មន្ត្រី​របស់​លោក ហ៊ុន សែន មិន​ជឿ​ថា​លោក ហ៊ុន សែន ទិញ Like ក្លែងក្លាយ

ដោយ តាំង សារ៉ាដា
2018-02-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ចំនួន Like ជាង ៩​លាន។ រូបភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨។ Screenshot
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ចំនួន Like ជាង ៩​លាន។ រូបភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨។ Screenshot


មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​បណ្ដឹង​របស់​លោក សម រង្ស៊ី ទៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ប្រឆាំង​ករណី​លោក ហ៊ុន សែន ទិញ​ចំនួន Like ហ្វេសប៊ុក (Facebook) នោះ គឺ​ជា​បណ្ដឹង​ខ្យល់។ ប៉ុន្តែ​លោក សមរង្ស៊ី អះអាង​ថា ក្រុមហ៊ុន​ហ្វេសប៊ុក នឹង​បង្ហាញ​ភស្តុតាង​អំពី​បញ្ហា​នេះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ បាន​ចាត់​ទុក​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី ទៅ​តុលាការ​សហព័ន្ធ​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក បង្ហាញ​ភស្តុតាង​ថា លោក ហ៊ុន សែន បាន​ទិញ​ចំនួន Like ក្លែងក្លាយ​នោះ ថា​ជា​បណ្ដឹង​មិន​បាន​ការ ខាត​តែ​វេលា និង​គ្មាន​ខ្លឹមសារ​អ្វី​ទាំង​អស់៖ «ការ​ប្តឹង​របស់​ទណ្ឌិត សម រង្ស៊ី នៅ​តុលាការ​អាមេរិក​នោះ ខ្ញុំ​យល់​ថា អត់​បាន​ការ ពីព្រោះ​គ្មាន​តុលាការ​ណា​មាន​វិសាលភាព​មក​គ្រប​ដណ្តប់​លើ​អធិបតេយ្យភាព​របស់​កម្ពុជា នោះ​ទេ»

ប្រតិកម្ម​របស់​លោក សុខ ឥសាន ធ្វើ​ឡើង​ក្រោយ​ពី​អតីត​ប្រធាន​គណបក្ស​សង្គោះ​ជាតិ លោក សម រង្ស៊ី ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​អាមេរិក ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក បង្ហាញ​ភស្តុតាង​ទាំង​ឡាយ​ដែល​លោក ហ៊ុន សែន និង​គូកន​បាន​ទិញ “Likes” ឬ​ចំនួន​អ្នក​ចូលចិត្ត​គណនី​ហ្វេសប៊ុក របស់​លោក​ប្រមាណ ៩​លាន ៤​សែន​នាក់។

​លោក សម រង្ស៊ី អះអាង​ទៀត​ថា លោក ហ៊ុន សែន ទិញ​ចំនួន​ហ្វេសប៊ុក Like ក្លែងក្លាយ​នេះ គឺ​ជា​ការ​បន្លំ​ភ្នែក​សាធារណជន​ឲ្យ​ឃើញ​ថា លោក​មាន​អ្នក​គាំទ្រ​ច្រើន​ដើម្បី​បង្កើន​ប្រជាប្រិយភាព។ លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បាន​ប្រើប្រាស់​ថវិកា​ដែល​បាន​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​កិបកេង​ថវិកា​ជាតិ​ដើម្បី​ប្រើប្រាស់​សម្រាប់​បម្រើ​ផលប្រយោជន៍​បុគ្គល​ប៉ុណ្ណោះ។

​លោក សមរង្ស៊ី បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា លោក ហ៊ុន សែន បាន​ចំណាយ​លុយ ១​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​ថ្ងៃ​ដើម្បី​ទិញ​ចំនួន Like សម្រាប់​ហ្វេសប៊ុក​របស់​លោក ហើយ​រហូត​មក​ទល់​ពេល​នេះ លោក ​ហ៊ុន សែន បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​រួច​ទៅ​ហើយ៖ «គាត់​បាន​ទិញ Like ក្លែងក្លាយ ឬ Like សិប្បនិមិត្ត ដែល​មាន​ក្រុមហ៊ុន​ឯកជន​គេ​ផលិត។ បើ​យើង​ឲ្យ​លុយ​គេ​ទៅ គឺ​នឹង​បង្កើន​ចំនួន Like លើ​ហ្វេសប៊ុក នោះ​បាន​ហើយ។ ប្រទេស​ដែល​ផលិត​ចំនួន Like ក្លែងក្លាយ​នេះ​មាន​ដូច​ជា​នៅ​ប្រទេស ឥណ្ឌា (India) ហ្វីលីពីន (Philippine) ម៉ិចស៊ិចកូ (Mexico) ឬ​ប្រទេស​ប្រស៊ីល (Brazil) ជាដើម»

ប៉ុន្តែ​លោក សុខ ឥសាន បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី។ លោក​ចាត់​ទុក​ការ​អះអាង​របស់​លោក សម រង្ស៊ី ថា​ជា​ការ​មួលបង្កាច់​គ្រប់​យ៉ាង។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​លុយ​ច្រើន​ដ៏​សន្ធឹកសន្ធាប់​ដូច្នេះ​មែន នោះ​រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ធនធាន​នោះ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ជា​ការ​ប្រសើ​ជាង៖ «ខ្ញុំ​ជឿជាក់​ថា អត់​មាន​ទិញ​ទេ គឺ​មហាជន កាល​ណា​គេ​ស្រឡាញ់ គេ​ចូល​ទៅ Like ហើយ។ ការ​ចោទ​ថា ទិញ​ពី​ឥណ្ឌា​នោះ គឺ​ហួស​និស្ស័យ​តែម្តង»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ទៅ​លើ​លោក ហ៊ុន សែន ដែល​បាន​ចេញ​ចំនួន Like ក្លែងក្លាយ​រាប់​លាន​នាក់​នោះ ហាក់​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ការ​ចេញ​ផ្សាយ​លើ​គេហទំព័រ​ទំនាក់ទំនង​សាធារណៈ​មួយ​ឈ្មោះ បើសស៊ុន ម៉ាស្ទែលលឺ (Burson Marsteller) បាន​បង្ហាញ​មុខ​មនុស្ស​កំពូលៗ​ចំនួន ៣ មាន​អ្នក Like ឬ​ចូល​ចិត្ត​ច្រើន​ជាង​គេ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ដែល​មាន​លេខ​រៀង​ទី​១ គឺ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទី​២ គឺ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ហើយ​ទី​៣ គឺ​លោក ហ៊ុន សែន តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​របស់​លោក ហ៊ុន សែន មិន​ជឿ​ថា​លោក ហ៊ុន សែន ទិញ Like ក្លែងក្លាយ"

  1. ?omen? says:

    ចុះហេតុអ្វីបានជាលោក ហុនសែន មិនបបួលលោក សមរង្សុី ទៅស្បត់នៅព្រះអង្គដងកើអោយរន្ទះវាបាញ់ទៅ។ឬក៏យន្តហោះធ្លាក់ក៏បានព្រោះយើងជាពលរដ្ធចង់ឃើញទាំងអស់គ្នា។ណាស់ហើយរហ័សសែនទើបឆាប់បានសុីកុំនៅយូរពេក។

  2. ?? says:

    no matter what HUN SEN saying no Cambodian will believe him . at the end every HUN SEN’s evil act will come to hunting him . at this moment he can run but he can not hiding from GOD . every thing will have it’s end nothing last for ever it is the nature . GOD bless Cambodia