គណបក្ស​ប្រឆាំង​អះអាង​ថា​អាមេរិក​មាន​ឈ្មោះ​មន្ត្រី​ខ្មែរ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម

ដោយ តាំង សារ៉ាដា
2018-02-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។ RFA
កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។ RFA


មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន កំពុង​ស្វែង​រក​ពេល​វេលា​សមរម្យ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​បុគ្គល និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច​អះអាង​ថា ប្រសិនបើ​សហរដ្ឋអាមេរិក ប្រើ​វិធានការ​ដូច្នេះ​មែន វា​គឺ​ជា​អំពើ​អយុត្តិធម៌​ជា​ទីបំផុត។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មាន​ភស្តុតាង និង​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ដល់​ក្រុម​បុគ្គល និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​រំលោភ​គោលការណ៍​នីតិរដ្ឋ។

​អនុ​ប្រធាន​ទទួល​បន្ទុក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ប្រាប់​អាស៊ីសេរី​ថា ស្ថាប័ន​ដែល​មាន​តួនាទី​ក្នុង​ការ​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​កំណត់​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​ចាត់​វិធានការ​ក្ដៅ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ៖ «ស្ថាប័ន​ដែល​ពាក់ព័ន្ធ នឹង​ទទួល​ខុស​ត្រូវ​ទៅ​ក្នុង​ការ​ដាក់​បញ្ជី​បុគ្គល​ផ្សេងៗ​ចូល​ទៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា បញ្ជី​ពិសេស​របស់​សហរដ្ឋអាមេរិក នោះ ស្ថាប័ន​ទាំង​នោះ​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ហើយ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត និង​ចាត់​វិធានការ​ផ្សេងៗ។ ខ្ញុំ​ជឿ​ជាក់​ថា វិធានការ​ទាំង​នេះ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»

​ប្រភព​អះអាង​ថា ឈ្មោះ​មន្ត្រី និង​បុគ្គល​ដែល​បាន​ចងក្រង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​នេះ រាប់​ចាប់​តាំង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​កូនៗ​របស់​លោក​ទាំង​អស់។ រដ្ឋមន្ត្រី និង​អ្នកនាំពាក្យ​គ្រប់​ក្រសួង អាជ្ញាធរ​ដែនដី អភិបាល​ខេត្ត រាជធានី អភិបាល​ក្រុង ស្រុក ខណ្ឌ មន្ត្រី​តុលាការ គ្រប់​លំដាប់​ថ្នាក់ មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​មន្ត្រី​នគរបាល​ជាដើម។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក កន្លង​មក​បាន​ដាក់​ទណ្ឌកម្ម​ជំហាន​ដំបូង​លើ​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​ហាមឃាត់​មន្ត្រី​កម្ពុជា មួយ​ចំនួន​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​ផ្អាក​ជំនួយ​ការ​បោះឆ្នោត​ទាំង​ស្រុង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា មន្ត្រី​របស់​កម្ពុជា គ្មាន​លុយ​ដាក់​តម្កល់​នៅ​បរទេស​នោះ​ទេ ហើយ​ថា ការ​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​កម្ពុជា គឺ​ជា​សិទ្ធិ​របស់​អាមេរិក ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​មាន​អ្វី​ទៅ​ព្រួយ​បារម្ភ​ទេ ចង់​បង្កក​អ្វី​ក៏​បង្កក​ទៅ។ ខ្ញុំ​យល់​ថា ការ​រឹបអូស ឬ​បង្កក​លុយ​នោះ ជា​អំពើ​អយុត្តិធម៌​ណាស់»

​ប៉ុន្តែ​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho) អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​វិញ​ទេ ដែល​ចាត់​វិធានការ​អយុត្តិធម៌ បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ កញ្ញា កឹម មនោវិទ្យា អះអាង​ថា គណបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រើ​វិធានការ​ក្តៅៗ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អឺរ៉ុប ដែល​អាច​នឹង​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កម្ពុជា នៅ​ចុង​ខែ​កុម្ភៈ ខាង​មុខ។

​កញ្ញា​បន្ត​ថា គណបក្ស​ប្រឆាំង​ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍​អឺរ៉ុប ប្រើ​វិធានការ​ក្តៅ​ដាក់​សម្ពាធ​ដល់​កម្ពុជា នៅ​ក្នុង​ប្រជុំ​ដ៏​ធំ​មួយ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ខែ​មីនា ខាង​មុខ។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍ អន្តរជាតិ​ដាក់​បញ្ចូល​បញ្ហា​របស់​កម្ពុជា ទៅ​ក្នុង​របៀបវារៈ​នៃ​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "គណបក្ស​ប្រឆាំង​អះអាង​ថា​អាមេរិក​មាន​ឈ្មោះ​មន្ត្រី​ខ្មែរ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម"

  1. Anonymous says:

    Phay Si Phan says Have money, have justice.
    I think what goes around, will come around.

  2. ?? says:

    OH GOD …AMERICANG not reflecting the true situation in Cambodia. as I used to say not seeing coffin not crying when they see it is too late. all these animal are having only one spoon of brain in their head how can they knew the consequent. HUN SEN thought his former enemy AMERICKANG can not do any thing to him but wait and see. I tell you what they warning you long time ago that they will do it but so sad because you are so dumb you did not understand. CHINA can not help you Mr this is the world community remember my word??????????. your former enemy will showing you soon didn’t you knew they can get you out any time BINLADEN was an example. GOD bless Cambodia and it’s people

  3. thean says:

    Dream become never true! President Trump
    said first America!