“បរិយាកាស​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​ធ្លាក់​ចុះ​​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​២០១៧”

ដោយ មាន ឫទ្ធិ
2018-01-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​នគរបាល​ការពារ​សន្តិសុខ​ឈរ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧។ AP
ក្រុម​នគរបាល​ការពារ​សន្តិសុខ​ឈរ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧។ AP


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​១៨ ខែ​មករា នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​អនុវត្ត និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧។ របាយការណ៍​កម្រាស់ ៦៤៣​ទំព័រ​នេះ សង្ខេប​ពី​បញ្ហា​សិទ្ធិមនុស្ស​ចម្បងៗ ក្នុង​ប្រទេស​ជាង ៩០​នៅ​ទូទាំង​ពិភពលោក ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០១៦ រហូត​ដល់​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

អង្គការ​នេះ​ថា បរិយាកាស​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​២០១៧ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង ក្រោម​បទ​ចោទ​ប្រកាន់​មិន​ច្បាស់លាស់ គឺ​បទ​ក្បត់​ជាតិ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​សម្រេច​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ និង​បាន​ហាមប្រាម​សមាជិក​គណបក្ស​នេះ​ជាង ១០០​នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។ រដ្ឋាភិបាល​បាន​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ដើម្បី​ផ្ដន្ទាទោស​សកម្មជន​គណ​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស ហើយ​បាន​បង្ខំ​ឲ្យ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​បិទ​ប្រតិបត្តិការ​របស់​ខ្លួន។

​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា អាជ្ញាធរ​បាន​ឃុំ​ខ្លួន​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់​ចំនួន ៣៥​នាក់ ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ មក។ ពួកគេ​ភាគ​ច្រើន​ត្រូវ​បាន​ផ្ដន្ទាទោស និង​កាត់ទោស​នៅ​ក្នុង​ដំណើរ​ការ​កាត់​ក្តី​ដោយ​សង្ខេប ដែល​ធ្វើ​ឡើង​មិន​បាន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។ មក​ទល់​ពេល​ចេញ​ផ្សាយ​របាយការណ៍​នេះ យ៉ាង​ហោច​ណាស់​នៅ​មាន​អ្នក​ទោស​នយោបាយ​ចំនួន ១៩​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

​របាយការណ៍​ដដែល​នេះ លើក​ឡើង​បន្ត​ថា គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រួតត្រា​សេវា​សន្តិសុខ និង​តុលាការ​របស់​ប្រទេស​កម្ពុជា បាន​បណ្ដាល​ឲ្យ​មាន​ការ​បង្ក្រាប ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០១៦ ហើយ​ទំនង​ជា​ដោយសារ​តែ​មាន​ការ​ព្រួយបារម្ភ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ អង្គការ​នេះ​ថា ការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត និង​ការ​រំលោភ​បំពាន​នានា ធ្វើ​ឡើង​ទំនង​ជា​ក្នុង​គោលដៅ​ដើម្បី​រារាំង​មិន​ឲ្យ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ពេល​ខាង​មុខ ខណៈ​ដែល​គណបក្ស​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ ២០១៣ និង​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ។ អង្គការ​នេះ​សរសេរ​បន្ត​ថា ការ​រម្លាយ​គណបក្ស​ប្រឆាំង​ក្នុង​ខែ​វិច្ឆិកា​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ធំ​ណា​មួយ​ដទៃ​ទៀត​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ នេះ​ឡើយ។

​របាយការណ៍​គូស​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ រដ្ឋាភិបាល​បាន​បន្ត​បដិសេធ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ពួកគេ​អនុវត្ត​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី តាម​រយៈ​ការ​បង្ក្រាប​ការ​តវ៉ា​នានា និង​ការ​ដាក់​ចេញ​នូវ​ការ​ហាម​ប្រាម​ជា​បន្តបន្ទាប់ មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ និង​ហែ​ក្បួន​ឡើយ។ បន្ថែម​ពី​លើ​នេះ របាយការណ៍​សរសេរ​បន្ត​ថា អាជ្ញាធរ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រទេស​នេះ ជា​ជាង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ផ្ដល់​សម្បទាន​នានា ប្រកប​ដោយ​ក្តី​មន្ទិល​របស់​រដ្ឋាភិបាល និង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​ក្រាស់ក្រែល​ប្រកប​ដោយ​ការ​សង្ស័យ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ផ្ទុយ​ទៅ​វិញ​ស្ថាប័ន​នេះ បាន​បើក​ការ​ស៊ើប​អង្កេត​ដែល​មាន​លក្ខណៈ​នយោបាយ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​ដទៃ​ទៀត​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

​របាយការណ៍​បាន​លើក​ឡើង​ពី​ការ​វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រឆាំង​រាប់​ចាប់​តាំង​ពី​លោក សម រង្ស៊ី ដែល​បាន​បន្ត​ភៀសខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​ដើម្បី​បញ្ចៀស​ពី​ការ​ចាប់​ដាក់​ពន្ធនាគារ​តាម​បណ្ដឹង​ដែល​មាន​ចរិត​នយោបាយ​ជា​ច្រើន ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្រោម​បទ​ចោទ​ថា ក្បត់​ជាតិ នៅ​ថ្ងៃ​ទី​៣ កញ្ញា ការ​ចាប់​ដាក់​ពន្ធនាគារ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​ដែល​ពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​រួម​មាន​តំណាងរាស្ត្រ​លោក អ៊ុំ សំអាន ព្រឹទ្ធ​សមាជិក​លោក ហុង សុខហួរ អ្នកស្រី ថាក់ ឡានី និង​មេ​ឃុំ សៀង ចែត ជាដើម។

​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ដើម្បី​សុំ​ប្រតិកម្ម​របស់​លោក​ជុំវិញ​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ។ ក៏​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) លើក​ឡើង​ថា កាក​សំណល់​ចុង​ក្រោយ​នៃ​រដ្ឋាភិបាល​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា បាន​រលាយ​បាត់​បង់​អស់​ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ។ លោក​ថា លោក ហ៊ុន សែន បាន​ចាក់គ្រឹះ​នៃ​ក្ដោបក្ដាប់​អំណាច​រយៈពេល ៣៣​ឆ្នាំ​របស់​លោក​ឆ្ពោះ​ទៅ​រក​របប​បែប​ផ្ដាច់ការ​និយម​តាម​រយៈ​ការ​កម្ចាត់​ចោល​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក ប្រ៊ែដ អាដាម សង្កត់​ធ្ងន់ៗ​ថា ការណ៍​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រម្លាយ​នេះ គ្មាន​ឡើយ​ឱកាស​ដើម្បី​ប្រារព្ធ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ នេះ។ លោក ប្រ៊ែដ អាដាម បន្ត​ថា កិច្ច​ប្រឹងប្រែង​របស់​អន្តរជាតិ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បាន​បរាជ័យ​ជា​ស្ថាពរ។ លោក​ស្នើ​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់ និង​វិធានការ​ព្រមាន​ផ្សេងៗ​ដទៃ​ទៀត មក​លើ​ក្រុម​មេដឹកនាំ​ប្រទេស​កម្ពុជា ប្រសិនបើ​ក្រុម​ប្រទេស​ទាំង​នោះ​ចង់​ឲ្យ​មាន​ក្តី​សង្ឃឹម​អំពី​ការ​ស្រោចស្រង់​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​សន្យា​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles