តុលាការ​ខេត្ត​ពោធិ៍សាត់​បង្គាប់​ឲ្យ​សកម្មជន​ដីធ្លី​ម្នាក់​បង្ហាញ​ខ្លួន​​រាល់​មួយ​សប្ដាហ៍​ម្ដង

ដោយ មាន ឫទ្ធិ
2018-02-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​ដីធ្លី​ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក គុជ វេង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្រោយ​ចេញ​ពី​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA
សកម្មជន​ដីធ្លី​ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក គុជ វេង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្រោយ​ចេញ​ពី​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA


ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បង្គាប់​ឲ្យ​សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​ក្រគរ ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​៣ ពី​បទ​បរិហារកេរ្តិ៍ បទ​ញុះញង់ និង​បទ​ការ​ធ្វើ​អត្ថាធិប្បាយ​នាំ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ។ បន្ទាប់​ពី​សាកសួរ​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ចៅក្រម​បាន​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី​រូប​នេះ នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចំនួន​៣។

សកម្មជន​ដីធ្លី និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ក្រគរ លោក គុជ វេង ស្នើ​សុំ​ឲ្យ​តុលាការ​ខេត្ត​ពោធិ៍សាត់ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​រូប​លោក។

លោក គុជ វេង ថ្លែង​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ថា បន្ទាប់​ពី​សាកសួរ​រួច ចៅក្រម ថោង ផល្លារង្សី បាន​បង្គាប់​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​៣។ ទី​១ ត្រូវ​ផ្ដល់​កិច្ច​សហការ​ដល់​តុលាការ ឬ​ភ្នាក់ងារ​សមត្ថកិច្ច​គ្រប់​ពេល ទី​២ ត្រូវ​ជូន​ព័ត៌មាន​ទៅ​តុលាការ​នៅ​ពេល​ផ្លាស់ប្ដូរ​ទីលំនៅ និង​ទី​៣ ត្រូវ​បង្ហាញ​វត្តមាន​នៅ​ប៉ុស្តិ៍​នគរបាល​រៀងរាល់​ថ្ងៃ​សុក្រ។ លោក​ថា ការ​បង្គាប់​នេះ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​រូប​លោក ពីព្រោះ​លោក​មាន​បន្ទុក​នៅ​ក្នុង​គ្រួសារ គឺ​កូន​មួយ​ពិការ​ដែល​ទាមទារ​ឲ្យ​លោក​មើល​ថែ កូន​មួយ​កំពុង​ឈឺ​សម្រាក​មន្ទីរពេទ្យ ហើយ​លោក​ផ្ទាល់​កំពុង​មាន​ជំងឺ​ធ្ងន់​ប្រចាំ​កាយ​ទៀត​ផង។

សកម្មជន​ដីធ្លី​រូប​នេះ បញ្ជាក់​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ៖ «ពិបាក​ធ្ងន់ធ្ងរ​ត្រង់​ថា ប៉ុស្តិ៍​ប៉ូលិស​នៅ​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ ពិបាក​ធ្វើ​ដំណើរ​ចុះ​ឡើង​រៀងរាល់​សប្ដាហ៍។ រាល់​ថ្ងៃ​នេះ​ខ្ញុំ​អត់​មាន​មុខ​របរ​អី​ទេ ណា​កូន​ឈឺ​ផង ហើយ​ការងារ​អី​ក៏​អត់​ធ្វើ​កើត​ទៀត គ្រួសារ​ខ្ញុំ​សឹង​ថា​ពិបាក​នុះ​ពិបាក​ធ្ងន់។ ឈឺ​ទាំង​ពីរ​ទាំង​៣ ហើយ​មិន​គួរ​រដ្ឋាភិបាល ឬ​តុលាការ គិត​យ៉ាង​ណា​ឲ្យ​ខ្ញុំ​បាន​រស់​ស្រួល​ផង។ កុំ​ឲ្យ​ខ្ញុំ​ពិបាក​ដូច​រាល់​ថ្ងៃ​នេះ ព្រោះ​ខ្ញុំ​រស់​មិន​បាន​យូរ​ដូច​គេ​ទេ។ ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​មួយ​ទៀត ខ្ញុំ​ភ័យ​ត្រង់​ថា បើ​ខ្ញុំ​ស្លាប់​រឿង​ខ្ញុំ​នៅ​តុលាការ ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ ដោយសារ​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ»

លោក គុជ វេង អាយុ ៥២​ឆ្នាំ រស់​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ចោទ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ការ​ធ្វើ​អត្ថាធិប្បាយ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​បាន​ប្រព្រឹត្ត​នៅ​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៦ តាម​ពាក្យ​បណ្ដឹង​របស់​មេ​ឃុំ​ស្នាអន្សា គឺ​លោក មោក កោ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត (LICADHO) យល់​ថា លក្ខខណ្ឌ​ទាំង​៣ ដែល​តុលាការ​បង្គាប់​នេះ​គឺ​ធ្ងន់ធ្ងរ​ពេក។ លោក​ថា លោក គុជ វេង គឺ​ជា​សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​ក្រគរ យ៉ាង​សកម្ម ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី ដែល​នេះ​ជា​ការ​ដាក់​សម្ពាធ និង​ដាក់​បន្ទុក​ដល់​សកម្មជន​រូប​នេះ​ដែល​តែងតែ​សកម្មភាព​ទាមទារ​តវ៉ា​បញ្ហា​ដីធ្លី​កន្លង​មក៖ «ប្ដឹង​ប្រឆាំង​ជាមួយ​គាត់​នេះ​វា​ជា​ការ​បន្ទច់បង្អាក់​សកម្មភាព​ការងារ​សកម្មជន​ដីធ្លី​មួយ​ដែរ ពីព្រោះ​យើង​ដឹង​ហើយ​គាត់​មិន​មែន​តែ​មួយ​បទល្មើស​ទេ ច្រើន​ណាស់ ហើយ​ទាក់ទង​គាត់​ការពារ​ដីធ្លី​សហគមន៍​របស់​គាត់​ហ្នឹង។ ស្ថិត​នៅ​លើ​ចៅក្រម និង​ចៅក្រម​ស៊ើបសួរ​ពេល​ណា​គេ​បិទ​សំណុំរឿង​គេ​បញ្ជូន​ព័ត៌មាន​គាត់​ទៅ​មេធាវី ហើយ​បើ​សិន​ជា​គេ​លើក​លែង​ចោទ​ក៏​គេ​ជូន បើ​មិន​លើកលែង​ទេ គេ​អាច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ជំនុំជម្រះ»

លោក គុជ វេង ឲ្យ​ដឹង​ថា ភស្តុតាង​ដែល​ដើម​បណ្ដឹង​យក​ជា​សំអាង​ក្នុង​ពាក្យ​បណ្ដឹង នោះ​គឺ​បទសម្ភាសន៍​របស់​​លោក​ជាមួយ​អាស៊ីសេរី ទាក់ទង​រឿង​ដីធ្លី​ដែល​អាជ្ញាធរ​ឃុំ​ដក​ហូត​ដីធ្លី​ពលរដ្ឋ​ចំនួន ២១​គ្រួសារ​ទៅ​ដាក់​ជា​ព្រៃ​សហគមន៍ ហើយ​តុលាការ​សម្រេច​ឲ្យ​ភាគី​ពលរដ្ឋ​មាន​ទោស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ លោក​ថា កាល​ណោះ​លោក​មិន​បាន​និយាយ​ថា តុលាការ​មិន​អើពើ ឬ​អយុត្តិធម៌​នោះ​ទេ គឺ​គ្រាន់​តែ​ស្នើ​ឲ្យ​តុលាការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ដី​មាន​ជម្លោះ មុន​កាត់​សេចក្ដី ពីព្រោះ​ពលរដ្ឋ​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៣ ហើយ​ព្រៃ​សហគមន៍​បង្កើត​នៅ​ឆ្នាំ​២០១៣។

ក្នុង​រឿង​នេះ អាជ្ញាធរ​ធ្លាប់​បាន​យក​កូន​ឈើ​ដាំ​លើ​ដី​ទំនាស់​ចំនួន ១​ម៉ឺន​ដើម ដោយ​សំអាង​លើ​សាលដីកា​របស់​សាលាឧទ្ធរណ៍ សម្រេច​ផ្ដន្ទាទោស​តំណាង​ពលរដ្ឋ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ក្រគរ ឈ្មោះ សោម សារាវុត និង​សំអាង​ដី​ព្រៃ​សហគមន៍​មាន​ប្លង់​រឹង​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៣០០​ហិកតារ។ លោក សោម សារាវុត ក៏​ត្រូវ​បាន​មេ​ឃុំ​នេះ​ប្ដឹង​ពី​បទ​កាប់​រុក​រាន​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ ឬ​ដី​ព្រៃ​សហគមន៍។ លោក សោម សារាវុត បាន​ចាញ់​ក្ដី​ទាំង​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ ហើយ​បាន​រត់​គេច​ខ្លួន​ពី​សាល​ដីកា​តាម​ចាប់​ខ្លួន។ ចំណែក​លោក គុជ វេង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ លោក​បាន​ចូល​បំភ្លឺ​ជុំវិញ​បទ​ចោទ​នេះ​ចំនួន ២​ដង​រួច​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​ខេត្ត​ពោធិ៍សាត់​បង្គាប់​ឲ្យ​សកម្មជន​ដីធ្លី​ម្នាក់​បង្ហាញ​ខ្លួន​​រាល់​មួយ​សប្ដាហ៍​ម្ដង"

  1. Anonymous says:

    Justice Department, please stop accusing innocent people!!!!!
    You will be getting back what you made people suffer.
    What goes around, will come around.