សមាជិក​សភា​អាស៊ាន៖ វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ផ្ទុយ​ពី​ស្មារតី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

ដោយ ទីន ហ្សាការីយ៉ា
2018-02-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of APHR
ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of APHR


សភា​អាស៊ាន​ស្នើ​រដ្ឋសភា​កម្ពុជា​កុំ​អនុម័ត​សំណើ​វិសោធនកម្ម​ច្បាប់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន


សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ថា រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​កិច្ច​ព្រម​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​ស្មារតី​ដ៏​សំខាន់​សម្រាប់​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ត្រូវ​រ៉ូវ​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​នៅ​ឆ្នាំ​១៩៩១។

​អ្នកវិភាគ​លើក​ឡើង​ថា សភា​បច្ចុប្បន្ន​ជា​សភា​ខុស​ច្បាប់ ដូច្នេះ​ការ​វិសោធនកម្ម​ច្បាប់ ឬ​ការ​ធ្វើ​ច្បាប់​ណា​មួយ​គឺ​ជា​ច្បាប់​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ពីព្រោះ​ថា តំណាងរាស្ត្រ​បច្ចុប្បន្ន តំណាងរាស្ត្រ​ខ្លះ​មិន​មែន​ជា​តំណាងរាស្ត្រ​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​ឡើយ។

សមាជិក​សភា​អាស៊ាន មក​ពី​ប្រទេស​អាស៊ាន បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ទៅ​នឹង​សេចក្ដី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា ទើប​អនុម័ត​នៅ​ពេល​ថ្មីៗ​នេះ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

​ប្រធាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស លោក Charles Santiago លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ស្នើ​ឲ្យ​សមាជិក​រដ្ឋសភា​កម្ពុជា កុំ​នាំ​គ្នា​លើកដៃ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ទាំង​នេះ ពីព្រោះ​ថា ការ​ធ្វើ​វិសោធនកម្ម​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមិទ្ធផល​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​បន្ថែម​ថា បើ​សភា​ព្រម​អនុម័ត​វិសោធនកម្ម​ទាំង​នេះ​មែន គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​លើ​នីតិរដ្ឋ និង​កាន់​តែ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​បែប​ផ្ដាច់ការ​នៅ​កម្ពុជា។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ប្រសិនបើ​សភា​អនុម័ត​តាម​សំណើ​រដ្ឋាភិបាល ច្បាប់​ថ្មី​នេះ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​រដ្ឋសភា​បច្ចុប្បន្ន​មិន​ស្រប​ច្បាប់​នោះ​ទេ ក្រោយ​ពី​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្ដាល​ប្រទេស​នៅ​តែ​ទទួល​ស្គាល់​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​សមាជិក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទទួល​យក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ដែល​គណបក្ស​កាន់​អំណាច​ផ្ដល់​ជូន​នោះ​ទេ៖ «ព្រះមហាក្សត្រ​មាន​អភ័យឯកសិទ្ធិ​ពិសេស​របស់​ព្រះអង្គ​ហើយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គ្មាន​អ្នក​ណា​អាច​ប៉ះពាល់​បាន​ទេ ហើយ​ក្រមព្រហ្មទណ្ឌ​ក៏​បាន​ការពារ​ព្រះអង្គ​គ្រប់គ្រាន់​ហើយ​ដែរ»

​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ក្រហម និង​បាន​កាន់​អំណាច​យូរ​ជាង​គេ​នៅ​អាស៊ី​នោះ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​កាល​ពី​សប្ដាហ៍​មុន ដែល​នឹង​អាច​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ប្រមាថ​ព្រះមហាក្សត្រ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២.៥០០​ដុល្លារ។ នេះ​គឺ​ជា​ច្បាប់​ទី​ពីរ​ហើយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាល​ក៏​បាន​អនុម័ត​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ដែរ ដោយ​លោក ហ៊ុន សែន ចង់​តែង​តាំង​មន្ត្រី​ថ្នាក់​រដ្ឋលេខាធិការ​ដោយ​រដ្ឋាភិបាល​មិន​បាច់​ឆ្លងកាត់​សភា។

​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ មេធាវី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច និង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ដាក់​ពាក្យ​ប្ដឹង​លោក លឺ ឡាយស្រេង អតីត​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដោយ​ស្នើ​សុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់​ចំពោះ​ករណី​ប្រមាថ​ព្រះមហាក្សត្រ។

លោក លឺ ឡាយស្រេង ក៏​ត្រូវ​បាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្ដឹង​ពី​បទ​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ បន្ទាប់​ពី​សំឡេង​សន្ទនា​សម្ងាត់​របស់​លោក​ត្រូវ​បាន​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សីហា ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា អ្នក​ដែល​មិន​គោរព​ព្រះមហាក្សត្រ​នោះ​គឺ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ពីព្រោះ​ថា រដ្ឋាភិបាល​មិន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​ធ្វើ​សមាជ​ជាតិ​ក្នុង​មួយ​ឆ្នាំ​ម្ដង​នោះ៖ «ព្រះមហាក្សត្រ​មិន​អាច​បំពេញ​ភារកិច្ច​របស់​ព្រះអង្គ​ក្នុង​ការ​ធានា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​បាន​ទេ ដោយសារ​គ្មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល»

​រដ្ឋធម្មនុញ្ញ​មាត្រា​១៤៧​ថ្មី ចែង​ថា សមាជ​ជាតិ​បើក​ឲ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ និង​លើក​បញ្ហា សំណូមពរ​ឲ្យ​រដ្ឋ​អំណាច​ដោះស្រាយ ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជ​ជាតិ។ រី​ឯ​មាត្រា​១៤៨ ចែង​ដែរ​ថា សមាជជាតិ​ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី។ សមាជ​ជាតិ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជា​ធិបតីភាព​នៃ​ព្រះមហាក្សត្រ។

​សមាជិក​សភា​អាស៊ាន លើក​ឡើង​ថា សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​នេះ មិន​ត្រូវ​ធ្វើ​ប្រញាប់ប្រញាល់ និង​ដោយ​ស្ងាត់ៗ​របៀប​នេះ​ទេ។ ការ​កែប្រែ​ច្បាប់​ទាមទារ​ឲ្យ​មាន​តម្លាភាព និង​ការ​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ សមាជិកសភា​ហ្វីលីពីន លោក Tom Villarin ថ្លែង​ថា សំណើ​វិសោធនកម្ម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បង្កើត​សមាគម និង​រឹតតែ​ផ្ដល់​អំណាច​ឲ្យ​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​នយោបាយ និង​ក្រុម​ដទៃ​តាម​តែ​អំពើ​ចិត្ត។

​អ្នក​វិភាគ និង​ក្រុម​សិទ្ធិមនុស្ស​អះអាង​ថា រដ្ឋាភិបាល​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​នេះ គឺ​ជា​ចេតនា​ចង់​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​រិះគន់​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles