Tue, 13 February 2018
យន់ ស៊ីនាត and Daphne Chen
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីពីក្រសួងការងារបានជួបជាមួយកម្មករមកពីរោងចក្រ ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកម្សិលមិញ បន្ទាប់ពីម្ចាស់រោងចក្របានគេចខ្លួនដោយមិនមានការជូនដំណឹងកាលពីសប្តាហ៍មុន ខណៈកម្មករកំពុងទៅស្តាប់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនបានថ្លែងអំពីកិច្ចប្រជុំកាលពីម្សិលមិញទេ ប៉ុន្តែកម្មករបានថ្លែងថា ពួកគេត្រូវបានផ្តល់ឲ្យនូវជម្រើស ២ គឺ លក់ទ្រព្យសម្បត្តិដែលនៅសល់របស់រោងចក្រ ឬដាក់ពាក្យបណ្តឹងទៅតុលាការ។
ទោះយ៉ាងណាក្តីលោក សូត ចេត មន្ត្រីសហព័ន្ធសហជីពចលនាកម្មករកម្ពុជា ដែលតំណាងឲ្យកម្មករបានថ្លែងថា កម្មករចង់ឲ្យក្រសួងស្វែងរកម្ចាស់រោងចក្រដែលគេចខ្លួនជាមុនសិន។
លោក ចេត បានថ្លែងថា មន្ត្រីក្រសួង «គ្រាន់តែព្យាយាមបញ្ចុះបញ្ចូលកម្មករឲ្យទទួលយកនូវដំណោះស្រាយលក់ទ្រព្យសម្បត្តិរោងចក្រ»។ លោកបន្តថា៖ «ទោះយ៉ាងណាក្តី ការលក់ទ្រព្យសម្បត្តិនឹងមិនទទួលបានប្រាក់ច្រើនទេ ដូច្នេះកម្មករមិនចង់បានដំណោះស្រាយនេះទេ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងបានបដិសេធនិយាយថាតើរដ្ឋាភិបាល កំពុងទាក់ទងជាមួយម្ចាស់រោងចក្រទាំង ៣ នេះ ឬអត់នោះទេ ដែលជារោងចក្រកម្មសិទ្ធិរបស់ចិនតៃវ៉ាន់រួមមានរោងចក្រ Yu Da Garment Industry, Yu Fa Garment Industry និង S.R.E. Garment Co. Ltd.។ លោក សួរ បានថ្លែងបន្តថា៖ «ខ្ញុំគិតថា នៅប្រទេសណាក៏ដោយ ពួកគេនឹងមិនប្រាប់អំពីការចរចានោះទេ … អាចធ្វើឲ្យប៉ះពាល់ដល់កម្មករ»។
លោកបន្ថែមថា៖ «ទុកឲ្យដំណើរការនេះចប់សិន»។ «យើងដឹងអំពីរបៀបនាំយកភាគីទាំង ២ មកជួបគ្នា»។
គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មកំណត់អត្តសញ្ញាណជនជាតិតៃវ៉ាន់ ឈ្មោះ Mei-Fen Lee ជាម្ចាស់រោងចក្រ Yu Fa Garment Industry។ ស្ត្រីម្នាក់ដែលបានលើកទូរស័ព្ទនៅក្រុមហ៊ុនបានដាក់ទូរស័ព្ទចុះកាលពីម្សិលមិញ។
ករណីម្ចាស់រោងចក្ររត់គេចខ្លួនបានក្លាយជាបញ្ហាមួយដែលរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានលើកឡើងនូវគំនិតកាលពីឆ្នាំមុនអំពីការតម្រូវឲ្យរោងចក្រផ្តល់ប្រាក់បំណាច់កិច្ចសន្យានៅរាល់ការបញ្ចប់កិច្ចសន្យានីមួយៗ។
ក្រុមអ្នកតស៊ូមតិសិទ្ធិការងារបានអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ស្រដៀងគ្នា។
លោកស្រី Esther Germans ប្រធានកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានថ្លែងកាលពីម្សិលមិញថា តួអង្គនៅក្នុងឧស្សាហកម្មនេះ និងមន្ត្រីរដ្ឋាភិបាលគួរពិចារណាតម្រូវឲ្យរោងចក្រដាក់ប្រាក់តម្កល់។
លោកស្រី Germans បានថ្លែងតាមអ៊ីមែលថា៖ «ប្រាក់កក់របស់រោងចក្រអាចប្រើដើម្បីសងប្រាក់ឈ្នួលកម្មករ ប្រាក់បំណាច់ និងអត្ថប្រយោជន៍ដទៃទៀត នៅពេលម្ចាស់រោងចក្ររត់ចោលកម្មករ»។
ទោះបីយ៉ាងណាក្តី អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានថ្លែងថា កម្មករត្រូវបានការពារយ៉ាងខ្លាំងរួចហើយ ហើយថាកម្មករនៃក្រុមហ៊ុនណាក៏ដោយអាចមានហានិភ័យដែលនិយោជករបស់ពួកគេក្ស័យធន។ លោកបានថ្លែងថា៖ «វាគឺដូចក្រុមហ៊ុនធ្វើការជម្រះបញ្ជី។ វាគ្មានអ្វីពិសេសទេ»។
ទោះយ៉ាងណាលោក ខេន លូ បានទទួលស្គាល់ថា ការលក់ទ្រព្យសម្បត្តិរោងចក្រជាធម្មតាមិនគ្រប់គ្រាន់ក្នុងការសងការខាតបង់របស់កម្មករទេ។
លោក លូ បានថ្លែងថា៖ «ប្រសិនបើក្រុមហ៊ុនមានប្រាក់គ្រប់គ្រាន់ក្នុងការសងបំណុលទាំងអស់ នោះវានឹងមិនមែនជាការជម្រះបញ្ជីនោះទេ»។
កម្មការិនីអាយុ ៣៦ ឆ្នាំម្នាក់ឈ្មោះ ដឹក ដឿន ដែលមានផ្ទៃពោះ ៨ ខែ និងធ្វើការនៅរោងចក្រ Yu Da អស់រយៈពេល ៩ ឆ្នាំមកហើយ បានសម្ដែងការខកចិត្តអំពីស្ថានភាពនេះ។
អ្នកស្រីបាននិយាយថា៖ «វាមើលទៅអាក្រក់ដែលនិយោជកបរទេសអាចធ្វើដូចនេះយ៉ាងងាយស្រួលនៅក្នុងប្រទេសរបស់យើង គេចខ្លួនដោយមិនទទួលខុសត្រូវ»។ អ្នកស្រីបានបញ្ជាក់ថា៖ «…យើងដែលជាកម្មករ មើលទៅដូចសំរាម យើងខំធ្វើការណាស់ នៅទីបញ្ចប់ យើងមិនទទួលបានសូម្បីតែប្រាក់ខែ»៕ PS
Contact authors: យន់ ស៊ីនាត and Daphne Chen