អ្នកវិភាគ​ថា​ លោក ហ៊ុន សែន មិន​យល់​ពី​ភាព​ដឹកនាំ​បែប​ប្រជាធិបតេយ្យ

ដោយ ម៉ួង ណារ៉េត
2018-02-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ)។ RFA
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ)។ RFA


អ្នក​វិភាគ​ថា​ លោក ហ៊ុន សែន មិន​យល់​ពី​​ការ​​ដឹកនាំ​បែប​ប្រជាធិបតេយ្យ


អ្នកវិភាគ​ចាត់​ទុក​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ចំអក និង​វាយប្រហារ​មន្ត្រី​គណបក្ស​ប្រឆាំង ថា បង្ហាញ​ឲ្យ​ឃើញ​នូវ​ចរិត​លក្ខណៈ​របស់​មេ​ដឹកនាំ ដែល​ខ្វះខាត​ចំណេះដឹង​ពី​លទ្ធិប្រជាធិបតេយ្យ។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គំនិត និង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់​ដំណែង​យូរ​ជាង​នៅ​តំបន់​អាស៊ី ដែល​ថ្លែង​មើលស្រាល មន្ត្រី​បក្ស​ប្រឆាំង ដែល​ជា​ដៃគូ​ប្រកួត​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​បែបនេះ គឺ​បង្ហាញ​ថា លោក​ជា​មេដឹកនាំ ខ្វះខាត​ការ​យល់ដឹង​ប្រជាធិបតេយ្យ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ទៀត​ថា ប្រសិនបើ​មេដឹកនាំ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​មែន​នោះ ម្ល៉េះ​សម លោក ហ៊ុន សែន មិន​និយាយ​បែបនេះ​នោះ​ឡើយ ហើយ​គួរ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត ជា​អ្នក​សម្រេច​ជ្រើសរើស​មេដឹកនាំ​ណា ដែល​ពួកគាត់​យល់ថា​ស័ក្ដិសម និង​មាន​សមត្ថភាព​បម្រើ​រាស្ត្រ​ពិតប្រាកដ តាមរយៈ​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​មួយ។

ការ​លើកឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បែប​នេះ គឺ​សំដៅ​ទៅ​លើ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នៅ​ខេត្ត​កំពត នៅ​ព្រឹក ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។ លោក ហ៊ុន សែន ចំអក​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដែល​លោក​ទើបតែ​រំលាយ​បាន​សម្រេច ថា កុំ​សម័យ​ចង់​ជែង​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក​ឲ្យ​សោះ ព្រោះ​គ្រាន់ តែ​បក្ស​ខ្លួន​ឯង គ្រប់គ្រង​មិន​ឲ្យ​រលាយ​មិនបាន​ផង តើ​មាន​សមត្ថភាព​ឯណា​រហូតដល់​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ជំនួស​គាត់​នោះ៖ «បើសិនជា​យើង​គោរព អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង ប្រព័ន្ធ​ប្រជាធិបតេយ្យ ហើយ​ធ្វើ​ឲ្យ​ស្ថាប័ន​ប្រជាធិបតេយ្យ ដែល​យើង​បាន​បង្កើត​ដំណើរការ​ល្អ អ្នក​នរណា​ក៏​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​ដែរ ស៊ីសង​ទៅលើ​ប្រជាពលរដ្ឋ​សម្គាល់​ថា តើ​មាន ឬ​គ្មាន​សមត្ថភាព?»

ទោះបីជា​លោក ហ៊ុន សែន ចាត់​ទុក​គណបក្ស​សង្គ្រោះជាតិ ថា ជា​កូន​បក្ស​មួយ​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​មួយ​នេះ រហូតដល់​រម្លាយ​បក្ស​នេះ​ចោល​ទាំងស្រុង កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ រួចហើយ​ហាមឃាត់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ស្របច្បាប់​ទាំង ៥៥ រូប និង ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​នេះ​សរុប​ទាំងអស់ ១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​រហូត​ដល់​ប្រាំ​ឆ្នាំ ថែម​ទៀត​ផង។ មិនតែប៉ុណ្ណោះ តំណែង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ៥.០០៧ តំណែង ដែល​សុទ្ធតែ​មន្ត្រី​ជាប់ឆ្នោត​ដោយ​ស្របច្បាប់ កាលពី​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក៏​ត្រូវ​លោក ហ៊ុន សែន យក​ទៅ​ហែក​ចែក​គ្នា​ជាមួយ​បក្ស ដែល​មិន​ជាប់ឆ្នោត និង​បក្ស​កាន់អំណាច​របស់​លោក៖ «សូម​អ្នក​ដទៃ​ដែល​ចង់​ជំនួស ហ៊ុន សែន កុំ​ថ្នាំងថ្នាក់​ឲ្យ​សោះ ព្រោះ​អ្នក​មិន​ទាន់​មាន​លទ្ធភាព​ទប់​សភាពការណ៍​នៅ​កម្ពុជា​នោះ​ទេ។ អ្នក​គឺ​គ្រាន់តែ​ចេះ​បញ្ឆេះ​សង្គ្រាម អ្នក​ត្រឹមតែ​ចេះ​ជេរ ចេះ​បញ្ចោរ​តែប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​មិន​ចេះ​គ្រប់គ្រង​សូម្បីតែ​កូន​បក្ស​មួយ ឬ​សមាគម​មួយ​នោះ​ទេ។ ហ៊ុន សែន មាន​បទពិសោធន៍​រយៈ​ពេល ៣៩ ឆ្នាំ​ហើយ ក្នុង​នោះ​តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល ៣៣​ឆ្នាំ ធ្វើ ១០​ឆ្នាំ​ទៀត​វា​ឡើង ៤៣ ឆ្នាំ វា​ក៏​មិនទាន់​យឺត​ពេល និង មិនទាន់​ចាស់​ជ្រុល​ទេ!»

ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ក៏​បាន​ជាន់​ដាន ទៅ​នឹង​សម្ដី ដែល​លោក​ធ្លាប់​ព្រមាន​ជា​ញឹកញយ​ថា សង្គ្រាម​ប្រាកដ​ជា នឹង​កើតឡើង​ច្បាស់​ណាស់ នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត។ ដែល​ក្នុង​ន័យ​របស់​លោក​នេះ គឺ​លោក​ចង់​ព្រមាន​ឲ្យ​ពលរដ្ឋ ត្រូវ​តែ​បោះឆ្នោត ជូន​គណបក្ស​កាន់អំណាច។

កន្លង​មក ក្នុង​ឋានៈ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែងតែ​បង្ហាញ​កាយវិការ​ច្រងេងច្រងាង និង​ប្រើ​ភាសា​ជេរ ប្រមាថ អសុរោះ និង​ហិង្សា​និយម ជាពិសេស​ទៅ​លើ​គណបក្ស​ប្រឆាំង ទោះបីជា​លោក ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ ឬ​នៅ​មុខ​ព្រះសង្ឃ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ឬ ក្នុង​វត្ត​អារាម​ក៏​លោក​មិន​ញញើត​មាត់​នឹង​ថ្លែង​សម្ដី​បែបនេះ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា​ លោក ហ៊ុន សែន មិន​យល់​ពី​ភាព​ដឹកនាំ​បែប​ប្រជាធិបតេយ្យ"

  1. people says:

    Of course he don’t understand about democracy’ he only knew power grab from using gun and killed ‘and only followed his master ‘s order ‘and don’t care about nation.