អាជ្ញាធរ​ព្រមាន​អតីត​ចៅសង្កាត់​អូរចារ​ឲ្យ​ដក​ស្លាក​ចេញពី​មុខ​ហាង​ដែល​មាន​ពាក្យ​ឧទ្ទាម

ដោយ ម៉ៅ សុធានី
2018-02-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា រ៉ូហ្សេត ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo Provided
កញ្ញា រ៉ូហ្សេត ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo Provided


ចៅសង្កាត់​អូរចារ​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​បញ្ចប់​មុខតំណែង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត សម្រេច​ទម្លាក់​បដា​ដែល​មាន​ខ្លឹមសារ​ថា រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់ លើកលែងតែ​ឧទ្ទាម​ជន ចេញ​ពីមុខ​អាហារដ្ឋាន​របស់​ខ្លួន។ ការ​ដក​បដា​នេះ គឺ​បន្ទាប់ពី​អភិបាលក្រុង​បាត់ដំបង​បាន​ព្រមាន​កញ្ញា ក្រោយ​ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី៦ កុម្ភៈ។

មន្ត្រី​គណបក្សប្រឆាំង​ក្រុង​បាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់​ពៅរ៉ូហ្សេត អះអាង​ថា មូលហេតុ​ដែល​កញ្ញា​សម្រេច​លុប​ខ្លឹមសារ​ឧទ្ទាម​ជន​ចេញពី​ខាងមុខ​ហាង គឺ​ដោយសារ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ជាមួយ​អាជ្ញាធរ។

រ៉ូហ្សេត ហាង ៦២២
អ្នក​គាំទ្រ​ថតរូប​ជាមួយ​កញ្ញា រ៉ូហ្សេត នៅ​មុខ​អាហារដ្ឋាន​របស់​នាង កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៨។ Photo Provided

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យ​ដឹង​នៅ​ថ្ងៃទី៦ កុម្ភៈ ថា កញ្ញា​គឺ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់ ដោយ​គ្រាន់តែ​សរសេរ​ខ្លឹមសារ​តូច​មួយ ក្នុង​ការ​ទាក់ទាញ​អតិថិជន ឲ្យ​ចូល​មក​អាហារដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ម្យ៉ាងទៀត​គិត​ថា ខ្លឹមសារ​នេះ​ប៉ះពាល់​ដល់​រដ្ឋអំណាច​នោះ​ឡើយ។ កញ្ញា រ៉ូហ្សេត អះអាង​ថា នៅ​ពេល​ដែល​កញ្ញា​ចូល​ទៅ​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ក្រុង គឺ​អភិបាលក្រុង​បាត់ដំបង​បាន​បង្ខំ​ឲ្យ​កញ្ញា​ដក​ខ្លឹមសារ​ឧទ្ទាម​ជន​នៅ​លើ​បដា​ខាងមុខ​ហាង​ចេញ ដោយ​ថា​ខ្លឹមសារ​នេះ​ខុសច្បាប់៖ «ប៉ុន្តែ​ដែល​ខ្ញុំ​សរសេរ​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ចូល​ហាង​នាង​ខ្ញុំ ដោយសារតែ​ប៉ុន្មាន​ថ្ងៃមុន​នឹង​មាន​តំណាងរាស្ត្រ​ម្នាក់​គាត់​សរសេរ​នៅ​ក្នុង​ហ្វេសបុក​របស់​ខ្ញុំ ដោយ​ថា ជា​កន្លែង​បង្កាត់​រងើកភ្លើង ជា​កន្លែង​បង្កើត​ក្រុម​ឧទ្ទាម ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា នរណា​ជា​ជន​ឧទ្ទាម​ទេ ព្រោះ​កន្លែង​ខ្ញុំ​ជា​កន្លែង​លក់ដូរ​ត្រូវ​ទទួល​ស្វាគមន៍​ទាំងអស់»

ខ្លឹមសារ​បន្ថែម​ថ្មី​នៅ​លើ​បដា​ខាងមុខ​អាហារដ្ឋាន​រ៉ូហ្សេត សរសេរ​ថា រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​លើកលែងតែ​ឧទ្ទាម​ជន អាជ្ញាធរ​មិន​សប្បាយ​ចិត្តត្រង់​ថា​ពាក្យ​ថា​ឧទ្ទាមជន ហើយ​បាន​ស្នើ​ម្ចាស់​ហាង​ដក​ពាក្យ​នេះ​ចេញ​ជាបន្ទាន់។

អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​អភិបាលក្រុង​បាត់ដំបង​លោក ផេង សិទ្ធី ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ។

ប៉ុន្តែ លិខិត​អញ្ជើញ​ដោយ​អភិបាលក្រុង​បាត់ដំបង​លោក ផេង សិទ្ធី ចុះ​ថ្ងៃ​ទី​៥ កុម្ភៈ បាន​អញ្ជើញ​កញ្ញា សិន​ចាន់ពៅរ៉ូហ្សេត ម្ចាស់​អាហារដ្ឋាន​រ៉ូហ្សេត ដើម្បី​ចូលរួម​ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​នៅ​សាលាក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ។ នៅ​ក្នុង​បន្ទប់​ប្រជុំ​មាន​តំណាង​មន្ត្រី​កងរាជអាវុធហត្ថ​អធិការ​នគរបាល​ក្រុង​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ​របស់​សាលាក្រុង​មួយ​ចំនួន​ទៀត។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង លើក​ឡើង​ថា អាជ្ញាធរ​ហាក់​ចាប់អារម្មណ៍​ខ្លាំង ទៅលើ​អាហារដ្ឋាន​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ជ្រុល​ហួសហេតុ។ លោក​អះអាង​ថា បើ​គ្រាន់តែ​ខ្លឹមសារ​ពាក្យ​ប៉ុន្មាន​មាត់​នៅ​ខាង​មុខ​ហាង អាជ្ញាធរ​អាច​សម្រួល​គ្នា​ដោយ​ស្ងៀមស្ងាត់​បាន ដោយ​ពុំ​បាច់​មាន​លិខិត​អញ្ជើញ​ធំដុំ​ក៏បាន​ដែរ។ លោក ហេង សាយហុង ចាត់​ទុក​អាជ្ញាធរ​ហៅ កញ្ញា រ៉ូហ្សេត ឲ្យ​ដក​បដា​ចេញពី​ខាងមុខ​ហាង​នេះ ជា​ការ​រំខាន​ដល់​របរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ៖ «ហើយ​វា​គ្មាន​អី​ចម្លែក​សោះ ទៅ​លើ​សកម្មជន​ដែល​គេ​បាន​លាលែង​ហើយ និង​ជា​សកម្មជន​តូចតាច​មួយ នៅ​លក់ដូរ​នំ​បញ្ចុក​នំកង​នំ អី​សុចរិត ធម្មតា​ហើយ​ចេះ​តែ​មាន​រឿងរ៉ាវ ខ្ញុំ​វា​ចម្លែក​និង​អស់សំណើច​នឹង​ការងារ​នឹង​ដែរ ដែល​កំប៉ិកកំប៉ុក ហើយ​បើ​សិន​គេ​ដឹង​ថា តំបន់​នឹង​ជា​កន្លែង​លាក់ ឬ​កន្លែង​ផ្ដល់​អសន្តិសុខ​អ្វីមួយ គឺ​គេ​នឹង​មិន​ធ្វើ​ឲ្យ​ដឹង​នោះ​ទេ»

អាហារដ្ឋាន​រ៉ូហ្សេត​បើក​ដំណើរការ មក​ជិត​២​ខែ​ហើយ ចាប់​តាំង​ពី​បើក​ដំណើរការ​មក មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូល​ទៅ​គាំទ្រ នៅ​ហាង​មួយ​នេះ។ អាហារដ្ឋាន​មួយ​នេះ មាន​លក់​នំ​បញ្ចុក ណែម​សាច់​ត្រី និង​បង្អែម​របស់​ខ្មែរ​ដូចជា​នំ​ផ្លែ​អាយ នំ​អន្សម និង​នំគម​ជាដើម។ ថ្មី​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន ធ្លាប់​ផ្ដល់​សម្ភាសន៍​ឲ្យ​កាសែត​ក្នុងស្រុក ដោយ​ចោទ​អាហារដ្ឋាន​នេះ​ថា ជា​បណ្ដុំ​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​ចលនា​សង្គ្រោះជាតិ​របស់​លោក សម រង្សី។ បន្ទាប់ពី​លោក ឈាង វុន រិះគន់​មក ហាង​មួយ​នេះ​បាន​ស្ងាត់​ភ្ញៀវ​ចូល​មួយ​រយៈ ហើយ​មិន​យូរ​ប៉ុន្មាន​កញ្ញា រ៉ូហ្សេត ក៏​បាន​លើក​បដា​ថ្មី​មួយ​ដោយ​សរសេរ​ថា រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​លើកលែងតែ​ឧទ្ទាម​ជន ក្រោយមក​ភ្ញៀវ​ក៏បាន​ចូល​ហាង​នេះ​ច្រើន​ជា​បន្តបន្ទាប់​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment