សមាគម​គ្រូបង្រៀន​ ​ស្នើសុំ​អង្គការ​អន្តរជាតិ​ជួយ​លោក​ រ៉ុង ឈុន បាន​ចូល​បម្រើការ​វិញ

លោក រ៉ុង ឈុន ពេលផ្តល់បទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ កាលពីខែវិច្ឆិកា ឆ្នាំ​មុន ក្រោយ​លា​លែង​ពី​សមាជិក គ.ជ.ប។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) ​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ​ ២ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ស្នើ​ទៅ​ក្រសួង​អប់រំ​ឲ្យ​ផ្តល់​ការងារ​ក្របខ័ណ្ឌ​ជូន​លោក រ៉ុង ឈុន វិញ ក្រោយ​ពេល​លោក​ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​កាលពី​ថ្ងៃ​ទី​ ៣០ ខែ​មករា ឆ្នាំ​ ២០១៨​។

លិខិត​ទាំង​ ២ ​ដែល​ចុះ​ថ្ងៃ​ទី​ ១២ កុម្ភៈ ចេញ​ដោយ​លោកស្រី​ អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ប្រាប់​ទៅ​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ីស និង​អង្គការ​អប់រំ​អន្តរជាតិ​នៅ​ប្រទេស​បែលហ្ស៊ិក​ថា ការ​លុប​ឈ្មោះ​លោក​ រ៉ុង ឈុន គឺជា​ការ​រំលោភ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​របស់​កម្ពុជា​។

សមាគម​គ្រូបង្រៀន​និយាយ​ថា ក្រសួង​អប់រំ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ដល់​លោក​ រ៉ុង ឈុន ឡើយ​មុន​ពេល​សម្រេច​លុប​ឈ្មោះ​ដែល​តាម​ច្បាប់​ត្រូវ​ជូន​ដំណឹង​ ១ ​ដង​ ឬ​ ២ ​ដង​មុន​លុប​ឈ្មោះ​។

លិខិត​របស់​លោកស្រី អ៊ុក ឆាយ៉ាវី សរសេរ​ទៅ​កាន់​លោក Fred van Leeuwen អគ្គលេខាធិការ​អង្គការ​អប់រំ​អន្តរជាតិ​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ​សង្ឃឹម​ថា លោក​អគ្គលេខាធិការ​នឹង​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក រ៉ុង ឈុន អតីត​ប្រធាន និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​សមាគម​គ្រូបង្រៀន ដើម្បី​ឲ្យ​លោក​អាច​ត្រឡប់​ទៅ​កាន់​វិជ្ជាជីវៈ​អប់រំ​វិញ ដើម្បី​ពង្រឹង​វិស័យ​អប់រំ និង​នីតិរដ្ឋ​នៅ​កម្ពុជា​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោកស្រី​ អ៊ុក ឆាយ៉ាវី ឲ្យ​ដឹង​ថា​ការ​ផ្ញើ​លិខិត​ទៅ​អង្គការ​អន្តរជាតិ​ទាំង​ ២ «​ដោយសារ​ស្ថាប័ន​ទាំង​ ២ ​មាន​ទំនាក់​ទំនង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ខាង​វិស័យ​អប់រំ​»​។

លោក រ៉ុង ឈុន ពី​ម្សិលមិញ​ថ្លែង​ថា​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ​គឺជា​រឿង​ «​គួរ​អស់​សំណើច​» ដែល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចោទប្រកាន់​លោក​ថា អវត្តមាន​។

លោក​ រ៉ុង ឈុន បន្ត​ថា​៖ «​លោក​រដ្ឋមន្ត្រី​មិន​ដែល​ចេញ​លិខិត​អញ្ជើញ​ខ្ញុំ​ទេ បើ​ថា ខ្ញុំ​អវត្តមាន​ដូច​ការ​ចោទប្រកាន់​។ តាម​នីតិវិធី​ត្រូវ​ចេញ​លិខិត​កោះ​ហៅ​ខ្ញុំ សួរ​មូលហេតុ​អ្វី​ ឬ​មួយ​ឈប់​ពី​ការងារ​។ បន្ទាប់​មក​ទើប​ចេញ​លិខិត​ជា​លាយលក្ខណ៍​អក្សរ ហើយ​ចេញ​លិខិត​ប្រកាស​បញ្ឈប់​ជា​ផ្លូវការ​។ ការ​ចេញ​លិខិត​បញ្ឈប់​យ៉ាង​តក់ក្រហល់​នេះ​ហាក់​ដូចជា​មាន​គំនុំគុំកួន ឬ​មាន​ចរិត​នយោបាយ​បើ​យើង​មើល​ទៅ​»​។

លោក រ៉ុង ឈុន បាន​ចូល​បម្រើការ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប៉ុន្តែ​លោក​បាន​លា​ឈប់​នៅ​ថ្ងៃ​ទី​ ២០ វិច្ឆិកា ឆ្នាំ​ ២០១៧ បួន​ថ្ងៃ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​។ នៅ​ថ្ងៃ​ទី​ ៣ មករា លោក​សរសេរ​លិខិត​ទៅ​លោក ហង់ ជួនណារ៉ុន សុំ​បម្រើការ​វិញ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​ប្រកាស​លុប​ឈ្មោះ​លោក​កាលពី​ថ្ងៃ​ទី​ ៣០ មករា ដោយ​ថា ការ​លុប​ឈ្មោះ​នេះ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មករា​តទៅ​ដោយ​ចោទ​ថា​អវត្តមាន​៕


Contact author: នៀម ឆេង

What Next?

Recent Articles

Leave a Reply

Submit Comment