មេធាវី​ប្ដឹង​សាទុក្ខ​សុំ​ឱ្យ​តុលាការ​កំពូល​ដោះលែង​លោក កឹម សុខា ដើម្បី​ព្យាបាល​ជំងឺ

ដោយ ហេង សកល
2018-02-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo from Facebook
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo from Facebook


ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​សាទុក្ខ​សុំ​ឱ្យ​តុលាការ​កំពូល ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ដើម្បី​ព្យាបាល​ជំងឺ។

ក្រុម​មេធាវី​របស់​លោក កឹម សុខា ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សុខភាព​របស់​លោក កឹម សុខា ដោយ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​យក​លោក​មក​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ពន្ធនាគារ។

លោកស្រី ម៉េង សុភារី បាន​ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​១២ នេះ​ថា ក្រុម​មេធាវី​បាន​ប្ដឹង​សាទុក្ខ​កាល​ពី​ថ្ងៃ​សុក្រ ទី​៩ ចុង​សប្ដាហ៍​នេះ ដោយសារ​តែ​លោក កឹម សុខា កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ត្រូវ​ការ​គ្រូពេទ្យ​ជំនាញ​ដែល​មាន​ឧបករណ៍​ទំនើប​ដើម្បី​ព្យាបាល​លោក​ជា​បន្ទាន់។

​លោកស្រី ម៉េង សុភារី បាន​ឱ្យ​ដឹង​ថា លោក កឹម សុខា ត្រូវ​ការ​វះ​កាត់​សរសៃ ព្រមទាំង​ឆាប​ឆ្អឹង​ម្តុំ​ស្លាប​ប្រជៀវ​ខាង​ឆ្វេង ព្រោះ​កាល​ពី​មុខ​តុលាការ​ឃុំ​ខ្លួន លោក​បាន​ទៅ​ឱ្យ​គ្រូពេទ្យ​នៅ​ប្រទេស​សិង្ហបុរី ពិនិត្យ ហើយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​គាត់​ត្រូវ​តែ​វះ​កាត់ និង​ឆាប​ឆ្អឹង​នេះ​ចេញ ដើម្បី​កុំ​ឱ្យ​កៀប​សរសៃ​ត​ទៅ​ទៀត។ ក្រុម​មេធាវី​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ដោះលែង​លោក កឹម សុខា ដើម្បី​ឱ្យ​លោក​មាន​ឱកាស​ចេញ​មក​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ពន្ធនាគារ៖ «សំខាន់​បំផុត​រឿង​ឈឺ​ហ្នឹង​ហើយ។ គោលការណ៍​នៃ​ការ​ឃុំ​ខ្លួន​គឺ​ដើម្បី​សុវត្ថិភាព​គាត់ ហើយ​បើ​សិន​ជា​គាត់​មាន​សុខភាព​មិន​ល្អ មាន​ន័យ​ថា​គាត់​មិន​ទទួល​បាន​សុវត្ថិភាព​ពី​ការ​ការពារ​នៃ​ជំងឺ​ទេ យើង​ត្រូវ​តែ​រក​ការ​ព្យាបាល​ជូន​គាត់។ គាត់​មិន​មែន​ជា​ជន​ជាប់​ចោទ មិន​មែន​ជា​ពិរុទ្ធជន ហើយ​ក៏​មិន​មែន​ជា​ទណ្ឌិត​ដែរ គាត់​គ្រាន់​តែ​ជា​ជន​ដែល​ត្រូវ​ចោទ ហើយ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ…ដូច្នេះ​តុលាការ​គួរ​តែ​អនុញ្ញាត​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ដើម្បី​បាន​ទៅ​ពិនិត្យ​ព្យាបាល​សុខ​ភាព​របស់​គាត់…»

លោក​មេធាវី ជូង ជូងី ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា តុលាការ​​ក៏​បាន​ដឹង​អំពី​ស្ថានភាព​ប្រឈម​ជំងឺ​របស់​លោក កឹម សុខា ដែរ៖ «សំខាន់​គាត់​មាន​ជំងឺ​ជាក់ស្ដែង ហើយ​ឆ្មាំ​ពន្ធនាគារ​គេ​មាន​ពេទ្យ គេ​ដឹង​រឿង​ហ្នឹង​ច្បាស់។ នៅ​ថ្ងៃ​សវនាការ​ថ្ងៃ​ទី​១ កុម្ភៈ កន្លង​មក​ហ្នឹង នៅ​សាលាឧទ្ធរណ៍ លោក កឹម សុខា បាន​បង្ហាញ​ពី​ជំងឺ​គាត់​ចំនួន ៣ ទី​១ កៀប​សរសៃ​ដែល​ធ្វើ​អោយ​គាត់​មាន​ការ​ចុកចាប់ ទី​២ លើស​ឈាម ទី​៣ គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម…»

លោកស្រី ម៉េង សុភារី ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា លោក កឹម សុខា សំណូមពរ​ឱ្យ​តុលាការ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​លោក​បាន​ធានា និង​សន្យា​ថា លោក​នឹង​ចូល​មក​ឆ្លើយ​ចំពោះ​មុខ​តុលាការ​គ្រប់​នីតិវិធី​ដោយ​មិន​គេចវេះ​ទៅ​ណា​ឡើយ។

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) កាល​ពី​ថ្ងៃ​៥ ខែ​កុម្ភៈ ក៏​បាន​រៀបចំ​យុទ្ធនាការ​អំពាវនាវ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ស្ថានភាព​សុខភាព​លោក កឹម សុខា កំពុង​ធ្លាក់​ចុះ​ដុនដាប​កាន់​តែ​ខ្លាំង​ពេល​កំពុង​ជាប់​ពន្ធនាគារ​នេះ និង​ម្យ៉ាង​ទៀត ខាង​មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង មិន​អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​ឯករាជ្យ ចូល​ទៅ​ព្យាបាល​ជំងឺ​លោក​ទេ។ ចំពោះ​ពលរដ្ឋ​ដែល​មាន​បំណង​ចង់​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អ្នក​ទាំង​នោះ​អាច​សរសេរ​សារ​ជា​ភាសា​អង់គ្លេស​ក៏បាន ឬ​សរសេរ​ជា​ភាសា​ខ្មែរ​ក៏បាន រួច​ផ្ញើ​ទៅ​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ឱ្យ​មុន​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles