តុលាការ​រង​ការ​រិះគន់​រឿង​ទុក​ឱ្យ​សំណុំរឿង​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់

ដោយ ម៉ៅ សុធានី
2018-02-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​គោរព​វីរភាព​បណ្ឌិត ​កែម ឡី សង្កេត​ឃើញ​ថា តុលាការ​រាជធានី​ភ្នំពេញ ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស៊ើប​អង្កេត​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់​ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​​ឡើយ។

មក​ទល់​នឹង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​អស់​​រយៈពេល ១​ឆ្នាំ​ ៧​ខែ​​​​​​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​​មិន​ទាន់​លេចចេញ​ជា​រូបរាង​​នៅ​ឡើយ​​នោះ គឺ​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​រូប​លោក និង​ក្រុម​គ្រួសារ។

​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម គឺ​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់ទោស គឺ​បុគ្គល ជួប សម្លាប់ ដែល​មាន​ឈ្មោះ​ពិត​ថា អឿត អាង។

​ក្រោយ​ការ​កាត់​ទោស ជួប សម្លាប់ កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ កន្លង​ទៅ តុលាការ​បាន​ប្រកាស​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស តែ​រហូត​មក​ទល់​នឹង​ពេល​នេះ តុលាការ​មិន​បាន​បង្ហាញ​លទ្ធផល​អ្វី​បន្តិច​សោះ​ឡើយ ដែល​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​អ្នក កែម ឡី និយម គិត​ថា តុលាការ​គ្មាន​ឆន្ទៈ និង​រង​ឥទ្ធិពល​នយោបាយ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្តែង​ការ​ងឿងឆ្ងល់​ថា តើ​តុលាការ​ក្រុង​ភ្នំពេញ កំពុង​ធ្វើ​អ្វី​ចំពោះ​សំណុំរឿង​បណ្ឌិត កែម ឡី ទើប​បាន​ជា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នេះ គ្មាន​ការ​នាំ​ខ្លួន​ជន​ណា​​ម្នាក់​ទៅ​សាកសួរ ឬ​ជំនុំជម្រះ​ឡើយ ដែល​ធ្វើ​ឱ្យ​សាធារណជន​កាន់តែ​បាត់​ជំនឿ​លើ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ។

លោក​បន្ត​ថា ការ​អះអាង​របស់​តុលាការ​ថា កំពុង​ដំណើរ​ការ​នីតិវិធី ខណៈ​ដែល​លទ្ធផល​ស៊ើប​អង្កេត​បន្ថែម​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នោះ គឺ​គ្រាន់​តែ​ជា​ការ​និយាយ​ឱ្យ​រួច​ពី​មាត់​របស់​មន្ត្រី​តុលាការ​តែប៉ុណ្ណោះ ដែល​ចំណុច​នេះ​បង្ហាញ​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​តុលាការ៖ «យើង​សូម​ឱ្យ​សាលាដំបូង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​មេត្តា​ធ្វើ​យ៉ាង​ណា​បន្ត​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​រក​រឿង​ពិត​នៃ​ការ​សម្លាប់​បណ្ឌិត កែម ឡី ជា​ពិសេស ប្រសិនបើ​រក​ឃើញ​តម្រុយ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ហើយ​នោះ មេត្តា​ពន្លឿន​ការ​ស្រាវជ្រាវ និង​កាត់​ទោស​អ្នក​ទាំង​នោះ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ថាប័ន​ពាក់ព័ន្ធ ឬ​ក៏​រដ្ឋាភិបាល គឺ​ជា​អ្នក​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រក​យុត្តិធម៌​ក្នុង​សំណុំ​រឿង​លោក​បណ្ឌិត កែម ឡី ដោយ​ពិតប្រាកដ ដើម្បី​ចៀសវាង​ការ​ចោទ​ថា គ្រាន់តែ​ជា​ការ​ធ្វើ ឬ​ជា​ការ​សន្យា​មួយ​ឱ្យ​តែ​ហើយ ហើយ​មិន​ទទួល​ខុស​ត្រូវ​ទៅ​លើ​កិច្ចការ ឬ​ក៏​ភារកិច្ច​របស់​ខ្លួន។ ទី​ពីរ យើង​សូម​ឱ្យ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ចំពោះ​លោក ប៉ា ងួនទៀង លោក មឿន តុលា និង​ព្រះអង្គ ប៊ុត ប៊ុនតិញ ដែល​ជា​អ្នក​ធ្វើ​កិច្ច​ការងារ​សង្គម ដើម្បី​ឱ្យ​ពួកគាត់​អាច​វិល​ត្រឡប់​មក​ធ្វើ​កិច្ចការ​សង្គម​បន្ត​ទៀត»

​ទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា ២០០ និង ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ ក៏ប៉ុន្តែ​សាលក្រម​របស់​តុលាការ​នេះ មិន​បាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ស្ងប់​ចិត្ត​នោះ​ឡើយ។ មិន​ស្ងប់​ចិត្ត​នៅ​ត្រង់​ថា តុលាការ​សម្រេច​ក្តី​នេះ​ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ចំណែក​ឯ​ភាព​មន្ទិល និង​ភាព​មិន​ស៊ីសង្វាក់​គ្នា​មាន​ច្រើន​ចំណុច តែ​បែរ​ជា​តុលាការ​មើល​រំលង​ទៅ​វិញ។

​ចំណុច​ស្នូល​នៃ​សំណុំ​រឿង​នេះ គឺ​រឿង​លុយ ៣​ពាន់​ដុល្លារ ដែល ជួប សម្លាប់ អះអាង​ថា បាន​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី ដែល​ជា​ដើម​ហេតុ​​នាំ​ទៅ​រក​អំពើ​ឃាតកម្ម ក៏ប៉ុន្តែ​តាម​រយៈ​ការ​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​របស់​ក្រុម​ការងារ​អាស៊ីសេរី កាល​ពី​ពេល​កន្លង​ទៅ​នោះ បង្ហាញ​ថា ចម្លើយ​សារភាព​ប្រាប់​តុលាការ​របស់ ជួប សម្លាប់ រឿង​លុយ ៣​ពាន់​ដុល្លារ​នេះ មិន​មែន​ជា​ការពិត​​នោះ​ឡើយ។

​អ្នក​ដែល​ជិត​ស្និទ្ធ​បំផុត​របស់ អឿត អាង រួម​ទាំង​ក្រុម​គ្រួសារ​របស់​គេ​ផង សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ជន​នេះ​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន មិន​អាច​មាន​លុយ ៣​ពាន់​ដុល្លារ​មក​ពី​ណា​ឱ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ​ទេ។ ដូច្នេះ​មាន​ន័យ​ថា អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ អាច​មាន​មូលហេតុ​ផ្សេង​នៅ​ពី​ក្រោយ​ដែល​មិន​មែន​ជា​រឿង​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី យល់​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ មិន​ទាន់​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​លោក​បណ្ឌិត កែម ឡី នៅ​ឡើយ​ទេ ហើយ​ថា វា​ធ្វើ​ឡើង​ដើម្បី​គ្រាន់​តែ​ជា​ការ​បំភ័ន្ត​ភ្នែក​មហាជន និង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។ លោក​ជឿជាក់​ថា តុលាការ​រង​ឥទ្ធិពល​ពី​អ្នក​មាន​អំណាច​ចំពោះ​ការ​អនុវត្ត​នីតិវិធី​របស់​ខ្លួន ទើប​បាន​ជា​សំណុំ​រឿង​នេះ​ត្រូវ​អូស​បន្លាយ និង​បន្ត​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​បែប​នេះ៖ «តុលាការ​មិន​បាន​ធ្វើ​កា​របក​ស្រាយ និង​ជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​ទេ។ រឿង​ទី​ពីរ យើង​ឃើញ​ថា ការ​កាត់​ក្តី​គួរ​តែ​មាន​ការ​បន្ត​ទៅ​មុខ​ទៀត​ដែល​យើង​ត្រូវ​សួរ​ថា តើ​ជន​ដៃ​ដល់​មក​ស្នាក់នៅ​ភ្នំពេញ រយៈពេល​ប៉ុន្មាន…? យើង​ត្រូវ​មាន​ភស្តុតាង​ច្រើន​ដើម្បី​បកស្រាយ​រឿង​នេះ ហើយ​ប្រសិនបើ​រឿង​នេះ​យើង​អត់​ដោះស្រាយ​បំបាត់​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ទេ ខ្ញុំ​គិត​ថា វា​ច្បាស់​ជា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​មាន​អំណាច ឬ​អ្នក​ធំ​ណា​ហើយ បាន​ជា​រឿងរ៉ាវ​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌ អាច​ទទួល​យក​បាន​នោះ»

​ចំណុច​ដែល​សាធារណជន​ទន្ទឹង​រង់ចាំ​នោះ គឺ​ថា​តើ​ការ​ស៊ើប​អង្កេត​បន្ត​រប​ស់​តុលាការ នឹង​អាច​ស្វែង​រក​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដូចជា អ្នក​លក់​កាំភ្លើង​ឱ្យ ជួប សម្លាប់ អ្នក​ទទួល​ឱ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ យក​មក​ផ្ដន្ទាទោស​បាន​ដែរ ឬ​យ៉ាង​ណា?

​ទាក់ទង​នឹង​បញ្ហា​ទាំង​អស់​នេះ អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ជា​ច្រើន​លើក​ច្រើន​សា ក៏ប៉ុន្តែ​មិន​ដែល​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រូប​នេះ​ឡើយ។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី គឺ​ជា​សកម្មជន​សង្គម​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជាង ១០០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ចាប់​ពី​ឆ្នាំ​១៩៩៣ មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ សំណុំរឿង​ទាំង​ជាង ១០០​ករណី​នេះ គ្មាន​សំណុំរឿង​ណា​ដែល​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​ឡើយ ព្រោះ​ឃាតក​ពិត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស ហេតុ​នេះ​ហើយ​ទើប​មន្ត្រី​សិទ្ធិមនុស្ស និង​យុវជន កែម ឡី និយម​យល់​ឃើញ​ថា សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ក៏​ទំនង​ជា​គ្មាន​យុត្តិធម៌​ដូច​គ្នា។

​ទាក់ទង​នឹង​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី នេះ អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ស្នើ​ឱ្យ​សាធារណជន​ណា​ដែល​បាន​ដឹង​រឿង ឬ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ករណី​ឃាតកម្ម​នេះ រាយការណ៍​ព័ត៌មាន​ទាំង​នោះ​ទៅ​មន្ត្រី​សមត្ថកិច្ច ឬ​តុលាការ ដើម្បី​ឱ្យ​មាន​ការ​ស៊ើបអង្កេត​បន្ត ឬ​មួយ​ក៏​អាច​ប្រើ​មធ្យោបាយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​ព័ត៌មាន​ទាំង​នោះ។ លោក​ក៏​លើក​ទឹក​ចិត្ត​ដល់​អ្នក កែម ឡី និយម​ទាំង​អស់ ត្រូវ​បន្ត​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ជួយ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី មិន​ត្រូវ​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles