លោក សម រង្ស៊ី ប្ដឹង​ឲ្យ​ហ្វេសប៊ុក​បង្ហាញ​ភស្តុតាង​ដែល​លោក ហ៊ុន សែន ទិញ ​Likes

ដោយ មួង ណារ៉េត
2018-02-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Screen shot
ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Screen shot


សម្ភាស​លោក សម រង្ស៊ី ជុំវិញ​ការ​​ប្ដឹង​លោក ហ៊ុន សែន ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក


មេធាវី​អន្តរជាតិ​បី​រូប កំពុង​តំណាង​ក្តី ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) នៅ​តុលាការ​អាមេរិក ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក្ស ផ្នែក​បណ្ដាញ​សង្គម​មួយ​នេះ បង្ហាញ​ភស្តុតាង​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន និង​គូកន ដែល​ប្រើ​ទំព័រ​ហ្វេសប៊ុក ក្នុង​ការ​បោក​បន្លំ​រាស្ត្រ​ម្ចាស់​ឆ្នោត ដោយ​ការទិញ “Likes” និង រ​លោភ​សិទ្ធិមនុស្ស​ផ្សេង​របស់​លោក ហ៊ុន សែន។

តាមដាន​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers) ដែល​ជា​មេធាវី​មួយ​រូប ក្នុងចំណោម​មេធាវី​ទាំង​បី​រូប របស់​លោក សម រង្ស៊ី ដូច​តទៅ៖

មួង ណារ៉េត៖ តើ​អ្វី​ដែល​ជា​គោលបំណង​ធំ នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ?

Richard Rogers៖ ពាក្យបណ្ដឹង​នេះ មាន​គោលដៅ​ធំៗ​ពីរ។ ទី​មួយ គឺ​យើង​ចង់បាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក ដើម្បី​ជួយ​លោក សម រង្ស៊ី ក្នុង​រឿង​ក្ដី​ខ្លះ ដែល​លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី នៅ​ប្រទេស​កម្ពុជា។ ទី​ពីរ គឺ​យើង​ចង់​ដឹង​ព័ត៌មាន អំពី​រឿង​ដែល​លោក ហ៊ុន សែន និង គូកន​របស់​គាត់ បំពាន​គោលការណ៍​ប្រើប្រាស់​ហ្វេសប៊ុក និង​ចំនួន​ទឹកប្រាក់​ដែល​ពួកគាត់ ចំណាយ​ទៅលើ​ហ្វេសប៊ុក​នេះ ព្រោះ​អាច​នៅ​មាន​សំណុំរឿង​បន្ថែម​ច្រើន​ទៀត ដែល​យើង​នឹង​ប្ដឹង​បន្ត​ដែរ។

មួង ណារ៉េត៖ ថ្ងៃនេះ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​ចំនួន​ចូលចិត្ត ឬ “Likes” ,៤ លាន។ តើ​នេះ​ជា​ចំណុច ដែល​នាំ​ឲ្យ​មានការ​សង្ស័យ ថា​លោក ហ៊ុន សែន ទិញ “Likes” និង ដែល​នាំ​ឲ្យ​លោក សម រង្ស៊ី ដាក់ពាក្យ​ប្ដឹង​នេះ?

Richard Rogers៖ ជា​ការ​ពិត​ណាស់​! នរណា​ក៏​គេ​មិន​ឆ្ងល់​ដែរ ការ​ចុច “Likes” មួយ​ភាគ​ធំ​លើ​ទំព័រ​ហ្វេសប៊ុកលោក ហ៊ុន សែន គឺ​បាន​មកពី​ការទិញ។ ភស្តុតាង​នេះ មាន​ក្រុមហ៊ុន​អន្តរជាតិ​មួយ ស្រាវជ្រាវ​រក​ឃើញ​ថា លោក ហ៊ុន សែន ទិញ​ការ​ចុច “Likes” ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ Click Farms។ ក្រុមហ៊ុន​នេះ រក​ឃើញ​ថា ចំនួន likes លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន មានតែ ៤៥% ប៉ុណ្ណោះ។ សូម្បីតែ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​លោក ហ៊ុយ វណ្ណៈ ក៏​សារភាព​ថា បើ​លោក ហ៊ុន សែន ចង់បាន​ចំនួន likes ច្រើន​លើ​ហ្វេសប៊ុក គឺ​គាត់​អាច​ទិញ likes ទាំងនេះ​ពី​ហ្វេសប៊ុក​បាន តាម​ចិត្ត​ចង់ ព្រោះ​ជា​ការ​ពិត និង​ជាក់ស្តែង គឺ​ហ្វេ​សប៊ុក​ចង់​ឲ្យ​អ្នក​ប្រើ ទិញ likes។ នេះ​បាន​ន័យ​ថា រដ្ឋាភិបាល​ទទួលស្គាល់​ថា ខ្លួន​ទិញ likes ពី​ហ្វេសប៊ុក ដើម្បី​បង្ហាញ​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​លើ​បណ្ដាញ​សង្គម​នេះ។

មួង ណារ៉េត៖ បើ​លោក ហ៊ុន សែន ទិញ likes ពី​ហ្វេកប៊ុក​ដូច​អ្វី​ដែល​លោក​ស្រង់​សម្ដី​លោក ហ៊ុយ វណ្ណៈ អម្បាញ់មិញ ក៏​ដោយ​ចុះ តើ​វា​ខុសឆ្គង​អ្វី​បើ​គាត់​ទិញ likes ទាំងនេះ ដើម្បី​បង្កើន​ប្រជាប្រិយភាព​លើ​ហ្វេសប៊ុក ព្រោះ​ហ្វេសប៊ុក​លក់ likes ហ្នឹង​តែ​អ៊ីចឹង​តើ?

Richard Rogers ៖ មានរឿង​ពីរ ទី​មួយ​គឺ​ពាក់ព័ន្ធ​នឹង​លុយ ដែល​យក​ទៅ​ទិញ likes ទាំងនេះ។ តើ​វា​ខុសឆ្គង​អ្វី​បើ​លោក ហ៊ុន សែន ទិញ likes ទាំងនេះ​មែន? គាត់​ខុស ព្រោះ​គាត់​យក​លុយ ដែល​ជា​ថវិកា​របស់​ជាតិ លុយ​ដែល​គាត់​លួច​ជាតិ តាមរយៈ​អំពើពុករលួយ ដើម្បី​ផលប្រយោជន៍​បុគ្គល ដើម្បី​បន្ត​ក្រាញ​អំណាច​របស់​គាត់​តទៅ​ទៀត។ នោះ​ជា​កំហុស​ឆ្គង​មួយ ព្រោះ​លុយ​ជាតិ មិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​គាត់​ទៅ​ទិញ Likes ពី​ហ្វេសប៊ុក​ទេ ប៉ុន្តែ គាត់​ត្រូវ​យក​វា​ទៅ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ខ្វះខាត។ ចំណុច​ទី​ពីរ គឺ​ការទិញ likes ក្លែងក្លាយ​បែបនេះ គឺ​វា​ផ្ទុយ​ទៅ​នឹង​គោលការណ៍​របស់​ហ្វេសប៊ុក។ Likes ក្លែងក្លាយ គឺ likes ដែល​ទិញ​ពី​ក្រុមហ៊ុន ដែល​ចាំតែ​អង្គុយ​ចុច Likes ឲ្យ​ដូចជា​ក្រុមហ៊ុន click farms នេះ​ជាដើម​។ ការ​ធ្វើ​ដូច្នេះ គឺជា​អំពើ​ទុច្ចរិត និង​ជា​អំពើ​ខុសច្បាប់​ផង។

មួង ណារ៉េត៖ ប្រសិនបើ​ក្រុម​មេធាវី​ឈ្នះ​ក្តី​ក្នុង​រឿង​នេះ តើ​ក្រុម​លោក នឹង​លោក សម រង្ស៊ី នឹង​ធ្វើ​អ្វី​ទៀត?

Richard Rogers៖ រឿង​ដែល​សំខាន់ មិនមែន​ស្ថិត​ត្រង់​លោក ហ៊ុន សែន ទិញ Likes នេះ​តែ​ប៉ុណ្ណោះ នោះ​ទេ។ រឿង​ដែល​សំខាន់​ជាង​នេះ គឺ​ការ​វែកមុខ​លោក ហ៊ុន សែន និង គូកន​របស់​គាត់ ឲ្យ​ឃើញ​ការពិត​អំពី​ការបោកប្រាស់ និង​ការប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក ដែល​មិន​ស្មោះ​ត្រង់​នេះ ជា​ឧបករណ៍​ឃោសនា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ជា​ឧបករណ៍​ដើម្បី​គំរាម​កំហែង​អ្នកដទៃ។ ឧទាហរណ៍ ដូចជា​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន គំរាម​សម្លាប់​លោក សម រង្ស៊ី និង​ផ្សាយ​សារ​គំរាម​នេះ តាម​ហ្វេសប៊ុក​របស់​គាត់។ ចំពោះ​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត បើ​ឈ្នះ​ក្តី​នេះ គឺ​យើង​នឹង​សិក្សា​ភស្តុតាង ដែល​ទទួល​បាន​ពី​ហ្វេសប៊ុក ដើម្បី​ជា​ប្រយោជន៍ ដល់​ការ​ការពារ​រឿង​ក្ដដដដដី​លោក សម រង្ស៊ី នៅ​ស្រុក​ខ្មែរ។ ឧទាហរណ៍ លោក សម រង្ស៊ី រង​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ រឿង​ដែល​លោក​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​លោក កែម ឡី ជាដើម។ បើ​ព័ត៌មាន​តាម​ហ្វេសប៊ុក បង្ហាញ​ថា រដ្ឋាភិបាល​ពិតជា​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​មែន នោះ​វា​នឹង​អាច​ជួយ​រឿង​ក្តី​លោក សម រង្ស៊ី បាន។ ព័ត៌មាន​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​នេះ ក៏​នឹង​អាច​ជួយ​ដល់​រឿង​ក្តី​មួយ​ចំនួន​ទៀត​ផង​ដែរ។ មិនតែប៉ុណ្ណោះ ភស្តុតាង​ទាំងនេះ វា​នឹង​លាតត្រដាង​ឲ្យ​ឃើញ​ការពិត ឲ្យ​មហាជន​ខ្មែរ​ឃើញច្បាស់ អំពី​ការណ៍​ដែល​លោក ហ៊ុន សែន បោក​បញ្ឆោត​ប្រជាពលរដ្ឋ និង​ការប្រើប្រាស់​លុយ​ជាតិ ដើម្បី​ប្រយោជន៍​បុគ្គល ដែល​លុយ​ទាំងនេះ គួរតែ​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ សម្រាប់​ជួយ​ការ​វិស័យ​អប់រំ ឬសុខាភិបាល​ជាដើម។ ប៉ុន្តែ​ផ្ទុយទៅវិញ គាត់​យក​លុយ​ជាតិ ទៅ​ប្រើ​ដើម្បី​ទិញ likes ពី​ក្រុមហ៊ុន​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ផ្សេង ដើម្បី​បង្អួត​ប្រជាប្រិយ​គាត់ ឯណា​ឯណោះ​ទៅវិញ។

មួង ណារ៉េត៖ តើ​លោក ហ៊ុន សែន អាច​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​នេះ យ៉ាងម៉េច​ខ្លះ​ទៀត ដែល​នាំ​ឲ្យ​រំលោភ​ដល់​សិទ្ធិមនុស្ស?

Richard Rogers៖ មាន​ឧទាហរណ៍​រាប់មិនអស់ ដែល​បង្ហាញ​ថា​លោក ហ៊ុន សែន និង គូកន​របស់​គាត់ ផ្សាយ​សម្ដី ឬ​សុន្ទរកថា​របស់​ខ្លួន ដើម្បី​គំរាមកំហែង សម្លុត​បំភ័យ​អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្សប្រឆាំង​ជាដើម។ ពួកគាត់​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក ដើម្បី​សាប​ព្រួស​ការ​ភ័យខ្លាច ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដូចជា​ការ​គំរាម​ចាប់​ដាក់គុក ដាក់​ច្រវាក់ និង គំរាម​សម្លាប់។

មួង ណារ៉េត៖ តើ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អាមេរិក នៅ​ពេល​នេះ មិន​យឺត​ពេល​ពេក​ទេ ព្រោះ​អី​រឿង​ក្ដី​លោក សម រង្ស៊ី នៅ​តុលាការ​ខ្មែរ​ទាំងនោះ ជំនុំជម្រះ​រួចរាល់​អស់​ទៅ​ហើយ?

Richard Rogers៖ រឿង​ដែល​សំខាន់​ទី​មួយ គឺ​បើ​លោក សម រង្ស៊ី មាន​ភស្តុតាង​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​បញ្ជាក់​ថា អ្វី​ដែល​គាត់​និយាយ គឺជា​ការពិត នោះ​លោក សម រង្ស៊ី អាច​ស្នើសុំ​ឲ្យ​តុលាការ​សើរើ​សំណុំរឿង​ឡើងវិញ។ ការ​ស្នើ​សុំ​ឲ្យ​សើរើ​សំណុំរឿង​ឡើង​វិញ​នេះ គឺ​ដោយសារ​មាន​ភស្តុតាង​ថ្មី ទើបនឹង​រក​បាន។ រឿង​ដែល​សំខាន់​ទី​ពីរ គឺ​យើង​ដែល​រំពឹង​ថា តុលាការ​ខ្មែរ អាច​សម្រេច​ក្ដី​ទៅតាម​ភស្តុតាង​ពិត​នោះ​ទេ ព្រោះ​អី​តុលាការ​ខ្មែរ គឺជា​ឧបករណ៍​ក្នុង​ការ​បំភ្លៃ​ការពិត និង​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទាំងអស់។ នរណា​ក៏​ដឹង​រឿង​នេះ​ដែរ។ ប៉ុន្តែ រឿង​សំខាន់​បំផុត​នោះ គឺ​ការណ៍​ដែល​លាតត្រដាង​ការពិត​អំពី​ការប្រព្រឹត្តិ​របស់​លោក ហ៊ុន សែន ដើម្បី​ឲ្យ​មហាជន​ទូទៅ ជា​អ្នក​ផ្ដល់​យុត្តិធម៌​ដល់​លោក សម រង្ស៊ី ដោយ​សម្អាង​ទៅលើ​អង្គហេតុ​ពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ប្ដឹង​ឲ្យ​ហ្វេសប៊ុក​បង្ហាញ​ភស្តុតាង​ដែល​លោក ហ៊ុន សែន ទិញ ​Likes"

  1. thean says:

    It is boring when have any thing else to do?