មេធាវី​លោក កឹម សុខា ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​សុំ​ឲ្យ​កូន​ក្ដី​នៅ​ក្រៅ​ឃុំ

ដោយ អាស៊ីសេរី
2018-01-19

លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​រួច​រាល់​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​កូនក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក​មេធាវី សំ សុគង់ ក្នុង​ចំណោម​មេធាវី​ទាំង ៨​រូប ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ពន្យល់​ពី​មូលហេតុ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលាឧទ្ធរណ៍​យ៉ាង​ដូច្នេះ៖ «យើង​បាន​ដាក់​សុំ​នៅ​ក្រៅ​ឃុំ​កាល​ពី​ក្នុង​ថ្ងៃ​ទី​១១ ហើយ​នៅ​ថ្ងៃ​ទី​១៥ ហ្នឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង និង​ចេញ​ដីកា​មួយ​ច្បាប់​ដីកា​ហ្នឹង​គឺ​ដីកា​មិន​ព្រម​ដោះលែង ហើយ​ក្រុម​មេធាវី​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ទៅ​នឹង​ដីកា​មិន​ព្រម​ដោះលែង ដើម្បី​ឲ្យ​សភា​ស៊ើប​សួរ​សម្រេច​ឡើង​វិញ​ចំពោះ​ការ​ស្នើ​សុំ​ហ្នឹង»

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី កាល​ពី​ថ្ងៃ​ទី​ច័ន្ទ ដើម​សប្ដាហ៍​នេះ បាន​ចេញ​ដីកា​សម្រេច​បដិសេធ​សំណើ​របស់​ក្រុម​មេធាវី​ដោយ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​ឡើយ។ សេចក្ដី​សម្រេច​របស់​ចៅក្រម​ស៊ើប​សួរ​នេះ បាន​លើក​មូល​ហេតុ​ថា ផ្អែក​តាម​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​គឺ​រក្សា​ជន​ត្រូវ​ចោទ​ទុក​ដើម្បី​បន្ត​ការ​សាកសួរ​តាម​នីតិវិធី​ច្បាប់។

​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​រលង​អធ្រាត្រ​ថ្ងៃ​ទី​២ កញ្ញា ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។ បើ​ទោះ​ជា​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្តរជាតិ​យល់​ថា នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​ក៏​ចៅក្រម​ស៊ើបសួរ​បាន​ព្យាយាម​រក​សាក្សី​ដើម្បី​ដាក់​បន្ទុក ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ខិតខំ​ប្រឹង​ប្រែង​ពន្យល់​ពលរដ្ឋ​ឲ្យ​ជឿ​ថា លោក កឹម សុខា គឺ​ជា​ជន​ក្បត់ជាតិ។ ក៏ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ថា ជា​រឿង​នយោបាយ ពីព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ខាង​មុខ ទើប​រក​លេស​ចាប់​មេ​បក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយ​ដាក់​គុក។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក កឹម សុខា នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា សំណើ​របស់​មេធាវី​គ្រាន់​តែ​បាន​ជួយ​បន្ទរ​ជួយ​រំលឹក និង​ជួយ​ដាស់​តឿន​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា កន្លង​មក​គឺ​ជា​ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ខុស​នីតិវិធី​ប៉ុណ្ណោះ៖ «ប៉ុន្តែ​ខ្ញុំ​ថា ឲ្យ​គេ​ដោះលែង​រឿង​នយោបាយ​ក្នុង​កាលៈទេសៈ​អ៊ីចេះ គឺ​ថា​អត់​ទេ​បាទ!»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ដរាប​ណា​នៅ​តែ​គ្មាន​សម្ពាធ​ខ្លាំង​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ធ្ងន់ធ្ងរ​ទេ លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះលែង​នោះ​ទេ។

ចៅក្រម​សម្រេច​មិន​ឲ្យ​ក្រុម​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជួប លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​ចេញ​លិខិត​បដិសេធ​មិន​ឲ្យ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អាច​ចូល​ជួប​លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង បាន​ទេ។ ការ​សម្រេច​ចិត្ត​របស់​លោក គី ឬទ្ធី ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ មករា ប៉ុន្តែ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ មករា ដើម្បី​តប​នឹង​សំណើ​របស់​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខែត្រ​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ។

លោក គី ឬទ្ធី បាន​ប្រាប់​ពី​មូល​ហេតុ​ថា សំណុំរឿង​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង ហេតុ​នេះ​ការ​ជួប ឬ​សួរ​សុខ​ទុក្ខ​អនុញ្ញាត​ឲ្យ​តែ​មេធាវី និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា តំណាងរាស្ត្រ​ជាប់​ឆ្នោត​ពី​ឆន្ទៈ​រាស្ត្រ​ចំនួន ៥​នាក់ មាន​លោក ម៉ៅ មុនីវណ្ណ លោក អ៊ូ ច័ន្ទរ័ត្ន លោក ជាម ចន្នី លោក កង គឹមហាក់ និង​អ្នកស្រី តែ ច័ន្ទមុនី បាន​ស្នើ​សុំ​ចូល​ជួប​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៩ មករា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខែត្រ​ត្បូងឃ្មុំ ជិត​ព្រំដែន​វៀតណាម។

អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​លោក ម៉ៅ មុនីវណ្ណ និង​លោក អ៊ូ ច័ន្ទរ័ត្ន ដើម្បី​សុំ​យោបល់​ជុំវិញ​ការ​បដិសេធ​របស់​ចៅក្រម​ស៊ើប​សួរ​ក្រុង​ភ្នំពេញ បាន​ទេ នៅ​ថ្ងៃ​សុក្រ​នេះ។ ប៉ុន្តែ​លោក ម៉ៅ មុនីវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រសិនបើ​ចៅក្រម​ស៊ើបសួរ​មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ក្រុម​របស់​លោក​នឹង​បន្ត​ដាក់​សំណើ​ជា​រៀងរាល់​សប្ដាហ៍​រហូត​ទទួល​បាន​ការ​អនុញ្ញាត។

​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ចៅក្រម​ស៊ើបសួរ​បាន​បដិសេធ​សំណើ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្នុង​ការ​ស្នើ​សុំ​ជួប​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង។ សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា ជា​ការ​បំបិទ​សិទ្ធ​សេរីភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles