃសៅរិ៍ អាទិត្យ ជាជំនាញ ជាភាសាអង់គ្លេស ជាជំនាញតែហ្មង។ កន្លងមក យើងឃើញថា នៅមានកម្រិតមិនបានឆ្លើយតបពេញលេញចំពោះតម្រូវការរបស់ពួកគាត់នោះទេ។ ទី៣ គឺថា យើងក៏មិនទាន់ចាត់វិធានការម៉ឺងម៉ាត់ ចំពោះអ្នកដែលល្មើសច្បាប់ យើងអត់ធ្វើពិតប្រាកដ»។

យ៉ាងណាក៏ដោយ ក្រសួងការបរទេស បានអះអាងក្នុងរបាយការណ៍ថា​ ខ្លួនបានចុះតាមដាន ដើម្បីកែលម្អស្ថានភាពរស់នៅ និងលក្ខខណ្ឌការងាររបស់ពលករខ្មែរ ព្រមទាំងផ្ដល់ការគាំទ្រ និងធានាភាពស្របច្បាប់ដល់ពលរដ្ឋខ្មែរ ដែលចង់ទៅធ្វើការនៅបរទេស ជាពិសេស គឺជួយសម្រួលឲ្យពួកគេ អាចវិលត្រឡប់មកមាតុភូមិវិញ បន្ទាប់ពីជួបការរំលោភសិទ្ធិ និងការលំបាកនៅកន្លែងធ្វើការ។

បើតាមរបាយការណ៍ រដ្ឋាភិបាលថា បានបញ្ជូលពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេសចំនួនជាង ១លាន ៥សែននាក់ ហើយថាកំពុងមានការទំនាក់ទំនងជាមួយប្រទេសមួយចំនួន​ ដើម្បីបង្កើនចំនួននេះឲ្យបានច្រើនថែមទៀត។

ប៉ុន្ដែ របាយការណ៍របស់អង្គការពលកម្មអន្ដរជាតិ (ILO) និងអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៧ បង្ហាញថា ពលករចំណាកស្រុកកម្ពុជា​ប្រមាណ ២ ភាគ ៣ ដែលទៅធ្វើការនៅក្រៅប្រទេស ច្រើនជួបបញ្ហាសុខភាពផ្លូវកាយ និងផលលំបាកនានា ពេលពួកគេត្រលប់​មកមាតុភូមិវិញ ដូចជា វិបត្តិផ្លូវចិត្ត និងបញ្ហាថប់អារម្មណ៍ជាដើម៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles