លោក​ ហ៊ុន សែន ថា កម្ពុជា​គ្មាន​អ្នក​ដឹក​នាំណា​អាច​ជំនួសតំណែង​លោក​បាន​ទេ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨​ | ម៉ោង 3:41 PM
http://vodhotnews.com

នយោបាយ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)


លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បន្ត​​ថ្លែង​ថា គ្មាន​នរណា​អាច​ដឹក​នាំ​ប្រទេស​កម្ពុជាជំនួសលោក​បាន​នោះ​ទេ ខណៈ​​លោក​​ថា ​លោកអាច​ដឹកនាំ​ប្រទេស​យ៉ាង​តិច​​ ១០​ឆ្នាំ​ទៀត​ ក៏​មិន​ទាន់​ចាស់​ពេក​ដែរ។

លោក ហ៊ុន សែន បាន​​អះ​អាង​បែប​​នេះ អំឡុង​ពេល​លោក​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍ នៅ​ក្នុង​ខេត្ត​កំពត នៅ​ថ្ងៃ​នេះ។

លោកថា៖ «ព្រោះអ្នកមិនទាន់មានលទ្ធភាពក្នុងការគ្រប់គ្រងសភាពការណ៍នៅកម្ពុជាទេ។ អ្នកគឺគ្រាន់តែចេះបញ្ឆេះនូវសង្គ្រាម អ្នកត្រឹមតែចេះជេរចេះបញ្ចោរតែប៉ុណ្ណោះ តែអ្នកមិនទាន់ចេះគ្រប់គ្រងសូម្បីកូនបក្សមួយសមាគមមួយនោះទេ។ ហ៊ុន សែន យ៉ាងហោចណាស់មានបទពិសោធន៍រយៈពេល ៣៩ឆ្នាំ ធ្វើនាយករដ្ឋមន្ត្រីរយៈពេល ៣៣ឆ្នាំធ្វើ១០ឆ្នាំទៀតវាឡើង៤៣ឆ្នាំ វាមិនទាន់យឺតពេលទេ ហើយក៏មិនទាន់ចាស់ជ្រុលដែរ»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច លោក សំ គន្ធាមី យល់​ថា ក្នុងប្រទេស​ប្រជា​ធិបតេយ្យ​ ការ​ដឹក​នាំ​ប្រទេស​បាន​ ឬ​មិន​បាន​ មិន​អាស្រ័យ​តែ​លើនាយក​រដ្ឋ​មន្ត្រីតែ​ម្នាក់​នោះ​ទេ ប៉ុន្តែ លោក​ថា វា​អាស្រ័យ​ទៅ​លើ​អំណាច​ទាំង​បី​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹក​នាំ​រដ្ឋនោះ​។

លោក​បន្ថែមថា វា​អាស្រ័យ​ទៅ​លើ​ការ​ទុក​ចិត្ត​របស់​ពលរដ្ឋ​ក្នុង​ការ​ជ្រើស​រើសអ្នក​ណា​ឲ្យ​កាន់​ការ​ងារ​ប្រទេស​នៅពេល​បោះឆ្នោត​ មិន​មែន​ជា​ការ​សម្រេច​របស់​នាយក​រដ្ឋ​មន្ត្រី​ទេ។

លោក​ថា៖ «សម្រាប់លក្ខណៈសម្បតិ្តអ្នកដឹកនាំ វាអាស្រ័យទៅលើម្ចាស់ឆ្នោត នៅពេលដែលម្ចាស់ឆ្នោតគេគាំទ្រហើយ គឺដំណើរការដឹកនាំក៏មិនមានបញ្ហាអីដែរ ហើយការដឹកនាំមិនអាស្រ័យលើនីតិប្រតិបត្តិឯណា។ យើងមាននីតីប្បញ្ញាតិ ព្រោះខាងសភា ព្រឹទ្ធសភាអីហ្នឹង គេមានលក្ខណៈជួយទាំងអស់គ្នា ការដឹកនាំប្រព្រឹត្តិទៅល្អលុះត្រាតែអំណាចនីតិប្បញ្ញាតិ ប្រតិបត្តិ និងតុលាការ ដើរររលូនទន្ទឹមគ្នា វាស៊ីសង្វាក់គ្នា វារលូនហើយ​»

លោក ហ៊ុន សែន ​ត្រូវ​បាន​ការ​សែត​​អាមេរិក​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ ចាត់​ចំណាត់​ថ្នាក់​​ជា​មេដឹកនាំ​កាន់អំណាចដ៏​យូរ​ក្នុង​ចំណោម​មេដឹកនាំ​២៣​រូប​ទៀត ដែល​មិន​ព្រម​ចាកចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង ឬ ចាញ់​ឆ្នោត​ក៏​ដោយ។​ កាសែត​អាមេរិក​មួយ​នេះ ក៏​បាន​បរិយា​យដែរ​ថា កម្ពុជាក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ហ៊ុន សែន ​មាន​ទាំង​ជោគ​ជ័យ ភាព​រីកចម្រើន ការ​ភ័យខ្លាច និទណ្ឌភាព បក្សពួក-គ្រួសារនិយម និងអំពើ​​ពុករលួយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

One Response to "លោក​ ហ៊ុន សែន ថា កម្ពុជា​គ្មាន​អ្នក​ដឹក​នាំណា​អាច​ជំនួសតំណែង​លោក​បាន​ទេ"

  1. people says:

    Of course no body can do like you mr veitcong mafia dictator’ Who can do like you??? you killed a lot of khmer ‘ you gave Tral island to Youn ‘you rob the land from people’ you borrow a lot of money to fill your pocket and your cronies ‘ you can jail or killed anybody ‘and you can dissolve big opposition party’ and jail top leader without crime ” so this country belong to you ‘people have no right to criticize you&your families ‘. You control everything but one day oppression will be burs out. GOD bless all cambodian people’