ក្រុម​គ្រួសារ​និង​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​រក​យុត្តិធម៌​និង​ឲ្យ​​ដោះលែង​អ្នក​កាសែត​ជាប់​ពន្ធនាគារ​

សិទ្ធិ​មនុស្ស

អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ​លោក អ៊ួន ឈិន (ឆ្វេង) និង​​លោក យាង សុធារិន (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក COMFREL)


20 មករា 2018
សាយ មុន្នី
វីអូអេខ្មែរ

ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ធ្វើ​ឡើង​ក្រោយ​ពី​មាន​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​របស់​រដ្ឋាភិបាល​ ទៅ​លើ​ក្រុម​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​​ដែល​មិន​ចំណុះ​រដ្ឋាភិបាល។

អ្នក​ស្រី វ៉ាន់ ចន្ថា ភរិយា​របស់​លោក យាង សុធារិន ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​វិទ្យុ​អាស៊ី​សេរី បាន​ថ្លែង​ប្រាប់ ​VOA ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចាប់ខ្លួន​និង​ចោទប្រកាន់​ប្ដី​របស់​អ្នក​ស្រី ពី​បទ​ចារកម្ម​នោះ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ស្វាមី​និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី។

អ្នកស្រី ចន្ថា ដែល​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​នោះ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​ប្ដី​របស់​អ្នកស្រី ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

«‍សូម​សំណូម​ពរ​តុលាការ​ហ្នឹង ដូច​ថា​ជួយ​គាត់​រក​យុត្តិធម៌​ឲ្យ​ពិតៗ ហើយ​អត់​មាន​កំហុស​អញ្ចឹង​ ចេះ​តែ​ទុក​គាត់​អញ្ចឹង​ដូច​ថា អយុត្តិធម៌​សម្រាប់​គាត់​ណាស់»។

លោក យាង សុធារិន និង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ម្នាក់​ទៀត គឺ​លោក អ៊ួន ឈិន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ជា​អាទ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន នោះ​អ្នក​ទាំង​ពីរ អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៧​ ដល់​១៥​ឆ្នាំ។

ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​មាន​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​របស់​រដ្ឋាភិបាល​ ទៅ​លើ​ក្រុម​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួនដែល​មិន​ចំណុះ​រដ្ឋាភិបាល។

អាជ្ញាធរ​បាន​ចោទ​ពួកគេ​ទាំង​ពីរ​នាក់​ថា បាន​លួចលាក់​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ពី​វិទ្យុ​នេះ បាន​ប្រកាស​បិទ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ដោយសារ​ការ​គាបសង្កត់​ខាង​ផ្លូវច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា។​

ប៉ុន្តែ អ្នក​ស្រី វ៉ាន់ ចន្ថា ថ្លែង​ថា ស្វាមី​របស់​អ្នកស្រី បាន​លា​ឈប់​ធ្វើ​ការ​ងារ​ឲ្យ​អាស៊ី​សេរី​ជា​ផ្លូវការ​ទៅ​ហើយ ប៉ុន្តែ​ប្តី​របស់​អ្នក​ស្រី បែរ​ជា​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ នៅ​ពេល​ដែល​លោក​គ្រាន់តែ​ទៅ​ជួយ​យក​អាសា​អតីត​សហការី​របស់​ខ្លួន​ ក្រោយ​ពី​លោក​ទទួល​ដំណឹង​អំពី​ការ​ចាប់​ខ្លួនលោក អ៊ួន ឈិន​ នៅ​ក្នុង​ស្ទូឌីយោ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ។

«‍ដូច​ថា​មនុស្ស​អត់​មាន​កំហុស​អី កុំ​ទុក​គាត់​អញ្ចឹង គួរ​តែ​ដោះលែង​គាត់​ទៅ។ ទុក​គាត់​អញ្ចឹង ដូច​ថា​ពិបាក​ដែរ​រាល់ថ្ងៃ​ហ្នឹង​ខ្ញុំ»។

ដូច​អ្នក​ស្រី វ៉ាន់ ចន្ថា ​ដែរ អ្នក​ស្រី ខេង ស៊ីណា ភរិយា​របស់​លោក អ៊ួន ឈិន ក៏​បាន​ថ្លែង​ប្រាប់​ VOAនៅ​ក្នុង​បទសម្ភាសន៍​ដែរ​ថា អ្នក​ស្រី​ ក៏​ចង់​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​ប្ដី​របស់​អ្នក​ស្រី​ដែរ ដោយ​អ្នក​ស្រី អះអាង​ថា​ ស្វាមី​របស់​អ្នកស្រី មិន​បាន​ប្រព្រឹត្ត​ទង្វើ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

អ្នក​ស្រី ស៊ីណា អះអាង​ថា ស្ទូឌីយោ ដែល​ប្ដី​របស់​អ្នក​ស្រី​ដំឡើង​នោះ គឺ​ដើម្បី​ប្រកប​របរ​រកស៊ី​បង្កើត​ភ្លេង​ឬ​វីដេអូ​ខារ៉ាអូខេ​ធម្មតា ដើម្បី​ចិញ្ចឹម​គ្រួសារ​ មិន​មែន​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​រដ្ឋ​បរទេស​ណា​នោះ​ទេ ដោយសារ​ប្ដី​របស់​អ្នកស្រី បាន​ឈប់​ធ្វើ​ការ​ឲ្យ​អាស៊ី​សេរី​ទៅ​ហើយ ក្រោយ​ពី​ការ​បិទ​ការិយាល័យ​របស់​វិទ្យុ​នេះ​មក​នោះ។

«‍ចាប់​ពី​គាត់​ជាប់​ឃុំឃាំង​មក ជីវភាព​គ្រួសារ​យ៉ាប់​ណាស់ ព្រោះ​អី កាល​ពី​គាត់​នៅ​ខាង​ក្រៅ គាត់​ជា​មេ​គ្រួសារ គាត់​រក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​អី​អញ្ចឹង​ទៅ ដល់​ឥឡូវ គាត់ជាប់​ឃុំឃាំង​ទៅ​ ជីវភាព​គ្រួសារ​យ៉ាប់​ណាស់។ ខ្ញុំ​សូម​ឲ្យ​តុលាការ​ដោះលែង​គ្រួសារ​ខ្ញុំ ចេញ​មក​ក្រៅ​វិញ​ផង​ ចាស៎»។

​បច្ចុប្បន្ន សំណុំរឿង​ក្ដី​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពី​រ​នាក់​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល ក្រោយ​ពី​មាន​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន​ពីរ​លើក​របស់​ជន​ជាប់ចោទ ប្រឆាំង​នឹង​ការ​ចោទប្រកាន់​មក​លើ​ពួកគេ ត្រូវ​បាន​ច្រាន​ចោល​ដោយ​សាលាដំបូង​និង​សាលា​ឧទ្ធរណ៍​រួច​មក។

លោក កែវ វណ្ណី មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់ បាន​ថ្លែង​ប្រាប់ VOA ក្នុង​បទសម្ភាសន៍​ដែរ​ថា ទាំង​អង្គហេតុ​និង​អង្គ​ច្បាប់​ ដែល​លើក​យក​មក​សំអាង ដើម្បី​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​បណ្ដោះ​អាសន្ន​នេះ គឺ​មិន​បាន​ផ្អែក​លើ​ភស្តុតាង​សមហេតុសមផល​ទៅ​នឹង​បទ​ចោទ​ទាល់​តែ​សោះ។

«‍បទ​ល្មើស​នេះ ទាក់ទង​នឹង​អន្តរាយ​ដល់​ប្រទេស​ជាតិ តែ​មក​ដល់​ពេល​នេះ តើ​វា​អន្តរាយ​ដល់​ណា​ហើយ​ដល់​ប្រទេស​ជាតិ ដែល​កើត​ឡើង​ដោយសារ​អំពើ​របស់​ពួកគាត់​ទាំង​ពីរ​នាក់​ហ្នឹង ច្រើន​ប៉ុណ្ណា​ហើយ​រហូត​មក​ពេល​ហ្នឹង? »

ក្រៅ​ពី​អតីតអ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពី​រ​នាក់​នេះ អតីត​អ្នក​កាសែត​ The Cambodia Daily ​យ៉ាង​តិច​ពីរ​នាក់​ទៀត​ ក៏​កំពុង​ជាប់​ចោទ​ក្នុង​រឿង​ក្ដី​មួយ​ផ្សេងទៀត​ដែរ។ យ៉ាង​ហោច​ណាស់​ ម្នាក់​ក្នុង​ចំណោម​ពួកគេ បាន​រត់គេច​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

​កាសែត ​The Cambodia Daily ក៏​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ លែង​ដំណើរ​ការ​តទៅទៀត​ដែរ​ ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​មុន​នោះ ដោយសារ​តែ​រង​សម្ពាធ​ឲ្យ​បង់​ពន្ធ​ជា​ទឹកប្រាក់​ចំនួន​ជាង​៦​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​អះអាង​ថា កាសែត​នេះ មិន​បាន​បង់​ជូន​រដ្ឋ​នោះ។

ស្ថានីយ​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​មួយ​ចំនួន​ ត្រូវ​បាន​រដ្ឋាភិបាល​ បង្គាប់​មិន​ឲ្យ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និងVOA ផង​ដែរ។​

​លោក Shawn Crispin តំណាង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃគណៈកម្មការ​ការពារ​អ្នក​កាសែត Committee to Protect Journalists បាន​ថ្លែង​ប្រាប់​ VOAតាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ថា ការ​រឹត​បន្តឹងរបស់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់​យ៉ាង​ច្បាស់​ចំពោះ​សេរីភាព​សារព័ត៌មាន​បច្ចុប្បន្ន​នេះ។

លោក​ថ្លែង​បន្ត​ថា តាម​រយៈ​ការ​បិទ​មាត់​សំឡេង​ឯករាជ្យ​តែ​បន្តិចបន្តួច​ក្នុង​ប្រទេស​នេះ របប​ដឹកនាំដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បម្រើ​ពលរដ្ឋ​របស់​ខ្លួន​ទេ ហើយ​ថា​វា​ជា​ទង្វើ​មិន​ល្អ​សោះ សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពួកគេ។

ដូច្នេះ លោក​ មាន​ប្រសាសន៍​ថា៖

​«យើង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កាសែត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អស់ និង​ឲ្យ​បញ្ឈប់ការ​បំភិតបំភ័យ​និង​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវច្បាប់​ ទៅ​លើ​អ្នកសារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តទៅទៀត។‍»

សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​ថែមទៀត​ក្នុង​ឆ្នាំ​២០១៧ ដោយ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ក្រុម​នៃ​ប្រទេស​ដែល​មាន​សេរីភាព​តិច​ជាង​គេ​បង្អស់​មួយ​ក្នុង​ពិភពលោក។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ Freedom House។

លោក Michael Abramowitz​ ប្រធាន​អង្គការ​ Freedom House បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ ​VOA ​ដែរ​ថា ​អ្នក​សារព័ត៌មាន មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់​ឬ​ត្រូវ​ជាប់​ពន្ធនាគារ ដោយសារ​តែ​ការ​រាយការណ៍​ព័ត៌មាន​របស់​ពួកគេ​នោះ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់ VOA ថា តុលាការ​កំពុង​ដំណើរការ​តាម​នីតិវិធី​ចំពោះ​ករណី​អ្នក​សារព័ត៌មាន​ទាំង​ខ្មែរ​និង​បរទេស ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន និង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្សេងទៀត ដូច្នេះ លោក​ថ្លែង​ថា ទាំង​ក្រុម​គ្រួសារ​និង​អង្គការ​នានា គួរ​ទុក​ភារៈ​នេះ​ដល់​តុលាការ​ជា​អ្នក​សម្រេច។

លោក​ថ្លែង​បន្ត​ថា ប្រសិន​បើ​អ្នក​សារព័ត៌មាន​ទាំង​នោះ មិន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ទេ​ នោះ​ពួកគេ នឹង​ត្រូវ​តុលាការ​លើក​លែង​ការ​ចោទប្រកាន់​និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ជា​មិន​ខាន។

«‍ទាក់​ទឹង​នឹង​លោក​ពីរ​នាក់​នោះ ខ្ញុំ​ក៏​ដឹង​តម្រុយខ្លះៗដែរ មិន​នេះ​ទេ ក៏​គួរ​ទុក​ឲ្យ​នីតិវិធី​តុលាការ​កំពុង​តែ​ធ្វើ»។

ទោះ​យ៉ាង​នេះ​ក្តី លោក ស៊ឹង សែនករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​និង​ជា​អ្នក​នាំ​ពាក្យ​អង្គការ​អាដហុក បាន​ថ្លែង​ប្រាប់​ VOAថា ប្រសិន​បើ​កម្ពុជា នៅ​តែ​បន្ត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នេះ នោះ​វា​នឹង​ប៉ះពាល់​ដល់​កិត្តិស័ព្ទ​របស់​ប្រទេស​កម្ពុជា​ថែម​ទៀត ទាំង​ក្នុង​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ។

«‍ហើយ​វា​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ដែរ ពីព្រោះ​កម្ពុជា ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​ហើយ ត្រូវ​តែ​បើក​ឲ្យ​មាន​ភាព​ទូលំទូលាយ​នូវ​សេរីភាព​សារព័ត៌មាន​នេះ ឲ្យ​ស្រប​ទៅ​តាម​សង្គម​ប្រជាធិបតេយ្យ​នេះ​បាទ»។

លោក​ថ្លែង​បន្ត​ថា សង្គម​ដែល​រីកចម្រើន​គឺ​មិន​អាច​ខ្វះ​ធាតុ​ផ្សំ​មួយ​ដែល​សំខាន់​នោះ​ទេ នោះ​គឺអ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ដែល​មាន​សេរីភាព​ រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា ដើម្បី​ឲ្យ​ពួកគេ អាចផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឥត​លម្អៀង​និង​ឥត​ភ័យខ្លាច​ ដល់​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន៕

What Next?

Recent Articles