អាដហុក​ស្នើ​​គណៈកម្មការ​ជាតិ​សិទ្ធិ​មនុស្ស​ថៃ​ពិនិត្យ​មើល​ករណី​ពលរដ្ឋ​ខ្មែរ​១០​នាក់​ជាប់​ឃុំ​នៅ​ថៃ

ដោយ ជាតិ ចំណាន
2018-01-19
RFA

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​កិច្ចការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ជួប​ពិភាក្សា​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សមាជិក​នៃ​គណៈកម្មការ​ជាតិ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ ឲ្យ​ជួយ​ពិនិត្យ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​ជំរុញ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​ពលរដ្ឋ​ខ្មែរ ១០​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ។

អ្នក​ទាំង​នោះ​មាន​ទាំង​មនុស្ស​ចាស់ និង​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៧ ដោយសារ​មេ​ខ្យល់​បោកប្រាស់​ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ឲ្យ​ពួកគាត់​ប្រើប្រាស់​ដើម្បី​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

សមាគម​អាដហុក (ADHOC) ស្នើ​ឲ្យ​មន្ត្រី​ផ្នែក​ច្បាប់ និង​មន្ត្រី​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​របស់​គណៈកម្មការ​ជាតិ​សិទ្ធិ​មនុស្ស​ថៃ ពិនិត្យ​មើល​ដំណើរ​ការ​កាត់​សេចក្ដី​ដោយ​យុត្តិធម៌​ចំពោះ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយ​ការ​បោកប្រាស់​ពី​មេខ្យល់។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារាយ មាន​សង្ឃឹម​ថា ជំនួប​មួយ​រវាង​មន្ត្រី​សមាគម និង​មន្ត្រី​គណៈកម្មការ​ជាតិ​សិទ្ធិ​មនុស្ស​ថៃ (The National Human Rights Commission of Thailand) ក្នុង​ទីក្រុង​បាងកក នឹង​នាំ​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ដែល​ត្រូវ​មេ​ខ្យល់​បោកប្រាស់​តាម​រូបភាព​ផ្សេងៗ។ លោក​បញ្ជាក់​ថា សំណុំរឿង​ដែល​សមាគម​លើក​ឡើង​ជា​ពិសេស​នៅ​ពេល​នេះ​គឺ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ចំនួន ១០​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ​ជំទង់​អាយុ​ក្រោម ១៨​ឆ្នាំ ចំនួន ៣​នាក់​ផង ត្រូវ​បាន​សាលាដំបូង​ខេត្ត​សុរិន្ទ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ៦​ឆ្នាំ ពី​បទ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ។ បញ្ហា​នេះ លោក ធន សារាយ សង្ឃឹម​ថា នឹង​អាច​ជួយ​សម្រាល​ទោស​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់៖ «ក្នុង​ករណី​នេះ​តាម​មេធាវី​គាត់​ថា នៅ​ពេល​ដែល​សាលាឧទ្ធរណ៍​បាន​កំណត់​អំពី​កាលបរិច្ឆេទ​នៃ​ការ​កាត់​ក្ដី គាត់​នឹង​ត្រៀម​នូវ​ទឡ្ហីករណ៍​ទាំង​ឡាយ​ផ្នែក​ច្បាប់​ដើម្បី​ធ្វើ​ម៉េច​សម្រាល​ទោស​ឲ្យ​នៅ​តិច​បំផុត​នូវ​ទោស​ដែល​ពួកគាត់​ទាំង​ប៉ុន្មាន​នាក់​ជា​ក្មេង​ដែល​ជាប់​នោះ ហើយ​បង្វែរ​ទៅ​តុលាការ​កុមារ​វិញ ឬ​យុវវ័យ​វិញ ហើយ​ប្រហែល​ជា​អាច​ឆាប់​ហើយ​ក្នុង​ពន្ធនាគារ​ខាង​កុមារ​នោះ​ក៏​ស្រាល​ច្រើន​ដែរ។ បញ្ហា​នេះ​ឲ្យ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ដឹង​ទៀត នៅ​ពេល​ដែល​មេធាវី​ខាង​ថៃ គាត់​ធ្វើ​ទៅ​តុលាការ​ហើយ ហើយ​បញ្ជូន​មក​គណៈកម្មការ​មួយ​ដែរ​ដើម្បី​ឲ្យ​ដឹង​និង​តាមដាន។ យើង​មាន​សង្ឃឹម​ថា គាត់​នឹង​តាម​ដាន​ឃ្លាំមើល​ករណី​កុមារ​ទាំង​៣​នេះ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧ ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​សុរិន្ទ ប្រទេស​ថៃ បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ ១០​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ​វ័យ​ក្រោម ១៨​ឆ្នាំ ៣​នាក់ ៥​នាក់​មក​ពី​ខេត្ត​បាត់ដំបង និង ៥​នាក់ មក​ពី​ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ពួកគាត់​បាន​ប្រគល់​លិខិត​ឆ្លង​ដែន​ចូល​ទៅ​កាន់​ច្រក​ជាំ ឃុំ​ដាន ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ។ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​ដដែល សាលា​ដំបូង​ខេត្ត​នេះ បាន​កាត់​ទោស​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ម្នាក់ ៦​ឆ្នាំ។

បន្ទាប់​ពី​សេចក្ដី​សម្រេច​របស់​សាលាដំបូង សមាជិក​គ្រួសារ​របស់​ជន​ជាប់​ចោទ​បាន​សុំ​ជំនួយ​ផ្លូវ​ច្បាប់​ពី​សមាគម​អាដហុក ដោយ​សមាជិក​គ្រួសារ​ប្រាប់​ថា ពួកគេ​ទាំង ១០​នាក់​គឺ​ជា​ជនរងគ្រោះ​ដោយ​ចាញ់​បោក​មេខ្យល់​យក​ប្រាក់​ក្នុង​ម្នាក់ ២.៥០០​បាត ឬ​ប្រមាណ​ជិត ៨០​ដុល្លារ សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន និង​ឯកសារ​ការងារ​ដើម្បី​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

ទាក់ទង​សំណុំ​រឿង​នេះ ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​នៃ​សមាគម​អាដហុក អ្នកស្រី ឆន សុគន្ធា ថ្លែង​ថា មេធាវី​មូលនិធិ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​ថៃ (HRDF) ដែល​ជា​អង្គការ​ដៃគូ​របស់​សមាគម​ឲ្យ​ដឹង​ថា សំណុំរឿង​នេះ​បាន​បញ្ជូន​ដល់​សាលាឧទ្ធរណ៍​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​គណៈកម្មការ​សាលា​ឧទ្ធរណ៍​ចាត់ចែង​ទៅ​សាលាឧទ្ធរណ៍​ណា​មួយ ពីព្រោះ​នៅ​ប្រទេស​ថៃ មាន​សាលាឧទ្ធរណ៍​តាម​តំបន់។

អ្នកស្រី​ឲ្យ​ដឹង​ថា អាដហុក​បាន​ស្នើ​ទៅ​ស្នងការ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ក៏​ដូចជា​តុលាការ​ឲ្យ​ពន្លឿន​នីតិវិធី​ដើម្បី​តាម​ចាប់​មេខ្យល់ និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំ​រឿង​នេះ​មក​កាត់​ទោស​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ប្រព្រឹត្ត​បែប​នេះ​ទៀត។

ស្នងការ​ខេត្ត​បាត់ដំបង បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​ថា ព្រះរាជអាជ្ញា​មួយ​ណា​កាន់​សំណុំ​រឿង​នេះ​នៅ​ឡើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មេធាវី​មូលនិធិ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​ថៃ (Human Rights and Development Foundation) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​បាន​ប្រាប់​មេធាវី​ថា ពេល​ស៊ើប​អង្កេត​ប៉ូលិស​បាន​ចោទ​ប្រកាន់​ពួកគាត់​ពី​ការ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ ប៉ុន្តែ​ពួកគេ​មាន​ការ​អប់រំ​តិចតួច ខ្វះ​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ពី​មេធាវី និង​ស្ដាប់​ការ​បក​ប្រែ​ភាសា​មាន​ការ​លំបាក។

លើស​ពី​នេះ​ភស្តុតាង​គួរ​ឱ្យ​ទុកចិត្ត​បាន​បង្ហាញ​ថា ជន​ជាប់​ចោទ ៣​នាក់ មាន​អាយុ​ក្រោម ១៨​ឆ្នាំ ដូច្នេះ នៅ​ពេល​ចាប់​ខ្លួន​ពួកគេ​ជា​កូន​ក្មេង នឹង​នាំ​ពួកគេ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​ដោយ​ច្បាប់​អនីតិជន​របស់​ប្រទេស​ថៃ ដូច​នេះ​នីតិវិធី​កាត់​ទោស​អ្នក​ទាំង​៣ មិន​ស្រប​ច្បាប់ នឹង​កាតព្វកិច្ច​របស់​ប្រទេស​ថៃ ដែល​ជា​ភាគី​ហត្ថលេខី​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ (ICCPR) និង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ (CRC)។

នៅ​ក្នុង​ជំនួប​ជាមួយ​គណៈកម្មការ​ជាតិ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ​នេះ​ដែរ លោក ធន សារាយ ថ្លែង​ថា លោក​បាន​សំណូមពរ​ឲ្យ​គណៈកម្មការ​នេះ តាម​ដាន​ឃ្លាំមើល​ជន​ដែល​រងគ្រោះ និង​មាន​ការ​ភ័យ​ខ្លាច​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​រត់​គេច​ទៅ​ជ្រកកោន​នៅ​ប្រទេស​ថៃ ជៀសវាង​ការ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ​ដោយ​បង្ខំ៖ «សុំ​ថា​កុំ​ឲ្យ​គណៈកម្មការ​សិទ្ធិ​មនុស្ស​កុំ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ត្រូវ​គ្នា​នាំ​គ្នា​ដេញ​អ្នក​កំពុង​ភ័យ​ខ្លាច​នោះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ។ សូម​ឲ្យ​តាម​ដាន​ឃ្លាំមើល​ផង​កុំ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ទៅ​ប្រទេស​កម្ពុជា​វិញ ចំពោះ​អ្នក​ដែល​គ្នា​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ។ សុំ​ឲ្យ​គណៈកម្មការ​ជាតិ​ថៃ នោះ​ជួយ​ឃ្លាំមើល និង​ប្រតិកម្ម​ឲ្យ​បាន​លឿន»

គណៈកម្មការ​ជាតិ​នេះ បាន​ស្វាគមន៍​ថា នឹង​យក​ករណី​ទាំង​អស់​ពិនិត្យ​មើល និង​តាមដាន​រួម​ទាំង​បញ្ហា​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles