សភា​អូស្ត្រាលី​​ កំពុង​ពិចារណា​សំណើ​ដែល​ស្នើ​ឲ្យ​ថ្កោលទោស​កម្ពុជា

លោក Mark Butler សមាជិក​សភា​អូស្ត្រាលី​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​សភា​អូស្ត្រាលី​កំពុង​ពិចារណា​លើ​សំណើ​មួយ​ដែល​ស្នើ​ឲ្យ​ថ្កោលទោស​ចំពោះ​ការ​បង្ក្រាប​រឿង​នយោបាយ​របស់​ប្រទេស​កម្ពុជា​ដោយ​ក្នុង​នោះ​សមាជិក​សភា​លោក Mark Butler បាន​ប្រកាស​ថា​អូស្ត្រាលី​មាន​ «​កាតព្វកិច្ច​ដ៏សំខាន់​»​មួយ​ដើម្បី​ចាត់​វិធានការ​ការពារ​ «​លិទ្ធិ​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​» ​របស់​ប្រទេស​កម្ពុជា​។

លោក Butler បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា បើក​អង្គប្រជុំ​មួយ​កាលពី​ថ្ងៃ​ចន្ទ ដោយ​លោក​កត់សម្គាល់​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​ការ​បិទ​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​គាំទ្រ​ដល់​ដំណើរការ​លិទ្ធិ​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដោយ​លោក​បាន​លើក​ឡើង​ថា​៖ «​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ចំណុច​វិបត្តិ​នយោបាយ​ដ៏ជ្រៅ​មួយ​»​។

សំណើ​របស់​លោក Butler ពី​ដំបូង​ត្រូវ​ដាក់​ចេញ​កាលពី​ខែ​តុលា​ដោយ​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា និង​ដក​ចេញ​ការ​រឹតត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​គ្នា​ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។

លោក Butler បាន​និយាយ​ថា​ «​សកម្មភាព​ចុង​ក្រោយ​ថ្មីៗ​នេះ​គឺជា​ការ​បំពាន​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ពី​របប​មួយ​នេះ ហើយ​វា​ត្រូវ​តែ​មាន​ការ​ឆ្លើយតប​ផ្នែក​ការទូត​នូវ​កម្រិត​ខ្ពស់​បំផុត​» ​មួយ​។ ប៉ុន្តែ​លោក Butler មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ចំណាត់ការ​ផ្នែក​ការទូត​ថា​វា​អាច​ជា​ទម្រង់​អ្វី​នោះ​ទេ​។

លោក​គ្រាន់​តែ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​សភា​ឱ្យ​ទទួល​ស្គាល់​ថា ប្រទេស​អូស្ត្រាលី​មាន​តួនាទី​សំខាន់​ក្នុង​ការ​ការពារ និង​លើក​កម្ពស់​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

ប្រធានបទ​នេះ​នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​នៅឯ​អង្គប្រជុំ​សភា​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ​នេះ​។

ប្រតិកម្ម​ដំបូង​របស់​អូស្ត្រាលី​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop ដែល​បាន​សម្តែង​ «​ការ​ព្រួយបារម្ភ​» ខណៈ​ដែល​លោកស្រី​បាន​សង្កត់ធ្ងន់​ថា​ប្រទេស​កម្ពុជា​គឺជា​ «​មិត្ត​» របស់​ប្រទេស​អូស្ត្រាលី​។

ពិត​ណាស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក Butler នេះ​ទេ ពីព្រោះ​ប្រទេស​ទាំង​ ២ នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំនង​ល្អ​។

លោក​ថ្លែង​ថា​៖ «​ពួកគេ​មិន​មាន​សិទ្ធិ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​យើង​ទេ​»​។

ទន្ទឹម​នឹង​នេះ​ដែរ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខហួរ បាន​កោត​សរសើរ​ចំពោះ​សំណើ​របស់​លោក Butler នេះ​។

លោកស្រី មូរ សុខហួរ បាន​ថ្លែង​ថា​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ពេញ​មួយ​ខែ​មីនា ហើយ​គ្រោង​ជួប​ជាមួយ​លោក Butler និង​សមាជិក​សភា​ដទៃ​ទៀត​ដោយ​ផ្ទាល់​តែ​ម្តង​។

ទោះបី​ជា​មាន​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ​ចំពោះ​អតីត​អ្នក​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​មិន​ឱ្យ​មក​ជិត​តំបន់​ «​អាស៊ី​» ​ក្រែង​ពួកគេ​អាច​ត្រូវ​ចាប់​ខ្លួន​ក្តី​ក៏​លោកស្រី​ មូរ សុខហួរ បាន​ថ្លែង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​នឹង​ចាប់ផ្តើម​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ដល់​បុព្វហេតុ​របស់​ពួកគេ​។

លោកស្រី​ សុខហួរ បន្ត​ថា​៖ «​វា​ជា​ពិភពលោក​សេរី​លិទ្ធិ​ប្រជាធិបតេយ្យ​គឺជា​របស់​សកល​។ គាត់​ចង់​មក​ចាប់​ខ្ញុំ​? មិន​អី​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្លាប់​ទេ​»​។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​ចង់​ឱ្យ​បណ្តា​ប្រជាជាតិ​អាស៊ាន​បញ្ជូន​អ្នក​ទាំង​នោះ​ត្រឡប់​មក​វិញ​ដើម្បី​ប្រឈម​នឹង​តុលាការ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​សិទ្ធិ​ស្នើសុំ​ធ្វើ​បត្យាប័ន​»​។ លោក​ក៏​បាន​បន្ថែម​ថា បើ​ខកខាន​ធ្វើ​បែប​នេះ នោះ​គឺ​បង្ហាញ​អំពី​ចេតនា​ «​មិន​សហការ​ជាមួយ​កម្ពុជា​»៕ NS


Contact author: Andrew Nachemson

What Next?

Recent Articles

One Response to "សភា​អូស្ត្រាលី​​ កំពុង​ពិចារណា​សំណើ​ដែល​ស្នើ​ឲ្យ​ថ្កោលទោស​កម្ពុជា"

  1. Phanna says:

    អាណាទៅសហការណ៏ជាមួយកម្ពុជានោះ​ អាសំពោចផានអើយ​ មានតែយួន​ ចិន​ លាវ​ តែប៉ុណ្ណោះ

Leave a Reply

Submit Comment