អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក ជា មុនី

ដោយ យន់ សាមៀន
2018-01-19
RFA

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Frontline Defenders) ស្នើ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា មុនី។

អង្គការ​នេះ​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ធានា​សុវត្ថិភាព ព្រមទាំង​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​លោក ជា មុនី ដែល​កំពុង​លាក់​ខ្លួន​នៅ​ទីកន្លែង​មាន​សុវត្ថិភាព។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​លោក ជា មុនី ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មករា ពី​បទ​ញុះញង់​តាម​បណ្ដឹង​របស់​សហភាព និង​សហព័ន្ធ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ចំនួន ១២០ ដែល​បាន​ចោទ​លោក ជា មុនី ថា​បាន​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ មាន​ក្រុម​មនុស្ស​មួយ​ក្រុម​បាន​សម្រុក​ចូល​ផ្ទះ​លោក​ដើម្បី​ចាប់​ខ្លួន​លោក ប៉ុន្តែ​លោក ជា មុនី បាន​គេច​ខ្លួន​រួច។ លោក ជា មុនី ក៏​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ និង​តុលាការ​គំរាម​ថា ប្រសិនបើ​លោក​មិន​អាច​ចេញ​ពី​កម្ពុជា នោះ​ទេ លោក​នឹង​មាន​វាសនា​ដូច​បង​ប្រុស​លោក គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Frontline Defenders) ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ធានា​ថា ពួកគេ​អាច​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​ភ័យ​ខ្លួន និង​ការ​គាប​សង្កត់​ពី​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles