ដោយ ជាតិ ចំណាន
2018-01-19
RFA
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ធន សារាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។ RFA/Sorn Chanratha
មន្ត្រីសង្គមស៊ីវិលធ្វើកិច្ចការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាស្វែងរកកិច្ចអន្តរាគមន៍ពីសមាជិកនៃគណៈកម្មការជាតិសិទ្ធិមនុស្សប្រទេសថៃ ឲ្យជួយពិនិត្យមើលបញ្ហាសិទ្ធិមនុស្ស និងជំរុញឲ្យចាប់អារម្មណ៍ចំពោះបញ្ហាពលរដ្ឋខ្មែរ ១០នាក់ ដែលកំពុងជាប់ពន្ធនាគារនៅខេត្តសុរិន្ទ ប្រទេសថៃ។
អ្នកទាំងនោះមានទាំងមនុស្សចាស់ និងកុមារក្រោមអាយុ ១៨ឆ្នាំ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនតាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារមេខ្យល់បោកប្រាស់ធ្វើលិខិតឆ្លងដែនក្លែងក្លាយឲ្យពួកគាត់ប្រើប្រាស់ដើម្បីចូលទៅរកការងារធ្វើនៅប្រទេសថៃ។
សមាគមអាដហុក (ADHOC) ស្នើឲ្យមន្ត្រីផ្នែកច្បាប់ និងមន្ត្រីទទួលបន្ទុកពលករចំណាកស្រុករបស់គណៈកម្មការជាតិសិទ្ធិមនុស្សថៃ ពិនិត្យមើលដំណើរការកាត់សេចក្ដីដោយយុត្តិធម៌ចំពោះពលរដ្ឋខ្មែររងគ្រោះដោយការបោកប្រាស់ពីមេខ្យល់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ មានសង្ឃឹមថា ជំនួបមួយរវាងមន្ត្រីសមាគម និងមន្ត្រីគណៈកម្មការជាតិសិទ្ធិមនុស្សថៃ (The National Human Rights Commission of Thailand) ក្នុងទីក្រុងបាងកក នឹងនាំឲ្យមានការជួយដោះស្រាយបញ្ហារបស់ពលករដែលត្រូវមេខ្យល់បោកប្រាស់តាមរូបភាពផ្សេងៗ។ លោកបញ្ជាក់ថា សំណុំរឿងដែលសមាគមលើកឡើងជាពិសេសនៅពេលនេះគឺបញ្ហាពលរដ្ឋខ្មែរក្រីក្រចំនួន ១០នាក់ ដែលក្នុងនោះមានកុមារជំទង់អាយុក្រោម ១៨ឆ្នាំ ចំនួន ៣នាក់ផង ត្រូវបានសាលាដំបូងខេត្តសុរិន្ទ កាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ៦ឆ្នាំ ពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយ។ បញ្ហានេះ លោក ធន សារាយ សង្ឃឹមថា នឹងអាចជួយសម្រាលទោសដល់ពលរដ្ឋខ្មែរទាំង ១០នាក់៖ «ក្នុងករណីនេះតាមមេធាវីគាត់ថា នៅពេលដែលសាលាឧទ្ធរណ៍បានកំណត់អំពីកាលបរិច្ឆេទនៃការកាត់ក្ដី គាត់នឹងត្រៀមនូវទឡ្ហីករណ៍ទាំងឡាយផ្នែកច្បាប់ដើម្បីធ្វើម៉េចសម្រាលទោសឲ្យនៅតិចបំផុតនូវទោសដែលពួកគាត់ទាំងប៉ុន្មាននាក់ជាក្មេងដែលជាប់នោះ ហើយបង្វែរទៅតុលាការកុមារវិញ ឬយុវវ័យវិញ ហើយប្រហែលជាអាចឆាប់ហើយក្នុងពន្ធនាគារខាងកុមារនោះក៏ស្រាលច្រើនដែរ។ បញ្ហានេះឲ្យគណៈកម្មការសិទ្ធិមនុស្សដឹងទៀត នៅពេលដែលមេធាវីខាងថៃ គាត់ធ្វើទៅតុលាការហើយ ហើយបញ្ជូនមកគណៈកម្មការមួយដែរដើម្បីឲ្យដឹងនិងតាមដាន។ យើងមានសង្ឃឹមថា គាត់នឹងតាមដានឃ្លាំមើលករណីកុមារទាំង៣នេះ»។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ប៉ូលិសអន្តោប្រវេសន៍ខេត្តសុរិន្ទ ប្រទេសថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ១០នាក់ ដែលក្នុងនោះមានកុមារវ័យក្រោម ១៨ឆ្នាំ ៣នាក់ ៥នាក់មកពីខេត្តបាត់ដំបង និង ៥នាក់ មកពីខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគាត់បានប្រគល់លិខិតឆ្លងដែនចូលទៅកាន់ច្រកជាំ ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំដដែល សាលាដំបូងខេត្តនេះ បានកាត់ទោសឲ្យពួកគេជាប់ពន្ធនាគារម្នាក់ ៦ឆ្នាំ។
បន្ទាប់ពីសេចក្ដីសម្រេចរបស់សាលាដំបូង សមាជិកគ្រួសាររបស់ជនជាប់ចោទបានសុំជំនួយផ្លូវច្បាប់ពីសមាគមអាដហុក ដោយសមាជិកគ្រួសារប្រាប់ថា ពួកគេទាំង ១០នាក់គឺជាជនរងគ្រោះដោយចាញ់បោកមេខ្យល់យកប្រាក់ក្នុងម្នាក់ ២.៥០០បាត ឬប្រមាណជិត ៨០ដុល្លារ សម្រាប់ធ្វើលិខិតឆ្លងដែន និងឯកសារការងារដើម្បីចូលទៅរកការងារធ្វើនៅប្រទេសថៃ។
ទាក់ទងសំណុំរឿងនេះ ប្រធានផ្នែកស្ត្រី និងកុមារទទួលបន្ទុកពលករចំណាកស្រុកនៃសមាគមអាដហុក អ្នកស្រី ឆន សុគន្ធា ថ្លែងថា មេធាវីមូលនិធិសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ថៃ (HRDF) ដែលជាអង្គការដៃគូរបស់សមាគមឲ្យដឹងថា សំណុំរឿងនេះបានបញ្ជូនដល់សាលាឧទ្ធរណ៍ហើយ ប៉ុន្តែនៅរង់ចាំគណៈកម្មការសាលាឧទ្ធរណ៍ចាត់ចែងទៅសាលាឧទ្ធរណ៍ណាមួយ ពីព្រោះនៅប្រទេសថៃ មានសាលាឧទ្ធរណ៍តាមតំបន់។
អ្នកស្រីឲ្យដឹងថា អាដហុកបានស្នើទៅស្នងការខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក៏ដូចជាតុលាការឲ្យពន្លឿននីតិវិធីដើម្បីតាមចាប់មេខ្យល់ និងអ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះមកកាត់ទោសដើម្បីទប់ស្កាត់កុំឲ្យប្រព្រឹត្តបែបនេះទៀត។
ស្នងការខេត្តបាត់ដំបង បានបញ្ជូនសំណុំរឿងនេះទៅតុលាការ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែមកដល់ពេលនេះមិនទាន់ដឹងថា ព្រះរាជអាជ្ញាមួយណាកាន់សំណុំរឿងនេះនៅឡើយ។
សេចក្ដីប្រកាសព័ត៌មានរបស់មេធាវីមូលនិធិសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ថៃ (Human Rights and Development Foundation) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឲ្យដឹងថា ជនជាប់ចោទបានប្រាប់មេធាវីថា ពេលស៊ើបអង្កេតប៉ូលិសបានចោទប្រកាន់ពួកគាត់ពីការប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប៉ុន្តែពួកគេមានការអប់រំតិចតួច ខ្វះការប្រឹក្សាផ្នែកច្បាប់ពីមេធាវី និងស្ដាប់ការបកប្រែភាសាមានការលំបាក។
លើសពីនេះភស្តុតាងគួរឱ្យទុកចិត្តបានបង្ហាញថា ជនជាប់ចោទ ៣នាក់ មានអាយុក្រោម ១៨ឆ្នាំ ដូច្នេះ នៅពេលចាប់ខ្លួនពួកគេជាកូនក្មេង នឹងនាំពួកគេឱ្យស្ថិតនៅក្រោមការការពារដោយច្បាប់អនីតិជនរបស់ប្រទេសថៃ ដូចនេះនីតិវិធីកាត់ទោសអ្នកទាំង៣ មិនស្របច្បាប់ នឹងកាតព្វកិច្ចរបស់ប្រទេសថៃ ដែលជាភាគីហត្ថលេខីលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) និងអនុសញ្ញាស្ដីពីសិទ្ធិកុមារ (CRC)។
នៅក្នុងជំនួបជាមួយគណៈកម្មការជាតិសិទ្ធិមនុស្សប្រទេសថៃនេះដែរ លោក ធន សារាយ ថ្លែងថា លោកបានសំណូមពរឲ្យគណៈកម្មការនេះ តាមដានឃ្លាំមើលជនដែលរងគ្រោះ និងមានការភ័យខ្លាចផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយរត់គេចទៅជ្រកកោននៅប្រទេសថៃ ជៀសវាងការចាប់បញ្ជូនទៅស្រុកវិញដោយបង្ខំ៖ «សុំថាកុំឲ្យគណៈកម្មការសិទ្ធិមនុស្សកុំឲ្យរដ្ឋាភិបាល និងរដ្ឋាភិបាលត្រូវគ្នានាំគ្នាដេញអ្នកកំពុងភ័យខ្លាចនោះជាការរំលោភសិទ្ធិមនុស្សមួយ។ សូមឲ្យតាមដានឃ្លាំមើលផងកុំឲ្យមានការបណ្ដេញចេញដោយបង្ខំទៅប្រទេសកម្ពុជាវិញ ចំពោះអ្នកដែលគ្នាកំពុងតែមានការភ័យខ្លាចចំពោះការធ្វើទុក្ខបុកម្នេញ។ សុំឲ្យគណៈកម្មការជាតិថៃ នោះជួយឃ្លាំមើល និងប្រតិកម្មឲ្យបានលឿន»។
គណៈកម្មការជាតិនេះ បានស្វាគមន៍ថា នឹងយកករណីទាំងអស់ពិនិត្យមើល និងតាមដានរួមទាំងបញ្ហាសិទ្ធិពលករចំណាកស្រុកផង៕