សាលា​ដំបូង​ចោទប្រកាន់​លោក សម រង្ស៊ី ក្រោយ​មាន​បណ្ដឹង​ពី​កងទ័ព

លោក​ សម រង្ស៊ី កាល​នៅ​ជា​ប្រធាន​ CNRP ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បាន​សម្រេច​ចោទប្រកាន់​លោក​ សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​ពី​បទ ​”​ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់​បង្គាប់ និង​ធ្វើ​ឱ្យ​ខូច​ទឹក​ចិត្ត​កងទ័ព ​”​ និង​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​​បន្ទាប់ពី​មេធាវី​កងយោធពល​ខេមរភូមិន្ទ​បាន​ដាក់​បណ្ដឹង​ប្រឆាំង​រូប​លោក​កាល​ខែ​ធ្នូ​ឆ្នាំ​មុន​។

កាលពី​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ​ឆ្នាំ​មុន​លោក​ សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហើយ​អំពាវនាវ​ឲ្យ​កងកម្លាំង​​ប្រដាប់​អាវុធ​ឈប់​ស្ដាប់​បញ្ជា​មេដឹកនាំ​របស់​ពួកគេ​។

លោក​ថ្លែង​នៅ​ពេល​នោះ​ថា​៖ «​សូម​កងកម្លាំង​ប្រដាប់អាវុធ ពលទាហាន និង​នគរបាល​កុំ​ធ្វើ​​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​»​។

លោក សៀង សុខ ព្រះរាជអាជ្ញារង​ដែល​កាន់​សំណុំ​រឿង​​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​ លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​តេឡេក្រាម​ថា​៖ «​ក្រោយ​​ពី​បាន​ពិនិត្យ​ឯកសារ​សំណុំ​រឿង​ស៊ើបអង្កេត​តាម​នីតិវិធី និង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​លើ​ឈ្មោះ សម រង្ស៊ី ពី​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ និង​បទ​ធ្វើឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ​តាម​មាត្រា ៤៧១ និង​មាត្រា​ ៤៧២ ​នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​»​។

យោង​តាម​មាត្រា​ទាំង​នេះ​បទល្មើស​នីមួយៗ​កំណត់ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ​លាន​រៀល​ទៅ​ ១០ ​លាន​រៀល​​ប្រសិន​ជា​រកឃើញ​ពិរុទ្ធភាព​។

លោក វង្ស ភក្តី មេធាវី​តំណាង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​​នេះ​ទេ​ដោយសារ​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​អំពី​បទ​ចោទ​ប្រឆាំង​លោក សម រង្សី ​នៅ​ឡើយ​។

លោក សំ សុគង់ មេធាវី​តំណាង​លោក​ សម រង្ស៊ី ថ្លែង​ថា​ក្រុម​មេធាវី​ «​មិន​អាច​ទទួល​យក​បាន​» ​ឡើយ​ចំពោះ​បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី ហើយ​អះអាង​ថា​ក្រុម​មេធាវី​នឹង​ដាក់​ភ័ស្តុតាង​បន្ថែម​ដើម្បី​ដោះ​បន្ទុក​ឲ្យ​លោក​ សម រង្ស៊ី ។

ឆ្លើយតប​នឹង​បទ​ចោទប្រកាន់​នេះ​លោក សម រង្ស៊ី ថ្លែង​ពី​ប្រទេស​បារាំង​កាលពី​ម្សិលមិញ​ថា​៖ «​បទ​ចោទ​ដែល​គេ​បាន​ចោទប្រកាន់​ខ្ញុំ​ពី​បទ​ “​ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់​បង្គាប់ និង​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព ​”​បង្ហាញ​​ថា​ខ្ញុំ​បាន​វាយ​ចំ​ចំណុច​ទន់​ខ្សោយ​របស់​ពួកគេ​មាន​ន័យ​ថា​ភាព​ភ័យខ្លាច​ដ៏សម្បើម​របស់​ពួកគេ​នឹង​ត្រូវ​ផ្តួល​រំលំ​ដោយ​កងកម្លាំង​ផ្ទៃក្នុង​ដែល​មិន​ពេញចិត្ត​ដូច​ក្នុង​របប​ផ្តាច់ការ​ជាច្រើន​ថ្មីៗ​នេះ​នៅ​ជុំវិញ​ពិភពលោក​»៕

រាយការណ៍​បន្ថែម​ដោយ​៖ Andrew Nachemson


Contact author: បែន សុខហ៊ាន

What Next?

Recent Articles