ដោយ សេក បណ្ឌិត
2018-02-05
RFA
/>
១៦-មិថុនា-២០១១៖ កម្មករក្រុមហ៊ុន ម៉ែន សារុន វេចខ្ចប់ផលិតផលមីកញ្ចប់ នៅក្នុងរោងចក្រ នាជាយរាជធានីភ្នំពេញ។ Photo: RFA
បញ្ហាសុខភាពជាបន្ទុកធ្ងន់ធ្ងរមួយក្នុងចំណោមបន្ទុកជាច្រើនទៀត ចំពោះពលរដ្ឋខ្មែរបច្ចុប្បន្ន។ បន្ទុកនេះ គឺក្នុងពេលដែលសេវាថែទាំសុខភាពនៅទន់ខ្សោយនៅឡើយ។ ទន្ទឹមគ្នានឹងភាពទន់ខ្សោយនៃសេវាថែទាំសុខភាព ដែលជាកត្តាសង្គម ក៏មានបញ្ហាផ្ទាល់ខ្លួនដែរ គឺទាក់ទងនឹងការបរិភោគចំណីអាហារ។
អាហារកញ្ចប់ដែលឆ្អិនស្រាប់ គឺជាអាហារដែលពេញនិយមសម្រាប់មនុស្សភាគច្រើននៅលើពិភពលោក។ ជាពិសេស អ្នកដែលរវល់ការងារខ្លាំង ដូចជាសិស្សសាលា និងអ្នកដែលមិនសូវមានពេលវេលាចម្អិនជាអាហារជាច្រើនទៀត។
មូលហេតុសាមញ្ញ ដែលយើងត្រូវជ្រើសរើសយកចំណីអាហារកញ្ចប់ ដែលឆ្អិនស្រាប់ ព្រោះវាជាប្រភពអាហារសហ័សទាន់ចិត្ត នៅពេលឃ្លាន។ ទោះជាងាយស្រួលសម្រាប់ទទួលទានបំបាត់ភាពស្រេកឃ្លានបានរហ័សទាន់ចិត្តយ៉ាងនេះក្ដី អាហារកញ្ចប់ក៏ផ្ដល់ផលវិបាកដល់រាងកាយយើងដែរ ព្រោះអាហារកញ្ចប់ ដែលត្រូវបានផលិត និងវេចខ្ចប់ដោយរោងចក្រទាំងនេះ សុទ្ធតែផលិតឡើងដោយកម្ដៅខ្លាំង ខ្លាញ់ បរិមាណគ្រឿងផ្សំច្រើន និងមានផ្ទុកសារធាតុគីមីសម្រាប់ថែរក្សាគុណភាពទុកឲ្យបានរយៈពេលយូរទៀតផង។
ក្នុងចំណោមអាហារកញ្ចប់ដែលឆ្អិនស្រាប់រាប់មិនអស់ មីក្រៀម ឬមីកញ្ចប់ គឺជាឧទាហរណ៍មួយ នៃអាហារដែលមនុស្សរាប់លាននាក់ចូលចិត្ត និងជ្រើសរើសជាអាហារបម្រុងទុកនៅក្នុងផ្ទះ ឬពេលធ្វើដំណើរ ពីព្រោះមីកញ្ចប់អាចទទួលទានដោយស្រុះទឹកក្ដៅក៏បាន ឬទទួលទានក្រៀមដោយមិនបាច់ស្រុះទឹកក្ដៅក៏បាន។ មីកញ្ចប់ ត្រូវបានទទួលជាអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច ហើយពេលខ្លះ ក៏ជាអាហារទទួលទានលេងដែរ។ សំខាន់មួយទៀត គឺ មីកញ្ចប់ មានតម្លៃថោក។ ហេតុនេះហើយបានជាពលរដ្ឋខ្មែរមួយចំនួននិយាយលេងបែបកំប្លែងថា នៅដើមខែ សេរីមេ ចុងខែសារ៉េមី ព្រោះនៅដើមខែប្រាក់ខែទើបនឹងបើកថ្មីៗ គេអាចជប់លៀងទទួលទានអាហារថ្លៃបន្តិច មិនចាញ់សេរីមេកើយរបស់គេប៉ុន្មានឡើយ។ ប៉ុន្តែដល់ថ្ងៃចុងខែលុយប្រាក់ខែស្បើយ មិនអាចហៅម្ហូបអាហារថ្លៃមកទទួលទានដូចសេរីមេៗ ទៀតឡើយ គឺមានតែសារ៉េរកមីកញ្ចប់អីឆុងទទួលទានទៅ ព្រោះវាមានតម្លៃថោក។
ដូច្នេះ បើនៅចុងខែសារ៉េមីមែន តើលោកអ្នកទទួលទានមីកញ្ចប់ប៉ុន្មានដងក្នុងមួយថ្ងៃ ហើយម្ដងប៉ុន្មានកញ្ចប់? ឆ្ងាញ់ទេ? ឆ្អែតទេ? ចម្លើយប្រាកដណាស់ គឺឆ្ងាញ់ដែរ ទទួលហើយប្រាកដជាឆ្អែត បាត់ឃ្លាន ក្រពើក៏លែងរះ (ក្រពះក៏លែងរើ)។ ដូច្នេះ មីកញ្ចប់ ពិតជាអាហារមានប្រយោជន៍ ដែលជួយឲ្យយើងបានបំពេញក្រពះដែរ។
មួយចំណែកទៀត មីកញ្ចប់ មានគុណប្រយោជន៍ ជួយសន្សំពេលវេលា និងថវិកា ព្រោះតម្លៃថោក។ នៅកម្ពុជា មី ៥កញ្ចប់ អស់ត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។ បើដូច្នេះមែន តើមីកញ្ចប់មានគុណវិបត្តិអ្វីទេ?
សំណួរនេះ នៅតែជាចំណោទឆ្លងឆ្លើយគ្នារវាងអ្នកចូលចិត្តទទួលទានមីកញ្ចប់ និងអ្នកដែលមិនចូលចិត្តមី។ ទស្សនៈមួយចំនួនគិតថា ការទទួលទាន មីកញ្ចប់ នាំឲ្យប៉ះពាល់សុខភាព។ រីឯមនុស្សមួយចំនួនទៀតបញ្ចេញទស្សនៈថា ពួកគេទទួលទានមីកញ្ចប់ច្រើនឆ្នាំហើយ ប៉ុន្តែមិនទាន់មានបញ្ហាអ្វីនៅឡើយទេ។
ទោះជាយ៉ាងនេះក្ដី អ្នកស្រាវជ្រាវអំពីបញ្ហានេះ ផ្ដល់ដំបូន្មានថា លោកអ្នកគួរតែពិចារណាឡើងវិញ ចំពោះការទទួលទាន មីកញ្ចប់។
តាមការពិសោធន៍បង្ហាញថា សរសៃមីកញ្ចប់ ដែលផលិតពីរោងចក្រ ក្រពះពិបាកកិនរំលាយជាងសរសៃមីស្រស់ ដែលធ្វើភ្លាមៗ ពីព្រោះមីកញ្ចប់ស្វិតជាង។ មីកញ្ចប់ ត្រូវបានគេដាក់សារធាតុគីមីម្យ៉ាងឈ្មោះកាត់ថា ធី.ប៊ី.អេច្ឆ.ឃ្យូ (TBHQ) ដើមរក្សាគុណភាពសរសៃមីឲ្យនៅបានយូរ កុំឲ្យប្រតិកម្មទៅនឹងគ្រឿងល្បាយផ្សេងទៀត។ សារធាតុគីមីធី.ប៊ី.អេច្ឆ.ឃ្យូ គេសម្រាប់ដាក់ក្នុងអាហារក្រៀមៗ ក្នុងកម្រិតមិនលើសពី ០.៥មីលីក្រាមទេ ក្នុងទម្ងន់ខ្លួនយើងមួយគីឡូក្រាម។ បើបរិមាណគីមីនេះច្រើនពេក វាបណ្ដាលឲ្យមានអាការៈក្អួតចង្អោរ ហ៊ឹងត្រចៀក រវើរវាយ រាងថប់ៗ ដង្ហើម និងដួលសន្លប់ ឬខ្យល់គ។
ក្រៅពីនេះ យើងមិនបានដឹងទេថា សរសៃមីកញ្ចប់នៅក្នុងក្រពះរបស់យើងយ៉ាងណានោះទេ។
ក៏ប៉ុន្តែ ការធ្វើពិសោធន៍មួយផ្នែករបស់អ្នកជំនាញផ្នែកប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យម៉ាសាជូសេត សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត ប្រ៊េដិន ខ្វូ (Dr. Braden Kuo of Massachusetts General Hospital) ដែលបានដាក់កាមេរ៉ាវីដេអូស្រាវជ្រាវមួយប៉ុនគ្រាប់ថ្នាំចូលទៅក្នុងក្រពះអ្នកទទួលទានមីកញ្ចប់ គឺបានបង្ហាញថា មីកញ្ចប់នៅក្នុងក្រពះក្ររលាយ៖ «អ្វីដែលយើងឃើញនៅពេលនេះ គឺក្រពះរបស់យើងច្របាច់កិនសរសៃមីត្រឡប់ទៅត្រឡប់មក សាចុះសាឡើង ដើម្បីកិនបំបែករំលាយសរសៃមីកញ្ចប់»។
ពីបីថ្ងៃក្រោយមក លោកបានពិសោធន៍ម្ដងទៀត ដោយឲ្យអ្នកដែលលោកពិសោធន៍នោះ ទទួលទានមីស្រស់ ដែលគេធ្វើភ្លាមៗ វិញម្ដង។ លោកប្រៀបធៀបការកិនរបស់ក្រពះរំលាយសរសៃមីទាំងពីរនេះ ក្នុងរយៈពេលដូចគ្នា គឺ ២០នាទីម្ដង និង ២ម៉ោងម្ដង។ ក្នុងវីដេអូបង្ហាញថា ការកិនបំបែកសរសៃមីកញ្ចប់យូរជាងមីស្រស់៖ «ពេលដែលយើងមើលការពិសោធន៍របស់យើងឲ្យដិតដល់ អំពីការកិនរបស់ក្រពះក្នុងរយៈពេល ១ម៉ោង និង ២ម៉ោងដូចគ្នា យើងឃើញថា សរសៃមីកញ្ចប់បែកតិចជាងសរសៃមីស្រស់ ដែលគេធ្វើភ្លាមៗ»។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា ការរកឃើញនេះមិនអាចយកមកធ្វើសេចក្ដីសន្និដ្ឋានសរុបអ្វីបាននៅឡើយទេ។ វីដេអូ ដែលលោកបានបង្ហាញ គឺគ្រាន់តែជាការចាប់ផ្ដើមសិក្សា ហើយលោកនឹងស្រាវជ្រាវបន្ថែមទៀត ដែលនិយាយបានថា ការកិនបំបែកសរសៃមីកញ្ចប់យឺត អាចប៉ះពាល់ដល់ការស្រូបយកជីវជាតិចិញ្ចឹមរបស់រាងកាយ៖ «វានៅតែមិនទាន់ច្បាស់ទេថា វាប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ មានគុណប្រយោជន៍ល្អដែរក្នុងការទទួលទានល្មមៗ។ ខ្ញុំគិតថា យើងត្រូវការស៊ើបអង្កេតបន្ថែមទៀតលើអាហារកញ្ចប់ទាំងនេះ»។
បើទោះជាលោកបានឃើញវីដេអូដែលលោកពិសោធន៍នេះក្ដី រូបលោកផ្ទាល់នៅតែទទួលទានមីកញ្ចប់ដដែល ប៉ុន្តែមិនច្រើនពេក។
មូលហេតុដែលមិនត្រូវទទួលទានច្រើនពេកនេះ គឺព្រោះតែនៅក្នុងមីកញ្ចប់ ត្រូវបានផ្សំឡើងដោយម្សៅស្រូវសាឡី អំបិល និងប្រេងដូង ឬខ្លាញ់ច្រើន។ ក៏ប៉ុន្តែធ្វើឲ្យការបឺតយកជីវជាតិប្រូតេអ៊ីន វីតាមីន និងរ៉ែតិចវិញ។
ជាទូទៅ នៅក្នុងមីមួយកញ្ចប់ មានអំបិល ៨៦១មីលីក្រាម ប្រេង ឬខ្លាញ់ ១០ក្រាម វីតាមីន អា ១៥% វីតាមីន បេ១ (B1) ៤៣% វីតាមីន បេ២ ១២% វីតាមីន បេ៣ (Vit. 3) ៩% និងកាល់ស្យូម ៧% ប្រូតេអ៊ីន ៤ក្រាម អាហារសរសៃ ០.៩ក្រាម ជាតិដែក ១០% កាបូអ៊ីដ្រាត ឬស្ករ (Carbohydrate) ២៧ក្រាម សារធាតុរ៉ែ ម៉ាញ៉េស្យូម ១១%។
ព្រឹត្តិព័ត៌មានរបស់គេហទំព័រ ហៀលឡាញ (healthline) បង្ហាញថា មីក្រៀម មានរសជាតិប្លែកគ្នាទៅតាមម៉ាក ហើយភាគច្រើនមានជីវជាតិចិញ្ចឹមខ្លះ។ មីកញ្ចប់ភាគច្រើនមិនសូវមានកាឡូរី (Calories) ជាតិសរសៃ (Fiber) និងប្រូតេអ៊ីន (Protein) ច្រើនទេ។ ដូច្នេះការមានកាឡូរី ជាតិសរសៃ និងប្រូតេអ៊ីនទាប មិនបានធ្វើឲ្យស្រកទម្ងន់ទេ។ ប៉ុន្តែ មីកញ្ចប់ខ្លះ ត្រូវបានបន្ថែមវីតាមីន និងរ៉ែបន្ថែមដែរ។ ធាតុផ្សំនៃមីមានខ្លាញ់ កាបូអ៊ីដ្រាត (Carbohydrate) និងអំបិល (Sodium) ច្រើន ព្រមទាំងជីវជាតិអាហារចិញ្ចឹមខ្លះ ដូចជាជាតិដែក (iron) ម៉ាញ៉េស្យូម (Magnesium) និងវីតាមីន បេ (Vitamin B)។
ការសិក្សាមួយលើមនុស្ស ជាង ៦ពាន់នាក់ (៦.៤៤០) រវាងអ្នកទទួលទានមី និងអ្នកមិនទទួលទានមីកញ្ចប់ បានបង្ហាញថា អ្នកទទួលទានមីកញ្ចប់ មានវីតាមីន បេអង (B1) និង បេឌើ (B2) ខ្ពស់ជាងអ្នកមិនទទួលទានមី។
ក្រៅពីនេះ មីកញ្ចប់ភាគច្រើនបំផុតមានគ្រឿងទេស ដើម្បីបង្កើនរសជាតិ ដូចជា ម្រេច ខ្ទឹម និងប៊ីចេង ឬម្សៅស៊ុប (MSG)។ ម្សៅស៊ុប ឬប៊ីចេង ជាសារធាតុញៀន ដែលគេប្រើនៅក្នុងការផលិតចំណីអាហារ។ ប៊ីចេង ត្រូវបានគេរកឃើញពីធម្មជាតិនៅក្នុងបន្លែប្រូតេអ៊ីន មេអាហារ (yeast extract) អាហារយកចេញពីសណ្ដែកសៀង (soy extract) ប៉េងប៉ោះ និងឈីស (Cheese)។ បើ ទោះជា រដ្ឋបាលអាហារ និងឱសថទទួលស្គាល់ថា ការប្រើប្រាស់ ប៊ីចេង មានសុវត្ថិភាពក្ដី ក៏កត្តាប៉ះពាល់សុខភាពនៅតែជជែកគ្នាមិនទាន់ដាច់ស្រេច។ ការសិក្សាខ្លះបង្ហាញថា ការឡើងទម្ងន់ ឡើងសម្ពាធឈាម ឬលើសឈាម ឈឺក្បាល និងក្អួតចង្អោរ គឺពាក់ព័ន្ធខ្លាំងទៅនឹងការប្រើប៊ីចេងច្រើន។ អ្នកដែលចាញ់ប៊ីចេង មានអាការៈឈឺក្បាល តឹងសាច់ដុំ និងញ័រដៃញ័រជើង។ ហេតុនេះ មីកញ្ចប់ ដែលមានប៊ីចេងច្រើន អាចនាំឲ្យមានអាការៈទាំងនេះ។
បញ្ហាមួយទៀត គឺអំបិល។ មីកញ្ចប់ខ្លះ មួយកញ្ចប់មានអំបិលរហូតទៅដល់ ៨៦១មីលីក្រាម។ ដូច្នេះ នៅក្នុងមីកញ្ចប់មានអំបិលច្រើន។ កាលណាយើងទទួលទានមីច្រើន យើងក៏ទទួលទានអំបិលច្រើនដែរ។ ការទទួលទានអំបិលច្រើន វាបណ្ដាលឲ្យយើងកើតជំងឺបេះដូង ស្ត្រូក (ដាច់សរសៃឈាម) លើសឈាម ខូចតម្រងនោម និងពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម។ ជាពិសេស អ្នកដែលចាញ់ប្រៃ។
ការទទួលទានមីច្រើន នាំឲ្យថយចុះប្រូតេអ៊ីន (Protein) កាល់ស្យូម (Calcium) វីតាមីនសេ (Vit. C) ជាតិផូស្ព័រ (Phosphorus) ជាតិដែក (iron) វីតាមីន អា (Vitamin A) និងថយកម្រិតវីតាមីន ដេ (Vit. D) ដែរ។
ទោះជាយ៉ាងនេះក្ដី មីកញ្ចប់ ដែលដាក់លក់ក្នុងទីផ្សារប្រភេទខ្លះ ក៏មិនប៉ះពាល់សុខភាពដែរ ជាពិសេស មី ដែលផលិតដោយគ្រាប់ធញ្ញជាតិទាំងមូល មានខ្លាញ់ និងអំបិលតិច។ លើសពីនេះទៀត ដើម្បីធ្វើមិនឲ្យប៉ះពាល់សុខភាព ពេលទទួលទានមី ត្រូវដាក់បន្ថែមបន្លែ និងអាហារណាដែលមានជីវជាតិប្រូតេអ៊ីនផង ដូចជាត្រី និងសាច់ជាដើម៕