សហជីពជំរុញឲ្យពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ថៅកែរត់ចោលកម្មករ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

សិទ្ធិមនុស្ស | អភិបាលកិច្ចល្អ

ក្រុមកម្មកររោងចក្រកាត់ដេរហ្គាវ័ន្តអឹភែរឹល មានទិតាំងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើបាតុកម្មបិទផ្លូវ ទាមទារអោយថៅកែររោងចក្របើកប្រាក់ខែអោយពួកគេ


មន្ត្រីសហជីពជំរុញឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ថៅកែរោងចក្រកុំឲ្យ គេចវេសពីការទទួលខុសត្រូវ ក្នុងការផ្ដល់សំណង និងប្រាក់បំណាច់ផ្សេងៗ ហើយប្រកាសក្ស័យធន រត់ចោលមិនរកដំណោះស្រាយជូនកម្មករ។​

ចាប់តាំងពីដើមឆ្នាំ២០១៧ គេសង្កេតឃើញ ក្រុមកម្មករ ធ្វើការតាមបណ្ដារោងចក្រនៅរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល ដូចជា រោងចក្រ Great Honour (ហ្គ្រេត អននើរ) ស្ថិតក្នុងឃុំស្វាយរលំ ស្រុកស្អាង បានផ្ទុះការតវ៉ាជាបន្ដបន្ទាប់ ដោយពួកគេចោទថា ម្ចាស់រោងចក្របានរត់ចោល ដោយមិនបានបើកប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗ។

បន្ថែមលើសនេះ ក្រុមកម្មករប្រមាណ៥០០នាក់ ដែលធ្វើការនៅរោងចក្រ Benoh Apparel ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ក៏បានផ្ទុះការតវ៉ាអស់រយៈពេលជាង១០ថ្ងៃមកហើយ បន្ទាប់ពីពួកគេឮថា ថៅកែរោងចក្ររត់ចោល និងមិនបានទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ផ្សេងៗ។ ក្រុមកម្មករទាំងនោះ បានដាក់វេនគ្នា ដេកឈាមនៅមុខរោងចក្រនេះ ទាំងយប់ ទាំងថ្ងៃ ដោយភ័យខ្លាច ម្ចាស់រោងចក្រដឹកជញ្ជូនសម្ភារចេញ និងមិនទូទាត់ប្រាក់សំណង។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា ថៅកែរោងចក្រ បានយកលេសក្ស័យធន ដើម្បីគេចពីការទទួលខុសត្រូវ ចំពោះការសងសំណង បើកប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងទូទាត់អតីតភាពការងារជូនកម្មករ ខណៈ កម្មករខ្លះ បានបម្រើការក្នុងរោងចក្រអស់ជាច្រើនឆ្នាំ។​

មួយវិញទៀត លោករិះគន់ថា មកពីកម្សោយនៃការអនុវត្តច្បាប់ ការឃុបឃិតគ្នារវាងអាជ្ញាធរ និងថៅកែរោងចក្រ និងថា រោងចក្រខ្លះ មានអ្នកធំ ឬអ្នកមានអំណាចនៅកាងពីក្រោយ ជាហេតុធ្វើឲ្យអាជ្ញាធរ មិនហ៊ានចាត់វិធានលើពួកគេ។

លោកថា៖ «រោងចក្រគាត់បានឱកាសទទួលបានការអនុគ្រោះពន្ធ១ភាគរយ លើប្រាក់គាត់ រយៈពេល៥ឆ្នាំថ្មីទៀត ហើយបន្ទាប់មក គាត់ទូទាត់ឲ្យកម្មករតាមច្បាប់ វាមានអតីតភាពការងារ មានប្រាក់បំណាច់អីផ្សេងៗ៥ចំណុច សរុបទៅវាច្រើន ជួនកាលនិយោជកហ្នឹង យកលេសថា អត់អ៊ីវ៉ាន់ទេ យូរៗទៅ កម្មករក៏ធុញហើយឈប់ធ្វើការ។ ហើយគាត់ឲ្យអាជ្ញាធរខ្លះ ដល់អញ្ចឹង​ បើកភ្នែក បិទភ្នែកខ្លះទៅ បើកុំអញ្ចឹង ស្មានតែថៅរត់រួច រត់មិនរួចទេ»។

ប្រធានកម្មវិធីចងក្រងនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) អ្នកស្រី ឆន សុខា មានប្រសាសន៍ថា តាមច្បាប់ ក្រសួងការងារ មានភារកិច្ចស៊ើបអង្កេតជុំវិញករណីថៅកែរត់ចោលរោងចក្រ ថាតើ ពិតប្រាដក ឬអត់។ អ្នកស្រីពន្យល់ថា បើករណីបែបនេះ​កើតឡើង កម្មកររោងចក្រអាចទៅពឹងពាក់សហជីព ប្ដឹងទៅក្រសួងការងារ ឬទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអាចប្ដឹងបន្ដទៅតុលាការទៀត ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍។

ប៉ុន្ដែ អ្នកស្រីរិះគន់ថា ចំណាត់ការទាំងអស់នេះហាក់មិនទាន់អនុវត្តឲ្យមានប្រសិទ្ធិភាពនៅឡើយ និងស្នើឲ្យរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ ជាជាងបណ្ដោយឲ្យក្រុមកម្មករបន្ដការតវ៉ា ហើយប្រឈមបញ្ហាផ្លូវច្បាប់។

អ្នកស្រីថា៖ «បើករណីរោងចក្រក្ស័យធនស៊ើបអង្កេត ឬក៏មានអធិការកិច្ចពីក្រសួងការងារ ទោះបីជាក្ស័យធន ក៏និយោជកហ្នឹងត្រូវបង់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាទៅឲ្យកម្មករ ដូចអ្វីដែលកម្មករទាមទារកន្លងមក៥ចំណុចអញ្ចឹង។ ជាគោលការណ៍ ប្រាក់តម្កល់របស់និយោជក យ៉ាងហោចណាស់ ត្រូវឲ្យស្មើនឹងប្រាក់បំណាច់ផ្សេងៗដល់កម្មករ នៅពេលគាត់ក្ស័យធន ឬរត់ចោលអញ្ចឹង។ ប៉ុន្ដែ ការអនុវត្តជាក់ស្ដែង មកពីការអនុវត្តច្បាប់ វាអត់ទាន់មានប្រសិទ្ធភាព»។

មន្ដ្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក គឹម រតនា ឲ្យដឹងថា ចំពោះករណីថៅកែរត់ចោលរោងចក្រ ឬក្ស័យធន់នោះ លោកថា អាជ្ញាធរកម្ពុជា មិនអាចនាំខ្លួនម្ចាស់ថៅកែរោងចក្រនោះ មកដោះស្រាយតទល់មុខគ្នាជាមួយក្រុមកម្មករបានទេ។

លោកថា ក្រសួងការងារ អាចត្រឹមចាត់ចែងទ្រព្យសម្បត្តិ និងលក់លៃឡុងសម្ភារនៅក្នុងរោងចក្រ ដើម្បីទូទាត់ប្រាក់ឈ្នួល និងប្រាក់សំណងដល់កម្មករប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលសួរថា បើលក់សម្ភារក្នុងរោងចក្រហើយ នៅតែមិនគ្រប់ទូទាត់ថ្លៃសំណង ដែលក្រុមកម្មករចង់បាននោះ លោកថា នេះជាបញ្ហាមួយ ដែលក្រសួងពិបាកដោះស្រាយ។

លោកថា៖ «វាពិបាកដែរ អាហ្នឹងទាក់ទងនឹងច្បាប់ក្ស័យធន់ បើសិនជានិយោជកលក់ចោលរោងចក្រ អត់បានបើកប្រាក់ឈ្នួល យើងត្រូវអនុវត្តនីតិវិធី តែងតែរឹបអូសយកទ្រព្យសម្បត្តិគាត់ហ្នឹង ដើម្បីបើកប្រាក់ឈ្នួលឲ្យកម្មករនិយោជិត ដែលនៅសេសសល់។ អាហ្នឹងពិបាកដែរ បើសិនជាគាត់ចេះតែទាមទារទៅ បើលទ្ធភាពគាត់លក់ទ្រព្យសម្បត្តិបានតែប៉ុណ្ណឹង គាត់ទាមទារយ៉ាងម៉េច?»។

បើតាមការអះអាងរបស់មន្ដ្រីអធិការកិច្ចក្រសួងការងារ នៅឆ្នាំ២០១៧កន្លងមកនេះ ករណីថៅកែរត់ចោលរោងចក្រ បានកើតមាន២ករណីប៉ុណ្ណោះ ខណៈ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា បានកើតឡើង១០ករណី។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនទាន់បង្ហាញរបាយការណ៍ផ្លូវការ ទាក់ទិនករណីថៅកែរត់ចោលរោចក្រនោះឡើយ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles