សង្គម​ស៊ីវិល​ស្នើ ACU ចុះ​អង្កេត​ការងារ​​ប្រធាន​សាខា​គយ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ

ដោយ សេក បណ្ឌិត
2018-01-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ទំនិញ​គេច​ពន្ធ​នៅ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ទំនិញ​គេច​ពន្ធ​នៅ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided


មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​អង្កេត​សកម្មភាព​ការងារ​របស់​លោក យ៉ឹក យូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ដែល​គេ​សង្ស័យ​ថា បាន​បង្កើត​ការិយាធិបតេយ្យ អនាធិបតេយ្យ​ច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ពុករលួយ​ពី​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ពី​កំពង់ផែ​នេះ។

មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អោយ​ចុះ​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដែល​តំណាង​ក្រុមហ៊ុន និង​អ្នក​រត់​ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​កំពង់ផែ ខេត្ត​ព្រះសីហនុ ចោទ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ លោក យ៉ឹក យូរ ថា ពុករលួយ​ដើម្បី​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ច្រើន​ទៀត បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​អោយ​បើក​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុករលួយ​ដែល​វិស័យ​ឯកជន​បាន​ចោទ​ថា កំពុង​កើត​មាន​​នៅ​ក្នុង​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ៖ «»។

តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មក​នេះ បាន​ចោទ​លោក យ៉ឹក យូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ​ថា បាន​បង្កើត​ការិយាធិបតេយ្យ​ច្រើន​កន្លែង ដោយ​តម្រូវ​ឲ្យ​ពួកគេ​ចំណាយ​លុយ​រាប់​រយ​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ថ្លៃ​សេវា​ឯកសារ​បង់ពន្ធ​ស្របច្បាប់ និង​ឯកសារ​ប្រតិវេទន៍​គយ​លើ​មុខ​ទំនិញ និង​ចំណាយ​លើ​សេវា​ជា​ច្រើន​ទៀត។

ចំណែក​អ្នក​រត់​ការ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ បាន​ស្នើ​អោយ​មាន​ការ​ចុះ​អង្កេត​សកម្មភាព​របស់​លោក យ៉ឹក យូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ថា​តើ​ធ្វើ​សកម្មភាព​ទាំង​នោះ​ស្រប​តាម​ច្បាប់​ដែរ ឬ​ទេ?

ក្រុម​អ្នក​រត់​ឯកសារ​បាន​អះអាង​ថា ឯកសារ​ដែល​ត្រូវ​បង់​លុយ​ទៅ​ឲ្យ​មន្ត្រី​គយ តាម​ការិយាធិបតេយ្យ​ជា​ច្រើន​កន្លែង​នោះ គឺ​បាន​ចំណាយ​ទៅ​ផ្នែក​ចុះ​លេខ​ដាក់​ពណ៌​គិត​ពន្ធ​ចារ​លើ​ឯកសារ​ថត​ចម្លង (Scan) និង​បង់​លុយ​ឲ្យ​មន្ត្រី​គយ ដែល​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​ផ្នែក​ត្រួត​ពិនិត្យ​ឯកសារ និង​ជាពិសេស​បង់​ជូន​ថ្នាក់ដឹកនាំ​សាខា​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ នេះ​តែម្ដង។

​តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ទំនិញ​មួយ​ចំនួន​នៅ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ពួកគេ​ពិតជា​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ផ្សេងៗ​ច្រើន​ផ្នែក​ពិត​មែន។ ការ​ចំណាយ​នេះ គឺ​មាន​ទៅ​លើ​ឯកសារ​ប្រតិវេទន៍​គយ ដោយ​ឯកសារ​នីមួយៗ ត្រូវ​ចំណាយ​លុយ​ជាង ១០០​ដុល្លារ​សហរដ្ឋអាមេរិក។ ក្នុង​នោះ ចំពោះ​តម្លៃ​ឯកសារ​ប្រតិវេទន៍​គយ​លើ​ទំនិញ​ដែល​ពន្ធអាករ​ត្រូវ​ចាត់​ទុក​ជា​បន្ទុក​របស់​រដ្ឋ និង​ឯកសារ​ប្រតិវេទន៍​គយ​បង់​ពន្ធ​ធម្មតា ក៏​ត្រូវ​ចំណាយ​លុយ​ជិត ២០០​ដុល្លារ​ដែរ​ក្នុង​ឯកសារ​នីមួយៗ។

ឆ្លើយ​តប​ការ​ចោទ​នេះ លោក យ៉ឹក យូរ មាន​ប្រសាសន៍​ថា ស្ថាប័ន​ខ្លួន​មាន​ភាព​ស្អាតស្អំ និង​បាន​អនុវត្ត​ការងារ​ស្រប​តាម​ច្បាប់​ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​កំណត់។

មន្ត្រី​រូប​នេះ បាន​បដិសេធ​ថា សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ មិន​បាន​បង្កើត​ការិយាធិបតេយ្យ​ដើម្បី​ប្រមូល​លុយ​ច្រើន​កន្លែង​ពី​ក្រុមហ៊ុន និង​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​ខុស​ច្បាប់​កំណត់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក យ៉ឹក យូរ បាន​ស្នើ​ដល់​អ្នក​ពាក់​ព័ន្ធ​ការងារ​រត់ការ​ឯកសារ​ទំនិញ​ផ្សេងៗ តាម​ច្រក​កំពង់ផែ​អន្តរជាតិ​នេះ បើ​ឃើញ ឬ​ជួប​មាន​រឿង​មិន​ប្រក្រតី​អ្វី​មួយ ត្រូវ​មក​ជួប​រូប​លោក​ផ្ទាល់ ឬ​អាច​សរសេរ​សំបុត្រ​ផ្ញើ​មក​រូប​លោក​ក៏បាន ដើម្បី​ឈាន​ទៅ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។

យ៉ាង​នេះ​ក្ដី តំណាង​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​មួយ​ចំនួន​ចោទ​ថា ចាប់​តាំង​ពី​លោក យ៉ឹក យូរ ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ជំនួស​លោក គិន លី ដែល​បាន​ចូល​និវត្តន៍​រួច​មក គឺ​មន្ត្រី​រូប​នេះ​បាន​បង្កើត​ឲ្យ​មាន​ការិយាធិបតេយ្យ​កើត​មាន​ច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ​ពុករលួយ​ស្រដៀង​គ្នា លោក គិន លី ដែល​ជា​អតីត​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​នេះ​ដែរ។ ទោះជា​យ៉ាង​ណា ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​លោក យ៉ឹក យូរ ប្រកែក ហេតុ​នេះ​ហើយ​ទើប​មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ថា ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្វែង​រក​ការពិត​ជុំវិញ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ស្នើ ACU ចុះ​អង្កេត​ការងារ​​ប្រធាន​សាខា​គយ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ"

  1. people says:

    Cambodian people and the world knew that this country is the worse corrupted country in the world and don’t expect ACU to investigate because ACU is the bunch of this corrupted people and if they go ‘they will hide all the corrupted people so cambodia is the bunch of mafia that just care only their pocket and their groups . All department are all corrupted from the top to bottom so they are all leech ‘ and ordinary people are suffering ‘. GOD bless all cambodian people’