លោក អះម៉ាត់ យ៉ះយ៉ា ប្រតិកម្ម​ចំពោះ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ករណី​ក្លែងបន្លំ​ឯកសារ

ដោយ អាស៊ីសេរី
2018-02-12

អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ប្រតិកម្ម​ចំពោះ​ដីកា​ចាប់​ខ្លួន​លោក​ពាក់ព័ន្ធ​នឹង​រឿង​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​ជាង ១០​ឆ្នាំ​មុន​នោះ​ថា ជា​រឿង​ប្រឌិត​ដើម្បី​ធ្វើ​បាប​រូប​លោក។

លោក ​អះម៉ាត់ យ៉ះយ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ថា កាល​ពី​ឆ្នាំ​២០០៥ លោក​បាន​បង្កើត​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ក្រុមហ៊ុន​នេះ​អនុញ្ញាត​ពី​ក្រសួង​ការងារ​ត្រឹមត្រូវ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ដំណើរ​ការ​បាន​ប្រមាណ​តែ ៣​ខែ​ប៉ុណ្ណោះ ក្រសួង​បាន​បញ្ចប់​អាជ្ញាប័ណ្ណ​ទៅ​វិញ។ លោក​អះអាង​ថា លោក​មិន​បាន​ក្លែង​ឯកសារ​ស្ត្រី​ដែល​សមត្ថកិច្ច​ចោទ​ប្រកាន់​រូប​លោក​ថា បាន​កែ​អាយុ​នោះ​ឡើយ ព្រោះ​ស្ត្រី​រូប​នោះ​មាន​លិខិត​ឆ្លង​ដែន​ស្រាប់ មុន​នឹង​បាន​មក​ទាក់ទង​លោក​សុំ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ស្ត្រី​រូប​នេះ​ក៏​ធ្លាប់​បាន​ពន្យល់​ប្រាប់​អំពី​ការ​កែ​ឈ្មោះ​នេះ​ដែរ តែ​លោក​នៅ​តែ​មិន​យល់​ចំពោះ​សមត្ថកិច្ច និង​តុលាការ​ចេញ​ដីការ​ចាប់​ខ្លួន​លោក។

លោក អះម៉ាត់ យ៉ះយ៉ា អះអាង​ថា ការ​ចាប់​ខ្លួន​លោក អ៊ីស្មាឯល ពិនអូស្មាន នេះ គឺ​ពាក់ព័ន្ធ​នឹង​ទំនាស់​បុគ្គល​រវាង​លោក និង​លោក អូស្មាន ហាស្សាន់ ក៏​ត្រូវ​ជា​ក្មួយ​របស់​លោក​ដែរ។ លោក​បញ្ជាក់​ថា លោក អ៊ីស្មាឯល ពិនអូស្មាន នេះ ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក អូស្មាន ហាស្សាន់។

លោក​អះអាង​ថា មាន​សាច់ញាតិ​របស់​លោក​ប្រាប់​លោក​ថា លោក អូស្មាន ហាស្សាន់ បាន​បញ្ចុះបញ្ចូល​លោក អ៊ីស្មាឯល ពិនអូស្មាន ដើម្បី​ឲ្យ​ធ្វើ​ជា​សាក្សី ថា​លោក អ៊ីស្មាឯល នេះ ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​លោក ប៉ុន្តែ​លោក អ៊ីស្មាឯល បាន​បដិសេធ បញ្ហា​នេះ​ហើយ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក អ៊ីស្មាឯល នោះ៖ «រឿង​នេះ​វា​យូរ​ហើយ តាំង​ពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ ហើយ​រឿង​អ៊ីស្មាឯល ពិនអូស្មាន នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​យើង​ទេ ហើយ​រឿង​ក្លែងបន្លំ​ឯកសារ​នេះ​សាមី​ខ្លួន គឺ​ស្ត្រី​ដែល​ត្រឡប់​មក​ពី​ប្រទេស​អារ៉ាប់​ឆ្លើយ​ប្រាប់​អ្នក​កាសែត​ថា ខ្លួន​ជា​អ្នក​កែ​ឈ្មោះ​អាយុ​ដោយ​ខ្លួន​ឯង ហើយ​បាន​ធ្វើ​លិខិត​ឆ្លង​ដែន​មុន​នឹង​មក​សុំ​ការងារ​នៅ​ក្រុមហ៊ុន​របស់​ខ្ញុំ ដូច្នេះ​ក្រសួង​មហាផ្ទៃ ជា​អ្នក​ទទួល​ខុស​ត្រូវ​រឿង​នេះ ក្រុមហ៊ុន​ដឹង​តែ​ពី​យក​មក​ធ្វើ​ការ​ដោយ​យោង​លើ​អាយុ​គាត់​គ្រប់ ដែល​សំអាង​នៅ​ក្នុង​ប៉ាសស្ព័រ​របស់​គាត់»

សាលាដំបូង​បាន​ចេញ​ដីការ​ចាប់​ខ្លួន​លោក អះម៉ាត់ យ៉ះយ៉ា ពី​បទ​ក្លែង​អត្តសញ្ញាណ​នេះ នៅ​ក្រោយ​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ីស្មាឯល ពិនអូស្មាន ដែល​ត្រូវ​ជា​ក្មួយ​របស់​លោក អះម៉ាត់ យ៉ះយ៉ា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ពាក់ព័ន្ធ​នឹង​ករណី​ដើរ​ឃោសនា​រក​ពលករ​ឲ្យ​ក្រុមហ៊ុន Accept Group របស់​លោក អះម៉ាត់ យ៉ះយ៉ា។

លោ អះម៉ាត់ យ៉ះយ៉ា បន្ថែម​ថា មូលហេតុ​ចំបង​ដែល​លោក អូស្មាន ហាស្សាន់ ធ្វើ​ទុក្ខបុកម្នេញ​លោក​មិន​ចេះ​ចប់​នេះ ដោយសារ​តែ​លោក អូស្មាន ហាស្សាន់ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ ធ្វើ​ផ្លូវ​ចេញ​ពី​តំបន់​បឹងកក់ ពុះ​របង​កាត់​​វិហារ​អ៊ីស្លាម​បឹងកក់ ប៉ុន្តែ​ពលរដ្ឋ​ជា​ច្រើន រួម​ទាំង​លោក​ផង បាន​ជំទាស់ ហើយ​សុំ​ឲ្យ​ធ្វើ​ផ្លូវ​វាង​តាម​របង តែ​លោក អូស្មាន ហាស្សាន់ មិន​ព្រម៖ «រឿង​ពុះ​ដី​វិហារ​បឹងកក់ មិន​មែន​តែ​ខ្ញុំ​ម្នាក់​ជា​អ្នក​អ្នក​ជំទាស់​នោះ​ទេ គឺ​សួរ​ប្រជាមតិ​ប្រជាពលរដ្ឋ ៨០ ទៅ ៩០% ហើយ​ដែល​ជំទាស់ មិន​មែន​ខ្ញុំ​ប្រឆាំង​ទេ ហើយ​យើង​សុំ​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វាង​តាម​របង តែ អូស្មាន ហាស្សាន់ មិន​ព្រម។ …តាម​ខ្ញុំ​ដឹង​គឺ​ពុះ​ផ្លូវ​ទៅ អូស្មាន ហាស្សាន់ ចង់​សង់​ខុនដូ សង់​នេះ​សង់​នោះ​នៅ​ម្ខាង​ផ្លូវ​ទៀត​នៅ​ទី​នោះ ដោយ​សុំ​លុយ​ពី​អារ៉ាប់​មក»

​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក អូស្មាន ហាស្សាន់ ដើម្បី​ឆ្លើយ​តប​ពី​ការ​ចោទ​ប្រកាន់​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។ លោក អះម៉ាត់ យ៉ះយ៉ា បញ្ជាក់​ថា លោក​មក​ដល់​ទី​សុវត្ថិភាព​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment