“អ្នក​មាន​លុយ-​មាន​អំណាច​លួច​បូម​ខ្សាច់​ពន្លិច​តំបន់​ព្រៃ​កោងកាង​ខេត្ត​កោះកុង”

ដោយ វ៉ែន សុមេធ
2018-02-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំបន់​ដី​ព្រៃ​មាន​ដុះ​ដើម​កោងកាង​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​កោះកុង ត្រូវ​គេ​ចាក់​ដី​លុប​ធ្វើ​កម្មសិទ្ធិ និង​បាន​ពុះ​ច្រៀក​ជា​ឡូៗ​លក់​ដូរ​បន្ត។ រូបថត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo: RFA
តំបន់​ដី​ព្រៃ​មាន​ដុះ​ដើម​កោងកាង​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​កោះកុង ត្រូវ​គេ​ចាក់​ដី​លុប​ធ្វើ​កម្មសិទ្ធិ និង​បាន​ពុះ​ច្រៀក​ជា​ឡូៗ​លក់​ដូរ​បន្ត។ រូបថត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo: RFA


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​កោះកុង អះអាង​ថា អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា​លួច​បូម​ខ្សាច់​ពន្លិច​ព្រៃ​កោងកាង ស្ថិត​ក្នុង​សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ពួកគេ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ទី​នោះ​ជា​តំបន់​អភិរក្ស និង​ជា​ទី​ជម្រក​មច្ឆា​សមុទ្រ​ពង​កូន។ រី​ឯ​អាជ្ញាធរ​មូលដ្ឋាន​ថា ខាង​ថ្នាក់លើ​បាន​ចុះ​ធ្វើការ​លើ​រឿង​នេះ​ហើយ ប៉ុន្តែ​លោក​មិន​ដឹង​អំពី​ប្រសិទ្ធភាព​នោះ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ព្រៃ​កោងកាង​រាប់​សិប​ហិកតារ​ដែល​ស្ថិត​នៅ​ចំណុច​កោះ​ស្នេហ៍ សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នោះ គឺ​ត្រូវ​បាន​ឈ្មួញ និង​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​លួច​បូម​ខ្សាច់​ចាក់​បំពេញ​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​ពុំ​ឃើញ​មាន​វិធានការ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ។

​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) លោក សុខ សុខុម មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ សកម្មភាព​បូម​ខ្សាច់​ពន្លិច​ព្រៃ​កោងកាង​នៅ​បន្ត​កើត​មាន ជាពិសេស​នៅ​ពេល​យប់ ទោះបីជា​អាជ្ញាធរ​ថ្នាក់​ខេត្ត​បាន​ប្រកាស​ថា បាន​បញ្ឈប់​ទៅ​ហើយ​ក្តី។ លោក​ឲ្យ​ដឹង​ថា គម្រោង​នៃ​ការ​លុប​ព្រៃ​កោងកាង​នោះ គឺ​មាន​ទំហំ​ប្រមាណ ៣០​ហិកតារ តែ​បច្ចុប្បន្ន​នេះ​ពួកគេ​បាន​ចាក់​លុប​អស់​ចំនួន ៥​ហិកតារ​ទៅ​ហើយ៖ «»។

​លោក សុខ សុខុម បញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​មិន​ប្រើ​វិធានការ​ក្តៅ​នោះ​ទេ ព្រៃ​កោងកាង​ទាំង​មូល​នឹង​ក្លាយ​ជា​វាល​ដីគោក ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ទេសចរណ៍ និង​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ជីវចម្រុះ រួមមាន​ក្ដាម បង្គា មឹក និង​សត្វ​ស្លាប​ជាដើម។ ដូច្នេះ ប្រជា​នេសាទ​នៅ​តំបន់​នោះ​ក៏​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ដែរ ព្រោះ​ពួកគេ​មិន​អាច​ប្រកប​រប​នេសាទ​បាន​ដូច​មុន​ទៀត៖ «»។

​អាស៊ីសេរី បាន​ទាក់ទង​ទៅ​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ម៉ម ផល្លា ជា​ច្រើន​លើក តែ​លោក​ទាំង​ពីរ​មិន​ទទួល​ទូរស័ព្ទ។

រី​ឯ​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សកម្មភាព​បូម​ខ្សាច់​ចាក់​លុប​ព្រៃ​កោងកាង ដែល​ជា​តំបន់​ការពារ​ដោយ​ក្រសួង​បរិស្ថាន។ ទន្ទឹម​គ្នា​នេះ លោក អ៊ិន គង់ជិត ក៏​ហាក់​ដូចជា​ងឿងឆ្ងល់​ដែរ ដែល​ខាង​អាជ្ញាធរ​នៅ​តែ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​អ្នក​បូម​ខ្សាច់ ឬ​ម្ចាស់​ដី​បាន​នៅ​ឡើយ ខណៈ​ដែល​ដី​នោះ​ជា​តំបន់​អភិរក្ស ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ដូច្នេះ​ការ​ធ្វើ​សកម្មភាព​អ្វី​មួយ​គឺ​ត្រូវ​តែ​មាន​ច្បាប់​អនុញ្ញាត​ពី​ខាង​មន្ទីរ​បរិស្ថាន ឬ​អាជ្ញាធរ​ជា​មុន​សិន៖ «»។

ទាក់ទង​នឹង​ករណី​នេះ​ដែរ ចៅសង្កាត់​ស្ទឹងវែង លោក កាយ ក្រុង មាន​ប្រសាសន៍​ថា ករណី​បូម​ខ្សាច់​នេះ ពិត​ជា​មាន​មែន ហើយ​បាន​កើត​ឡើង​តាំង​ពី​មុន​លោក​ធ្វើ​ជា​ចៅសង្កាត់​ទៀត​ផង។ ទោះ​យ៉ាង​ណា​ក្តី លោក​បាន​ឲ្យ​ដឹង​ថា ខាង​អាជ្ញាធរ​ថ្នាក់​ខេត្ត​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ហើយ តែ​លោក​មិន​បាន​ដឹង​ថា ចំណាត់​ការ​នោះ​មាន​ប្រសិទ្ធភាព ឬ​អត់​នោះ​ទេ។ ចំណែក​លោក​វិញ ក៏​មិន​បាន​ដឹង​ថា តើ​មក​ដល់​ពេល​នេះ គេ​នៅ​បន្ត​សកម្មភាព​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង​ទៀត ឬ​យ៉ាង​ណា​ដែរ។ លោក​ទទួល​ស្គាល់​ថា ការ​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង​នេះ ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ៖ «»។

កន្លង​មក​អង្គការ​ចំនួន ៤៥ និង​បណ្តាញ​សហគមន៍​នេសាទ​តំបន់​ឆ្នេរ​បាន​ថ្លែង​ប្រាប់​ប្រមុខ​រដ្ឋាភិបាល​ថា តំបន់​ឆ្នេរ​សមុទ្រ​ប្រវែង ៤៤០​គីឡូម៉ែត្រ​ក្នុង​ខេត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា «ឆ្នេរ​ស្រស់ស្អាត​បំផុត​នៅ​ក្នុង​ពិភពលោក» កាល​ពី​ឆ្នាំ​២០១១ នោះ​គឺ​កំពុង​បន្ត​បាត់​បង់​ដោយសារ​ការ​កាន់​កាប់ និង​ការ​ចាក់​ដី​លុប​ជាដើម។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​ជម្រាប​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លើ​ករណី​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង នៅ​តាម​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ចំណុច​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ចំនួន ៤ មាន​ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​ជាប់​ពាក់ព័ន្ធ​ជាន់​គ្នា​ទៅ​លើ​ដី​បរិវេណ​ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក។

ទោះ​ជា​យ៉ាង​នេះ​ក្តី សាធារណជន​ទូទៅ​សង្កេត​ឃើញ​ថា បរិវេណ​ដីព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង រាប់​ពាន់​ហិកតារ​ដែល​ដុះ​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន មាន​ខេត្ត​កោះកុង ជាដើម ត្រូវ​បុគ្គល​មាន​ទ្រព្យ និង​មន្ត្រី​នៅ​តាម​ស្ថាប័នរដ្ឋ​ខ្លះ បាន​ឃុបឃិត និង​មាន​មហិច្ឆតា​រំលោភ​យក​បរិវេណ​ដី​ព្រៃ​កោងកាង ទាំង​នោះ​ដោយ​មិន​ខ្វល់​ទៅ​នឹង​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ថែ​រក្សា​បរិវេណ​ដី​ព្រៃ​កោងកាង នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ទាំង ៤ ឲ្យ​គង់វង្ស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles