លោក សម រង្ស៊ី៖ ហ៊ុន សែន អើយ! ឈប់ឆ្កួតទៅ!

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

រូបពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន


អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បាន​អះ​អាង​ថា លោក​មិន​មែន​ជា​ «ភេរវករ» និង «ឧទ្ទាម» ​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ ហើយ​លោក​ផ្ដាំ​ទៅ​មេដឹកនាំ​បក្ស​កាន់​អំណាច​វិញ​ថា «ឈប់​ឆ្កួត​ទៅ!»

លោក សម រង្ស៊ី បាន​ប្រតិកម្ម​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចោទ​គូ​ប្រជែង​នយោបាយ​របស់​លោក​ថា ជា​«មេ​ភេរវករ​»ដ៏​ធំ ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ​ដល់​កម្ពុជា។

លោក ហ៊ុន សែន ថ្លែងក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​​កាល​ពី​ថ្ងៃ​ទី​០១​កុម្ភៈ​ថា៖ «ហើយ​ខ្ញុំ​សូម​ផ្ដាំ​កុំ​មក​អាស៊ី​ឲ្យ​សោះ! សូម​កុំ​មក​ក្បែ​រ​អាស៊ី! បើ​អ្នក​ឯង​តាំង​ខ្លួន​ជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នក​ឯង​ទាល់​តែ​បាន។ ឥឡូវ​នេះ គេ​កំពុង​ប្រកាស​ខ្លួន​ជា​មេ​ភេរវករ​ហើយ មិន​មែន​ត្រឹម​តែ​ជា​អង្គការ​ក្រៅ​ច្បាប់ ប៉ុន្តែ ជា​ភេរវករ​តែ​ម្ដង ជា​អង្គការ​ភេរវកម្ម»

ជា​ប្រតិកម្ម​តបទៅ​វិញ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បីគេច​ចេញ​ពី​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​កម្ពុជា​នោះ បាន​បញ្ជាក់​ថា លោក​មិន​មែន​ជា «ភេរវករ» និង​ជា «ឧទ្ទាម»​ទេ។

លោក សម រង្ស៊ី រៀបរាប់​ថា៖ «ហ៊ុន សែន អើយ! ឈប់​ឆ្កួត​ទៅ! បើខ្ញុំជាភេរវករ និងជាឧទ្ទាមមែន ដូចលោកឯងថានោះ មិនមែនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានខ្ញុំនៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារាមខ្មែរទូទាំងពិភពលោក ហើយក៏មិនមែនឥស្សរជនជាន់ខ្ពស់នៅគ្រប់ប្រទេសជាមិត្ត ដែលខ្ញុំទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្តឲ្យខ្ញុំក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​»

លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន វិញ​ថា ជា​«ភេរវករ» និង​ជា​«ឧក្រិដ្ឋជន​ក្បត់​ជាតិ» ដោយ​ថា​ បាន​សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​ប្រព័ន្ធ​រដ្ឋ​មួយ​ដែល​លោក សម រង្ស៊ី ហៅ​ថា «ព្រៃ​ផ្សៃ»

លោក ហ៊ុន សែន បាន​ចោទ​គូ​ប្រជែង​នយោបាយ​របសើ​លោក​ថា​ជា «ភេរវករ» បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ឯ​សហរដ្ឋ​អាមេរិក កាល​ពី​ចុង​ខែ​មករា​កន្លង​មក ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ឬ Human Rights Watch បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៥​ថា នៅ​ក្នុង​រយៈ​ពេល ៣​ទសវត្សរ៍ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles