មន្ត្រី​អង្គការ​សហប្រជាជាតិ​តក់​ស្លុត​នឹង​ការ​ចាប់​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា

ដោយ មួង ណារ៉េត
2018-02-12
RFA

គេហទំព័រ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ ប្រចាំ​ប្រទេស​ថៃ (UNHCR) (Screenshot)
គេហទំព័រ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ ប្រចាំ​ប្រទេស​ថៃ (UNHCR) (Screenshot)


មន្ត្រី​អង្គការ​សហប្រជាជាតិ តក់ស្លុត​នឹង​ការ​ចាប់​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​ខាង​ក្រៅ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ អ្នកស្រី ហាន់ណា ម៉ាកដូណល (Hannah Macdonald) បាន​ប្រាប់​អាស៊ីសេរី តាម​រយៈ​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​នេះ​ថា អង្គការ UNHCR មាន​ការ​ភ្ញាក់ផ្អើល​ដែល​អ្នកស្រី សំ សុខា ដែល​ជា​ជនភៀសខ្លួន​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​បែប​នេះ។ អ្នកស្រី ហាន់ណា ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​គឺ​វា​ផ្ទុយ​ទៅ​នឹង​ប្រពៃណី​មនុស្សធម៌​ដ៏​យូរ​លង់​មក​ហើយ​របស់​ប្រទេស​ថៃ។

អ្នកស្រី​បន្ត​ថា ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​ដើម​ដែល​ខ្លួន​បាន​រត់​គេច​ចេញ​ដើម្បី​សុវត្ថិភាព​បែប​នេះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​អន្តរជាតិ ជាពិសេស​គោលការណ៍​មិន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ ដែល​គោលការណ៍​នេះ ហាមឃាត់​ការ​បញ្ជូន​ជន​ណា​ម្នាក់​ត្រឡប់​ទៅ​ទីកន្លែង​ដែល​គាត់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ឬ​កន្លែង​ដែល​ហាមឃាត់​សិទ្ធិ​សេរីភាព​របស់​គាត់។

លោកស្រី សំ សុខា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​តាម​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រូបភាព​វីដេអូ​មួយ ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ​លោកស្រី​បាន​យក​ស្បែក​ជើង​គប់​ទៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហេង សំរិន។ លោកស្រី​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ តាំង​ពី​ពេល​នោះ​មក ដោយ​អះអាង​ថា លោកស្រី​រង​ការ​គំរាមកំហែង​ពី​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។ ក្រោយ​មក​នៅ​ខែ​មករា ឆ្នាំ​២០១៨ អាជ្ញាធរ​ថៃ បាន​ចាប់ និង​ឃុំ​ខ្លួន​លោកស្រី ដោយសារ​ស្នាក់នៅ​ប្រទេស​ថៃ ហួស​ថ្ងៃ​កំណត់​ក្នុង​ទិដ្ឋាការ។ លោកស្រី​នៅ​ជាប់​មន្ទីរ​ឃុំឃាំង​នៅ​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃ​ចាប់​បញ្ជូន​មក​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​បន្ទាប់។

ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ សុទ្ធ​តែ​បាន​ថ្កោលទោស​ទង្វើ​របស់​អជ្ញាធរ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​រួម​ដៃ​គ្នា​ក្នុង​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន ទាំង​ដឹង​ថា ជន​នោះ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​រំលោភ​សិទ្ធិមនុស្ស ក៏ដោយ​បែប​នេះ។

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ថា ប្រទេស​ថៃ នៅ​តែ​ជាប់​កាតព្វកិច្ច​អនុវត្ត​តាម​គោលការណ៍​សាកល​នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការ​ប្រឆាំង​នឹង​អំពើ​ទារុណកម្ម បើ​ទោះ​បី​ជា​ប្រទេស​ថៃ មិន​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​ឆ្នាំ​១៩៥១ ស្ដីពី​ជនភៀសខ្លួន​យ៉ាង​ណា​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles